ភ្នំពេញៈ តុលាការ​កំ​ពូល​ពី​ម្សិល​មិញ​បាន​ជំ​នុំ​ជម្រះ​ស្រ្តី​ជាប់ចោទ​ម្នាក់​ពាក់​ព័ន្ធ​នាំ​នា​រី​ខ្មែរ ២​ នាក់​ ទៅ​រៀប​ការ​ប្តី​នៅ​ប្រ​ទេស​ ចិន ​ដែល​ប្រព្រឹត្ត​នៅ​ខេត្ត​បន្ទាយមាន​ជ័យ​កាល​ពី​ឆ្នាំ​ ២០១៥​ ដែល​ស្រ្តី​ជាប់​ចោទ​ត្រូវ​សា​លា​ដំបូង​ខេត្ត​នេះ​ផ្តន្ទា​ទោស​ដាក់ពន្ធ​នា​គារ​ ១៥ ​ឆ្នាំ​ ប៉ុន្តែ​មេធាវីការ​ពារ​ស្ត្រី​ជាប់​ចោទថា ​កូនក្តី​ខ្លួន​មិន​បាន​នាំ​ទៅរៀប​ការ​ទេ​ គ្រាន់តែ​បាន​ផ្តល់​ព័ត៌មាន​សម្រាប់​ជន​រងគ្រោះ​ប៉ុណ្ណោះ។

នៅ​ក្នុង​បន្ទប់​ស​វ​នា​ការ​ពី​ម្សិល​មិញ​ ស្រ្តី​ជាប់​ចោទ​ឈ្មោះ​ ជិន ​ពន្លឺ ​ហៅ​ នន​ អា​យុ​ ៣៣​ ឆ្នាំ​ បាន​ប្រា​ប់​ចៅ​ក្រម​ថា​ប្រការ​ដែល​នាំ​ឲ្យ​គាត់​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ មុន​ដំ​បូង​មាន​ស្រ្តី​ម្នាក់​ឈ្មោះ​ សាន​ មក​អង្គុយ​លេង​នៅ​ផ្ទះ​របស់​គាត់។​

ខណៈ​នោះ​បងថ្លៃ​ជី​ដូន​មួយ​របស់​គាត់​បាន​ទូរស័ព្ទ​មក​ពី​ប្រទេស ​ចិន ​ក្នុង​ន័យ​សួរ​សុខ​ទុក្ខ​គាត់​។​ ពេល​នោះ​ស្រ្តី​ឈ្មោះ​ សាន​ បាន​និយាយ​ថា ​បើ​មាន​បង​ប្អូននៅ​ប្រ​ទេស ​ចិន ​ជួយ​កូន​ស្រី​របស់​ស្ត្រី​ឈ្មោះ​ភាព​ ២ ​នាក់ ​ឲ្យ​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ ចិន​ ផង​ទៅ។​

ស្រ្តី​ជាប់​ចោទ​ប្រាប់​ចៅ​ក្រម​ថា​៖ ​«ខ្ញុំ​​ប្រាប់​មីង​ សាន ​ថា​ នៅ​ស្រុក​ចិន​គេ​មិន​យក​មនុស្ស​ធ្វើ​ការ​ទេ​ ហើយ​បើ​ចង់​ដឹង​ច្បាស់​យ៉ាង​ម៉េច​ខ្ញុំ​ឲ្យ​លេខ​ទូរស័ព្ទ​បង​របស់​ខ្ញុំ»។​

ស្រ្តី​ជាប់​ចោទ​បន្ត​ថា​ បន្ទាប់​ពី​គាត់​ឲ្យ​លេខ​ទូរស័ព្ទ​ទៅ​ស្រ្តី​ឈ្មោះ​ សាន ​ហើយ​ ពួក​គេ​ក៏​ទំ​នាក់​ទំ​នង​គ្នា​ជា​មួយ​បង​ស្រី​ជី​ដូន​មួយ​គាត់​នៅ​ប្រទេស​ ចិន​។ ​ពេល​នោះស្រ្តី​ឈ្មោះ​ ភាព ​ដែល​ជា​ម្តាយ​របស់​នា​រី​រង​គ្រោះ​ឈ្មោះ ​ប៉ាង​ ស្រី​ពៅ​ អាយុ​ ១​៧​ ឆ្នាំ​ និង​ឈ្មោះ​ ប៉ាង​ ណា​រី ​អាយុ​ ២៦ ​ឆ្នាំ​ បាន​ឲ្យ​គាត់​ជូន​មក​រាជ​ធា​នី​ភ្នំពេញ​ដើម្បី​ធ្វើ​លិខិត​ឆ្លងដែន។ ​

ប៉ុន្តែ​មន្រ្តី​ធ្វើ​លិខិត​ឆ្លង​ដែន​មិន​ធ្វើ​ឲ្យ​ទេ​ ព្រោះ​ពួក​គេ​ទាំង​ ២ នាក់​ ធ្លាប់​ធ្វើ​លិ​ខិត​ឆ្លង​ដែន​ម្តង​រួច​ទៅ​ហើយ ​(ធ្លាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​​ ម៉ាឡេស៊ី)​ ហើយស្ត្រី​ឈ្មោះ​ ភាព ​បានទាក់ទង​បងស្រី​ជីដូន​មួយ​របស់​គាត់​នៅ​ប្រទេស​ចិន​ប្រាប់​ឲ្យគាត់​និង​ម្តាយ​នារី​រង​គ្រោះ​នាំ​ពួកគេ​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ​ដើម្បី​ជិះ​យន្ត​ហោះ​ទៅ​ប្រទេស ​ចិន។

ស្រ្តី​ជាប់​ចោទ​បន្ត​ថា​៖ «មុន​សម្រេច​ចិត្ត​ទៅ​ប្រ​ទេស​ចិន​នារី​រង​គ្រោះ​បាន​ឆាត​ទូរស័ព្ទ​ឃើញ​មុខ​គ្នា​ជា​មួយ​បុរស​ជន​ជាតិ​ចិន​រួច​ហើយ​បាន​ពួក​គេ​ទៅ​។ ខ្ញុំ​សូ​ម​តុ​លាការ​ដោះលែ​ងខ្ញុំ​វិ​ញ​ព្រោះ​ខ្ញុំ​មាន​ជំ​ងឺ​ម​ហា​រីក​ក​ ហើយ​មាន​កូន​តូច ៤ នាក់​ផង»។

ស្រ្តី​ជាប់​ចោទ​បញ្ជាក់​ថា​ នា​រី​រង​គ្រោះ​ជា​ប្អូន​ទៅ​ប្រ​ទេស​ចិន​បាន​ ១០ ​ខែ​ ក្នុង​ឆ្នាំ ២០១៦​ ក៏​មក​ប្រ​ទេស​កម្ពុជា​វិញ ​ហើយ​ពេល​នោះ​ស្ត្រី​ឈ្មោះ​ភាព ​ដែល​ជា​ម្តាយ​នារី​រងគ្រោះ​គ្មាន​លុយ​ធ្វើ​ដំណើរ​មក​ទ​ទួល​យក​កូន​ក៏​ប្រាប់​ទៅ​អង្គការ​មួយ​នៅ​ក្នុង​ឃុំ​ឲ្យ​ជួយ​មក​ទ​ទួល​នា​រី​រងគ្រោះ​ហើយ​ពេល​មក​ដល់​ផ្ទះ​ស្រាប់​តែ​អង្គការ​នោះ​ប្តឹង​គាត់​តែ​ម្តង។​ ឯ​ស្រ្តី​ឈ្មោះ​សាន​ ក៏​បាន​ទ​ទួល​លុយ​ ២​ ពាន់​ដុល្លារ​ដែរ​ តែ​គាត់ ​(ស្រ្តី​ជាប់ចោទ​) មិន​បាន​លុយ​ក្នុង​រឿង​នេះ​ទេ។

ស្រ្តី​ជាប់​ចោទ​ថា​ គាត់​ត្រូវ​បាន​សា​លា​ដំបូ​ង​ខេត្ត​បន្ទាយ​មានជ័យ​ប្រ​កាស​សាល​ក្រម​នៅថ្ងៃ​ទី​​ ១​៥​ ខែ​ សី​ហា​ ឆ្នាំ ២​០​១​៧​ ផ្តន្ទាទោស​ ១​៥​​ ឆ្នាំ​ និង​សង​ទៅ​នា​រី​រង​គ្រោះ​ម្នាក់ ​៥​ លាន​រៀល​។​ បន្ទាប់មក​គាត់​ប្តឹង​មក​សា​លា​ឧទ្ធរណ៍​​ហើយ​ក៏​ត្រូវ​សា​លា​ឧទ្ធរណ៍​ប្រកា​ស​សាល​ដី​កា​នៅ​ថ្ងៃ​ទី​ ២​៥ ​​ខែ​ មីនា ​​ឆ្នាំ​​ ២​០​១​៨ តម្កល់​ទោស​ ១​៥ ​ឆ្នាំ​ដដែល។

លោក​​ព្រះ​រាជ​អាជ្ញា​ ជុំ ​សំ​បាន​ តំណាង​មហា​អយ្យការ​សន្និដ្ឋាន​ថា​តាម​ចម្លើយ​របស់​នារី​រង​គ្រោះ​កាល​ពី​នៅ​ដំណាក់​កាល​នគរបាល​យុត្តិធម៌​ថា​ ស្រ្តី​ជាប់​ចោទ​បាន​ទទួល​លុយ​ចំ​នួន​ ២​ ពាន់​ដុល្លារ​ ពី​បង​ស្រី​របស់​គាត់​នៅ​ប្រ​ទេស​ ចិន​និង​លុយ​ ៣០០​ ដុល្លារ​ ឲ្យ​គាត់​ព្យាបាល​សុខភាព​។ ឯ​ស្រ្តី​ជាប់​ចោទ​ក៏​ទទួល​ស្គាល់​កាល​ពី​នៅ​តុលា​ការ​ថ្នាក់​ក្រោម​ដែរ។​

លោក​ថា​៖ «ដូច្នេះ​គួរ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពិនិត្យ​លើ​ចម្លើយ​របស់​គាត់​ទៅ​តាម​ច្បាប់»។

ទោះ​យ៉ាង​ណា​លោក​ស្រី​ លុយ​ សុ​ធី​ មេ​ធា​វី​ការ​ពារ​សិទ្ធិ​ឲ្យ​ស្រ្តី​ជាប់​ចោទ​សន្និដ្ឋាន​ថា​កូន​ក្តី​របស់​លោក​ស្រី​គ្រាន់​តែ​ផ្តល់​ព័ត៌មាន​ឲ្យ​ម្តាយ​នា​រី​រង​គ្រោះ​ប៉ុណ្ណោះ​។ ជា​មួយ​គ្នា​នេះ​នារី​រងគ្រោះ​និង​បុរស​ជន​ជាតិ​ចិ​ន​នោះ​ក៏​ធ្លាប់​បាន​និ​យាយ​ឃើញ​មុខគ្នា​ផង។​

លោក​ស្រី​មេ​ធា​វី​ថា​៖ «កូន​ក្តី​របស់​ខ្ញុំ​មិន​បាន​ប្រគល់​នា​រី​រង​គ្រោះ​ទៅ​ឲ្យ​នរ​ណាម្នា​ក់​ទេ​ហើយ​ពេល​ទៅ​ដល់​ប្រទេស​ ចិន​ នា​រី​រងគ្រោះ​ក៏​បាន​ប្រាប់​មក​ម្តាយ​ថា​ពួក​គេ​បាន​ប្តី​ចិន​ទៀត​ផង​។ ​ចុះ​ហេតុ​អ្វី​មិន​ប្តឹង​ពី​ពេល​នោះ​មក។ ​ខ្ញុំ​សូម​តុលាការ​ដោះ​លែង​កូន​ក្តី​ខ្ញុំ​វិញ​ផង»។

ក្រោយ​ជំ​នុំ​ជម្រះ​លោក​ចៅ​​ក្រម​ គង់ ​ស្រុីម ​​ថ្លែង​ថា​សាល​ដី​កា​នេះ​នឹង​ប្រ​កាស​នៅ​ ថ្ងៃ​ទី​ ៥​ ខែ​ មិថុនា៕