
ភ្នំពេញៈ ខណៈសហជីពនិងថ្នាក់ដឹកនាំរោងចក្រមួយ ក្នុងចំណោមរោងចក្រធំមួយ នៅអាស៊ី ឈានដល់ចំណុចជាប់គាំងពាក់ព័ន្ធនឹងបញ្ហាកូដកម្មដែលបានអូសបន្លាយអស់ពេលជិតបីខែ ក្រុមអ្នកពាក់ព័ន្ធកំពុងធ្វើការសម្រុះសម្រួលឲ្យមានកិច្ចព្រមព្រៀងមួយដោយសង្ឃឹមថា នឹងបញ្ចប់ភាពជាប់គាំងនេះ។
ក្រុមមន្រ្តីគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា កាលពីម្សិលមិញ បានអះអាងថា ទាំងពីរក្រុមកំពុងធ្វើការងារជាមួយគ្នា។
លោក Jason Judd មន្រ្តីជំនាញរបស់ BFC បានថ្លែងថា ក្នុងរយៈកាលពីរសប្តាហ៍ចុងក្រោយនេះក្រុមប្រឹក្សាអាជ្ញាកណ្តាលនិង BFC បានប្រារព្ធកិច្ចប្រជុំដោយឡែកគ្នាជាមួយថ្នាក់ដឹកនាំរោងចក្រ អេស អិល (SL) និងជាមួយសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ ដែលតំណាងឲ្យកម្មករភាគច្រើននៅរោងចក្រ អេស អិល ហើយក្នុងអំឡុងកិច្ចប្រជុំនោះពួកគេបានចំណាយពេលជាច្រើនម៉ោងស្តាប់បណ្តឹង និងការទាមទាររបស់ភាគីទាំងពីរ។
លោក Judd បានថ្លែងកាលពីម្សិលមិញថា៖ «ជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល យើងបានធ្វើសំណើទៅភាគីទាំងពីរតាមដែលយើងអាចជួយពួកគេបានដើម្បីឈានដល់កិច្ចព្រមព្រៀង។ យើងពាក់ព័ន្ធគឺដោយសារករណីនេះជាករណីវិសាមញ្ញ»។
លោក គង់ អាទិត្យ អនុប្រធាន ស៊ីខៅឌូ បានថ្លែងថា បាតុកម្មនៅមុខរោងចក្រមួយរបស់រោងចក្រ អេស អិល នៅខណ្ឌ មានជ័យ បានបន្តកាលពីម្សិលមិញ ប៉ុន្តែវាមានលក្ខណៈសន្តិវិធីជាងសប្តាហ៍មុននៅពេលដែលកូដករ ចំនួន ១០ នាក់បានរងរបួស។
កាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃ សុក្រ បុគ្គលិករោងចក្រ អេស អិល ត្រូវចោទប្រកាន់ថា បានបាញ់ចម្ពាមកៅស៊ូទៅលើអ្នកតវ៉ា។
មន្រ្តីរោងចក្រ អេស អិល កាលពីថ្ងៃអាទិត្យអះអាងថា បាតុករទេដែលចាប់ផ្តើមការគប់ មិនមែនបុគ្គលិកក្រុមហ៊ុនទេ។
កម្មករនៅរោងចក្រ SL បានចាប់ផ្តើមដើរចេញពីការងារកាលពីខែ សីហា នៅពេលដែលម្ចាស់ភាគហ៊ុនគឺលោក មាស សុថា បានជួលមន្រ្តីកងរាជអាវុធហត្ថទៅឈរយាមនៅក្នុងរោងចក្រ។
ដោយឃើញសកម្មភាពបែបនោះថាជាការបំភិតបំភ័យកម្មករនៅរោងចក្រ អេស អិល ១ និង ២ បានទាមទារឲ្យបណ្តេញលោក មាស សុថា ចេញ។
ជាងនេះ ទៀត កម្មករបានទាមទារដំឡើងប្រាក់ ៣ ដុល្លារក្នុងមួយថ្ងៃ សម្រាប់អាហារថ្ងៃត្រង់ និងចំណុចជាច្រើនដទៃទៀត។ ចាប់តាំងពីកូដកម្មបានចាប់ផ្តើមរោងចក្រ អេស អិល និងសហជីព ស៊ីខៅឌូ បានធ្វើការចរចាជាច្រើនលើក ប៉ុន្តែគ្មានបានផលបើទោះជាមានការសម្របសម្រួលពីមន្រ្តីរដ្ឋាភិបាលក៏ដោយ។
ដោយស្ទាក់ស្ទើរមិននិយាយថាការសម្រុះសម្រួលត្រូវរ៉ូវគ្នាឬក៏យ៉ាងណានោះលោក សុខ ឡោ នាយកប្រតិបត្តិនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលបានថ្លែងថា ក្រុមការងាររបស់លោកនិង BFC នឹងធ្វើការសម្រុះសម្រួលឲ្យមានកិច្ចព្រមព្រៀងដោយផ្អែកទៅតាមការចង់បានរបស់ភាគីទាំងពីរ ប៉ុន្តែ វាអាស្រ័យទៅលើពួកគេ។
លោកបន្តថា៖ «វាគ្មានអ្វីថ្មីសម្រាប់ពួកគេនោះទេ ពួកគេបានដឹងអំពីបញ្ហារបស់ខ្លួននេះហើយ»៕ PS