ភ្នំពេញៈ គិត​តាំងពី​ថ្ងៃទី​ ២០ កញ្ញា មកដល់​ត្រឹម​ថ្ងៃទី​ ៩ តុលា មនុស្ស​សរុប ២៤ ​នាក់​ហើយ ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់ «​រួមគំនិត​ក្បត់​» និង​បទ​ញុះញង់ ដោយសារ​ពួកគេ​បាន​បង្ហាញ​ជំហរ​រង់ចាំ​ទទួល​ដំណើរ​និវត្តន៍​វិល​ចូល​ស្រុក​វិញ​របស់​លោក​ សម រង្ស៊ី ប្រធានស្តីទី​នៃ​អតីត​បក្សប្រឆាំង ខណៈ​ដែល​តុលាការ​ធ្វើការ​ចោទប្រកាន់​ និង​ចេញ​ដីកា​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។

ការឃាត់ខ្លួន​ និង​ការចេញ​ដីកា​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​មកនេះ​បាន​កើតឡើង​ចាប់តាំងពី​ក្រសួង​យុត្តិធម៌​ប្រកាស​កាលពី​ថ្ងៃទី​ ២០ ខែ​ កញ្ញា​ ថា​ ដំណើរ​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី គឺជា​ផែនការ​រដ្ឋប្រហារ​។ តាំងពី​ពេលនោះ​មក​មាន​មនុស្ស​សរុប​ ២៤ ​នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​ ៩ ខែ​តុលា​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

កាលពី​ថ្ងៃ​ម្សិលមិញ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹងថា សកម្មជន​របស់​ខ្លួន​ឈ្មោះ​ ពុយ តាក់ ដែលជា​បេក្ខជន​ក្រុមប្រឹក្សា​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ទៅនឹង​បទ​ចោទប្រកាន់​ «​រួមគំនិត​ក្បត់​»​។

បើ​តាម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ ការចាប់​ខ្លួន​ម្សិលមិញ​មិនមែន​មាន​តែ​ឈ្មោះ​ ពុយ តាក់ ទេ​ថែម​ទាំង​មាន ឈ្មោះ អ៊ុំ យ៉ុន ម្នាក់ទៀត​។ ទាំង​ ២ ​នាក់​ មិន​ត្រូវបាន​ចោទប្រកាន់​ពីបទ​ «​រួមគំនិត​ក្បត់​» ​ទេ ប៉ុន្តែ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។

ពី​ម្សិលមិញ​តុលាការខេត្ត​កំពង់ចាម​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ឈ្មោះ ហម វុទ្ធី ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់​កាលពី​ថ្ងៃទី​ ១ តុលា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ និង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ​។ ការចាប់ខ្លួន​នេះ​ក៏​ពាក់ព័ន្ធ​នឹង​ការចូលរួម​ «​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ក្រោម​ផែនការ​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី នៅ​ថ្ងៃទី​ ៩ វិច្ឆិកា​។

សាលាដំបូង​ខេត្ត​សៀមរាប​ពី​ម្សិលមិញ​ក៏​បានចេញ​ដីកា​ចាប់​ខ្លួន​ឈ្មោះ​ ឈុន វាន អាយុ​ ៣០​ ឆ្នាំ​ អតីត​ក្រុមប្រឹក្សាឃុំ​ក្ដីរុន ស្រុក​ពួក ខេត្ត​សៀមរាប បន្ទាប់ពី​ឈ្មោះ​នេះ​ត្រូវ​បាន​ចោទប្រកាន់​កាលពី​ថ្ងៃទី​ ៨ តុលា​ ពី​បទ​រួមគំនិត​ក្បត់​។ តុលាការខេត្ត​បញ្ជាក់​ថា​៖ «​ការចោទប្រកាន់​ខាងលើ​គឺ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ឈ្មោះ​ ឈុន វាន បាន​បង្ហោះ​ខ្លឹមសារ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ពី​ប្រទេស​ថៃ ដើម្បី​កៀរគរ និង​បំផុស​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

តុលាការ​ខេត្តសៀមរាប​បញ្ជាក់​ថា​សារ​របស់​ឈ្មោះ​ ឈុន វាន រួមមាន «​តោះ​យើង​ទៅ​ប្រទេស​យើង​វិញ​» «​ពួកយើង​ជា​កូន​ខ្មែរ​មាន​ភារកិច្ច​ជួយ​មាតុភូមិ​យើង​កុំ​ឈរ​ឱបដៃ​មើល​ប្រទេសជាតិ​ជួប​គ្រោះមហន្តរាយ​»​។ «​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ រួមគ្នា​បញ្ចប់​របប​ផ្ដាច់ការ​នៅ​កម្ពុជា​»​។ «​យុទ្ធនាការ​ម្រាមដៃ​ ៩ វិច្ឆិកា​ ជួយ​ជាតិ​ខេមរា​ឲ្យ​រួចផុត​ពី​ជន​ផ្ដាច់ការ ហ៊ុន សែន​»​។

ស្របពេល​ជាមួយ​គ្នា​នេះ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​បាន​ចោទប្រកាន់​មនុស្ស​ ៣ ​នាក់​ទៀត​ពី​បទ «​រួមគំនិត​ក្បត់​» រួមមាន​ឈ្មោះ ឆាំ សុភាន់ ឈ្មោះ ផុង សុជាតិ និង​ឈ្មោះ ឃុន សាវរ៉ាន និង​គូកន​។ តុលាការ​បញ្ជាក់​ថា​ឈ្មោះ​ទាំង​ ៣ បាន​កៀរគរ​ និង​បំផុស​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​ដើម្បី​ចូលរួម​សកម្មភាព​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​។

ពាក់ព័ន្ធ​នឹង​ផែនការ​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី តុលាការ​ខេត្ត​សៀមរាប និង​តុលាការ​ខេត្ត​ក្រចេះ​កាលពី​ម្សិលមិញ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​អំពី​ការរក្សា​សន្តិសុខ​ពាក់ព័ន្ធ​នឹង​ការវិលត្រឡប់​របស់​លោក​ សម រង្ស៊ី​។

សកម្មជន​បក្ស​សង្គ្រោះជាតិ​ឈ្មោះ​ សេង ម៉េងប៊ុនរ៉ុង បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ថា​ចាប់ពី​ដើម​ឆ្នាំ​ ២០១៩ ​នេះ​សកម្មជន និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ៣៥ ​នាក់​ត្រូវបាន​ចាប់​ និង​ឃុំខ្លួន​បណ្ដោះអាសន្ន ខណៈ​ដែល​ ៦០ ​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​ដោយ​ភ័យខ្លាច​ការចាប់ខ្លួន​។

ពាក់ព័ន្ធ​នឹង​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី កាលពី​ម្សិលមិញ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ពិធី​បិទមហាសន្និបាត​អាណត្តិ​ទី​ ២ ​របស់​សមាគមជាតិ ក្រុមប្រឹក្សា​រាជធានី-ខេត្ត ថា វិធានការ​ផ្លូវច្បាប់​លើ​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​មិនមែន​ជា​ការគំរាមកំហែង​លើ​សិទ្ធិ​បញ្ចេញមតិ​ទេ​។

លោក​ថ្លែងថា​៖ «​អ្នក​លើកឡើង​មតិ​ខុសគ្នា ប៉ុន្ដែ​ត្រង់​ថា​បើ​គាត់​ធ្វើ​សកម្មភាព​គាំទ្រ​អ្វី​ដែល សម រង្ស៊ី បាន​សម្រេច​ចិត្ត​បាន​​ប្រកូក​ប្រកាស​នេះ​ជា​ការ​ខុស​ច្បាប់ អាហ្នឹង​ដើរ​ហួស​។ ដូច្នេះ​វា​មិនមែន​ជា​ការគំរាមកំហែង​​ទៅលើ​សិទ្ធិ​បញ្ចេញមតិ​នោះទេ​។ បានន័យ​ថា ពួកគាត់​ធ្វើ​បំពាន​ច្បាប់ ការប្រមាថ​ព្រះមហាក្សត្រ ឬ​ក៏​គាត់​ចង់​ធ្វើ​រដ្ឋប្រហារ​តាមរយៈ​បដិវត្តន៍​ពណ៌ ការប្រមូល​កម្លាំង​មហាជន​ផ្ដួលរំលំ​រដ្ឋាភិបាល អាហ្នឹង​វា​ហួស​ក្របខ័ណ្ឌ ហើយ​ការចាប់ខ្លួន​នឹង​មើល​​តាម​ជាក់ស្ដែង​»៕

រាយការណ៍​បន្ថែម ម៉ិច ដារ៉ា