កំពង់ស្ពឺៈ មនុស្សប្រមាណជាង ១០០ នាក់ លើកគ្នាមករំដោះគោយន្ត ហើយបានបើករត់គេចខ្លួនអស់ក្រោយពីអង្គការការពារធនធានធម្មជាតិសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺបានចុះបង្ក្រាបគោយន្តដឹកជញ្ជូនឈើខុសច្បាប់ចំនួន ២០ គ្រឿង និងរឹបអូសឈើជិត ២០ ម៉ែត្រគុបនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កាលពីថ្ងៃទី ៤ មេសា។
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបទលើ្មសព្រៃឈើនេះលោកបានសហការជាមួយមន្ត្រីឧទ្យានុរក្សចំនួន ១៤ នាក់។ ពួកគេមានភារកិច្ចប្រចាំការនៅតាមគោលដៅនីមួយៗដែលមានស្នាក់ការរងអូរត្រាវ ស្រែកិន ភ្នំតូច ទឹកពុះ ខ្សាល់ និងស្នាក់ការរងមួយចំនួនទៀតនៅតំបន់អភិរក្សជួរភ្នំក្រវាញកណ្ដាល និងភ្នំក្រវាញខាងត្បូង។
លោកបានបន្ថែមថា ក្រុមការងារបានប្រទះឃើញគោយន្តចំនួន ២០ គ្រឿង និងឈើដុល និងឈើអាររួចដឹកនៅលើគោយន្តសរុបជិត ២០ ម៉ែត្រគុប។ ប៉ុន្ដែភ្លាមៗនោះម្ចាស់គោយន្តដឹកឈើបាននាំគ្នាប្រមាណ ១០០ នាក់មករំដោះយកគោយន្តរួចទម្លាក់ឈើចោល ហើយបើករត់គេចខ្លួនបាត់ស្រមោល។
លោកបន្តថា សកម្មភាពដឹកជញ្ជូនឈើដុល ឈើអារ តាមរយៈគោយន្ត រទេះគោ និងរថយន្តនៅតែមានជាហូរហែ ដោយដឹកជញ្ជូនឈើកាត់តាមស្នាក់ការរងនីមួយៗជាហេតុធ្វើឲ្យបាត់បង់ព្រៃឈើនៅក្នុងតំបន់អភិរក្ស ទើបលោកបានស្នើសុំសហការជាមួយមន្ត្រីឧទ្យានុរក្សចុះទៅទីតាំងនោះផ្ទាល់។ ភូមិសាស្ត្រភ្នំឱរ៉ាល់មិនមែនជាគោលដៅកាប់ឈើរបស់ជនខិលខូចទេ ប៉ុន្ដែតំបន់នេះជាកន្លែងច្រកដឹកជញ្ជូនឈើចេញចូលយ៉ាងសកម្ម។
លោក ជា ហ៊ាន បញ្ជាក់ថា៖ «នៅពេលពួកខ្ញុំបានចូលល្បាតនៅក្នុងព្រៃបានប្រទះឃើញគោយន្ត ២០ គ្រឿងកំពុងដឹកឈើ ហើយពួកខ្ញុំបានឃាត់ពួកគេ។ ស្រាប់តែមួយសន្ទុះក្រោយមកមានអ្នកមករំដោះគោយន្ត ដោយមានកាំបិត ពូថៅ ដំបង និងមានកាំភ្លើងកែច្នៃ ហើយស្រែកគំរាមពួកខ្ញុំ ហើយពួកខ្ញុំបានដកថយបន្ដិច ព្រោះបារម្ភពីសុវត្ថិភាព។ ស្រាប់តែពួកគេបានទម្លាក់ឈើចោល ហើយនាំគ្នាបើកគោយន្តគេចខ្លួនអស់»។
លោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ថ្លែងស្រដៀងគ្នាពីម្សិលមិញដែរថា លោកនិងក្រុមការងារចំនួន ១៣ នាក់ផ្សេងទៀតបានចូលរួមក្នុងប្រតិបត្តិការចុះល្បាតជាមួយលោក ជា ហ៊ាន ដែរ។ ក្នុងអំឡុងពេលចុះល្បាតនោះបានជួបប្រទះ និងឃាត់គោយន្តដឹកឈើល្មើសច្បាប់ចំនួន ២០ គ្រឿង ប៉ុន្ដែពួកគេបាននាំបក្ខពួកមករំដោះយកគោយន្តទៅវិញ ហើយរត់គេចខ្លួនអស់។
លោកបន្តថា ដោយសារកម្លាំងសមត្ថកិច្ចមានចំនួនតិច មិនអាចតតាំងជាមួយក្រុមជនល្មើសទាំងនោះបានទេ។ ដូច្នេះកម្លាំងបានដកថយបន្ដិច។ លោកជំរុញឲ្យមានការចូលរួមបន្ថែមទៀតពីដៃគូពាក់ព័ន្ធ ដើម្បីការពារព្រៃឈើកម្ពុជាឲ្យបានគង់វង្ស។
លោកបញ្ជាក់ថា៖ «យើងអត់អាចអនុវត្តច្បាប់ភ្លាមៗនៅក្នុងព្រៃហ្នឹងបានទេ ព្រោះកម្លាំងយើងតិច ហើយជនល្មើសសុទ្ធតែមានកាំបិត ពូថៅ ដំបង នៅក្នុងដៃ។ បើយើងនិយាយតឹងរ៉ឹងដាក់ពួកគាត់គឺចៀសមិនផុតប៉ះទង្គិចគ្នាទេ។ ដូច្នេះហើយយើងដកថយសិន ហើយពួកគាត់ក៏មិនហ៊ានធ្វើបាបយើងដែរ»។
គួររំឭកថាកាលពីថ្ងៃទី ៣១ ខែមីនា លោក ជា ហ៊ាន ដាក់លិខិតមួយស្នើសុំកិច្ចសហការជាមួយមន្ត្រីឧទ្យានុរក្សបរិស្ថានដែលប្រចាំការនៅតាមស្នាក់ការនីមួយៗដើម្បីបិទច្រកដឹកឈើចេញពីតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សជួរភ្នំក្រវាញកណ្ដាល និងតំបន់អភិរក្សជួរភ្នំក្រវាញខាងត្បូង ដើម្បីជំរុញឲ្យមន្ត្រីឧទ្យានុរក្សបរិស្ថានអនុវត្តច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
លិខិតឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សនោះគឺស្ថិតនៅព្រំប្រទល់ស្រុកថ្មបាំង និងស្រុកស្រែអំបិល ខេត្តកោះកុងជាមួយស្រុកក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយដឹកឆ្លងតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺកាត់តាមស្នាក់ការរងនីមួយៗខាងលើនេះ។ ប៉ុន្ដែសមត្ថកិច្ចមួយចំនួនមិនសូវបង្ក្រាប ដូច្នេះលោកស្នើឲ្យបិទច្រកចេញ-ចូលតំបន់ទាំងនោះ៕