ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាក្នុងរយៈពេលជាង ១១ ខែ នៃឆ្នាំ ២០១៩ នេះកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានដកហូតសារធាតុញៀនជិត ៦៧៦ គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជិត ២ ម៉ឺននាក់ ដែលក្នុងនោះមាន ៣០ ភាគរយ ជាអ្នកប្រើប្រាស់គ្រឿងញៀន។
តាមរបាយការណ៍ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តកាលពីថ្ងៃទី ៩ ខែធ្នូ នៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៩ សមត្ថកិច្ចបានចុះបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសចំនួនជាង ៩ ពាន់ករណី។
របាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការនោះបានឃាត់ខ្លួនជនសង្ស័យចំនួនជាង ១ ម៉ឺន ៨ ពាន់នាក់ មានស្រីជាង ១ ២០០ នាក់ ដោយក្នុងនោះមានជនបរទេសចំនួន ៣៨១ នាក់ និងមាន ១២ សញ្ជាតិ។ របាយការណ៍នេះបន្ថែមថា សារធាតុញៀនគ្រប់ប្រភេទដែលត្រូវបានដកហូតមានទម្ងន់ជាង ៦៧៦ គីឡូ និងកញ្ឆាក្រៀម ៩៩ គីឡូ រួមទាំងប្រភេទកញ្ឆាស្រស់ចំនួន ៨៦ ៤១៦ ដើម។
របាយការណ៍ថា៖ «អ្នកជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ៥ ៣៨០ ករណី ឃាត់ ១០ ២៨៧ នាក់ (ស្រី ៨៤១ នាក់)។ ករណីប្រើប្រាស់ ៣ ៦៧៥ ករណី ឃាត់ ៨ ៦៧៨ នាក់ (ស្រី ៤១៩ នាក់)។ អនុវត្ដតាមដីកាចំនួន ២៩៥ ដីកាចាប់ខ្លួន ២៩០ នាក់ (ស្រី ១០ នាក់)»។
លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនសង្ស័យទាំងជិត ២ ម៉ឺននាក់នេះ គឺមាន ៧០ ភាគរយ ជាអ្នកជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះដែលត្រូវឃាត់ខ្លួនបន្តទៅតុលាការ។ ចំណែក ៣០ ភាគរយ ជាអ្នកប្រើប្រាស់ ហើយបន្ទាប់ពីឃាត់ខ្លួនពួកគេត្រូវបានបញ្ជូនទៅស្តារនីតិសម្បទានៅតាមមន្ទីរថ្នាក់ជាតិ និងនៅតាមសហគមន៍ដើម្បីឲ្យពួកគេក្លាយជាមនុស្សល្អឡើងវិញ។
លោកថា៖ «ការបង្ក្រាបគ្រឿងញៀននៅចំពោះមុខគឺការចង្អៀតណែនពន្ធនាគារគឺជាបញ្ហាធំណាស់ ព្រោះយើងចាប់ច្រើនពេក ហើយយើងចាប់ហ្នឹង គឺបែងចែកជា ២ ប្រភេទ៖ ១ មានទោសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនតែម្តង ដូចជា អ្នកជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះជាដើមគឺស្រួលទេ គឺបញ្ជូនទៅពន្ធនាគារតែម្តង។ ប៉ុន្តែ ១ ទៀតគឺអ្នកប្រើប្រាស់ដែលបច្ចុប្បន្ននេះរដ្ឋាភិបាល យើងចាត់ទុកថាអ្នកប្រើប្រាស់គឺជាជនរងគ្រោះដែលយើងត្រូវបង្កើនចលនាស្តារនីតិសម្បទាឡើងវិញ»។
លោក ម៉ក់ ជីតូ លើកឡើងថា បញ្ហាគ្រឿងញៀននៅតែមានការកើនឡើងឥតឈប់ឈរ បើទោះជាមានការបង្ក្រាបជាបន្តបន្ទាប់។ បញ្ហានេះកាន់តែរីករាលដាលដល់ទីជនបទ និងសហគមន៍កាន់តែខ្លាំងក្លា។ ដូច្នេះលោកជំរុញឲ្យមន្ត្រីថា្នក់ក្រោមជាតិត្រូវចូលរួមឲ្យបានខ្លាំងក្លាជាមួយនឹងអាជ្ញាធរជាតិ ដើម្បីចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន។
លោកបន្ថែមថា៖ «ឥឡូវការបង្ក្រាបយើងប្រឹងប្រែងទាំងអស់គ្នា តែនៅតាមមូលដ្ឋាននៅតែមានការប្រើប្រាស់ដែលស្មុគស្មាញបន្តិច កំប៉ិកកំប៉ុកដែលតម្រូវឲ្យអាជ្ញាធរដែនដីយើង ជាពិសេសនគរបាលមូលដ្ឋាន គាត់ត្រូវប្រឹងធ្វើ។ អ្នកនៅខាងលើនេះខំធ្វើអាធំ (បង្ក្រាបបទល្មើស) តូចយើងពិបាកចូលដល់ ព្រោះវានៅឆ្ងាយ។ យើងតម្រូវឲ្យថ្នាក់ក្រោមជាតិប្រឹងប្រែងធ្វើបន្តទៀត»។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា ដោយសារតែស្ថានភាពក្នុងតំបន់ និងនៅលើពិភពលោកមានកើនឡើង បើទោះជាកម្ពុជាបានចាត់វិធានការច្រើនចំពោះអង្គការចាត់តាំងធំ និងការបង្ក្រាបយ៉ាងខ្លាំងក្លាយ៉ាណាក៏ដោយ ក៏បញ្ហានេះមិនស្រាកស្រាន្តដែរ។
លោកបន្ថែមថា កត្តានេះក៏ដោយសារតែការផលិត និងតម្លៃនៃសារធាតុញៀនកាន់តែមានតម្លៃថោក។ បញ្ហានេះធ្វើឲ្យមនុស្សកាន់តែងាយធ្លាក់ខ្លួនបានយ៉ាងងាយចំពោះសារធាតុថ្មីៗទាំងនេះ។
លោកបញ្ជាក់ថា៖ «បញ្ហាគ្រឿងញៀន កម្ពុជានៅតែជាចំណោទដែលនៅតែបន្តយកចិត្តទុកដាក់ ដោយសារតែទទួលរងការគំរាមកំហែងដោយសារគ្រឿងញៀននេះពីក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងធ្វើសកម្មភាពឆ្លងដែនពីតំបន់ផលិតដែលនៅជិតនឹងកម្ពុជា»។
របាយការណ៍ដដែលឲ្យដឹងថា គ្រាន់តែក្នុងខែវិច្ឆិកាមានមនុស្សយ៉ាងហោចណាស់ជិត ១ ៥០០ នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ លោក ម៉ក់ ជីតូ ក៏បានអះអាងថាមកដល់បច្ចុប្បន្ន អ្នកប្រើប្រាស់គ្រឿងញៀនមានចំនួនជិត ២ ម៉ឺននាក់ដែលកំពុងស្ថិតក្នុងមណ្ឌលស្តារនីតិសម្បាទាជាង ៤០០ កន្លែង នៅទូទាំងប្រទេស។ រដ្ឋាភិបាលកំពុងកសាងមណ្ឌលថ្នាក់ជាតិមួយកន្លែងទៀតនៅខេត្តព្រះសីហនុផងដែរ។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណាថ្លែងថាបើគ្រឿងញៀននៅតែមានការកើនឡើង វានឹងក្លាយជាវិបត្តិមួយដ៏ធ្ងន់ធ្ងរដល់យុវជន និងសុខភាព ព្រោះភាគច្រើននៃអ្នកប្រើប្រាស់គ្រឿងញៀនជាយុវជនដែលជាធនធានមួយដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។
លោកបន្ថែមថា៖ «ដោយសារតែចំនួនមានការកើនឡើងអ៊ីចឹង ហើយយើងយកពួកគាត់ទៅដាក់ក្នុងមណ្ឌល ខ្ញុំគិតថាគ្រាន់តែជម្រើសមួយទេ។ ប៉ុន្តែវានឹងចំណាយអស់ថវិកាច្រើនណាស់ ហើយវាហាក់បីដូចជាធ្វើឲ្យស្ថានភាពហ្នឹងមិនបានល្អប្រសើរទេសម្រាប់អ្នកញៀនគ្រឿងញៀន បើសិនជាគ្មានការចូលរួមជាពិសេសពីអាណាព្យាបាល។ ការជំរុញឲ្យអាណាព្យាបាលចូលរួមនៅក្នុងការដោះស្រាយបញ្ហាសុខភាព និងជួយបញ្ជូនកូនឲ្យមកទទួលសេវាព្យាបាលទាំងផ្នែកសុខភាព និងការផ្តាច់គ្រឿងញៀននេះ គឺជារឿងសំខាន់បំផុតក្នុងការចូលរួមបន្ធូរបន្ថយបន្ទុក»៕