ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ឲ្យដឹងថា រយៈពេលជាង ១ ខែ មានអ្នកឆ្លងជំងឺគ្រុនផ្ដាសាយធំជិត ៦០០ នាក់ នៅខេត្តចំនួន ៨ ប៉ុន្តែពួកគេទាំងនោះមិនត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ ១៩ នោះទេ ទោះយ៉ាងណារដ្ឋមន្ត្រី សុខាភិបាល ណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
របាយការណ៍ដែលលោកស្រី ឱ វណ្ណឌីន បានផ្សព្វផ្សាយពីថ្ងៃសៅរ៍ឲ្យដឹងថា មុនពេល និងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី ១៥ សីហា ដល់ថ្ងៃទី ១៨ កញ្ញា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលសង្កេតឃើញ មានការចម្លងជំងឺគ្រុនផ្ដាសាយធំ ដែលភាសាបច្ចេកទេសពេទ្យហៅថា «Influenza A»។
របាយការណ៍ដដែលឲ្យដឹងថា អ្នកឆ្លងជំងឺនេះគឺក្នុងចំណោមព្រះសង្ឃនៅខេត្តតាកែវ បាត់ដំបង ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ។ ក្រៅពីនេះមានក្រុមអ្នកទោសក្នុងពន្ធនាគារនៅខេត្តព្រះវិហារ កោះកុង និងខេត្តកំពង់ធំ និងនៅក្នុងសហគមន៍មួយដែលមានប្រជាជនរស់នៅក្នុងតំបន់គ្របដណ្ដប់នៃមណ្ឌលសុខភាពសោមធំ ខេត្តរតនគិរី។
របាយការណ៍បញ្ជាក់ថា៖ «ឆ្លើយតបទៅនឹងជំងឺគ្រុនផ្ដាសាយធំនេះ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តទាំង ៨ ខាងលើបានធ្វើសកម្មភាពយ៉ាងសកម្ម និងឆ្លើយតបបានយ៉ាងរហ័ស ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា និងផ្ដល់ការព្យាបាលជូនដល់ព្រះសង្ឃ និងអ្នកជំងឺបានជាសះស្បើយ ១០០% ហើយ សម្រាប់ខេត្តចំនួន ៧។ ចំណែកនៅខេត្តកំពង់ធំបានជាសះស្បើយ ១៥% ដែលនឹងអាចមានការជាសះស្បើយជាបណ្ដើរៗទៀតក្នុងពេលខាងមុខនេះ»។
លោកស្រី ឱ វណ្ណឌីន ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា គិតត្រឹមថ្ងៃទី ២០ កញ្ញា គឺមិនទាន់មានករណីថ្មីនៃអ្នកឆ្លងជំងឺផ្តាសាយធំនេះនៅឡើយទេ។ ក្រសួងសុខាភិបាលក៏បានប្រកាសពីភាពជោគជ័យក្នុងការទប់ស្កាត់បាននូវការចម្លងជំងឺកូវីដ ១៩ ថ្មី ចូលក្នុងប្រទេសកម្ពុជា និងសហគមន៍ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ ដោយមិនមានរកឃើញនៃករណីថ្មីដូចគ្នា។
លោកស្រីបញ្ជាក់ថា៖ «ការវិភាគរបស់មន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើករណីអ្នកជំងឺខាងលើបានបង្ហាញលទ្ធផលថា មិនមានវីរុសកូវីដ១៩ តែមានវិជ្ជមានវីរុសផ្ដាសាយធំ (Influenza A ប្រភេទ H3 N2) ដែលជាប្រភេទអាចឆ្លងបន្តគ្នាដែរ»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋ លោកតាអាចារ្យ លោកតាជី យាយជី គណៈកម្មការវត្ត និងព្រះសង្ឃទាំងអស់នៅទូទាំងប្រទេសឱ្យចូលរួមអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីចៀសវាងការចម្លងជំងឺគ្រុនផ្ដាសាយធំខាងលើនេះ។
លោកបន្តថា វិធានការទាំងនោះរួមមានការមានអនាម័យខ្លួនប្រាណ និងកន្លែងរស់នៅ ជាពិសេសអនាម័យដៃឱ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឱ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។ ការប្រើម៉ាស់ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារាម ស្ដាប់ព្រះធម៌ ឬកន្លែងដែលមានមនុស្សម្នាច្រើន ហើយពេលក្អកកណ្ដាស់ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្សែង ក្រមា ក្រដាសជូតមាត់ ឬកែងដៃជាដើម។
លោករដ្ឋមន្ត្រីបន្តថា៖ «ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១.៥ ម៉ែត្រឡើងទៅ។ ព្រះសង្ឃ ឬ អ្នកដែលមានជំងឺគ្រុនផ្ដាសាយធំ ឬជំងឺឆ្លងចាំបាច់ត្រូវគង់នៅក្នុងកុដិ ឬកន្លែងដាច់ដោយឡែកពីព្រះសង្ឃដែលមិនមានអាពាធ ឬពីអ្នកជាកុំឱ្យមានការចម្លងបន្តគ្នា»។
លោកបញ្ជាក់ថា៖ «ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សីដោយផ្ទាល់។ ប្រសិនបើបានប៉ះពាល់ត្រូវតែលាងដៃជាមួយសាប៊ូឱ្យបានឆាប់មុននឹងចាប់កាន់របស់របរ ឬមុននឹងប៉ះពាល់ផ្ទៃមុខរបស់ខ្លួន»។
ក្រៅពីគោរពតាមវិធានការទាំងនេះលោក ម៉ម ប៊ុន ហេង បានណែនាំឲ្យពលរដ្ឋ ពិសាទឹកដាំពុះ ក្ដៅឧណ្ហៗ និងបរិភោគម្ហូបអាហារឆ្អិនល្អ។ រក្សាអនាម័យចំណីអាហារ ហើយបើមានបញ្ហាសុខភាពមិនត្រូវចូលរួមក្នុងពិធីណាមួយឡើយ ដោយត្រូវគង់នៅក្នុងកុដិ ឬស្នាក់នៅទីកន្លែងណាមួយដាច់ដោយឡែកពីគេ កុំឱ្យមានការចម្លងបន្តគ្នា។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១៩ ខែកញ្ញា ព្រះសង្ឃ និងអ្នកឈឺដោយសារជំងឺគ្រុនផ្ដាសាយធំទាំងជិត ៦០០ នាក់ នោះគឺមានព្រះសង្ឃ ៣៦ អង្គគង់នៅខេត្តតាកែវ ព្រះសង្ឃ ៤៦ អង្គ គង់នៅខេត្តបាត់ដំបង ព្រះសង្ឃ ១៧ អង្គគង់នៅខេត្តត្បូងឃ្មុំ និងព្រះសង្ឃ ២៦ អង្គ គង់នៅខេត្តបន្ទាយមានជ័យ។ ក្រៅពីនេះក្រុមអ្នកជាប់ទោសក្នុងពន្ធនាគារ ១៦៩ នាក់នៅខេត្តកោះកុង និងក្រុមអ្នកជាប់ទោសក្នុងពន្ធនាគារ ១៤៧ នាក់នៅខេត្តព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍រស់នៅក្នុងតំបន់គ្របដណ្ដប់នៃមណ្ឌលសុខភាពសោមធំ ស្រុកអូរយ៉ាដាវ ៦៧ នាក់នៅខេត្តរតនគិរី។
ទោះយ៉ាងណាពួកគេទាំងនោះបានជាសះស្បើយពីជំងឺអស់ហើយ នៅឡើយតែក្រុមអ្នកទោសចំនួន ៦៧ នាក់នៅខេត្តកំពង់ធំ ដែលកំពុងបន្តសម្រាកព្យាបាល ខណៈអ្នកទោស ១០ នាក់ បានជាសះស្បើយ។ នេះបើតាមរបាយការណ៍របស់លោកស្រី ឱ វណ្ណឌីន៕