ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បញ្ជាក់​ជាថ្មី​ពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​រ៉ាប់រង​ថ្លៃ​ធ្វើតេស្ត​រកមើល​កូវីដ​ ១៩ ប៉ុន្តែ​បើ​មិនមាន​រោគសញ្ញា​សង្ស័យ ឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​កន្លែង​ដែលមាន​មេរោគ​នេះ ការធ្វើ​តេស្ត​មិនចាំបាច់​ទេ​។ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​ការធ្វើ​តេស្ត​រក​កូវីដ​ ១៩ មាន​ចំនួន​ជាង​ ១ ​ពាន់​ករណី រីឯ​អ្នក​បាន​ឆ្លង​កូវីដ​ ១៩ ​នៅ​កម្ពុជា​សរុប​មាន​ចំនួន​ ៣៧ ​នាក់​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ពី​ម្សិលមិញ​ដោយ បញ្ជាក់​ជាថ្មី​ថា ការធ្វើ​តេស្ត​រកមើល​កូវីដ​ ១៩ ធ្វើឡើង​ដោយ​ឥតគិតថ្លៃ ហើយ​ការធ្វើ​តេស្ត​គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​មាន​ចំនួន​ ១ ១១២ ករណី​។ ចំនួន​ជាង​ ១ ​ពាន់​ករណីនេះ បូករួម​ទាំង​អ្នក​ដែល​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ចំនួន​ ៣៧ ​នាក់​។

លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងចំណោម​ ១ ១១២​ ករណី​នេះ​យើង​អត់​មាន​យកលុយ​យក​កាក់​អី​ ១ ​រៀល​ទេ​។ រាជរដ្ឋាភិបាល​ជា​អ្នកចេញ​បន្ទុក​ទាំងអស់​។ ហេតុអ្វី​បានជា​មាន​ពាក្យ​និយាយថា អូ​! អ្នក​ដែល​ធ្វើតេស្ត​វិជ្ជមាន​គេ​អត់​យកលុយ​ទេ អ្នក​ធ្វើតេស្ត​អវិជ្ជមាន​គេ​យកលុយ​។ ឥឡូវ​ខ្ញុំ​សុំ​ឲ្យ​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​ច្បាស់ បង្ហាញ​សាច់រឿង​ឲ្យ​ច្បាស់ កន្លែង​ណា​គេ​យកលុយ អ្នកណា​អ្នកយក​លុយ​»​។

លោកស្រី​បន្តថា​៖ «​អ៊ីចឹង​សូម​ប្រកាស​ដល់​បងប្អូន​សាធារណជន​ម្ដង​ទៀតថា​មិនមាន​ការយក​លុយកាក់​ទេ នៅពេល​មាន​ការសង្ស័យ​ថា​មាន​ផ្ទុក​កូវីដ​ ១៩ ​នេះ ហើយ​មាន​ការពិនិត្យ​ធ្វើតេស្ត​ដោយ​ក្រុមគ្រូពេទ្យ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល ឬ​មន្ទីរ​សុខាភិបាល​ខេត្ត​។ បើសិន​បងប្អូន​មានការ​ព្រួយបារម្ភ​សុំ​ឲ្យ​ទំនាក់ទំនង​មក​ក្រុមគ្រូពេទ្យ​ជាមុនសិន​»​។

ទោះយ៉ាងណា​លោកស្រី​បញ្ជាក់​ទៀត​ថា វា​មិនមាន​ភាពចាំបាច់​ក្នុង​ការធ្វើតេស្ត​រក​មេរោគ​កូវីដ​ ១៩ ​ទេ ប្រសិន​បើ​បុគ្គល​នោះ​មិនមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​កន្លែង​ដែលមាន​ការឆ្លង​កូវីដ​ ១៩ ​ឬ​មិនមាន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​។

លោកស្រី​ថ្លែងថា​៖ «​ជាការ​ពិត យើង​ព្រួយបារម្ភ​សុខភាព​យើង​ហើយ​ឧបមា​ថា ឥឡូវ​រូបខ្ញុំ ខ្ញុំ​អត់​មាន​រោគសញ្ញា​អី​ទាំងអស់ ហើយ​ខ្ញុំ​ក៏​អត់​មាន​ធ្វើដំណើរ​ទៅណា​ដែរ តែ​ខ្ញុំ​ចេះតែ​ភ័យ ខ្ញុំ​ចង់ទៅ​ធ្វើតេស្ត ថា​តើ​ខ្ញុំ​មាន​វីរុស​កូវីដ​ដែរឬទេ​? វា​អត់​មាន​ភាពចាំបាច់​ទេ​បើសិន​អស់លោក លោកស្រី​ទៅធ្វើ​តេស្ត​នៅថ្ងៃនេះ​លទ្ធផល​ដែល​ចេញមក​អវិជ្ជមាន​គឺ​សឹងតែ​ ១០០ ​ភាគរយ​ហើយ ដោយសារ​យើង​មិន​មានអី​ដែល​ពាក់ព័ន្ធ​ទៅនឹង​ករណី​សង្ស័យ​នៃ​កូវីដ​ ១៩»​។

លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថ្លែង​ក្នុង​សន្និសីទកាសែត​ម្សិលមិញ​នៅ​គណៈរដ្ឋមន្ត្រី​។ហេង ជីវ័ន

អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា​៖ «​ឧបមា​ថា​ធ្វើតេស្ត​ថ្ងៃនេះ​ឃើញ អវិជ្ជមាន​មិន​មានន័យថា​យើង​អត់​ឆ្លង​កូវីដ​រហូត​ទេ ព្រោះ​ធ្វើតេស្ត​ថ្ងៃនេះ​អវិជ្ជមាន តែ​ស្អែក​អាច​វិជ្ជមាន​។ ថ្ងៃនេះ​អត់​មានតែ​ស្អែក​អាចមាន​បើសិន​យើង​មិន​អនុវត្ត​វិធានការ​ការពារ​ខ្លួន​យើង​»​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ដែលជា​ទំព័រ​ហ្វេសប៊ុក​ផ្ដល់ព័ត៌មាន​អំពី​ជំងឺ​នេះ​ក៏បាន​ឆ្លើយ​នឹង​សំណួរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ថា ការធ្វើ​តេស្ត​មើល​កូវីដ​ ១៩ មិនមាន​ការយកថ្លៃ​សេវា​ទេ ប៉ុន្តែ​មន្ទីរពេទ្យ​ប្រហែល​ជា​យក​កម្រៃ​ថ្លៃ​ការប្រឹក្សា​ទូទៅ​ដូច​ធម្មតា​។

គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា មាន​អ្នក​ឆ្លង​កូវីដ​ ១៩ សរុប​ ៣៧ ​នាក់ ​នៅ​កម្ពុជា​ដែល​ក្នុងនោះ​ ៣៦ ​ករណី​ នាំចូល​ពី​ប្រទេសក្រៅ និង​ ១ ​ករណី​ ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន​។ អ្នក​ឆ្លង​ជំងឺ​នេះ​ទាំង​បរទេស​ទាំង​ខ្មែរ បាននិង​កំពុង​សម្រាក​ទទួល​ការថែទាំ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ ១១ ​ផ្សេងទៀត​។ ភាគច្រើន​នៃ​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ត្រូវបាន​រកឃើញ​ជំងឺ​នេះ​ក្រោយពេល​ចូលរួម​ពិធី​សាសនា​អ៊ិស្លាម​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ពួកគេ​បាន​ត្រឡប់មក​កម្ពុជា​វិញ​កាលពី​ដើមខែ​មីនា​នេះ​។

ទោះយ៉ាងណា​ក្រសួង​បញ្ជាក់ថា​មិនទាន់មាន​ការឆ្លង​នៅក្នុង​សហគមន៍​ទេ ប៉ុន្តែ​លទ្ធភាព​រាលដាល​នៅ​សហគម​អាច​នឹង​កើតមាន​។

លោកស្រី ឱ វណ្ណឌីន បាន​ពន្យល់​ថា យន្តការ​នាពេលនេះ​គឺ​ការចូលរួម​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​នេះ ដោយ​ចាប់ផ្ដើម​ពី​បុគ្គល​ម្នាក់ៗ​។ វិធានការ​ការពារ​គឺ​ងាយ និង​សាមញ្ញ​នោះ​គឺ​លាងដៃ​នឹង​សាប៊ូ​រយៈពេល ១ ​នាទី​ហើយ​រាល់​ការធ្វើដំណើរ​ទៅ​ទីណា​ក៏ដោយ ត្រូវតែ​មាន​អនាម័យ​ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល ហើយ​កុំ​យកដៃ​ប៉ះ​ច្រមុះ ប៉ះ​មាត់​។ ចំណែក​វិធានការ​ទី​ ២ គឺ​ការបរិភោគ​ម្ហូបអាហារ​ដែល​ចម្អិន​បានល្អ​។

លោកស្រី​និយាយថា​៖ «​ការចូលរួម​អនុវត្ត​នេះ​គឺ​បុគ្គល​នីមួយៗ​ត្រូវតែ​ចូលរួម​អនុវត្ត​។ មិនមែន​អង្គុយចាំ​ឲ្យ​គេ​អនុវត្ត​ឲ្យ​យើង​ទេ គឺ​បុគ្គល​នីមួយៗ​ត្រូវតែ​ចូលរួម​អនុវត្ត​ហើយ​ក្នុងដំណាក់កាល​នេះ ដើម្បី​ការពារ​ខ្លួន​។ វិធានការ​គឺ​ក្រសួងសុខាភិបាល​បាន​ជម្រាបជូន​ហើយ​ថា​ត្រូវធ្វើ​ម៉េចៗ​។ តែ​ការអនុវត្ត​គឺ​បុគ្គល​ដែល​ជា​អ្នកអនុវត្ត​»​។

លោកស្រី​បន្តថា បើសិន​ជា​ពលរដ្ឋ​មិន​ចូលរួម​អនុវត្ត​វិធានការ អនាម័យ​ទេ វិធានការ​នានា​ដូចជា បិទ​ពិធី​ជួបជុំ បិទ KTV រោងភាពយន្ត និង​ទីកន្លែង​ផ្សេងទៀត​នោះ​ប្រហែល​មិន​មាន​ប្រសិទ្ធភាព​ទេ​។

ជា​វិធានការ​បន្ថែម​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ ក្រសួងសុខាភិបាល​បាន​សម្រេច​ផ្អាក​ការប្រគំ​តន្ត្រី​នៅតាម​ទីសាធារណៈ​ដែលមាន​មនុស្ស​ចូលរួម​ច្រើន​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​ ១៧ មីនា​តទៅ​រហូត​ដល់​ស្ថានភាព​ជំងឺ​នេះ​មាន​ភាព​ធូរស្រាល​ឡើងវិញ​។

ដោយយោង​លើ​ការសម្រេច​របស់​ក្រសួងសុខាភិបាល​នោះ ក្រសួងព្រះបរមរាជវាំង​ក៏បាន​សម្រេច​ផ្អាក​ការចូល​ទស្សនា​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅកាន់​ព្រះបរមរាជវាំង​ចាប់ពី​ថ្ងៃទី​ ១៨ មីនា តទៅ​រហូត​ដល់​មាន​ការជូនដំណឹង​ជាថ្មី​៕

វីដេអូ៖