ភ្នំពេញៈ ក្នុង​រយៈពេល​ជាង ៣ ​ខែ​ ដើម​ឆ្នាំ​ ២០២០ ​នេះ​មនុស្ស​ជាង ៥ ៥០០ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជាង​ ៣០០ ​គីឡូក្រាម ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​ចាប់​ឃាត់ខ្លួន​ ខណៈ​អ្នកជួញដូរ​គ្រឿងញៀន​ ៥ ​នាក់​ទៀត​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជាង​ ១៦ ​គីឡូក្រាម​។

គណៈកម្មការ​ទី​ ៣ ​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៥ ​បាន​ចេញ​របាយការណ៍​កាលពី​ម្សិលមិញ​ថា គិត​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​មករា​ដល់​ថ្ងៃទី ​៥ ខែ​ មេសា ឆ្នាំ​ ២០២០ ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ២ ៧៨០ ​ករណី ​ដោយបាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​សរុប​ចំនួន ៥ ៥៤៦ ​នាក់ ​ក្នុងនោះ​មាន​ជនបរទេស​ ៨៧ ​នាក់​។ វត្ថុតាង​ដែល​រឹបអូស​បាន​ពី​ការបង្ក្រាប​បទល្មើស​គឺ​រួមមាន​សារធាតុ​ញៀន​ប្រភេទ​ថ្នាំ​គ្រាប់ និង​ម្សៅ​គ្រប់​ប្រភេទ​សរុប​ប្រមាណ​ជិត​ ១២០ ​គីឡូក្រាម និង ១១០ ​កញ្ចប់​តូច រុក្ខជាតិ​ញៀន​ប្រភេទ កញ្ឆា​ក្រៀម ចំនួន​ជាង​ ២២៥ ​គីឡូក្រាម និង ៧៧ ៧០៨ ​ដើម​។

ក្រៅពីនេះ​វត្ថុតាង​ដែលជា​មធ្យោបាយ​បម្រើ​ឲ្យ​បទល្មើស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​ក៏ត្រូវ​បាន​រឹបអូស​ផងដែរ​ក្នុង​នោះ​រួមមាន​រថយន្ត​ ២៦ ​គ្រឿង ម៉ូតូ​ ៦៥៧ ​គ្រឿង ទូរស័ព្ទ​ចំនួន​ ១៩៤៣ ​គ្រឿង ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​ ១២៨ ​គ្រឿង និង​អាវុធ​វែង​ខ្លី​ចំនួន​ ១១ ​ដើម​។

របាយការណ៍​ដដែល​គូសបញ្ជាក់​ថា​៖ «​ជនសង្ស័យ​ចំនួន​ ៣ ១៣៣ ​នាក់​ ក្នុងចំណោម ៥ ៥៤៦ ​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ (​សារធាតុ​ញៀន​) ​និង​ដាំដុះ​រុក្ខជាតិ​ញៀន ហើយ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ជនសង្ស័យ​ចំនួន ២ ៤១៣ នាក់​ទៀត​ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ត្រូវបាន​ធ្វើការ​អប់រំ​ណែនាំ និង​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​»​។

ជុំវិញ​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ផងដែរ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ ២ ​នាក់​រួមមាន​ឈ្មោះ​ សឿង ធាវ៉ា អាយុ ៣៧ ​ឆ្នាំ និង​ឈ្មោះ អឿង ឌីចាន់ណា អាយុ​ ៣៧ ​ឆ្នាំ​ពី​បទ «​ជួញដូរ​គ្រឿងញៀន​» ​និង​បាន​បញ្ជា​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​នាំយក​ជនសង្ស័យ​ទាំង​ ២ ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ជាក្រោយ​។

នេះ​បើ​យោងតាម​លោក ឡឹក វណ្ណៈ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។ លោក វណ្ណៈ បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​ត្រូវបាន​កម្លាំង​ការិយាល័យ​ (​ក​៧) ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ចាប់បាន​កាលពី​ថ្ងៃទី​ ០២-០៣ ខែ​ មេសា ឆ្នាំ​ ២០២០ ជាមួយ​វត្ថុតាង​គ្រឿងញៀន​រឹបអូស​បាន​ជាង​ ១៦ ​គីឡូក្រាម​»​។

ចំណែក​សាលាដំបូង​ខេត្ត​ស្វាយរៀង​វិញ​ក៏បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ជនជាតិ​វៀតណាម​ ៣ ​នាក់​រួមមាន​ឈ្មោះ​ ត្រឹង វឹកភូ អាយុ​ ៣៥ ​ឆ្នាំ​, វ៉ូ ហរ័ធឿង អាយុ​ ២៧ ​ឆ្នាំ និង​ឈ្មោះ ង៉ូ ធីអៀងថាន់ អាយុ​ ១៨ ​ឆ្នាំ​ពីបទ​ «​ជួញដូរ រក្សាទុក និង កែច្នៃ​គ្រឿងញៀន​» ផងដែរ​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក ទេព ផល្លា ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ៣ ​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃទី​ ៣១ ខែ មីនា ដល់​ថ្ងៃទី​ ៣ ខែ​ មេសា ឆ្នាំ​ ២០២០ នៅក្នុង​ទីតាំង​ ៣ ​កន្លែង​ផ្សេងគ្នា​ស្ថិតក្នុង​សង្កាត់-ក្រុង​បាវិត​ជាមួយ​វត្ថុតាង​គ្រឿងញៀន​ដែល​រឹបអូស​បាន​សរុប​ជាង​ ៤ ​គីឡូក្រាម និង​សម្ភារ​បម្រើ​ឲ្យ​បទល្មើស​មួយចំនួន​ទៀត ។

យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២០ កម្លាំង​នគរបាល​បង្ក្រាប​គ្រឿង​បាន​បង្ក្រាប​ទីតាំង​ផ្ទះជួល​មួយកន្លែង​ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់-ក្រុង​បាវិត ដោយបាន​រំដោះ​ជនជាតិ​វៀតណាម​ប្រុស-ស្រី​សរុប​ ១៥ ​នាក់​ ដែល​ត្រូវបាន​គេ​ចាប់​បង្ខាំង​ទុក​នៅក្នុង​បន្ទប់​ផ្ទះជួល​នោះ​។

របាយការណ៍​បន្តថា ក្រោយពី​ការជួយ​រំដោះ​ជនរងគ្រោះ​ទាំង​នោះ​មក​សួរនាំ សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ​រកឃើញ​ និង​រឹបអូស​វត្ថុតាង គ្រឿងញៀន​មួយចំនួន​នៅក្នុង​បន្ទប់​ជួល​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​ទីតាំង​ផ្ទះជួល​នោះ​។ ក្រោយពី​បង្ក្រាប​ទីតាំង​នោះ​​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ការបង្ក្រាប​ចាប់​ជនសង្ស័យ​ទាំង​ ៣ ​នាក់​ខាងលើ​នេះ​បានជា​បន្តបន្ទាប់​៕