ភ្នំពេញៈ រោងចក្រ W&D​ ទាមទារ​ឲ្យ​មានការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការខាតបង់​នាពេល​កន្លងមក​ ដែល​ពួកគេ​ទទួលរង​ក្នុង​រយៈ​ពេល​ ៣ ខែ ​ចាប់តាំង​ពី​កម្មករ​ផ្ទុះ​ការតវ៉ា ជា​ថ្នូរ​នឹង​ការព្រម​ទទួលយក​កម្មករ​ឲ្យ​ចូល​​ធ្វើការ​វិញ ​ស្រប​តាម​ប្រសាសន៍​របស់​លោក​​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។

កាលពី​ថ្ងៃ​ទី ២៥ ​ខែ មីនា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​អំពាវនាវ​ទៅដល់​ថៅកែ​រោងចក្រ​ W&D ឲ្យ​ទទួលយក​កម្មករ​ កម្មការិនី​ជាង ១ ០០០ ​នាក់ ​ចូល​ធ្វើការ​វិញ ​ដោយ​អះអាងថា ​ពួកគេ​បាន​ចាញ់បោក​ការ​ញុះញង់​​របស់​មនុស្ស​មួយ​ចំនួន​ ឲ្យ​ទៅ​ធ្វើ​បាតុកម្ម​រហូតដល់​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ។ ការអំពាវ​នាវ​នេះ​ លោក ​ក៏​បាន​ចាត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ជា​អ្នក​ធ្វើការ​សម្រប​សម្រួល​ និង​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ។

លោក​ តាំង ម៉េង មេធាវី​តំណាង​ឲ្យ​រោងចក្រ ​W&D ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិល​មិញ​ ថា ​ក្រោយ​ពីលោក​នាយក​រដ្ឋមន្ត្រី​ ប្រកាស​ឲ្យ​ខាង​រោងចក្រ​ទទួលយក​កម្មករ​ទាំង​អស់​វិញភ្លាមៗ ​ភាគី​ខាង​រោងចក្រ ​និង​ក្រសួង​ការងារ ​ក៏បាន​ជួប​ពិភាក្សា​គ្នា ​ប៉ុន្តែ​ពេល​ចរចា​នៅ​ថ្ងៃ​ ២៥ ​មីនា ​ដែរនោះ ​ពុំបាន​ទទួល​ជោគជ័យ​នោះទេ ​និង​បាន​បន្ត​ចរចា​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ទៀត។

ជាមួយ​នឹង​ការចរចា​នេះ​ លោក​បញ្ជាក់ថា​ ភាគី​រោងចក្រ ​នឹង​ព្រម​ទទួលយក​កម្មករ​ទាំងអស់​វិញ ​បើសិនបើក្រសួង ព្រម​​ទទួល​ខុសត្រូវ ​ឬ​សង់ការ​ខូចខាត​ដែល​ខ្លួន​បាន​ខាត​បង់​នាពេល​កន្លងមក ​តែ​លោក​ពុំបាន​បញ្ជាក់ថា ​ការទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​នេះ​ ជា​អ្វី​ឲ្យ​ច្បាស់​នោះ​ទេ។

លោក​បានបញ្ជាក់ថា​៖ «ការ​សំណូម​ពរ​របស់​រោងចក្រ ​គឺ​ការ​ខាត​បង់​របស់​រោងចក្រ​ តើ​ត្រូវធ្វើ​យ៉ាង​ម៉េច ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជួយ​វិញ។ ព្រោះ​ក្រសួង​​បាន​ជួយ​ខាង​កម្មករ​ហើយ ​ចំណែក​ខាង​រោង​ចក្រ គួរ​ជួយ​យ៉ាង​ម៉េច? ព្រោះ​យើង​បាន​អនុវត្ត​តាម​ច្បាប់​តាំងពី​ដើមទី​ រហូត​មកទល់​ពេល​នេះ»។

លោក​បានបន្តថា​ ជាមួយនឹង​ការទទួល​យក​កម្មករ​ទាំងអស់​ឲ្យ​ចូល​ធ្វើការ​នេះ ​រោងចក្រ​ក៏​ទាមទារ​ឲ្យ​មាន​គោល​ការណ៍​ច្បាស់​លាស់​ផងដែរ ​ព្រោះ​ខ្លួន​បារម្ភ​នៅពេល​ទទួលយក​កម្មក​រ​ទាំង​អស់​វិញ​ ក្នុងចំណោម​កម្មករ​ទាំង​នោះ ​នឹង​បង្កបញ្ហា​នៅក្នុង​រោងចក្រ​របស់​ពួកគេ​បន្ត​ទៀត។

លោក Jimmy នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន W&D បាន​ថ្លែង​ក្នុង​ស​ន្និសីទ​កាសែត​កាល​ពីពេល​កន្លងទៅ​ថាខ្លួន​ខាត​បង់​ប្រាក់​ជាង​ ​១ លាន​ដុល្លារ ​និង​បាត់បង់​អ្នកបញ្ជា​ទិញ​ធំៗ​ដល់​ទៅ ៣ ​ក្នុងចំណោម​អ្នកបញ្ជា​ទិញ​ក្រៅប្រទេស​ចំនួន ១០ ​ចាប់តាំង​ពី​កម្មករ ​កម្មការិនី​ជាង​ ១ ០០០ នាក់​ បាន​បន្តធ្វើ​បាតុ​កម្ម​​ត​វ៉ា ​ក្នុង​រយៈពេល​ ៣ ខែ​កន្លង​មក​នេះ។ ការ​ខាត​បង់​នេះ ​លោក Jimmy អះអាងថា​ ព្រោះតែ​ភាពយឺតយ៉ាវ​ក្នុងការ​ដឹកជញ្ជូន ​និង​មិនអាច​ប្រគល់​ទំនិញ​ឲ្យ​អ្នក​បញ្ជា​ទិញ​ទាន់​ពេលវេលា។

ពេល​ទាក់ទង​កាលពីម្សិលមិញ ​លោក​ ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ ​មិនបាន​ប្រាប់​លម្អិត​អំពី​គោលការណ៍ ​ឬការ​ទទួល​ខុសត្រូវ​យ៉ាង​ណា​របស់​ក្រសួង​ចំពោះ​ការទាមទារ​នោះ​ទេ ​ដោយលោក​គ្រាន់តែ​បញ្ជាក់​ខ្លី​ថា​ក្រសួង​នឹង​បន្ត​សម្រប​សម្រួល ​ជាមួយ​ភាគី​រោងចក្រ ​ជុំវិញ​ការ​ទាមទារ​នូវ​ការខាតបង់​ដែល​ពួកគេ​ទទួលរង​រយៈពេល​ ៣ ខែ​កន្លង​មក ​​រួម​នឹង​ការ​ទាម​ទារឲ្យ​មាន​គោល​ការណ៍​ជាក់​លាក់​ជុំវិញ​ក្តី​បារម្ភ​របស់​ពួកគេ។

លោក​ គីម សាន ​កម្មករ​នៅ​រោងចក្រ​ W&D បាន​អះអាងថា​ ពួកខ្លួន​ទាំងអស់​គ្នា ​កំពុង​រង់ចាំ​ការប្រកាស​ទទួល​យក​ក​ម្មករ​ទាំងអស់​ឲ្យ​ចូល​ធ្វើការ​វិញ​ ដូច​ទៅ​នឹង​ការលើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី។

លោក សាន ​បានបញ្ជាក់ថា៖ «បច្ចុប្បន្ន​កម្មករ ​ព្រម​ចូល​ធ្វើការ​វិញ​ហើយ ​តែ​រោងចក្រ​អត់​ព្រមយក​ទាំងអស់​វិញ។ អ៊ី​ចឹ​ង​សង្ឃឹមថា​ ក្រុម​ហ៊ុន ​នឹង​ព្រម​ទទួល​ទាំង​អស់​ដោយ​គ្មាន​ការ​រើស​អើង»។

កម្មករ ​កម្មការិនី​ រោងចក្រ​ W&D ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ​រាជធានីភ្នំពេញ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​តាំងពី​ថ្ងៃទី ២៤​ ខែ ធ្នូ ​ឆ្នាំមុន ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រខាងលើ្រនេះ ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​ពួកគេ ​មុន​អនុវត្ត​ច្បាប់​ថ្មី ​ដែល​នឹង​បើកប្រាក់​បំណាច់​អតីត​ភាព​ការងារ​នេះ​ជា​រៀងរាល់ ៦ ខែ​ម្តង។

ក្រោយពីផ្ទុះបាតុកម្មតវ៉ា ​ក្រុមហ៊ុន ​បានប្រកាស​បញ្ឈប់​កម្ម​ករ​ប្រមាណ ​១ ១០៤ នាក់ ​ដោយ​ក្រុមហ៊ុនបានសំអាងថា ​កម្មករ​ទាំង​នោះ​ មិនបាន​គោរព​ទៅ​តាម​​ដីកា​រក្សា​ការពារ​របស់​តុលាការ ​ដែល​តម្រូវ​ឲ្យ​កម្មករ​ទាំងអស់​ចូល​ធ្វើការ​វិញ ​ក្នុង​រយៈពេល ៤៨ ម៉ោង។

ប៉ុន្តែទោះ​យ៉ាង​ណា ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​​ពេលនោះ​ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែងថា​ រោងចក្រ ​គួរ​ទទួលយកក​ម្មករ​ចូល​បម្រើ​ការងារ​វិញ ​ព្រោះ​កម្មករ​ទាំងនោះ​លែង​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ជា​កញ្ចប់​ទៀត​ហើយ៕