ភ្នំពេញៈ ជាថ្មីម្តងទៀត ចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨ បានបដិសេធសំណើសុំនៅក្រៅឃុំ របស់អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទចារកម្ម និងផលិតរូបអាសអាភាស នៅក្នុងករណីមួយ ដែលត្រូវបានមជ្ឈដ្ឋានជាច្រើន មើលឃើញថា ជាផ្នែកនៃការបង្ក្រាបរបស់កម្ពុជា ទៅលើសេរីភាពសារព័ត៌មាន។
លោក អ៊ួន ឈិន អាយុ ៤៩ ឆ្នាំ និងលោក យាង សុធារិន អាយុ ៣៥ ឆ្នាំ ត្រូវបានចាប់ដាក់ពន្ធនាគារចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទចារកម្ម។
ថ្លែងមួយភ្លែតបន្ទាប់ពីសវនាការបិទទ្វារ នៅចំពោះមុខចៅក្រមលោក សួស សំអាត លោក សុធារិន បានហៅករណីប្រឆាំងនឹងពួកលោកថា«អយុតិធម៌»ដែលធ្វើឡើង បន្ទាប់ពីមានការរាយការណ៍រិះគន់របស់ពួកលោកអំពីស្ថានភាពនយោបាយរបស់កម្ពុជា ដែលមានលក្ខណៈដុនដាប។ វិទ្យុអាស៊ីសេរី បានបិទដំណើរការកាលពីខែកញ្ញា។
លោក សុធារិន បានថ្លែងថា៖ «តុលាការ បានស៊ើបអង្កេតអស់រយៈពេល ៥ ខែ ប៉ុន្តែមិនទាន់បានឃើញលទ្ធផលណាមួយ ហើយពួកគេ នៅតែបន្តឃុំខ្លួនខ្ញុំ»។ «ពួកគេមានបំណងបំបាក់ស្មារតីរបស់យើងទាំងស្រុង»។
ចំណែក លោក ឈិន ក៏បាននិយាយដែរថា ការចាប់ឃុំខ្លួនរូបលោកនេះគឺ «ជាការសងសឹក»។
មេធាវីរបស់ចុងចោទទាំងពីរ លោក កែវ វន្នី បានថ្លែងថា លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់ចុងចោទត្រូវបានដាក់ទៅតុលាការរួចហើយ ហើយគ្រួសាររបស់ពួកគាត់ បានសន្យាថា ពួកគាត់នឹងមិនគេចខ្លួនទេ ប៉ុន្តែចៅក្រមថ្លែងថា គាត់នៅតែភ័យខ្លាចអ្នកទាំងពីរនឹងព្យាយាមចាកចេញពីប្រទេស។
លោក វន្នី បានថ្លែងថា៖ «យើងចង់ឲ្យតុលាការ តម្រូវឲ្យពួកគាត់ ត្រូវតែបង្ហាញខ្លួនម្តងក្នុងមួយខែទៅអាជ្ញាធរមូលដ្ឋាន ហើយនៅពេលពួកគេ មិនធ្វើតាម តុលាការអាចឃុំខ្លួនពួកគេ»។
លោក វន្នី បានថ្លែងថា លោកគ្រោងនឹងដាក់បណ្តឹងទៅតុលាការកំពូល ដែលកាលពីពេលមុន បានច្រានចោលសំណើរបស់អ្នកទាំងពីរ ដែលត្រូវបានចោទប្រកាន់ផងដែរ កាលពីខែមីនា ពីបទផលិតរូបអាសអាភាស ដោយផ្អែកលើរូបថត ដែលបង្ហាញថា លោក ឈិន សម្ដែង ឬថតអំពើអាសអាភាស បើទោះបីជាអត្តសញ្ញាណពិតប្រាកដ មិនអាចធ្វើឡើងដោយផ្អែកលើរូបនេះក៏ដោយ។
ភរិយារបស់លោក សុធារិន អ្នកស្រី ឡាម ចាន់ធី បានអះអាងពីភាពគ្មានទោសកំហុសរបស់អ្នកទាំងពីរ។
អ្នកស្រី ចាន់ធី បានថ្លែងថា៖ «តុលាការ អត់មានការបែងចែកច្បាស់លាស់ អូសទាញរឿងមិនពិតឲ្យទៅជារឿងពិត។ វាជារឿងអយុត្តិធម៌តាំងពីយូរ គ្មានធ្វើអ្វីខុសសោះបែរជាកែប្រែថាគាត់ធ្វើខុស»។
អ្នកស្រីបានគូសបញ្ជាក់ថា តុលាការ បានដឹងច្បាស់ណាស់ក្នុងរឿងនេះ ថា ពួកគេពុំមានកំហុសអ្វីទេ ប៉ុន្តែតុលាការនៅតែនិយាយថា ពួកគេមានកំហុស ដែលនេះគឺជាការសងសឹក ដោយសារតែពួកគេនិយាយចំៗពេក កាលពួកគេធ្វើការនៅវិទ្យុអាស៊ីសេរី៕ PS