ភ្នំពេញៈ រដ្ឋបាល​រាជធានី-ភ្នំពេញ​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ នៃ​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​ក្នុង​ឆ្នាំ​នេះ​គឺ​ដំណើរការ​នៃ​ពិធីបុណ្យ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​ជាមួយ​គ្នា​នោះ​ការ​ទុកដាក់​សំរាម​របស់​ប្រជាពលរដ្ឋ​ក៏​បាន​ត្រឹមត្រូវ​ជាង​រាល់​ឆ្នាំមុនៗ ដោយសារ​ពលរដ្ឋ​មាន​ការយល់ដឹង​ច្រើន​ពី​បញ្ហា​បរិស្ថាន​។

លោក​ ម៉េត មាសភក្តី អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្លែង​ថា បរិយាកាស​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ នៃ​ពិធីបុណ្យ​នេះ​គឺ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សប្បាយរីករាយ​ជាធម្មតា​ដោយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​គួរកត់សម្គាល់​នោះទេ​។ លោក​ចាត់​ទុក​ឆ្នាំនេះ ពិសេស​ជាង​ឆ្នាំ​មុន​ដោយ​បញ្ហា​សំរាម​ដែល​តែង​ចោទ​ឡើង​ជា​បញ្ហា​ជា​រៀងរាល់​ឆ្នាំ​នោះ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ សំរាម​ត្រូវ​បាន​ទុកដាក់​មាន​សណ្តាប់ធ្នាប់​ល្អប្រសើរ​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​ថ្ងៃនោះ គ្មាន​បាតុភាព​អ្វី​ធំដុំ​កើតឡើង​នោះ​ទេ គឺ​សន្តិភាព​មែនទែន​ក្នុង​រាជធានី​យើង គ្មាន​បាតុភាព​អ្វី​ធំដុំ​នោះទេ​។ រឿង​ដែល​កត់សម្គាល់​គឺ​បញ្ហា​សំរាម គឺ​ឆ្នាំ​នេះ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​យើង ឃើញ​មាន​ (​ការ​) ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ សំរាម​មាន​ច្រើន​នៅ​តែ​ដដែល​អ៊ីចឹង ព្រោះ​មាន​មនុស្ស​ច្រើន មាន​ការហូបចុក​គឺ​មាន​កាកសំណល់​ហើយ ប៉ុន្តែ​នេះ​សំរាម​ភាគច្រើន​គឺ​នៅក្នុង​ធុងសំរាម មិន​នៅ​រាយប៉ាយ​នោះទេ​»​។

លោក​ មាសភក្តី បន្ថែម​ថា​មាន​កត្តា​ ២ ដែល​ធ្វើឲ្យ​ការ​ទុកដាក់​សំរាម​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុនៗ​។ ទី​១ គឺ​ការរៀបចំ​ទុកដាក់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ដោយ​បាន​ត្រៀម​រួចជាស្រេច​ចំពោះ​ការ​ទុកដាក់​សំរាម​។ និង​ទី​២ គឺ​ការចូលរួម និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម​ទស្សនា​ក្នុង​ពិធីបុណ្យ​។

លោក​ ប៊ុន វាសនា មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-​អន្តរជាតិ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា រយៈពេល​ ៣ ​ថ្ងៃ​នេះ​ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​មាន​ភាពល្អប្រសើរ​ដោយ​មាន​ឧបទ្ទវហេតុ​តិចតួច​បំផុត បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​។ រឿងហេតុ​នោះ​ដូចជា​មាន​ការលិច​ទូក​ ១ ​លើក ករណី​ខ្យល់គរ និង​មាន​ករណី​អគ្គិភ័យ​នៅ​កន្លែង​ប្រារព្ធ​ពិធី ប៉ុន្តែ​ហេតុការណ៍​ទាំងអស់​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះទេ​។

ទិដ្ឋភាព​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃទី​ ១០ វិច្ឆិកា​នៅ​តាម​ដង​ទន្លេចតុមុខ រាជធានី​ភ្នំពេញ​។ហុង មិនា

លោក​បន្ថែមថា ក្រោយ​ពិធី​បាន​បញ្ចប់​ក្រុមការងារ​បាន​រៀបចំ​បោសសម្អាត​បរិស្ថាន​ឲ្យ​មាន​សភាព​ដូចដើម ជាពិសេស​ការទុកដាក់​សំរាម​ដែល​បាន​បន្សល់ទុក​រយៈពេល​ ៣ ​ថ្ងៃនេះ​។ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​លោក​អះអាង​ថា​សំរាម​មិនមែន​ជា​បញ្ហា​ចោទ​ទៀត​នោះទេ​។

លោក​ ប៊ុន វាសនា បញ្ជាក់​ថា​៖ «​តាម​របាយការណ៍​គឺ​ឃើញ​ថា​មាន​ការកើនឡើង​តែ​តាម​ស្ថានភាព​ជាក់ស្តែង​មិនមាន អី​ខុសប្លែក​ពី​ឆ្នាំ​ ២០១៧ និង​ ២០១៨ ​ទេ​គឺ​ប្រជាពលរដ្ឋ​មាន​ការចូលរួម​រាប់លាន​នាក់​មែនហើយ​។ សម្រាប់​ការបោសសម្អាត​ផ្នែក​បរិស្ថាន​គឺ​យើង​បានប្រគល់​ឲ្យ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នករៀបចំ​។ ចុង​ក្រោយ​នេះ​គណៈកម្មការ​យើង​ជាប់​រវល់​ក្នុង​ការបើក​រង្វាន់ និង​អំណោយ​ជូន​ដល់​តំណាង​កីឡាករ កីឡាការិនី​យើង​រាប់​ពី​លេខ​ ១ ដល់​លេខ ៤ ដែល​មក​ទទួល​ប្រហែល​ជា​ ៩០ ​ភាគរយ​ហើយ​»​។

តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ដែរ​ថា រយៈពេល​ ៣ ​ថ្ងៃ​ នៃ​ព្រះរាជពិធី​នេះ​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១៨ ០៨៩ ​នាក់​ (​ស្រី​ចំនួន​ ៥ ២២០ ​នាក់​) បានទទួល​សេវា​ពិនិត្យ​ព្យាបាល​នៅតាម​ទីតាំង​ចំនួន​ ១២ ​កន្លែង និង​ក្រុម​រថយន្ត​គិលានសង្គ្រោះ​ចំនួន​ ៦៨ ​គ្រឿង​ ដែល​បាន​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​កំណត់​។

លោក​ នេត្រ ភក្ត្រា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ១២ ថា​ការបោសសម្អាត និង​ថែរក្សា​បរិស្ថាន​គឺ​មាន​ការចូលរួម​ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត ក្នុង​ការ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​នៅ​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។

លោក​ថា សកម្មភាព​សម្អាត​អនាម័យ​បរិស្ថាន​យុវជន​ស្ម័គ្រ​ចិត្ត​បាន​ចូលរួម​ធ្វើជា​សកម្មភាព​ដ៏មាន​តម្លៃ​សម្រាប់​ការអប់រំ​បរិស្ថាន និង​ការប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អ​ក៏​ដូចជា​ការបញ្ជ្រាប​ចំណេះដឹង និង​ការគ្រប់គ្រង​សំណល់​រឹង សំរាម​ដល់​សាធារណជន​។

លោក​បញ្ជាក់ថា​៖ «​សកម្មភាព​របស់​ប្អូនៗ​នឹង​បន្សល់ទុក​នូវ​ការចងចាំ​សម្រាប់ ពលរដ្ឋ​ខ្មែរ​បាន​បន្សល់​នូវ​ការគោរព ស្រឡាញ់​បរិស្ថាន​ក្នុង​ក្រអៅបេះដូង​របស់​មនុស្ស​រាប់ម៉ឺន​សែន​នាក់​ដែល​បាន​ឃើញ​ប្អូនៗ​សម្អាត​អនាម័យ​បរិស្ថាន នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​»​។

លោក​ កែវ ចាន់ណារិទ្ធ ប្រធាន​គណៈ​គ្រប់គ្រង​ទីលាន​ចាក់សំរាម​ដង្កោ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ ភ្នាក់ងារ​ជិត​ ១ ០០០ ​នាក់ និង​ឡាន​ដឹក​សំរាម​ជិត ​២០០ ​គ្រឿង​បាន​ប្រមូល​សំរាម​ទូទាំង​ ១២ ​ខណ្ឌ​មាន​ចំនួន​ជាង​ ៦ ៥០០ ​តោន​ ខណៈ​ឆ្នាំ​ ២០១៨ មាន​ជាង ៨ ០០០ តោន​។ លោក​បន្តថា សំរាម​ដែល​ប្រមូល​ចេញ​ពី​កន្លែង​ប្រារព្ធ​ពិធី​មាន​ប្រមាណ​ ៣០ ​ភាគរយ​។

លោក​បញ្ជាក់ថា​៖ «​តាម​សង្កេត​របស់​ខ្ញុំ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុន​ចំពោះ​ការ​ទុកដាក់​សំរាម ដោយសារ​តែ​ប្រជាពលរដ្ឋ​យើង​មាន​ការយល់ដឹង​ច្រើន ហើយ​យើង​ក៏​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ដែរ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទុក​ដាក់​សំរាម វេចខ្ចប់​បាន​ត្រឹមត្រូវ​។ ជារួម​ក្នុង​ពេល​នោះ​សំរាម​ភាគច្រើន​មិន​ត្រូវបាន​បញ្ចេញ​ (​ពី​ផ្ទះ​) ​ឬ​មិន​ត្រូវ​បាន​បោះចោល​ទេ​»​។

ទាក់ទង​នឹង​ចំនួន​ពលរដ្ឋ​ចូលរួម​ក្នុង​ពិធីបុណ្យ​លោក​ ម៉េត មាសភក្តី បញ្ជាក់​ថា តួលេខ​សរុប​នៃ​អ្នក​ចូលរួម​ទស្សនា​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​មាន​ចំនួន​ច្រើន​។ នៅក្នុង​ថ្ងៃទី​ ១ មាន​ប្រមាណ ៥៥​ ម៉ឺន​នាក់​ថ្ងៃទី​ ២ មាន​ជាង​ ១ ​លាន ៥ ​សែន​នាក់ និង​ថ្ងៃទី​ ៣ មាន​ប្រមាណ​ ៣ ​លាន​នាក់​។

លោក​បញ្ជាក់ថា​៖ «(​អ្នក​) ​ជំនាញ​គេ​ប៉ាន់​ស្មានថា ជាង​ ៥ ​លាន​នាក់ ព្រោះ​គិត​ជា​ម៉ែត្រការ៉េ​មាន​ប៉ុន្មាន​នាក់ ហើយ​សភាព​ណែន​តាន់តាប់​មាន​មនុស្ស​ច្រើន គេ​គិត​ ១ ​ម៉ែត្រ​ការ៉េ​មាន​មនុស្ស​ប៉ុន្មានៗ អ៊ីចឹង​ទៅ​។ សម្រាប់​ព័ត៌មាន​ផ្សេង​គេ​ផ្សាយ​អត់​ផ្លូវការ​ពី​ខ្ញុំ គឺ​គេ​ផ្សព្វផ្សាយ​រឿង​របស់​គេ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ជូន​ (​តួលេខ​) ជាង​ ៥ ​លាន​នាក់​»៕