
ភ្នំពេញៈ ប្រធានសហជីពសេរីកម្មករបានផ្ញើលិខិតមួយច្បាប់ទៅកាន់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)កាលពីថ្ងៃសុក្រដើម្បីឲ្យបង់ប្រាក់សំណងជំងឺចិត្តទៅកម្មករ៤នាក់ដែលរងរបួសអំឡុងពេលធ្វើការនៅរោងចក្រកាត់ដេរ B&Nក្នុងខណ្ឌឬស្ស៊ីកែវរាជធានីភ្នំពេញ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករបាននិយាយកាលពីម្សិលមិញថា លោកបានផ្ញើលិខិតទៅប.ស.ស កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីឲ្យបង់ប្រាក់ទៅកម្មករបួននាក់ដែលបានចំណាយព្យាបាលរបួសកំឡុងពេលបំពេញការងារច្រើនម៉ោងកាលពីខែ កក្កដា និងសីហា ឆ្នាំមុន។
លោកលើកឡើងថា ៖«ពួកគេបានចំណាយលុយផ្ទាល់ខ្លួន ហើយកម្មករខ្លះបានខ្ចីលុយអ្នកដទៃដើម្បីព្យាបាលរបួស ហើយរហូតដល់ពេលនេះខាងប.ស.សមិនទាន់បានចំណាយប្រាក់សងពួកគេវិញទេ»។
លោកបញ្ជាក់ថា លោកមិនទាន់បានទទួលលិខិតឆ្លើយតបណាមួយពីមន្ត្រីប.ស.សនៅឡើយទេ ហើយកម្មករទាំងបួននាក់កំពុងតែទន្ទឹងរង់ចាំប្រាក់សំណងនោះ។
លោកថ្លែងថា៖«វាជាកាតព្វកិច្ចរបស់ប.ស.ស ដែលត្រូវចំណាយលើការព្យាបាលនោះ ពីព្រោះក្រុមហ៊ុនបានបង់វិភាគទានទៅប.ស.ស សម្រាប់កម្មករនៅពេលពួកគេជួបឧបទ្ទវហេតុគ្រោះថ្នាក់អំឡុងពេលបំពេញការងារ»។
លោកបន្ថែមថា ប.ស.សត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
លោក ស៊ុំ សោភ័ណ្ឌ នាយករងបេឡាជាតិរបបសន្តិសុខសង្គមបានឲ្យដឹងកាលពីម្សិលមិញថា លោកបានធ្វើលិខិតឆ្លើយតបទៅលោកជា មុនីវិញហើយ។ លោកថា៖ «វាជាបញ្ហាតូចតាចទេ ប៉ុន្តែគាត់(ជា មុនី)ធ្វើឲ្យធំ ឬគាត់ចង់បង្ហាញភាពល្បីល្បាញនៅសហជីពរបស់គាត់»។
លោកបន្ថែមថា ពួកគេបានធ្វើកិច្ចការងាររួចហើយ ហើយថែមទាំងបានទាក់ទងទៅកម្មករទាំងនោះដែរ ប៉ុន្តែពួកគេមិនបានឆ្លើយតបតាមអ្វីដែល ប.ស.ស ត្រូវការនោះទេ។ លោកបញ្ជាក់ថា៖«យើងត្រូវការវិក្កយបត្រចំណាយពីវេជ្ជបណ្ឌិតដើម្បីឲ្យដឹងប្រាកដថា ពួកគេចំណាយអស់ប៉ុន្មាន ប៉ុន្តែរហូតមកដល់ពេលនេះពួកគេមិនទាន់ផ្តល់ឲ្យយើងនៅឡើយទេ ដូច្នេះតើឲ្យយើងចំណាយឲ្យពួកគេយ៉ាងម៉េច? យើងមិនអាចចំណាយដូចដែលយើងទិញដូរអាហារនៅផ្សារនោះទេ»។
កាលពីខែមករាឆ្នាំ២០១៣ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានចេញរបាយការណ៍របស់ខ្លួនថា ចំនួននៃកម្មករដួលសន្លប់ ពេលកំពុងធ្វើការងារ បានកើនឡើងដល់ជាង២១០៧ នាក់ នៅក្នុងឆ្នាំ ២០១២ ដោយសារផ្សែងអាក្រក់ និងបរិស្ថានការងារមិនល្អដទៃទៀត ការងារបន្ថែមម៉ោង និងកម្រៃប្រាក់ឈ្នួលមានកម្រិតទាបដែលបន្តធ្វើឲ្យកម្មករមានសុខភាពមិនល្អ បណ្តាលឲ្យពួកគេជាច្រើននាក់ ដួលសន្លប់នៅក្នុងរោងចក្រចំនួន ២៦ កន្លែង៕ CC