ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន ៧ ៦៧៦ ករណី ឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួនជាង ១៦ ២០០ នាក់ និងបានរឹបអូសគ្រឿងញៀន ៤៤៧ គីឡូក្រាម ក្នុងរយៈពេល ២៨៦ ថ្ងៃ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍ និងសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់គ្រឿងញៀន។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញ ថារយៈពេលពីថ្ងៃទី ១ ខែ មករា ១៣ តុលា ឆ្នាំ ២០១៩ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន ៧ ៦៧៦ ករណី ដោយបានឃាត់ខ្លួនមនុស្ស ១៦ ២៣៦ នាក់។ ក្នុងចំណោមការបង្ក្រាបទាំងអស់មានករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះចំនួន ៤ ៥៩២ ករណី ឃាត់ខ្លួនមនុស្ស ៨ ៧៧៦ នាក់ និងអ្នកប្រើប្រាស់ ៣ ០៨៤ ករណី ហើយបានឃាត់ខ្លួន ៧ ៤៦១ នាក់ និងបានដកហូតសារធាតុញៀនគ្រប់ប្រភេទជាង ៤៤៧ គីឡូក្រាម។
លោកបញ្ជាក់ថា៖ «ក្នុងរយៈពេល ២៨៦ ថ្ងៃ យើងបង្ក្រាបគ្រឿងញៀនបាន ៧ ៦៧៦ ករណី សមត្ថកិច្ចបានឃាត់ខ្លួន ១៦ ២៣៦ នាក់ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងករណីជួញដូរ ៨ ៧៧៦ នាក់ និងបានឃាត់ខ្លួន ៧ ៤៦១ នាក់ ពាក់ព័ន្ធករណីអ្នកប្រើប្រាស់។ យើងបានរឹបអូសគ្រឿងញៀនបាន ៤៤៧ គីឡូ ហើយចំនួនករណីមានកើនឡើង ១០ ភាគរយ បើប្រៀបធៀបឆ្នាំមុន»។
លោកថាក្នុងចំណោម ១៦ ២៣៦ នាក់ គឺមានស្រី ១ ១០៤ នាក់ ក្នុងនោះមានជនបរទេស ៣៣៤ នាក់ និងមាន ១២ សញ្ជាតិ។ ក្រៅពី ៤៤៧ គីឡូ សមត្ថកិច្ចក៏បានរឹបអូស ៤១៦ កញ្ចប់តូច រថយន្ដ ៥៥ គ្រឿង ម៉ូតូ ២ ០០៦ គ្រឿង ទូរស័ព្ទ ៥ ៣១២ គ្រឿង ជញ្ជីង ២៩២ គ្រឿង អាវុធខ្លី ៦ ដើម អាវុធវែង ៩ ដើម ហើយស្នើសុំបង្កកដីឡូត៍ ១ កន្លែង និងផ្ទះល្វែង ១ កន្លែង។
ជាមួយគ្នានេះឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបងថ្ងៃទី ១៣ តុលា ថា៖ «បញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបញ្ហានេះយើងបានធ្វើការងារនេះយ៉ាងច្រើន។ បើកយុទ្ធនាការបង្ក្រាបចាប់ រឹបអូស ហើយបង្កកទ្រព្យសម្បត្តិអ្នកដែលប្រព្រឹត្តបទល្មើស គ្រឿងញៀន។ បានឃាត់ខ្លួនអ្នកដែលចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ទូទាំងប្រទេសក្នុងរយៈពេលជិត ២ ឆ្នាំនេះ»។
លោកបន្ថែមថា បញ្ហាគ្រឿងញៀននេះបាននិងកំពុងរីករាលដាលដល់តំបន់ជនបទដែលទាមទារឲ្យប្រជាពលរដ្ឋត្រូវសហការ និងរាយការណ៍ប្រាប់សមត្ថកិច្ចពីបទល្មើសគ្រឿងញៀនដើម្បីជួយទប់ស្កាត់។
លោកបញ្ជាក់ថា៖ «មានសញ្ញាចរាចរណ៍គ្រឿងញៀនបានមកដល់ទីជនបទមួយចំនួន ដូច្នេះហើយខ្ញុំសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋមេត្តាចូលរួមថែមទៀតជាមួយសមត្ថកិច្ច។ ពីព្រោះមិនអាចរ៉ាប់រងបានទាំងស្រុងទេ បើគ្មានការគាំទ្រ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ»។
លោកបានព្រមានដល់សមត្ថកិច្ចទាំងមន្ត្រីនគរបាល និងតុលាការកុំការពារធ្វើខ្នងបង្អែក អន្តរាគមន៍ ឬក៏ឃុបឃិតជាមួយអ្នកជួញដូរគ្រឿងញៀន។ លោកថា ពួកគេមិនត្រូវបន្ធូរដៃចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននោះឡើយ គឺត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងឲ្យបានខ្លាំងក្លាឡើងបន្ថែមទៀត។
លោកបន្តថា៖ «៣ កុំ និង ១ រាយការណ៍។ កុំ ទី១ គឺកុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ ទី២ កុំអន្តរាគមន៍ បានន័យថា បើអ្នករកស៊ីគ្រឿងញៀនជាបងប្អូនសាច់ញាតិ ជាមិត្តភក្តិ យ៉ាងណាក៏ដោយមិនត្រូវអន្តរាគមន៍ទេ ទុកឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ជាធរមាន។ ពីព្រោះពេលយើងអន្តរាគមន៍ធ្វើឲ្យខូចដល់ទឹកចិត្តនៃការប្រយុទ្ធប្រឆាំង គ្រឿងញៀន និងយុត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែរ។ កុំទី ៣ គឺកុំលើកលែងបានន័យថា សមត្ថកិច្ចពាក់ព័ន្ធទាំងឡាយដែលជាមន្ត្រីនគរបាលក្តី ជាមន្ត្រីតុលាការ និងជាមន្ត្រីព្រះរាជអាជ្ញាក្តី មិនបន្ធូរបន្ថយ និងលើកលែងនោះទេគឺត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់»។
ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជាលោក មាស សុវណ្ណ ស្វាគមន៍ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការទប់ស្កាត់គ្រឿងញៀន និងបង្ក្រាបគ្រឿងញៀន។ លោកក៏បានអំពាវនាវឲ្យសមត្ថកិច្ចខិតខំបង្ក្រាប និងទប់ស្កាត់កុំឲ្យរីករាលដាលដល់តំបន់ជនបទ។
លោកបញ្ជាក់ថា៖ «គាត់បានធ្វើសកម្មភាពជាប់ វានឹងមានការថយចុះកាន់តែច្រើន។ វានៅមានចន្លោះខ្លះដែលមិនទាន់ធ្វើ យើងត្រូវផ្តោតយកចិត្តទុកដាក់កន្លែងកម្សាន្តដូចជាក្លិប តំបន់រោងចក្រ។ បើយើងមិនបានធ្វើជាប់ទេ វាអាចនឹងកើតឡើងវិញ។ បើយើងកាប់ព្រៃហើយ យើងមិនថែរក្សាវាទេ វានឹងដុះវិញហើយ តែបើកាប់ហើយយើងថែវា វានឹងមិនងាយដុះវិញទេ»។
លោកបន្ថែមថាកន្លងទៅមានប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនតូច មិនបានធ្វើការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀននោះទេដោយសារតែពួកគេទទួលផលពីអ្នកជួញដូរគ្រឿងញៀនដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនតូចសម្តែង ការមិនពេញចិត្តផងដែរ។
រយៈពេលជាង ៦ ខែឆ្នាំនេះចាប់ពីថ្ងៃទី ១ ខែ មករា ១៦ ខែ កក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនចំនួន ៤ ៦០៨ ករណី ឃាត់ខ្លួនមនុស្ស ១០ ០១៨ នាក់ (ស្រី ៧៣៧ នាក់) ក្នុងនោះជនបរទេស ១៨៧ នាក់ (ស្រី ៤០ នាក់)។ ក្នុងចំណោមករណីបង្ក្រាបទាំងអស់មានករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះចំនួន ២ ៨០៨ ករណី ឃាត់ខ្លួនមនុស្ស ៥ ៥៦៣ នាក់ និងករណីប្រើប្រាស់ ១ ៨០០ ករណី។ ឃាត់ខ្លួន ៤ ៤៥៥ នាក់ ព្រមទាំងបានឃាត់ខ្លួនតាមដីកា ១៤៦ នាក់ ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង ៣៤៥ គីឡូក្រាម និង ៤៤៤ កញ្ចប់តូច៕