The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជិត​​ ១ ​ឆ្នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានីយ​ប្រេងឥន្ធនៈ ១៥៤ ​ទីតាំង​ រកឃើញ​ ១០១ ​ទីតាំង​ មិន​អនុលោម​តាមច្បាប់




ជិត​​ ១ ​ឆ្នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានីយ​ប្រេងឥន្ធនៈ ១៥៤ ​ទីតាំង​ រកឃើញ​ ១០១ ​ទីតាំង​ មិន​អនុលោម​តាមច្បាប់

Content image - Phnom Penh Post
មន្ត្រី​ពេល​ចុះ​ពិនិត្យ​ប្រេង​នៅ​ស្ថានីយ​ប្រេង​ ១ ​កន្លែង​នៅ​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​ ១៨ ខែវិច្ឆិកា ឆ្នាំ​ ២០២០​។ រូបថត ក.ប.ប

ជិត​​ ១ ​ឆ្នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានីយ​ប្រេងឥន្ធនៈ ១៥៤ ​ទីតាំង​ រកឃើញ​ ១០១ ​ទីតាំង​ មិន​អនុលោម​តាមច្បាប់

ភ្នំពេញៈ មកដល់​ត្រឹម​ខែវិច្ឆិកា​ឆ្នាំនេះ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប.) ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​ ១៥៤ ​ទីតាំង ​ដោយ​រកឃើញ​ ១០១ ​ទីតាំង មិន​អនុលោម​តាមច្បាប់​កំណត់ ហើយ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​ ១៤ ​ករណី​។

យោង​របាយការណ៍​ស្ថិតិ​ស្ដីពី​លទ្ធផល​ត្រួតពិនិត្យ​ស្ថានីយ​ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​ ២០១៩ និង​ ២០២០ របស់​អគ្គនាយកដ្ឋាន ក.ប.ប. ផ្ដល់​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​ ២៥ ខែវិច្ឆិកា គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំនេះ មន្ដ្រី​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ចុះ​ពិនិត្យ​ក្នុង​ខេត្ដ​ចំនួន​ ១២​។

ពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​ ១៥៤ ​ទីតាំង​ ក្នុង​នោះ ៥១ ​ទីតាំង បាន​អនុលោម​តាមច្បាប់ និង ១០១ ​ទីតាំង​ មិន​អនុលោម​តាម​ច្បាប់​កំណត់​។ ​ផាកពិន័យ​ចំនួន​ ៧ ​ទីតាំង​ ដោះស្រាយ​តាម​ការចរចា ១ ​ទីតាំង និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​ ១៤ ​ករណី​។

ដោយឡែក​ការត្រួតពិនិត្យ​ទូទាំង​ប្រទេស​កាលពី​ឆ្នាំ​ ២០១៩ ​រយៈពេល​ ១ ​ឆ្នាំ ពិនិត្យ​បាន​ ២៣៨ ​ទីតាំង​ ក្នុង​នោះ​អនុលោម​តាមច្បាប់​ចំនួន​ ១២១ ​ទីតាំង​ មិន​អនុលោម​តាមច្បាប់​ចំនួន​ ១១៧ ​ទីតាំង និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​ ១៤ ​ទីតាំង​ផងដែរ​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា តាម​ការចង្អុលបង្ហាញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប. បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព ផលិតផល​ទំនិញ និង​សេវា​។ ក្រៅពីនេះ​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​មួយចំនួន​ទៀត​ដល់​អាជីវករ​ម្ចាស់​ស្ថានីយ​​ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​តាម​បណ្តា​រាជធានី​ខេត្ដ​ទូទាំង​ប្រទេស​។

Content image - Phnom Penh Post
មន្ត្រី (​ក.ប.ប.) ​ចុះ​ពិនិត្យ​ប្រេង​នៅ​ស្ថានីយ​ខេត្តកណ្ដាល​ថ្មីៗ​នេះ​។ រូប (​ក.ប.ប.)

លោក​ថ្លែងថា​៖ «​រហូត​មក​ដល់​ពេល​នេះ យើង​ធ្វើការ​ផ្សព្វផ្សាយ​បាន​ចំនួន​ ១២ ​រាជធានី-ខេត្ដ​ហើយ​។ ដូច្នេះ​ផែនការ​សកម្មភាព​បន្ត​គឺ​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​គ្រប់ ២៥ ​រាជធានី-ខេត្ដ​»​។

បើតាម​លោក ផាន អូន នៅក្នុង​ខែធ្នូ ​ឆ្នាំនេះ​តាមរយៈ​បរិបទ​នៃ​ការអនុវត្ដ​ច្បាប់​ស្ដីពី ការការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​នឹង​ចាប់ផ្ដើម​អនុវត្ដ​នូវ​ការផាកពិន័យ​ចំពោះ​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ដែល​មិន​អនុលោម​តាម​ច្បាប់​។ ការផាកពិន័យ​អន្តរកាល​ដល់​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​នេះ​គឺ​នឹង​ធ្វើឡើង​នៅពេល​ដែល​ប្រកាស​រួម​អន្តរក្រសួង​ដែល​អាច​នឹងត្រូវ​អនុម័ត​ក្នុង​ខែធ្នូ ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​យើង​អាច​យក​ប្រកាស​អន្តរក្រសួង​មក​អនុវត្ដ​បាន​នៅក្នុង​ខែមករា ឬ​ខែកុម្ភៈ ឆ្នាំ​ ២០២១ ទៅតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់​។ យើង​រង់ចាំ​មើល​នូវ​ការណែនាំ និង​ការចង្អុល​បង្ហាញ​របស់​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់​»​។

កាលពី​ថ្ងៃទី​ ១៨ ខែវិច្ឆិកា មន្ត្រី​សាខា​ ក.ប.ប. ខេត្ត​កណ្តាល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ​ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​ ៣៥ ​ទីតាំង​។ នៅតាម​បណ្តោយ​ផ្លូវ​លេខ​ ២១ ចំនួន​ ២៥ ​ស្ថានីយ និង​ដេប៉ូ​ស្ថិត​នៅ​សង្កាត់​រកាខ្ពស់ និង​សង្កាត់​ព្រែកគយ ស្រុក​ស្អាង ចំនួន​ ៤ ​ទីតាំង និង​នៅ​ស្រុក​កៀនស្វាយ​ចំនួន ៦ ​ទីតាំង​។

មន្ត្រី​សាខា​ ក.ប.ប. ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹងថា ជា​លទ្ធផល​បាន​រកឃើញ​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេង​ឥន្ធនៈ​ចំនួន ៥ ​ទីតាំង មិនមាន​អនុលោមភាព​ទាំង​ផ្នែក​គុណភាព និង​បរិមាណ​។ ស្ថានីយ​ និង​ដេប៉ូ​ចំនួន​ ៣ ​ទីតាំង​មិនមាន​អនុលោមភាព​ផ្នែក​បរិមាណ ហើយ​ស្ថានីយ និង​ដេប៉ូ​ចំនួន​ ១ ​ទីតាំង​ មិន​មាន​អនុលោមភាព​ផ្នែក​គុណភាព​។

មន្ត្រី​រូបនេះ​បាន​បញ្ជាក់​ថា​៖ «​ដោយសារ​ករណី​កំហុស​នេះ រកឃើញ​ជា​លើក​ទី​១ មន្ត្រី​ជំនាញ​បាន​ឱ្យ​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ខាងលើ​ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិន​អនុលោម​ខាងលើ​របស់ខ្លួន​។ បើ​រកឃើញ​កំហុស​លើក​ទី​ ២ មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​»​។

តាម​ការបញ្ជាក់​របស់​អគ្គនាយកដ្ឋាន ក.ប.ប. ការត្រួត​ពិនិត្យ​នេះ​បានធ្វើ​ការវិភាគ​លើ​កម្រិត​សន្ទស្សន៍​អុកតាន​របស់​ប្រេងសាំង សេតាន​របស់​ប្រេង​ម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​បណ្តា​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ទាំងអស់​ផងដែរ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • ខេត្តបាក់និញៈ សួនឧស្សាហ​កម្ម​ Yen Phong 1 Industrial Park នៅខេត្ត Bac Ninh ភាគខាងជើង​បាន​ក្លាយជា​​សួនឧស្សាហ​កម្មលើក​ដំបូង​នៅក្នុងប្រទេស​វៀតណាម ដែលទទួល​បាន​​បណ្ដាញ​ទូរគមនា​គមន៍​ 5G ដោយ​បច្ចេកវិទ្យាថ្មីនេះ​​ បានដាក់​​ឲ្យដំណើរការ​នៅទីតាំងនោះ​ដោយ​ក្រុមហ៊ុន Viettel កាល​ពីថ្ងៃព្រហស្បតិ៍។​​

  • ភ្នំពេញៈ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​មានតម្លៃ​ជាង ៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ កើន​ជាង ២២ ​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ជាង ៦,៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​។

  • ភ្នំពេញៈ ត្រឹម​រយៈពេល​ជិត​ ១ ​ខែ​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃទី​ ២០ ធ្នូ ដល់​ថ្ងៃទី​ ១៧ មករា ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន​ ៦៩ ​នាក់ ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ដោយ​ក្នុង​នោះ​ពលករ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ ២១ ​នាក់​។

  • ស្ទឹងត្រែងៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បញ្ជូន​បុរស​ជនជាតិ​ឡាវ​​ ២ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត​ ៥០ ​គីឡូក្រាម​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ ដើម្បី​តាម​រក​ចាប់ខ្លួន​ជនជាតិ​ឡាវ​ ៤ ​នាក់​ទៀត​ដែល​រត់គេចខ្លួន​។

  • ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ចេញ​វិធានការ​បន្ថែម​ដល់​សាលារៀន​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្ដាឡីស័ក ពិសេស​សាលារៀន​តាម​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​វៀតណាម​ដើម្បី​ធ្វើយ៉ាងណា​ធានា​ផ្ដល់​ការសិក្សា​ដល់​សិស្ស​គ្រប់គ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

  • ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ដ​គ្រប់​ប្រភេទ និង​លុបបំបាត់​កន្លែង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែល​បង្ក​ភាព​រំខាន​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ