កំពង់ស្ពឺៈ ​រយៈពេល​ជិត ៥​ ខែ ឆ្នាំ ២០២១ នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បង្ក្រាប​ដកហូត និង​រុះរើ កម្ទេច​ខ្ទម​ធ្វើ​ពី​ឫស្សី និង​ធ្វើ​ពី​ឈើ​ប្រក់​តង់ប្រក់​ស័ង្កសី បាន​ជា​ង ​២០ ខ្ទម ព្រមទាំង​ដកហូត​ដី​ព្រៃ​ ១០ កន្លែង ស្មើនឹង​ជិត​ ៣០០ ហិក​តា ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។

លោក ហ៊ុល ម៉ា​រ៉ា ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២០ ខែឧសភា​ នេះ​ថា ក្នុង​រយៈពេល​ជិត ៥ ខែ គិត​ចាប់ពី​ថ្ងៃទី ១ ខែ ​មករា ដល់​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១ នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​កម្ទេច​ខ្ទម និង​រោង​ឈើ​សរុប​ចំនួន ២២ ខ្នងនិង​ដក​ហូ​ត​​ដីព្រៃ ១០ កន្លែង ស្មើនឹង ២៩​​៩ ​ហិកតា និង ១៣ អា ដែល​​​ជន​ប្រព្រឹត្ត​បទល្មើស​ទៅ​សង់​ទន្ទ្រា​ន​លើដី​ព្រៃ​អភិរក្ស​របស់​រដ្ឋ។

លោក ហ៊ុល ម៉ា​រ៉ា ថ្លែងថា៖ «​មិនមាន​ការចាប់ខ្លួន​​មនុស្ស​បញ្ជូ​​ន​ទៅ​តុលាការ​នោះទេ ក្នុង​រយៈ​ពេល​ជិត ៥ ខែ​មកនេះ។ យ៉ា​ង​ណា​មន្ត្រី​ជំនាញ​ចុះ​ល្បាត និង​ធ្វើការ​​កម្ទេចចោល​ជា​បន្ត​បន្ទា​ប់ ប៉ុន្តែ កម្ទេច​កន្លែង​នេះជន​ប្រព្រឹ​ត្ត​បទល្មើសក៏​ប្តូរ​ទី​ទៅ​កន្លែង​នោះ ម្តង​ទីនេះ ម្តង​ទីនោះចុះ​បង្ក្រា​ប​​មិនមាន​ពេលទំនេរ​ទេ»។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋលោក ជា ហ៊ាន ក​​ត់​សម្គាល់​ឃើញថា នៅ​តំបន់​ការ​ពារ​ដែនជម្រក​សត្វ​ព្រៃ​​ភ្នំ​ឱ​រ៉ា​ល់ ក៏ដូចជា​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ នៃ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល មាន​ការកាប់​រានទន្ទ្រាន​ដីព្រៃ​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ ទោះ​បី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បា​ត​​ជាប្រចាំ​យ៉ាង​ណាក្តី។

ជន​ប្រព្រឹត្ត​បទល្មើសតែង​តែ​ចល័ត​ផ្លាស់ប្តូរ​ទីតាំង​ម្តង​ចំណុ​ច​​នេះ ម្តង​ចំណុច​នោះ ក្រោមរូប​ភាព​ប្រជាពល​រដ្ឋ​ក្រីក្រ។

លោក​ថ្លែងថា៖ «ខ្ញុំ​សូម​បញ្ជា​ក់​ថា ការទន្ទ្រាន​នេះ​គឺ​មិនមែន​ពលរដ្ឋ​ក្រីក្រ​ទេខ្ទម​នេះ​គ្រាន់​តែ​​ជា​ល្បិចកល​របស់​ឈ្មួញប្រើ​ប្រា​​ស់​​​ពលរដ្ឋ​ក្រីក្រ​តែ​ប៉ុណ្ណោះ។ បើ​យើង​មើល​មួយ​ភ្លែត​ឃើញ​ថា អូរខ្ទម​ហ្នឹង​ពលរដ្ឋ​ក្រីក្រ​ណា​ស់ តាមពិត​គឺ​អត់​ទេ គឺ​ពលរដ្ឋ​ហ្នឹង​ចាប់ដី​លក់​ទៅ​ឲ្យ​ឈ្មួញ​តែម្ត​ង​»​។

បើតាម​លោក​ ជា ហ៊ាន ការ​ដែ​ល​​មន្ត្រី​ជំនាញ​ចុះ​កម្ទេច​ខ្ទម រួច​ហើយ​ធ្វើការ​ដកហូត​ដី​តំបន់​អភិរក្ស​ត្រឡប់មកវិញ​ជា​រឿង​ល្អ​មួយ ប៉ុន្តែនៅពេល​មានការ​ដកហូត​គោលដៅ​ណាមួយ​ហើ​យ ជន​ប្រព្រឹត្ត​បទល្មើស​បាន​បែរ​ទៅ​បន្ត​កាប់​រុករាន​កន្លែង​ផ្សេង​ទៀតហេតុ​នេះ​មន្ត្រី​ជំនាញ​គួរ​តែ​មាន​វិធានការ​ទប់​ស្កាត់។

លោក​ថា៖ «អាជ្ញាធរក៏ដូច​ជា​​មន្ត្រី​ជំនាញ​លោក​មិន​អនុវត្ត​ច្បាប់ បើសិនជា​អនុវត្ត​ច្បាប់​ចា​ប់​​ជន​ប្រព្រឹត្ត​បទល្មើស យកទៅ​ផ្តន្ទាទោស​ទៅ​គឺ ថាចប់​​ហើយ​។ ប៉ុន្តែមន្ត្រី​ជំនាញឬ​អាជ្ញាធរមា​ន​ការ​យោគយល់ ដោយ​គ្រាន់តែ​ធ្វើ​កិច្ច​សន្យាហើ​យ​ឲ្យ​ទៅផ្ទះ​វិ​ញ​អ៊ីចឹង​ជន​ល្មើស​អត់​ខ្លាច​ច្បាប់»។

ឆ្លើយតប​បញ្ហា​នេះ លោក ហ៊ុល ម៉ា​រ៉ា ប្រធាន​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បកស្រាយ​ថា មន្ត្រី​ជំនាញ​សកម្ម​ក្នុង​ការចុះល្បាត និង​ធ្វើការ​កម្ទេចចោល​ខ្ទម​ដែល​សង់​បំពាន​តំបន់​ការ​ពារ ប៉ុន្តែតាម​មិនទាន់​អ្នក​ប្រព្រឹ​ត្តបទល្មើស ព្រោះ​ពេល​កម្លាំ​ង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង ពួកគេ​បាន​រត់គេចខ្លួន​​អស់​​។

លោក​ថា៖ «ជន​ប្រព្រឹត្ត​បទ​ល្មើ​ស​គាត់​អត់​ហ៊ា​ន​នៅក្បែរ​យើង​ដែរ ឲ្យ​តែ​ពេល​យើង​ចុះទៅ​គាត់​គេច​​បាត់​អស់ បន្សល់ទុក​នៅតែ​ខ្ទម​ហ្នឹង យើ​ង​​ធ្វើការ​កម្ទេច​ខ្ទម​និង​រោង​ឈើ ហើយ​ដុតចោល​នៅនឹងកន្លែង រួចដកហូត​ដី​មកជា​សម្បត្តិ​រដ្ឋ​វិញ»៕