បន្ទាយមានជ័យៈ អាវុធខូចគុណភាព ប្រភេទ CK ១០ដើម និងបង់គ្រាប់ចំនួន ៣ ដែលមន្រ្តីជំនាញជឿជាក់ថា នៅសេសសល់តាំងពីសម័យសង្គ្រាមនាទសវត្សរ៍ឆ្នាំជាង ៨០ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ខណៈជីកកាយដីស្រែមួយកន្លែងនៅក្នុងភូមិតាដូល ឃុំផ្គាំ ស្រុកស្វាយចេក។
អធិការរងស្រុកស្វាយចេក ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងយុត្តិធម៌ លោក សុង សុខុន បានឲ្យដឹងថា បុរសម្ចាស់ស្រែឈ្មោះ វ៉ាន់ វោន អាយុ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក បានប្រទះឃើញអាវុធនេះ នៅម៉ោងជាង ៦ ល្ងាច កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅចំណុចវាលស្រែខាងជើងនៃភូមិតាដូល ចម្ងាយប្រហែល៧០០០ ម៉ែត្រ ស្របពេលកំពុងភ្ជួរដីស្រែ ដើម្បីដាំដំឡូង ដូចសព្វដង។
លោកបាននិយាយទៀតថា៖ «ដោយសារគាត់ភ្ជួររាស់ដីហ្នឹង ជាបន្តបន្ទាប់ទៅដីក៏កាន់តែរាក់ទៅ ស្រាប់តែប្រទះឃើញដំបូង ១ ដើមទេ ព្រោះគាត់មានត្រាក់ទ័រផងគាត់ក៏បន្តកាយទៀត ទៅរកឃើញសរុប១០ ដើម និងបង់៣ ប៉ុន្តែអាវុធទាំងនេះ រលេះរលួយអស់ទៅហើយ ប្រើការមិនកើតនោះទេ»។
បើតាមលោក សុង សុខុន អាវុធធុន CK នេះ មានសណ្ឋានស្រដៀងគ្នាទៅនឹងធុន CKC ដែរ ហើយត្រូវបានមន្រ្តីជំនាញបញ្ជាក់ថា ត្រូវបាននាំចូលមកពីប្រទេសចិន ដើម្បីប្រើប្រាស់កាលពីក្នុងអំឡុងសម័យសង្គ្រាមឆ្នាំជាង ៨០។
លោកបានបញ្ជាក់ថា៖ «ពេលនេះ អាវុធទាំងនោះ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផ្គាំ ដើម្បីរង់ចាំបញ្ជាពីស្នងការខេត្តថា តើត្រូវកម្ទេចចោល ឬយ៉ាងណា?»។
អាវុធ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែបន្តកប់នៅក្នុងដីនៅតាមតំបន់ជាច្រើន ក្នុងប្រទេសកម្ពុជា៕