កំពង់ស្ពឺៈ លោក ចេង ឡេង ជាកសិករធ្វើស្រែម្នាក់វ័យ៦០ឆ្នាំដែលធ្លាប់ស្វែងរកអុសនៅក្នុងព្រៃជុំវិញស្រែរបស់លោកក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អុសដែលលោកប្រមូលបាន គឺលោកត្រូវដាក់ហាលវាសិនមុនពេលអាចយកវាទៅដុតដាំទឹកឬចម្អិនអាហារសម្រាប់គ្រួសាររបស់លោក ដែលមានសមាជិកចំនួន៧នាក់។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០០៦ លោក ឡេង បានតម្លើងចង្ក្រានជីវម៉ាស់មួយវាបានធ្វើឲ្យស្ថានភាពរស់នៅរបស់លោក មានភាពប្រសើរជាងមុន។ លោក ឡេង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖« នៅពេលប្រើជីវម៉ាស់នេះ យើងមិនមានផ្សែងនៅក្នុងផ្ទះដូចកាលពេលយើងប្រើអុសទៀតទេ។ វាប្រសើរជាងមុខខ្លាំងណាស់សម្រាប់សុខមាលភាពរបស់យើង»។
«ហើយនៅពេលភ្លៀងក៏យើងមិនមានបញ្ហាអ្វីដែរ (មិនមែនដូចកាលពេលប្រើអុសដែលនៅពេលភ្លៀងវាទទឹកសើមពិបាកដុតចម្អិនអាហារនោះទេ)»។
ចង្ក្រានជីវម៉ាស់របស់លោក ឡេងគឺជាចង្ក្រានមួយក្នុងចំណោមចង្ក្រានប្រហែល២ ម៉ឺនដែលត្រូវបានតម្លើងរហូតមកដល់ពេលនេះដោយកម្មវិធីចង្ក្រានជីវម៉ាស់ជាតិ (NBP) ដែលជាគម្រោងមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សរុបទៅប្រហែល២៥ភាគរយ ឬ៥០ ម៉ឺននៃគ្រួសារតាមជនបទប្រមាណ២ លានគ្រួសារនៅកម្ពុជា នឹងទទួលអត្ថប្រយោជន៍ពីជីវម៉ាស់។ នេះបើយោងតាមស្ថិតិពី NBP។
កម្មវិធីដែលទើបតែចូលដល់ជំហានទីពីរនៅឆ្នាំនេះគ្រោងនឹងសាងសង់ចង្ក្រានជីវម៉ាស់បន្ថែមទៀតចំនួន២៥០០០ នៅត្រឹមចុងឆ្នាំ២០១៦។ ជីវម៉ាស់ត្រូវបានផលិតឡើងដោយប្រព័ន្ធបង្កើតជីវម៉ាស់គឺរួមមានធុង ដែលបង្កើត anaerobic ឬបរិស្ថានអុកស៊ីសែនកម្រិតទាប ដូច្នេះ bacteria អាចបំលែងសារធាតុសរីរាង្គដូចជាលាមកសត្វដើម្បីផលិតឧស្ម័នមេតាន។ ចង្ក្រានជីវម៉ាស់នេះ គឺជាប្រភេទជម្រើសមួយសម្រាប់គ្រួសារប្រជាពលរដ្ឋនៅតាមជនបទក្នុងប្រទេសកម្ពុជា។
ធាតុមេតានដែលបង្កើតដោយប្រព័ន្ធចង្ក្រានជីវម៉ាស់របស់កសិករគឺត្រូវបានតតាមរយៈបំពង់ទុយោតភ្ជាប់ទៅផ្ទះរបស់ពួកគេដែលវាអាចប្រើជាឧស្ម័នសម្រាប់ចង្ក្រានចម្អិនអាហារនិងចង្កៀងបំភ្លឺ។

ដោយសារតែប្រព័ន្ធខ្សែកាបអគ្គិសនីត្រូវបានដំឡើងតែនៅតាមបណ្តោយផ្លូវជាតិនិងនៅក្នុងទីរួមខេត្តប្រជាជននៅតាមតំបន់ដាច់ស្រយាលជាច្រើនប្រើអាគុយឬតអគ្គិសនីពីប្រព័ន្ធអគ្គិសនីឯកជន។ នេះបើតាម លោក សាន វិបុល ដែលជាអ្នកស្រាវជ្រាវផ្នែកថាមពលនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានថ្លែងថា៖«អគ្គិសនី ដែលបង្កើតនៅតាមជនបទមួយចំនួនគឺប្រើម៉ាស៊ីនភ្លើងហើយតម្លៃថ្លៃខ្លាំងណាស់»។ លោកបានចង្អុលបង្ហាញថា តម្លៃអាចរហូតដល់ ២៧០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដែលជាតម្លៃថ្លៃជាងនៅទីក្រុងភ្នំពេញដល់ជាង៣ដង។ ភាគច្រើននៃការប្រើអគ្គិសនីទាំងនេះគឺប្រើសម្រាប់អំពូលភ្លើង វិទ្យុ ឬទូរទស្សន៍។ ខណៈដែលជីវម៉ាស់មិនអាចប្រើសម្រាប់ទូរទស្សន៍ឬគ្រឿងអគ្គិសនីដទៃៗទៀត ប៉ុន្តែវាអាចប្រើឧស្ម័នទៅចង្កៀងឧស្ម័នដើម្បីផ្តល់ភ្លើងភ្លឺបាន។ លោកបានចង្អុលបង្ហាញថាដោយសារតំបន់ភាគច្រើនក្នុងប្រទេសកម្ពុជានៅមិនទាន់មានប្រព័ន្ធខ្សែកាបអគ្គិសនីរោងចក្រអគ្គិសនីនាពេលអនាគតគួរតែចែកចាយឲ្យបានច្រើនជាងមុនជាពិសេសនៅតាមតំបន់ជនបទ ឬសហគមន៍ដែលត្រូវការអគ្គិសនី។
លោកបានរិះគន់គម្រោងរបស់រដ្ឋាភិបាលដែលផ្តោតទៅលើការបង្កើតថាមពលដោយគម្រោងវារីអគ្គិសនីដូចជាទំនប់វារីអគ្គិសនីកំចាយ និងគិរីរម្យថាមិនមានលទ្ធភាពបានយូរអង្វែងនោះទេ។ លោកបន្ថែមថា៖ «វារីអគ្គិសនីមិនមានស្ថិរភាពទេ។ ក្នុងអំឡុងរដូវប្រាំង ទំនប់វារីអគ្គិសនីមិនមានទឹកគ្រប់គ្រាន់»។ កាល២ ខែមុនតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញមានការខ្វះអគ្គិសនីយ៉ាងច្រើនដោយសារទំនប់វារីអគ្គិសនីកំចាយដែលផលិតអគ្គិសនីបាន១៩០ មេហ្គាវ៉ាត់សម្រាប់ជួយផ្គត់ផ្គង់ទីក្រុងអាចប្រតិបត្តិការបានតែ ១០ ភាគរយប៉ុណ្ណោះ ដោយសារទឹកមិនគ្រប់គ្រាន់។
ប៉ុន្តែកម្ពុជាមិនមែនជាប្រទេសតែមួយទេ ដែលមានវិបត្តិថាមពល។ ប្រទេសដទៃទៀតក៏ព្យាយាមផលិតថាមពលផ្សេងៗរបស់ខ្លួនផងដែរ ដូចជាប្រព័ន្ធថាមពលជីវម៉ាស់ជាផ្នែកមួយក្នុងការកាត់បន្ថយបន្ទុកបញ្ហាថាមពល។ នេះបើតាមលោក ម៉េង ចាន់វិបុលអ្នកគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ NBP ដែលចង្អុលបង្ហាញថាជីវម៉ាស់ត្រូវបានប្រើប្រាស់ច្រើនក្នុងចំណោមប្រជាជនក្នុងប្រទេសនេប៉ាល់ ចិន និងវៀតណាម។
លោក ចាន់វិបុល បានថ្លែងថា បញ្ហាតែមួយគត់នោះ គឺថា វាតម្រូវឲ្យដាក់លាមកសត្វក្នុងចំនួនច្រើនគឺតិចបំផុតចំនួន១៥០០ គីឡូក្រាមសម្រាប់ធុងទំហំ៤ ម៉ែត្រគុបដើម្បីចាប់ផ្តើមឲ្យមានឧស្ម័ននេះនៅពេលដំបូង។ លោកបានបន្ថែមថា៖ «បន្ទាប់ពីនោះ ពួកគេត្រូវការអាចម៍សត្វប្រហែល ២០ គីឡូក្រាមជារៀងរាល់ថ្ងៃដែលលាមកអាចបានពីគោ២ឬ៣ ក្បាល»។
សម្រាប់លោក ឡេង នេះបានក្លាយជាបញ្ហាមួយបន្ទាប់ពីលោកបានលក់គោ៦ក្បាលក្នុងចំណោមគោ ៨ក្បាលរបស់លោក កាលពីឆ្នាំ២០០៨។ ខណៈកាលពីអតីតកាលលោកគ្រាន់តែប្រមូលអាចម៍គោពីក្នុងក្រោលគោឥឡូវនេះលោកត្រូវខិតខំប្រមែប្រមូលអាចម៍គោពីកន្លែងផ្សេងៗ ក្នុងស្រែរបស់លោក ដើម្បីឲ្យបានគ្រប់ចំនួនសម្រាប់ផលិតជីវម៉ាស់។ តែទោះជាយ៉ាងណាលោកឡេង បានថ្លែងថា៖ «ស្តង់ដាររស់នៅរបស់ខ្ញុំមានភាពប្រសើរជាងមុនពេលខ្ញុំប្រើវា»៕ PS