The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជីវិត​ពិត​កូនប្រុស​នាយក​រដ្ឋមន្ត្រី ​ត្រូវ​បាន​រៀបរាប់​ក្នុង​សៀវភៅ​ទើប​ចេញ​ថ្មី

ជីវិត​ពិត​កូនប្រុស​នាយក​រដ្ឋមន្ត្រី ​ត្រូវ​បាន​រៀបរាប់​ក្នុង​សៀវភៅ​ទើប​ចេញ​ថ្មី

Content image - Phnom Penh Post
លោក ឆាយ សុផល លើក​បង្ហាញ​សៀវភៅថ្មី​របស់​លោក កាល​ពី​ម្សិលមិញ។ ហេង ជីវ័ន

ជីវិត​ពិត​កូនប្រុស​នាយក​រដ្ឋមន្ត្រី ​ត្រូវ​បាន​រៀបរាប់​ក្នុង​សៀវភៅ​ទើប​ចេញ​ថ្មី

ភ្នំពេញ: រឿងរ៉ាវ​ជីវិត​ពិត​កូនប្រុស​ទាំង​ ៣ ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​ត្រូវ​បាន​សាស្ត្រាចារ្យ​ព័ត៌មាន និង​ជា​អ្នកនិពន្ធ​សៀវភៅ​លោក ឆាយ សុផល បាន​សរសេរ​នៅក្នុង​សៀវភៅ​មួយ​មាន​ចំណងជើង​ថា​ «​បងប្អូន​ប្រុស​ទាំង​ ៣ ​ឈាម​ថ្មី​ក្នុង​ចំណោម​អ្នក​បន្តវេន​» ដើម្បី​រំលេច​ពី​ភាព​ជា​គំរូ​ឱ្យ​មាន​ការរៀនសូត្រ​តាម​។

សៀវភៅ​នេះ​ទើប​ចាប់ផ្ដើម​លក់​ពី​ម្សិលមិញ​តាម​ការ​ធ្វើ​សន្និសីទ​កាសែត​នៅ​ហាង​កាហ្វេ​លោក ឈ្មោះ «​ប៊ុកកាហ្វេ​» ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​ប្រើ​ពេល​ចងក្រង​អស់​ ៥ ​ឆ្នាំ​ពី​សកម្មភាព​ និង​សម្តី​របស់​បងប្អូន​ប្រុស​ទាំង​ ៣ ​គឺ​លោក ហ៊ុន ម៉ាណែត,លោក​ ហ៊ុន ម៉ានិត និង​​លោក ហ៊ុន ម៉ានី ព្រម​ទាំង​បាន​ជួប​សម្ភាស​ផ្ទាល់​ផង​ដែរ​។

លោក​ សុផល បាន​បញ្ជាក់​ថា​លោក​ទាំង​ ៣ ​នាក់​មាន​សក្តានុពល​ម្យ៉ាង​ម្នាក់ ហើយ​ថា​សាធារណជន​មើលឃើញ​ថា ពួកគាត់​គឺ​សុទ្ធ​តែ​បាន​សិក្សា​ខ្ពស់​នៅ​ប្រទេស​មហាអំណាច ជាពិសេស​សហរដ្ឋអាមេរិក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បន្តវេន​ដឹកនាំ​ទាំង​នៅក្នុង​បក្ស​ និង​ក្នុង​រដ្ឋាភិបាល​ក៏ដូចជា​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែរ​។

លោក​ សុផល បញ្ជាក់​ថា​៖ «​ខ្ញុំ​ចងក្រង​សៀវភៅ​នេះ​គឺ​ខ្ញុំ​ចង់​បង្ហាញ​មិត្ត​អ្នកអាន​ឱ្យ​បាន​ដឹង​កាន់តែ​ច្បាស់​ពី​សាវតារ​នៃ​បងប្អូន​ប្រុស​ទាំង​ ៣ ​នាក់​ក្នុង​នាម​ខ្លួន​ជា​កូន​របស់​មេដឹកនាំ​កំពូល​របស់​កម្ពុជា​។ ចំណែក​បងប្អូន​ស្រី​​ ២ ​រូប​ទៀត​ក៏​ខ្ញុំ​បាន​រៀបរាប់​សង្ខេប​ក្នុង​សៀវភៅ​នេះ​ដែរ​»​។

អ្នកនិពន្ធ​រូប​នេះ​បន្ត​ថា បើ​ទោះបី​ជា​សៀវភៅ​នេះ​មិន​អាច​រៀបរាប់​ពី​ប្រវត្តិ និង​សកម្មភាព​ឥស្សរជន​វ័យក្មេង​ទាំង​ ៣ ​នាក់​បាន​អស់​ក្ដី ប៉ុន្តែ​យ៉ាង​ហោច​ណាស់ សៀវភៅ​នេះ​អាច​ជួយ​បាន​ខ្លះ​ក្នុង​ការយល់​ដឹង​បន្ថែម​ពី​គំនិត ឥរិយាបថ និង​សកម្មភាព​របស់​ពួកគាត់​ដែល​មាន​ឪពុក​ម្ដាយ​ជា​មេដឹកនាំ​កំពូល​។

លោក ឆាយ សុផល បាន​អះអាង​ថា​លោក​បាន​ដាក់​សំណួរ​ក្ដៅៗ​ជាច្រើន​សួរ​ទៅ​កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ទាំង​ ៣ ​នាក់​ក្នុង​នោះ​សួរ​ថា «​តើ​បងប្អូន​ប្រុស​ទាំង​ ៣ មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​គេ​ជេរប្រមាថ​ពុក​ម៉ែ​របស់​ខ្លួន​? តើ​បងប្អូន​ប្រុស​ទាំង​ ៣ ចាំ​បណ្តាំ​ពុក​ម៉ែ​អ្វីខ្លះ​? ​តើ​បងប្អូន​ប្រុស​ទាំង​ ៣ រៀន​​បាន​អ្វី​ខ្លះ​ពី​ពុក​របស់​ខ្លួន​? ​តើ​បងប្អូន​ប្រុស​ទាំង​ ៣ យក​ចំណេះ​អ្វីខ្លះ​ពី​បរទេស​មក​អនុវត្ត​នៅក្នុង​ប្រទេស​របស់​ខ្លួន​? តើ​បងប្អូន​ប្រុស​ទាំង​ ៣ ​ចង់​ស្នង​តំណែង​​របស់​ពុក​ជា​នាយករដ្ឋមន្ត្រី​ដែរ​ឬទេ​? តើ​បងប្អូន​ប្រុស​ទាំង​ ៣ ធ្វើការ​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ដែរ​ឬ​អត់​? តើ​បងប្អូន​ប្រុស​ទាំង​ ៣ ​ជួប​ស្នេហា​គ្រា​ដំបូង​នៅ​ទី​ណា និង​នៅពេល​ណា​ដែរ​? តើ​ភរិយាៗ​របស់​បងប្អូន​ប្រុស​ទាំង ​៣ ជា​នរណា​? តើ​បងប្អូន​ប្រុស​ទាំង​ ៣ ​មាន​ចំណង់​ចំណូល​ចិត្ត​បែប​ណា​ក្នុង​ជីវិត​? តើ​បងប្អូន​ប្រុស​ទាំង​ ៣ មាន​ជីវិត​អតីតកាល​បែប​ណា​ខ្លះ​? តើ​បងប្អូន​ប្រុស​ទាំង ៣ មាន​ទស្សនៈ​ដូចម្តេច​ចំពោះ​ប្រទេស​ជាតិ ?...​។

ទោះ​យ៉ាង​ណា​លោក​សាស្ត្រាចារ្យ​ព័ត៌មាន​រូប​នេះ​មិន​បាន​ប្រាប់​ចម្លើយ​ទេ ដោយ​គ្រាន់​តែ​ថា «​ចម្លើយ​នៃ​សំណួរ​ទាំង​នេះ​រួមផ្សំ​នឹង​បញ្ហា​ជាច្រើន​ទៀត​មាន​នៅក្នុង​សៀវភៅ​» ប៉ុន្ដែ​លោក​បាន​បង្ហើប​ចម្លើយ​សំខាន់​​នៃ​សំណួរ​មួយ​ «​តើ​បងប្អូន​ប្រុស​ទាំង​ ៣ ​ចង់​ស្នង​តំណែង​របស់​ពុក​ជា​នាយករដ្ឋមន្ត្រី​ដែរ​ឬ​ទេ​?» ពួកគេ​បាន​ឆ្លើយ​ដូចៗ​គ្នា​ថា ការពិត​ចំណង់​ចំណូលចិត្ត ប៉ុន្តែ​វា​អាស្រ័យ​លើ​ការគាំទ្រ​ពី​មន្ត្រី​ក្នុង​បក្ស និង​ពលរដ្ឋ​ប៉ុណ្ណោះ​។

ខ្លឹមសារ​ខ្លី​មួយ​នៅក្នុង​ចំណុច​ចាំ​បណ្ដាំ​ពុក​ម៉ែ​បាន​លើក​ឡើង​ថា​ «​មិន​ខុសពី​បងប្រុស​ទាំង​ ២ ​នោះ​ទេ ម៉ានី តែងតែ​លើក​ពាក្យ​ដែល​ខ្លួន​បាន​សង្កេត​ពី​ពុក​របស់​ខ្លួន​ថា ត្រូវ​ចេះ​ស្គាល់​ឱកាស ចេះ​ឆក់​យក​ឱកាស និង​ចេះ​ប្រើប្រាស់​ឱកាស​»​។ ក្នុង​នោះ ម៉ានី និយាយ​ប្រាប់​លោក ឆាយ សុផល ថា «​ពុក​ជា​បុរស​ម៉ឺងម៉ាត់ ហើយ​ត្រង់ ដោយ​លោក​ប្រាប់​កូនៗ​ថា នរណា​ក៏ដោយ​ទទួល​យក​គេ​ទៅ ដើម្បី​រួម​គ្នា​ជា​កម្លាំង ដើម្បី​ប្រទេស​ជាតិ តែ​សុំ​កុំ​ឲ្យ​តែ​ក្បត់​បាន​ហើយ​គឺ​ពុក​ស្អប់​មនុស្ស​ក្រឡិចក្រឡុច​ដែល​ទទួល​យក​មិន​បាន​ទេ​។ នេះ​ជា​ភាព​ឆ្នើម​ក្នុង​នាម​ជា​អ្នកដឹកនាំ​របស់​ពុក​»​។

សៀវភៅ​ថ្មី​នេះ​គឺជា​សៀវភៅ​ទី​ ៩ ហើយ​ដែល​លោក ឆាយ សុផល បាន​ចងក្រង ខណៈ​លោក​កំពុង​មាន​គម្រោង​សរសេរ​​ ៣ ​ឬ​ ៤ ​ក្បាល​ទៀត​៕

អត្ថបទគួរចាប់អារម្មណ៍