ភ្នំពេញៈ ជីវិតដ៏វែងឆ្ងាយ និងប្រកបដោយការផ្សងព្រេងរបស់លោកឪពុក Robert Venet ដែលជាអ្នកតំណាងឲ្យវិហារកាតូលិកក្នុងប្រទេសកម្ពុជាអស់រយៈ ពេលស្ទើរ៦០ឆ្នាំ គឺពោរពេញទៅដោយរឿងរ៉ាវវែងឆ្ងាយជាច្រើន។
សាច់រឿងមួយដែលបានធ្វើឲ្យលោកឪពុក Vincent Senechal ដែលជាសហការីវ័យក្មេងជាងលោកឪពុក Venet សម្រាប់បេសកកម្មសាសនាកាតូលិកនៅបរទេស គឺនៅទីក្រុងប៉ារីស មានការភ្ញាក់ផ្អើលនោះគឺ លោកឪពុក Venet បើទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏លោកនៅតែអាចបើកឡានបានយ៉ាងលឿន។
លោកឪពុក Senechal បានថ្លែងថា៖ «គាត់បានបើកឡានយ៉ាងលឿន និងយ៉ាងសកម្ម ជាពិសេសក្នុងទសវត្សរ៍៩០នៅពេលដែលគាត់ទៅខេត្តព្រះសីហនុ»។ លោកឪពុក Senechal បានជួបជាមួយលោកឪពុក Venet លើកដំបូងកាលពីប្រមាណ២០ឆ្នាំមុន។
នៅក្នុងដំណើរសាច់រឿងនៃជីវិតរបស់លោកឪពុក Venet ដែលរៀបរាប់បញ្ចូលគ្នានៅក្នុងកំណត់ត្រារបស់លោកឪពុក Senechal ដែលធ្លាប់ធ្វើការជាមួយលោកឪពុក Venet គឺសាច់រឿងនៃពេលវេលារបស់លោកឪពុក Venet ដែលធ្វើការងារជាមួយជនភៀសខ្លួនកម្ពុជានៅជំរំព្រំដែនថៃ ក្នុងអំឡុងចុងសតវត្សរ៍៧០។

លោកឪពុក Senechal បានថ្លែងបន្តថា៖ «គាត់បានឈប់បើកបរឡានទាល់តែដល់អាយុ៨៧ឬ៨៨ឆ្នាំ»។
លោកឪពុក Venet ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលបានបម្រើបេសកកម្មបារាំង ដើម្បីបង្រៀនខាងសាសនាយេស៊ូគ្រិស្ត រយៈពេលយូរបំផុតក្នុងប្រទេសកម្ពុជា និងដែលបានធ្វើការបូជាជាប់ជានិច្ចចំពោះការងាររបស់គាត់នៅ ក្នុងប្រទេសកម្ពុជា គឺបង្ហាញថា លោកជាសាក្សីមួយដែលបានឃើញរឿងរ៉ាវនិងព្រឹតិ្តការណ៍ ប្រវត្តិសាស្រ្តសំខាន់ៗនៅក្នុងស្ថានការណ៍ចលាចលក្រោយ សង្គ្រាមលោកលើកទីពីរ ហើយពេលខ្លះលោកបានចូលរួមពាក់ព័ន្ធនឹងកិច្ចការសំខាន់ៗមួយ ចំនួនលើសពីកាតព្វកិច្ចរបស់លោកទៅទៀត។
លោកឪពុក Venet បានទទួលមរណភាពនៅថ្ងៃទី១៨ មករា នៅផ្ទះមួយដែលជាផ្ទះសម្រាប់អ្នកបំពេញបេសកកម្មសាសនាដែល ដល់អាយុចូលនិវត្តន៍នៅជិតសហគមន៍ Avignon ភាគខាងត្បូងនៃប្រទេសបារាំង នៅអាយុ៩៥ឆ្នាំ។
លោកឪពុក Venet បានចំណាយពេលវេលាយ៉ាងច្រើននៃជីវិតរបស់លោករស់នៅក្នុងប្រទេស កម្ពុជា ដែលនេះជាជីវិតមួយស័ក្តិសមសម្រាប់ថតជាភាពយន្តហូលីវូដ អំពីបេសកកម្មដ៏អង់អាចរបស់លោក ដែលបានផ្សងព្រេងចូលក្នុងទឹកដីមួយដែលលោកមិនស្គាល់ និងដែលបានធ្វើឲ្យចិត្តមនុស្សជាច្រើន និងបេះដូងរបស់មនុស្សជាច្រើន ចូលចិត្ត និងស្រឡាញ់លោកក្នុងដំណើរបេសកកម្មរបស់លោក ប៉ុន្តែលោកក៏បានជួបបញ្ហាប្រឈមមួយចំនួនដែលស្ទើរបាត់បង់ជីវិត ផងដែរ។
សម្រាប់រយៈពេលដ៏វែងឆ្ងាយនេះ អ្នកអាចឃើញស្លាកស្នាមនៅនឹងខ្លួនរបស់លោក។ ពួកមនុស្សអាក្រក់បានវាយដំត្រង់ក្បាលរបស់លោក និងបានទុកលោកឲ្យនៅស្លាប់ម្នាក់ឯង ប៉ុន្តែលោកបានវារលូនចូលទៅក្រោមស្មៅដើម្បីលាក់ខ្លួន។ បន្ទាប់ពីគេចផុតពីបញ្ហានោះ លោកនៅបន្តធ្វើការងាររបស់លោកដដែល។
លោកឪពុក Senechal បានថ្លែងថា៖ «គាត់គឺជាប្រភេទនៃអ្នកបំពេញបេសកកម្មសាសនាក្នុងសម័យ ចាស់។ គាត់អាចមានលក្ខណៈស័ក្តិសមសម្រាប់សតវត្សរ៍ទី១៩»។
បើយោងតាមការសរសេរអំពីជីវប្រវត្តិបេសកកម្មសាសនាកាតូលិកនៅ បរទេសរបស់ទីក្រុងប៉ារីស លោកឪពុក Venet បានមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៤៩ដើម្បីបំពេញបេសកកម្មរបស់ លោកនៅក្នុងភូមិកំពង់កូ ខេត្តកំពង់ធំ ហើយនៅកន្លែងនោះលោកបានរស់នៅរហូតដល់ខ្មែរក្រហមបានចូលកាន់ កាប់នៅក្នុងឆ្នាំ១៩៧៥។ ដើម្បីឃ្លាំមើល និងការពារពីការវាយប្រហាររបស់ទ័ពព្រៃខ្មែរឥសរៈ ដែលទាមទារឯករាជ្យពីបារាំង លោកបានបង្កើតក្រុមចាំយាមដើម្បីចំាមើលស្ថានភាពជារៀង រាល់យប់។
ដើម្បីកុំឲ្យងងុយដេក លោកបានផឹកកាហ្វេជាច្រើនកែវ ហើយបានធ្វើឲ្យលោកក្លាយជាមនុស្សញៀនកាហ្វេ ហើយក្រោយមកត្រូវតែទទួលការព្យាបាល។
សព្វថ្ងៃនេះ មនុស្សដែលរស់នៅជាមួយលោកនៅតែចងចាំលោកជានិច្ច។
អ្នកស្រី ម៉ូល យ៉ាត អាយុ៨០ឆ្នាំ ដែលបានជួបលោកឪពុក Venet ដំបូងកាលពេលអ្នកស្រីអាយុ១៨ឆ្នាំ បានថ្លែងថា៖ «ខ្ញុំជាចុងភៅរបស់លោកឪពុកកាលពេលលោកឪពុកបំពេញបេសកកម្មនៅ ខេត្តកំពង់ធំ»។
អ្នកស្រី បានថ្លែងបន្តថា៖ «ខ្ញុំស្រឡាញ់លោកឪពុកខ្លាំងណាស់ ពីព្រោះលោកឪពុកជាមនុស្សល្អដែលបានជួយប្រជាជនក្រីក្រ»។
អ្នកស្រីបានថ្លែងបន្តទៀតថា អ្វីច្រើនជាងនេះទៀតគឺថា លោកឪពុក Venet ចូលចិត្តពិសាម្ហូបខ្មែរគ្រប់ប្រភេទ ហើយលោកឪពុកតែងតែចូលចិត្តពិសាមុខម្ហូបដែលអ្នកស្រីធ្វើ។
អ្នកស្រី យ៉ាត បានថ្លែងបន្តថា៖ «ខ្ញុំមិនដែលចម្អិនម្ហូបបារាំងសម្រាប់លោកឪពុកទេ ពីព្រោះលោកឪពុកចូលចិត្តម្ហូបខ្មែរ ជាពិសេសប្រហុក»។
លោកឪពុក Venet បានជួយធ្វើស្រែប្រជាជន ធ្វើការអប់រំ និងយកប្រជាជនទៅមន្ទីរពេទ្យនៅពេលពួកគេឈឺ។
អ្នក ស្រី យ៉ាត បានថ្លែងបន្តទៀតថា៖ «ជីវិតរបស់លោកឪពុកគឺលំបាកណាស់នៅប្រទេសកម្ពុជា ពីព្រោះលោករស់នៅជាមួយប្រជាជនក្រីក្រ ប៉ុន្តែលោកមានសេចក្តីរីករាយ និងជាអ្វីដែលលោកមានចំណូលចិត្ត»។
នៅភូមិកំពង់កូ លោកបានសាងសង់វិហារថ្មីមួយ និងសាងសង់កន្លែងសម្រាប់ដូនជី។ លោកបានបង្កើតកសិដ្ឋានចិញ្ចឹមត្រីផងដែរ។
ក្នុងឆ្នាំ១៩៦៩ លោកត្រូវបានចាប់ខ្លួនដោយទាហានវៀតកុង ដែលបានយកលោកចូលទៅក្នុងព្រៃអស់រយៈពេល១០ថ្ងៃ។ ទាហានទាំងនោះបានប៉ុនប៉ងបើកសាលាក្តីជាសាធារណៈមួយប្រឆាំងនឹង រូបលោក ប៉ុន្តែប្រជាជនក្នុងភូមិបានក្រោកឈរឡើងគាំទ្រ និងការពារលោក ហើយលោកត្រូវបានដោះលែង។
លោកត្រូវបានបណ្តេញចេញពីប្រទេសនៅពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥។
លោក ឪពុក Venet បានជួយប្រជាជនភៀសខ្លួនពីខេត្តកំពង់ធំ។ បន្ទាប់ពីមួយរយៈពេលខ្លី លោកបានត្រឡប់មកបំពេញបេសកកម្មនៅទីនេះវិញ ដោយធ្វើការជាមួយប្រជាជនកម្ពុជានៅជំរំព្រំដែនថៃ ហើយលោកបានរស់នៅទីនោះរយៈពេលជាច្រើនឆ្នាំ។
ខណៈលោកបាន ប្រមូលភ័ស្តុតាងជាច្រើនពីប្រជាជនភៀសខ្លួននៅទីនោះ លោកក៏បានថតសំឡេងកម្មវិធីវិទ្យុជាភាសាខ្មែររបស់ខ្មែរ ក្រហមផងដែរ។ ដោយសារទំនាក់ទំនងរបស់លោកជាមួយនឹងលោកអាចារ្យម្នាក់ទៀតគឺលោក Francois Poinchaud ដែលជាសមាជិកក្រុមបេសកកម្មសាសនានៅបរទេសរបស់ទីក្រុងប៉ារីស និងដែលជាមិត្តភក្តិរបស់លោកឪពុក Venet ក្នុងឆ្នាំ១៩៦៥ លោកឪពុកបានបញ្ជូនព័ត៌មាននេះទៅលោកអាចារ្យ Poinchaud ហើយដែលព័ត៌មាននេះគឺជាព័ត៌មានមូលដ្ឋានសម្រាប់ការសរសេរសៀវភៅឆ្នាំ១៩៧៧ របស់លោក Poinchaud ដែលមានចំណងជើងថា «កម្ពុជាឆ្នាំសូន្យ»។
លោក Poinchaud បានថ្លែងនៅក្នុងបទសម្ភាសកាលពីពេលថ្មីៗថា៖ «លោកឪពុក Venet ធ្លាប់បញ្ជូនព័ត៌មានទាំងអស់នោះមកខ្ញុំនៅប្រទេសបារាំង»។ លោកបានចងចាំថាលោកឪពុក Venet គឺជាមនុស្សម្នាក់ដែលមានបេះដូងល្អណាស់។
លោក Poinchaud បានថ្លែងបន្តថា៖ «គាត់តែងតែរស់នៅក្នុងជីវិតលក្ខណៈក្រីក្រ និងបម្រើប្រជាជនក្រីក្រទាំងនោះ។ ថ្ងៃមួយ គាត់បានប្រាប់ខ្ញុំថា ដើម្បីដោះស្រាយបញ្ហានៃភាពក្រីក្រ អ្នកត្រូវតែយល់ដឹងអំពីស្ថានភាពឈឺចាប់នៃការយំស្រក់ទឹក ភ្នែក»។
លោកឪពុក Venet កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩១៧ នៅទីក្រុងប៉ារីស ប៉ុន្តែលោកបានធំដឹងក្តីនៅជិតទីក្រុង Versailles។
លោកមានបងប្អូនចំនួន៧នាក់ និងបានចាប់ផ្តើមសិក្សាផ្នែកសាសនាតាំងពីនៅវ័យក្មេងបន្ទាប់ ពីឪពុករបស់លោកបានស្លាប់ដោយសារការរងរបួសនៅក្នុងសង្គ្រាម លោកលើកទី១។ លោកឪពុក Venet បានបួសធ្វើជាអាចារ្យនៅឆ្នាំ១៩៤៤ ហើយដែលនៅពេលនោះទិសដៅការងារសាសនារបស់លោកគឺមកប្រទេសកម្ពុជា ។
លោកគឺជាផ្នែកនៃបេសកកម្មសាសនានៅបរទេសរបស់ទីក្រុង ប៉ារីស ដែលបានចាក់ឫសគល់នៅក្នុងប្រទេសវៀតណាម ថៃនិងកម្ពុជានៅចុងសតវត្សរ៍ទី១៧។
លោកឪពុក Senechal បានថ្លែងថា៖ «នៅគ្រប់ពេលដែលបេសកកម្មសាសនាត្រូវបានបណ្តេញចេញ វិហារត្រូវបានកម្ទេច ដូច្នេះក្រុមអ្នកបំពេញបេសកកម្មសាសនាបារាំងត្រូវបានបញ្ជូនមក បណ្តុះបណ្តាលអាចារ្យនៅក្នុងតំបន់នោះដើម្បីជំនួសអាចារ្យណា ដែលមិនអាចបំពេញបេសកកម្មបាន»។
សង្គ្រាមលោកលើកទី២បានធ្វើ ឲ្យមានបញ្ហា។ លោកបានទៅភាគខាងកើតដោយចំណាយពេលវេលាក្នុងស្ថានភាពលំបាក ធ្វើការងារជាអាចារ្យជួយសង្គ្រោះជនជាតិបារាំងរងរបួសនិង ស្លាប់ក្នុងប្រទេសវៀតណាម។ បន្ទាប់ពីមួយរយៈពេលខ្លីនៅទីនោះ លោកបានចាប់ផ្តើមធ្វើការងារនៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៤៧ ។
លោកត្រូវបានគេរំពឹងថារៀនភាសាវៀតណាម ពីព្រោះអ្នកកាន់សាសនាកាតូលិកជាច្រើនក្នុងប្រទេសនេះគឺជាជនជាតិវៀតណាម ប៉ុន្តែលោកបានបដិសេធ។
លោកបានថ្លែងបន្ថែមទៀតថា៖ «ខ្ញុំត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ជាអ្នកទទួលបន្ទុកការងារនៅកម្ពុជា។ ដូច្នេះត្រូវឲ្យខ្ញុំរៀនភាសាខ្មែរ»។
បន្ទាប់ពីការស្នាក់នៅ មួយរយៈពេលយូរនៅក្នុងខេត្តកំពង់ធំ និងបន្ទាប់ពីលោកត្រូវបានបណ្តេញចេញដោយពួកខ្មែរក្រហម លោកបានទៅធ្វើការងារនៅតំបន់ព្រំដែនរហូតដល់ឆ្នាំ១៩៩០ ហើយដែលកាលម្តងនោះលោកបានក្លាយជាអ្នករត់សំបុត្រតំណាងឲ្យកាក បាទក្រហម។
លោកបានត្រឡប់ទៅប្រទេសបារាំងវិញនៅឆ្នាំនោះ ប៉ុន្តែត្រឡប់មកវិញនៅឆ្នាំ១៩៩១ នៅអាយុ៧៤ឆ្នាំ ដែលពេលនោះលោកបានទៅខេត្តព្រះសីហនុ និងបានកសាងវិហារកាតូលិកនៅកោះកុង។
ក្នុងឆ្នាំ២០០០ សម្រាប់ការងាររបស់លោកជាមួយប្រជាជនភៀសខ្លួន ព្រះបាទនរោត្តម សីហនុ បានប្រទានឥស្សរិយយស សហមេត្រី ដល់លោកឪពុក Venet ដែលជាឥស្សរិយយសខ្ពស់បំផុតសម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា។
ក្រោយមក លោកឪពុក Venet បានផ្លាស់ប្តូរមកទីក្រុងភ្នំពេញរយៈពេលបីឆ្នាំ និងបានស្នាក់នៅផ្ទះមួយដែលជាផ្ទះសម្រាប់អ្នកបំពេញ បេសកកម្មសាសនាណាដែលចូលនិវត្តន៍។ ដោយសារអាយុកាន់តែចាស់ លោកត្រូវការការមើលថែទាំដិតដល់ ដូច្នេះលោកបានត្រឡប់ទៅប្រទេសបារាំងវិញក្នុងឆ្នាំ២០០៩។
លោកឪពុក Senechal បានថ្លែងថា មនុស្សជាច្រើនបាននាំគ្នាទៅជូនដំណើរលោកឪពុក Venet ជាចុងក្រោយ និងប្រកបដោយក្តីអាឡោះអាល័យនៅព្រលានយន្តហោះ។
អ្នកស្រី រស់ យឿន អាយុ៦១ឆ្នាំ ដែលបានស្គាល់លោកឪពុក Venet តាំងពីអ្នកស្រីអាយុ១៣ឆ្នាំ ដែលកាលពេលនោះលោកបានរៀបចំបញ្ជូនអ្នកស្រីពីខេត្តកំពង់ធំមក ទីក្រុងភ្នំពេញដើម្បីសិក្សា គឺជាមនុស្សម្នាក់ក្នុងចំណោម មនុស្សជាច្រើនដែលបាននាំគ្នាទៅជូនដំណើរលោកឪពុក Venet ។
លោកស្រី រស់ យឿន បានថ្លែងថា៖ «ខ្ញុំស្រក់ទឹកភ្នែកនៅពេលខ្ញុំទៅជូនដំណើរលោកនៅព្រលានយន្ត ហោះ និងនៅពេលដែលលោកត្រូវទៅព្យាបាលជំងឺនៅប្រទេសកំណើតរបស់លោក។ លោកបាននិយាយបន្ថែមទៀតថា លោកមិនចង់ត្រឡប់ទៅប្រទេសរបស់លោកវិញទេ។ លោកឪពុក Venet ចង់រស់នៅ និងស្លាប់ក្នុងប្រទេសកម្ពុជា»៕ PS
រាយការណ៍ព័ត៌មានបន្ថែមដោយ Staurt White