ភ្នំពេញៈ ជនជាប់ចោទជួបសម្លាប់តាមរយៈមេធាវីបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាខ្លួននៅតែមិនអស់ចិត្តចំពោះការស្នើសុំបន្ថយទោស ប៉ុន្តែបែរជាត្រូវតុលាការកំពូលសម្រេចឲ្យគាត់ជាប់ពន្ធនាគារអស់ ១ ជីវិតដដែល ដែលការសម្រេចនេះធ្វើឡើងក្នុងការប្រកាសសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី ២៤ ខែ ឧសភា។
លោក អុឹម ម៉ាច មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាសំណុំរឿងកូនក្តីរបស់លោកឈ្មោះ ជួប សម្លាប់ ដែលត្រូវតុលាការកំពូលប្រកាសសាលដីកាឲ្យជាប់ពន្ធនាគារអស់ ១ ជីវិត នោះបើតាមកូនក្តីរបស់លោកយល់ថាជាការសម្រេចមួយដែលមិនអាចឲ្យកូនក្តីលោកទទួលយកបានទេ។
លោកថ្លែងថា៖ «ដោយសារតែគាត់មិនសុខចិត្តនឹងទណ្ឌកម្មទោស ១ ជីវិតនេះហើយបានជាគាត់ប្តឹងសារទុក្ខទៅតុលាការកំពូលបំណងសុំតុលាការបន្ថយទោសតែត្រូវតុលាការកំពូលតម្កល់ទោសគាត់ទៅវិញ។ ដូច្នេះ ហើយតាមឆន្ទៈរបស់កូនក្តីខ្ញុំគាត់ថាការសម្រេចរបស់តុលាការកំពូលពិតជាមិនអាចទទួលយកបានទេ។ ចំពោះខ្ញុំវិញខ្ញុំយល់ថាបទល្មើសរបស់គាត់ដូចនឹងបទល្មើសឃាតកម្មដែលជនដទៃប្រព្រឹត្តដែរ ហើយមានលក្ខណៈសាហាវជាងបទល្មើសដែលកូនក្តីខ្ញុំប្រព្រឹត្តទៅទៀត ហើយគេជាប់គុកមិនដល់ ១ ជីវិតផង។ សម្រាប់កូនក្តីខ្ញុំបើប្រៀបធៀបជាមួយជនជាប់ចោទផ្សេងគឺទណ្ឌកម្មទោសគាត់មានលក្ខណៈធ្ងន់ធ្ងរជាងគេ»។
ជនជាប់ចោទ ជួប សម្លាប់ កាលពីសវនាការបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់លោក កែម ឡី នៅថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦ ពិតមែន ប៉ុន្តែជនជាប់ចោទបានសុំតុលាការកំពូលឲ្យសម្រាលទោសដល់ខ្លួន ក្រោយពីត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ១ ជីវិត។
ជនជាប់ចោទ ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចនគរបាលដេញតាមចាប់បានភ្លាមៗជាមួយកាំភ្លើងខ្លី ១ ដើម ក្រោយពីបង្កហេតុបាញ់សម្លាប់លោក កែម ឡី នៅស្ថានីយប្រេងសាំងកាលតិច ស្តុបបូកគោ ហើយខណៈកំពុងព្យាយាមរត់គេចខ្លួន។
សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧ ផ្តន្ទាទោសជនជាប់ចោទរូបនេះដាក់ពន្ធនាគារអស់ ១ ជីវិត ដោយចោទតាមមាត្រា ២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌពីបទឃាតកម្មគិតទុកជាមុន និងបទប្រើប្រាស់អាវុធខុសច្បាប់។
សំណុំរឿងនេះត្រូវបានជនជាប់ចោទផ្តល់សិទ្ធិឲ្យមេធាវី យុង ផានិត ប្តឹងទៅសាលាឧទ្ធរណ៍ដោយសារមិនសុខចិត្តនឹងទោស ១ ជីវិត ហើយត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកាកាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ ដោយតម្កល់ទោសឲ្យជនជាប់ចោទជាប់ពន្ធនាគារ អស់ ១ ជីវិតដដែល៕