ភ្នំពេញៈ មន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធូរស្រាល​ច្រើន និង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន បើទោះបី​ក្នុង​រយៈពេល​ជិត​ ១១ ​ខែ​នេះ​មាន​អ្នក​ឆ្លង និង​កើត​ជំងឺគ្រុនឈាម​ជាង​ ៦ ​ម៉ឺន​នាក់​ ដែល​ជា​ចំនួន​កើនឡើង​ជិត​ ៣ ​ដង បើ​ធៀប​នឹង​ឆ្នាំមុន​នោះ​ក៏ដោយ​។

លោក លាង ឫទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្រ​នៃ​ក្រសួង​សុខាភិបាល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា គិត​ចាប់ពី​ខែ​មករា​ដល់​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះ​មាន​អ្នក​ឆ្លង និង​កើត​ជំងឺ​គ្រុនឈាម​ទូទាំង​ប្រទេស​ជាង​ ៦ ​ម៉ឺន​នាក់​។ ចំនួន​នេះ​មាន​ការកើនឡើង​ច្រើនជាង​ឆ្នាំមុន​ជិត​ ៣ ​ដង ប៉ុន្តែ​ស្ថានភាព​នៃ​ជំងឺ​នេះ​អាច​គ្រប់គ្រង​បាន​។

បើទោះបី​ការឆ្លង​ដែលមាន​ការ​កើនឡើង​ចន្លោះ​ពី​ ២ ទៅ​ ៣ ​ដង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ​នោះ​ក៏ដោយ ប៉ុន្តែ​លោក​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​បាន​ថយចុះ ដោយ​ក្នុង​រយៈពេល​ជិត​ ១១ ​ខែ​នេះ​គឺមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​តែ​ជាង​ ៤០ ​នាក់​ប៉ុណ្ណោះ​។ លោក​អះអាង​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​នៃ​ការផ្ទុះ​ជំងឺគ្រុនឈាម ដែល​មាន​រយៈពេល​ចន្លោះ​ពី​ ៥ ​ទៅ​ ៦ ​ឆ្នាំ​ម្តង​។

លោក​បញ្ជាក់ថា​៖​ «​យើង​មាន​ការថយចុះ​ស្ទើរ​គ្រប់​ខេត្ត​ទាំងអស់ ហើយ​ខេត្ត​ដែល​កើន​ច្រើន គឺ​ខេត្ត​ណា​ដែល​មាន​ប្រជាជន​ច្រើន​ដែល​យើង​រាប់​ចាប់ពី​រាជធានី​ភ្នំពេញ​។ អ្នកស្លាប់​គឺ​យើង​មាន​ (​តួលេខ​) ៤៥ ​ឬ​ ៤៦ ​នាក់ ឥឡូវ​ហ្នឹង​សរុប​ទៅ​ជាង​ ៤០ ​នាក់​ ព្រោះ​វា​មាន​ការប្រែប្រួល​»​។

ក្នុង​រយៈពេល​នៃ​ការផ្ទុះ​ជំងឺ​នៅ​ឆ្នាំនេះ​លោក​ លាង ឫទ្ធា បាន​ឲ្យ​ដឹងថា ក្រសួងសុខាភិបាល​បាន​ប្រើប្រាស់​ថ្នាំ​អាល់បែត​ជាង​ ២០០ ​តោន និង​ថ្នាំ​បាញ់​ផ្សេងទៀត​ជាង​ ៣ ០០០ ​លីត្រ ដើម្បី​សម្លាប់​ដង្កូវទឹក​ទូទាំង​ប្រទេស និង​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ពី​ជំងឺគ្រុនឈាម​ដែល​ចម្លង​ចេញពី​មូស​ខ្លា​។

លោក​បន្ថែមថា​៖ «​យើង​មិនមាន​ការខ្វះខាត​ (​ថ្នាំ​) ​អី​ទេ គឺ​គ្រប់គ្រាន់​ល្មម ហើយ​បើ​ជំងឺ​នេះ​ងើបឡើង​វិញ ក៏​យើង​មាន​សម្ភារៈ​គ្រប់គ្រាន់ ដើម្បី​ប្រយុទ្ធប្រឆាំង​ដែរ​។ យើង​មាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ណាស់ ពី​ថ្នាក់ដឹកនាំ​ជាពិសេស​ឯកឧត្តម​រដ្ឋមន្ត្រី​»​។

លោកស្រី ឱ វណ្ណឌិន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​តាម​ប្រព័ន្ធ​តេឡេក្រាម​ពី​ម្សិលមិញ​ថា​៖ «​ជំងឺគ្រុនឈាម​បាន​ធូរស្រាល​ច្រើន​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន​។ ក្រសួង​បាន​ទប់ស្កាត់​ការរាតត្បាត​បានល្អ​ប្រសើរ​»​។

លោកស្រី ស៊ិន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ​ដែល​ជា​ខេត្ត​មួយ​ស្ថិត​ក្នុង​អត្រា​ខ្ពស់​ដែល​មាន​អ្នក​កើត​ជំងឺគ្រុនឈាម​នេះ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា រយៈពេល​ជាង​ ៤០ ​សប្តាហ៍ ​គឺ​មាន​ជាង​ ១ ០០០ ​ករណី​ គិត​ចាប់ពី​ការផ្ទុះ​ជំងឺ​នេះ​ដំបូង​។ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​នោះទេ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ធំ​ដែល​បាន​ស្វែងរក​សេវា​ព្យាបាល​នៅក្នុង​ខេត្ត​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ឱ្យដឹង​ថា​នៅពេល​នេះ​សម្រាប់​ស្ថានភាព​នៃ​ជំងឺគ្រុនឈាម​នៅក្នុង​ខេត្ត​កំពង់ធំ​គឺ​បាន​ថយចុះ និង​ស្ទើរតែ​គ្មាន​ការឆ្លង​ថ្មី​កើតឡើង​ផងដែរ​។

លោកស្រី ស៊ិន បាន​បញ្ជាក់ថា​៖ «​ពីដើម​ឆ្នាំ​មក​យើង​បាន​ចុះ​អប់រំ​ប្រជាពលរដ្ឋ​យើង​ឲ្យ​យល់ដឹង​អំពី​ការការពារ និង​ពី​ស្ថានភាព​នៃ​ជំងឺគ្រុនឈាម ហើយ​បើ​មាន​សង្ស័យ​ឲ្យ​ឆាប់​បញ្ជូន​​មក​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ឱ្យទាន់​ពេល​ដើម្បី​ព្យាបាល​។ ទន្ទឹម​នឹងនេះ យើង​ក៏​បើក​យុទ្ធនាការ​ដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក នៅ​តាម​ភូមិ​នានា ដែល​ប្រឈម​ខ្លាំង​»​។

យោង​របាយការណ៍​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា គិត​ចាប់ពី​ថ្ងៃទី​ ១ ​មករា ១៥ ​វិច្ឆិកា ឆ្នាំ​នេះ​ឲ្យ​ដឹងថា​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ទទួល​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​កុមារ​ចំនួន​ ៨៧៥ ២០៨ ​នាក់​។ ក្នុង​ចំនួន កុមារ​ទាំងនោះ​មាន​ជាង​ ៣៣ ០០០ នាក់​ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ដែល​ត្រូវ​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ​៕