
ក្មេងកើតជំងឺគ្រុនឈាមកំពុងព្យាបាលនៅមន្ទីរពេទ្យកុមារជាតិពីឆ្នាំមុន។ ហុង មិនា
ភ្នំពេញៈ របាយការណ៍របស់ក្រសួងសុខាភិបាលបង្ហាញថា ជំងឺគ្រុនឈាមបានធ្លាក់ចុះប្រមាណ ៨៨% នៅក្នុងរយៈពេល ៦ ខែក្នុងឆ្នាំ ២០២០ នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ក្រសួងបញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមនៅពេលនេះគឺធម្មតា ប៉ុន្តែប្រជាពលរដ្ឋត្រូវតែបន្តប្រុងប្រយ័ត្ន។
របាយការណ៍ចេញផ្សាយនៅថ្ងៃម្សិលមិញបញ្ជាក់ថា ចាប់តាំងពីខែមករាដល់ខែមិថុនា ឆ្នាំ ២០២០ មានជំងឺគ្រុនឈាមចំនួន ៣៣៣៩ ករណីក្នុងនោះស្លាប់ចំនួន ៤ ករណី ដែលករណីឈឺគ្រុនឈាមទាំងនេះគឺធ្លាក់ចុះ ៨៨% បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែក្នុងឆ្នាំ ២០១៩ ដែលមានអ្នកជំងឺគ្រុនឈាមជាង ២ ម៉ឺន (២៨ ២៨៥) ករណី ក្នុងនោះស្លាប់ចំនួន ៣២ នាក់។
ក្រសួងបន្តថា ករណីទាំងនេះបានកើតឡើងរាយប៉ាយដុំៗតាមភូមិសាស្ដ្រប្រជុំជនមួយចំនួន ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ប៉ៃលិន សៀមរាប កណ្ដាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ។
របាយការណ៍បន្តថា៖ «ជាការសន្និដ្ឋានក្នុងពេលនេះគឺស្ថានភាពជំងឺគ្រុនឈាមក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពធម្មតា ក្រោមការគ្រប់គ្រងយ៉ាងល្អរបស់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមទូទាំងប្រទេស ដែលមានការចូលរួមអន្តរាគមន៍ និងសហការពេញលេញរបស់គ្រប់ដៃគូពាក់ព័ន្ធ និងប្រជាជនក្នុងសហគមន៍»។
កាលពីឆ្នាំ ២០១៩ គឺជាឆ្នាំផ្ទុះឡើង ជំងឺគ្រុនឈាមខ្លាំងបំផុតដែលតែងកើតឡើងក្នុងរយៈពី ៦ ទៅ ៧ ឆ្នាំម្ដង។ ឆ្នាំ ២០១៩ គឺមានអ្នកឈឺដោយសារជំងឺគ្រុនឈាមចំនួន ៦៨ ៥៩៧ នាក់ ក្នុងនោះស្លាប់ ៤៨ នាក់ គឺបានកើនឡើងប្រហែល ៣ ដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។
នៅក្នុងឆ្នាំនេះក្រសួងសុខាភិបាលបានត្រៀមថ្នាំអាបែតជាង ២៥០ តោនថ្នាំបាញ់មូសជាង ៦ ពាន់លីត្រ និងថ្នាំសេរ៉ូមជិត ១០ ម៉ឺនប្លោក ដើម្បីប្រើប្រាស់ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាម។ របាយការណ៍ដដែលបន្តថាក្រសួងសុខាភិបាលបន្តក្រើនរំឭកប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមលុបបំបាត់ភ្នាក់ងារចម្លងមូសខ្លា និងដង្កូវទឹកនៅក្នុងពាង អាងទឹក សម្បកកង់យានជំនិះ និងប្រភពទឹកដក់នានាត្រូវសម្អាតបរិស្ថាននៅផ្ទះ សម្រាន្តក្នុងមុងទាំងយប់ទាំងថ្ងៃ និងប្រើសម្លៀកបំពាក់ដៃវែងជើងវែងជាដើម។
បន្ថែមពីនេះ ពលរដ្ឋត្រូវរួសរាន់ទៅទទួលយកសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា និងមិនត្រូវទុកអ្នកជំងឺគ្រុនក្ដៅព្យាបាលសាកល្បងដោយខ្លួនឯង ដោយមិនបានសង្ស័យថា មិនមែនជាជំងឺគ្រុនឈាមនោះទេ ដើម្បីចៀសវាងបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។
កាលពីថ្ងៃម្សិលមិញភ្នំពេញប៉ុស្ដិ៍ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាលបានទេ ដោយសារទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
ប៉ុន្តែលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញបានថ្លែងថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២០ នេះ អ្នកឈឺដោយសារជំងឺគ្រុនឈាមនៅភ្នំពេញ បានថយចុះប្រហែល ៥ ដង និងពុំមានអ្នកស្លាប់នោះទេ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានអ្នកស្លាប់ ២ នាក់។
លោកបន្តថា នៅក្នុងទីក្រុងភ្នំពេញ ករណីជំងឺគ្រុនឈាមកើតឡើងភាគច្រើននៅក្នុងសង្កាត់ចោមចៅ សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ២ និងសង្កាត់ស្ទឹងមានជ័យ៣ ដែលជាទីតាំងសម្បូរជម្រកមូសខ្លា ហើយទាល់តែបំផ្លាញជម្រករបស់វា ទើបជំងឺគ្រុនឈាមធ្លាក់ចុះ។ លោកបញ្ជាក់ថា ការផ្សព្វផ្សាយឱ្យពលរដ្ឋចូលរួមបំផ្លាញជម្រកមូសខ្លា គឺមាននៅក្នុងបដាធំៗ ដែលដាក់តាំងនៅខាងមុខគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
ប៉ុន្តែលោកថា៖ «យើងនិយាយអប់រំណាស់ឱ្យតែពលរដ្ឋដើរកាត់មណ្ឌលសុខភាពគឺមើលឃើញទាំងអស់ ប៉ុន្តែមិនព្រមនាំគ្នាអនុវត្ត។ មានជម្រកមូសខ្លា គឺមានសំណាងអាក្រក់ប្រឈមទៅនឹងជំងឺគ្រុនឈាមហើយ ហើយបើអត់មានជម្រកមូសខ្លា គ្មានទេជំងឺគ្រុនឈាម»។
លោកបន្តថា នៅលើពិភពលោកមានគំរូហើយ គឺដូចជានៅប្រទេសជប៉ុនអត់មានជំងឺគ្រុនឈាមទេ គឺយូរៗមាន ១ ដោយសារតែគ្មានជម្រកមូសខ្លា។ លោកឲ្យដឹងថា៖ «មូសខ្លាគឺវាពងតែនៅក្នុងទឹកដក់ថ្លា អាហ្នឹងមានអនាម័យជាងមនុស្សទៀត គឺទឹកភ្លៀងដែលដក់ក្នុងសម្បកកង់ឡាន ម៉ូតូ ដក់ក្នុងថង់ប្លាស្ទិក និងដបទឹក កំប៉ុងស្រាបៀរ កំប៉ុងទឹកក្រូច ទាំងអស់ហ្នឹងជាជម្រកមូសខ្លាហើយ។ មូសខ្លាគឺវាអត់ពងដាក់នៅក្នុងទឹកស្អុយទេ»។
លោកបន្តថា ជំងឺគ្រុនឈាមគឺតែងកើតឡើងនៅក្នុងរដូវវស្សា ដែលចាប់ពីខែឧសភាទៅដល់ខែតុលាហើយជួនកាលអាចបន្តអូសបន្លាយរហូតដល់ខែវិច្ឆិកា ឬខែធ្នូ៕