ក្រចេះ/រតនគិរីៈ មន្ទីរសុខាភិបាលខេត្តក្រចេះ និងរតនគិរី បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លា និងចែកថ្នាំអាបែត សម្លាប់ដង្កូវទឹក ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ខណៈអ្នកកើតជំងឺគ្រុនឈាម នៅក្នុងខេត្តទាំង ២ នេះ នៅបន្តកើតមានជាបន្តបន្ទាប់ ដែលគិតតាំងពីខែឧសភា មកដល់ខែមិថុនានេះ មានអ្នកស្លាប់កើនឡើងដល់ ៤ នាក់ ដោយខេត្តក្រចេះស្លាប់ ៣ នាក់ និងខេត្តរតនគិរីស្លាប់ម្នាក់។
លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា នៅក្នុងឆ្នាំ ២០១៩ នេះ គឺជាឆ្នាំនៃវដ្ដរបស់ជំងឺគ្រុនឈាមនៅកម្ពុជា ហើយគិតត្រឹមថ្ងៃទី ១០ ខែមិថុនានេះ នៅទូទាំងខេត្តក្រចេះ បានផ្ទុះជំងឺគ្រុនឈាមចំនួន ៤៤២ ករណី ក្នុងនោះស្រុកស្នួល និង ស្រុកចិត្របុរី មានផ្ទុះករណីជំងឺគ្រុនឈាមច្រើនជាងគេ។
លោកបញ្ជាក់ថា៖ «ក្នុងចំណោមអ្នកកើតជំងឺគ្រុនឈាមទាំង ៤៤២ នាក់នោះ មាន ៣ នាក់បានស្លាប់ ក្នុងនោះក្មេង ២ នាក់ និងមនុស្សពេញវ័យម្នាក់។ មូលហេតុនៃការស្លាប់ បណ្ដាលមកពីក្រុមគ្រួសារអ្នកជំងឺ បានព្យាយាមឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះកំដៅនិងថ្នាំផ្សះមួយចំនួន ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ និងបានបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យមានភាពយឺតយ៉ាវ ដែលធ្វើឲ្យការសង្គ្រោះរបស់គ្រូពេទ្យជំនាញរបស់យើង មិនអាចជួយសង្គ្រោះបាន»។
លោក សុវុត្ថា បានថ្លែងទៀតថា នៅពេលនេះបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្ត កំពុងបន្តរួមសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មូសនិងចែកថ្នាំអាបែតជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដែលកំពុងប្រឈមនឹងការផ្ទុះជំងឺគ្រុនឈាមនេះ ព្រមទាំងបានធ្វើការផ្សព្វផ្សាយអប់រំអំពីវិធានការ ការពារ និងទប់ស្កាត់ការកើតមានមូសខ្លាមួយចំនួនដល់ប្រជាពលរដ្ឋផងដែរ។
លោកបានបន្តថា៖ «ដើម្បីការពារពីការវាយប្រហារពីសត្វមូសខ្លាញីខាំ យើងត្រូវគេងនៅក្នុងមុងជ្រលក់ថ្នាំ និងត្រូវបើកពន្លឺឲ្យបានគ្រប់គ្រាន់ ហើយដើម្បីកម្ចាត់មូសខ្លា ត្រូវបំបាត់ដង្កូវទឹក និងទីជម្រករបស់វា ពិសេសត្រូវកប់ ឬដុតបំផ្លាញចោលនូវសម្បកកង់ ម៉ូតូ ឡាន កំប៉ុង និងត្រឡោកដូង»។
ជាមួយគ្នានេះ លោក អ៊ុង រតនា ប្រធានមន្ទីរពេទ្យខេត្តរតនគិរី បាននិយាយថា សម្បកកង់ឡាន កង់ម៉ូតូ និងសម្បកកំប៉ុង ដែលមានទឹកដក់នៅក្នុងនោះ គឺជាកន្លែងពេញនិយមបំផុតរបស់មូសខ្លារស់នៅនិងពងកូន។
លោកបាននិយាយថា៖ «ការលុបបំបាត់ជម្រកពងកូនរបស់មូសខ្លា ចាំបាច់ត្រូវពង្រឹងអនាម័យ និង បរិស្ថានជុំវិញកន្លែងរស់នៅរបស់យើងឲ្យបានស្អាត ដោយធ្វើយ៉ាងណាកុំឲ្យមានជង្ហុក និងវត្ថុដែលងាយដក់ទឹកនៅក្បែរផ្ទះរបស់យើង ពិសេសត្រូវពិនិត្យការពារកុំឲ្យកើតមានដង្កូវទឹក នៅក្នុងពាងទឹកឬឧបករណ៍ដាក់ទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់យើងផ្សេងទៀត»។
លោកបន្ថែមថា៖ «គ្មានដង្កូវទឹក គឺគ្មានមូសខ្លា ហើយបើគ្មានមូសខ្លា នោះគ្មានជំងឺគ្រុនឈាមកើតឡើងនោះទេ»។
លោកបានឲ្យដឹងថា រហូតមកទល់ពេលនេះ ខេត្តរតនគិរី មានអ្នកកើតជំងឺគ្រុនឈាម ២៥៦ នាក់ ក្នុងនោះមានកុមារីអាយុ ១២ ឆ្នាំម្នាក់បានស្លាប់ ខណៈដែលអ្នកជំងឺប្រមាណ ៧៥ ភាគរយទៀត កំពុងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ៕