ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​សុខាភិបាល​បាន​អះអាង​កាលពី​ម្សិលមិញ​អំពី​ករណី​រីករាលដាល​ជំងឺឆ្លង​គ្រុនឈីក​ដែល​ធ្លាប់បាន​រាតត្បាត​នៅតាម​តំបន់​មួយ​ចំនួន​នៅក្នុង​ប្រទេស និង​ការនាំចូល​ជំងឺឆ្លង​កូវីដ​ ១៩ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ជា​បន្តបន្ទាប់ ដោយ​មិនមាន​ករណី​ផ្ទុះ​ជា​ហេតុ​នាំឱ្យ​មាន​ការគំរាមកំហែង​ដល់​អាយុជីវិត​ពលរដ្ឋ​នៅក្នុង​ប្រទេស​នោះទេ​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា ការទប់ស្កាត់​ជំងឺ​រាតត្បាត​រួមមាន​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​ឈីក​ទទួល​បាន​ស្ថានភាព​ល្អប្រសើរ​វិញ​នេះ គឺ​ដោយសារ​តែ​មាន​ការចូលរួម​សហការ​ពី​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​ទូទាំង​ប្រទេស ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​បានល្អ​ប្រសើរ​បំផុត​ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រួមទាំង​ដាក់ចេញ​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា​។

ករណី​ជំងឺឆ្លង​គ្រុនឈីក​ធ្លាប់​ផ្ទុះ​ជា​លើកដំបូង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​កាលពី​ខែ​កក្កដា​មក និង​បាន​រីករាលដាល​ទៅក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ចំនួន​ ២១ ​នោះ​ត្រូវបាន​ឱ្យដឹងថា​មាន​អ្នកជំងឺ​ជិត ៦ ​ពាន់​នាក់ ក្នុង​នោះ​ ៩៤% ​នៃ​អ្នកជំងឺ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​។

លោក គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា ការរីករាលដាល​នៃ​ជំងឺ​ឈីក​ដែល​ធ្លាប់​កើតមាន​នៅក្នុង​ស្រុក​ល្វាឯម ស្រុក​កៀនស្វាយ និង​ស្រុក​មួយចំនួន​ទៀត​គឺ​មាន​លក្ខណៈ​ធូរស្រាល និង​ស្ទើរតែ​លែងមាន​អ្នកជំងឺ​។

លោក ប៊ុនធឿន ថ្លែង​ថា​៖ «​ឥឡូវ​អត់​មាន​ទេ ព្រោះ​យើង​បាន​ណែនាំ​គាត់ នៅតាម​មូលដ្ឋាន ពេល​មាន​រោគសញ្ញា​អ្វី​ទៅ​ទទួល​សេវា នៅ​មណ្ឌល​សុខភាព​។ វា​មិនមាន​ជា​បញ្ហា​រសើប​អ្វី​ទេ ព្រោះ​វា​រប៉េះរប៉ោះ​ដូច​ជំងឺ​គ្រុនឈាម​អ៊ីចឹង ឱ្យ​អត់​មាន​សោះ​គឺ​មិនមាន​ទេ តែ​ឱ្យ​វា​ទៅ​ជា​ករណី​ផ្ទុះ​នោះ គឺ​មិន​មាន​ទេ​»​។

លោក ឃ្លោក ​ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ចំពោះ​ស្ថានភាព​នៅក្នុង​ខេត្ត​នេះ​ក៏មាន​លក្ខណៈ​ធូរស្រាល បើទោះ​ជា​អំឡុង​ខែ​មុន មាន​លក្ខណៈ​កើនឡើង​ខ្លះ​នៅ​តំបន់​មួយ​ចំនួន​ក៏ដោយ​។ ក្រុមការងារ​ក៏​បន្ត​ចុះ​ដាក់​ថ្នាំ​អាបែត និង​បាញ់ថ្នាំ​សម្លាប់​មូស​។

លោក ហួត បាន​ថ្លែងឱ្យ​ដឹង​ថា​៖ «​សម្រាប់​ខេត្ត​ខ្ញុំ​គឺ​ថយ​មែន ដែល​ក្នុង​ ១ ​ខែ​មាន​ជាង ១០ ករណី​ប៉ុណ្ណោះ​នៅ​ទូទាំង​ខេត្ត​។ ខ្ញុំ​ជឿថា នៅតាម​បណ្តា​ខេត្ត​ផ្សេង​ក៏​អាចមាន​ការថយចុះ​បែបនេះ​ដូចគ្នា ព្រោះ​ក្នុង​ពេលនេះ វា​មិនអាច​ហក់​ឡើង​បាន​ទេ ដោយសារ​តែ​យើង​បាន​ពង្រាយ​ថ្នាំ​អាបែត​គ្រប់កន្លែង​សង្ស័យ​មាន​ជំងឺ​ឈីក​»​។

ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ២៧ កញ្ញា បាន​ឱ្យ​ដឹងថា ចាប់តាំងពី​ការផ្ទុះ​ជំងឺ​គ្រុនឈីក​ជា​លើកដំបូង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​កាលពី​ខែ​កក្កដា​មក មាន​ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក​ជិត​ ៦ ​ពាន់​នាក់​នៅក្នុង​រាជធានី​-ខេត្ត​ទាំង ២១ ហើយ​ក្នុង​នោះ​អ្នក​ដែល​បានជា​សះស្បើយ​មាន​ចំនួន ៩៤ ភាគរយ​។

ដោយឡែក​ករណី​ជំងឺ​ឆ្លង​កូវីដ ១៩ រហូត​មក​ដល់​ដើមខែ​តុលា​ឆ្នាំ​ ២០២០ ​នេះ​ត្រូវបាន​រកឃើញ​ចំនួន​ ២៨០ ​នាក់​ ដែល​ជា​ករណី​នាំចូល​មកពី​ក្រៅប្រទេស ចូល​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​ ២៧៦ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​ ៤ ​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យដឹង​ទៀត​ថា កាលពី​ម្សិលមិញ​អ្នកជំងឺ​កូវីដ​១៩​ម្នាក់ទៀត​ត្រូវបាន​ជាសះស្បើយ ហើយ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​ការធ្វើ​តេស្ត​អវិជ្ជមាន​ ២ ​ដង​។ អ្នកជំងឺ​ម្នាក់នេះ​គឺជា​បុរស​ជនជាតិ​ចិន​អាយុ​ ២៨ ​ឆ្នាំ​ហើយ​ជា​អ្នកដំណើរ​មកពី​ប្រទេស​ហ្វីលីពីន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ២៧ ខែ​កញ្ញា​។ នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ ក្រសួង​សុខាភិបាល​ក៏បាន​អះអាង​ដែរ​ថា មិនមាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ថ្មី​ទេ​៕

វីដេអូ៖