ត្បូងឃ្មុំៈ ​លោក​ វេង ​សាខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ក​សិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កាល​ពី​ម្សិលមិញ​បាន​ចេញ​ប្រ​កាស​ដោយ​បាន​កំ​ណត់​តំ​បន់​ផ្ទុះ​ជំ​ងឺ​ប៉េស្ត​​ជ្រូក​អាហ្រ្វិក​ចំ​នួន​ ២​ កន្លែង​ នៅ​ភូមិ​កំពង់​សេរី​ និង​ភូមិ​សោយ ឃុំ​មៀន​ ​ស្រុក​អូរ​រាំងឪ​ ខេត្ត​ត្បូង​ឃ្មុំ ​ជា​មួយ​គ្នា​នេះ​ដែរ​ក៏មាន​ការ​សង្ស័យ​ការផ្ទុះ​ជំ​ងឺ​នេះ​នៅ​ក្នុង​ស្រុក​អង្គរបុរី​ខេត្ត​តាកែវ​ផងដែរ។​

​លោក​ ​វេង​ សា​ខុន​ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា​៖​ «​ការចិញ្ចឹម​ ទិញ​ លក់​និង​ដឹក​ជញ្ជូន​សត្វជ្រូក ​និង​ផលិត​ផល​មាន​ដើម​កំ​ណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​នៅ​ក្នុង​តំ​បន់​ផ្ទុះ​ជំ​ងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ត្រូវ​ផ្អាក​​បណ្ដោះ​អាសន្ន»។​

​​លោក​ សា​ខុន​ អះ​អាង​ថា​ ការ​អនុ​ញ្ញាត​ឲ្យ​ចរាចរ​ឡើង​វិញ​មិន​ទាន់​មាន​ពេល​កំណត់ ​ប៉ុន្តែ​ការ​បើក​ឡើង​វិញ​នឹង​ត្រូវ​កំ​ណត់​ដោយ​ប្រកាស​ថ្មី។​

​​លោក​ សាខុន​ បញ្ជាក់​ជា​ថ្មី​ថា​៖​ «​ជំងឺ​ប៉េស្ត​ជ្រូកអាហ្រ្វិក​មិន​ឆ្លង​និង​មិន​ប៉ះ​ពាល់​ដល់​មនុស្ស​ទេ ​ប៉ុន្តែ​ជំ​ងឺ​នេះ​បណ្ដាល​ឲ្យ​ជ្រូក​ឈឺ​ និង​ងាប់​មាន​អត្រា​ខ្ពស់​រ​ហូត​ដល់​ ១០០​ ភាគរ​យ​ដែល​បង្កការ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តែប៉ុណ្ណោះ»។​

​​យោង​តាម​សេចក្ដី​ប្រកាស​ស្ដីពី​ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ចុះ​ថ្ងៃទី ​២ កក្កដា ​ម្សិល​មិញ​ ​លោក​ ​វេង ​សាខុន​ ​បាន​សម្រេច​ឱ្យ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​ ត្រូវ​ចាត់​វិធាន​ការ​ ​ដូច​ជា​បំផ្លាញ​ចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​នៅ​តំបន់​ផ្ទុះ​ ផ្អាក​ការ​ទិញ​លក់​ និង​ការ​ដឹក​ជញ្ជូន​សត្វ​ជ្រូក​ សាច់​ជ្រូក​ និង​ផលិត​ផល​ធ្វើ​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ចេញ​ចូល​ក្នុង​រង្វង់​ ៣​ គីឡូ​ម៉ែត្រ ​ពី​ចំណុច​ផ្ចិត​នៃ​​តំបន់​ផ្ទុះ​ ​ហើយ​ត្រូវ​ត្រួត​ពិនិត្យ​ឃ្លាំ​មើល​ចល​នា​សត្វ​ជ្រូក​ ​សាច់​ជ្រូក​ និង​ផលិត​ផល​ធ្វើ​ពី​សាច់​ជ្រូក​ក្នុង​រង្វ​ង់ ​១០ ​គីឡូ​ម៉ែត្រ​​ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ។​

​​យោង​តាម​លិខិត​របស់​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​ បាន​អះអាង​ថា​ ​កាល​ពី​ថ្ងៃ​ទី​ ២៣​ មិថុនា​ នៅ​ភូមិ​កំពង់សេរី​ និង​ភូមិ​សោយ​ដែល​មាន​​សត្វ​ជ្រូក​សរុប​ ៥៦៨ ​ក្បាល​ ត្រូវ​បាន​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​​បាន​ឈឺ​ចំនួន​ ១៩​ ក្បាល និង ​​​​ងាប់​មេ​ជ្រូក​អស់​ចំនួន ៣ ក្បាល។​ ជ្រូក​មេ​ដែល​ងាប់​ទាំង​នោះ​គឺ​មាន​រោគ​សញ្ញា​ឡើង​កម្ដៅ និង​រលូត​កូន ​និង​ពុំ​អាច​ព្យាបាលជា​​ឡើយ​ ហើយ​បន្ទាប់​ពី​បូម​ឈាម​យក​ទៅ​ធ្វើ​តេស្ដ​នៅ​វិទ្យា​ស្ថាន​សុខ​ភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​ ​លទ្ធ​ផល​បង្ហាញ​ថា​ មាន​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូកអាហ្រ្វិក។​

​​​លោក ​តាន់​ ​ផាន់​ណា​រ៉ា ​ប្រធាន​​​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ត្បូង​ឃ្មុំ​ជា​ខេត្ត​សកម្ម​ជាង​គេ​ក្នុង​ចំណោម​ខេត្ត​មាន​ព្រំដែន​ជា​មួយ​ប្រទេស​ វៀតណាម​ ដែល​មាន​ការ​លួច​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​ពី​ប្រទេស​​ វៀត​ណាម​ ហើយ​បើតាម​មន្ត្រី​ពេទ្យ​សត្វ​នៅ​ខេត្ត​នេះ​បាន​អះអាង​ដែរ​ថា ​បន្ទាប់​ពី​ក្រសួង​កសិកម្ម​បាន​ណែ​នាំ​ឲ្យ​ទប់​ស្កាត់​​ការ​នាំ​ជ្រូក​ខុស​ច្បាប់​ចេញ​​ពី​ប្រទេស​​វៀតណាម​តាំង​ពី​ខែ​មីនា​រហូត​ដល់​ថ្ងៃ​ទី​ ២៨​ មិថុនា ​គឺ​ខេត្ត​ត្បូង​ឃុំ​បង្ក្រាប​បាន​ប្រហែល​ ៣០​ ករណី​ ដែល​មាន​ជ្រូក​សរុប​ជិត ៧០០ ក្បាល។

លោក ផាន់​ណារ៉ា បាន​ឲ្យ​ដឹង​ថា ៖​ «តាម​លទ្ធ​ផល​វិភាគ​របស់វិទ្យា​ស្ថាន​ជាតិ​ស្រាវ​ជ្រាវ​សុខភាព​​សត្វ​ និង​ផលិត​កម្ម​សត្វ​​បាន​បញ្ជាក់​ថា ​មាន​វត្តមាន​វី​រុស​ជំ​ងឺ​​​ប៉េស្ត​ជ្រូក​អាហ្រ្វិក (ASF) »។​​​

លោក​ ​ហេង ​ពិសិដ្ឋ​ ​ប្រធាន​មន្ទី​រកសិ​កម្ម​ខេត្ត​ត្បូង​ឃ្មុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ជ្រូក​ផ្សេង​ទៀត​បាន​ងាប់​នៅ​ឡើយ​ទេ ​ក្រៅ​តែ​ពី​មេ​ជ្រូក​ចំនួន ​៣ ក្បាល​ដែល​ងាប់​កាល​ពី​ថ្ងៃទី ២៣ មិថុនា។​

​លោក​ ​ពិសិដ្ឋ​ ​ថ្លែង​​ថា​៖​ «​អត់​មាន​ព័ត៌​មាន​ថា​ងាប់​ទៀត​ផង​ ចាំ​មើ​ល​ទៅ​តាម​ដាន​ទៀត​មើល​មាន​ជ្រូក​ងាប់​ទៀត​អត់​ ព្រោះ​ខាង​ខ្ញុំ​ទើប​ទៅ​បាញ់​ថ្នាំ​កាល​ពី​ថ្ងៃ​ទី ២៨ ​(​មិថុនា)​ ​ប៉ុន្តែ​អត់មាន​​ងាប់​អី​ទៀតផង»។​

​ប្រទេស​ កម្ពុជា​ បាន​ឆ្លង​ជំងឺ​ប៉េស្ដ​ជ្រូក​លើក​ដំបូង​ពី​ប្រទេស ​វៀត​ណាម​ កាល​ពី​ថ្ងៃទី​ ២២​ មីនា​ ​ដោយ​ផ្ទុះ​ឡើង​ក្នុង​ស្រុក​អូរ​យ៉ាដាវ​ ខេត្ត​រតន​គិរី​ និង​បាន​រាលដាល​បន្ត​ពី​ស្រុក​អូរ​យ៉ា​ដាវ​ទៅ​ស្រុក​អូរ​ជុំ ​ប៉ុន្តែ​ការ​រាល​ដាល​ក្នុង​ស្រុក​ទាំង​ ២ របស់​ខេត្ត​រតនគិរី​នេះ​ត្រូវ​បាន​មន្ទីរ​កសិ​កម្ម​​ខេត្ត​បាន​អះអាង​ថា ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​តាំង​ពី​ខែ​មេសា​ ​មក​ដែល​មាន​សត្វ​ជ្រូកប្រហែល​​ជាង​ ២១៤០ ក្បាល​បាន​ងាប់​និង​សម្លាប់​ចោល។​

​​ជា​មួយ​គ្នា​នេះ​ នៅ​ក្នុង​ខេត្ត​តាកែវ​ក៏​កំពុង​សង្ស័យ​ថា​ អាច​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិកដូច​ខេត្ត​ត្បូង​ឃ្មុំ​ និង​ខេត្ត​រតន​គិរី​ដែរ ​បន្ទាប់​ពី​មន្ត្រី​បាន​អះអាង​ថា ​មាន​ជ្រូក​ជា​ច្រើន​ក្បាល​ស្ថិត​ក្នុង​​ស្រុក​អង្គ​រ​បុរី​បាន​ងាប់​ ហើយ​​ត្រូវ​បាន​បូម​ឈាម​យក​ទៅ​ពិ​និត្យ​នៅ​វិទ្យា​ស្ថាន​សុខភាព​សត្វ​ និង​ផលិតកម្ម។​

​​លោក​ ​ញិ​ប​ ស្រ៊ន​ ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​តាកែវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដែរ​ថា​ កាល​ពី​សប្ដាហ៍​មុន​ ​មាន​ជ្រូក​ងាប់​ជា​ច្រើន​កន្លែង ​ហើយ​ក្នុង​ ១ កន្លែង​មាន​ជ្រូក​ងាប់​ចាប់​ពី​ ៤ ​ទៅ​ ១០ ​ក្បាល​ ប៉ុន្តែ​លោក​អះអាង​ថា​ ​នៅ​ក្នុង​ខេត្ត​តាកែវ​ គឺ​ពុំបាន​មាន​ការ​នាំ​ជ្រូក​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​វៀត​ណាម​ម្ដង​ណា​ឡើយ ​ចាប់​ពី​មាន​វិធាន​ការ​ណែ​នាំ​របស់​ក្រសួង​កសិកម្ម​មក។​

​លោក​​ ញិប ស្រ៊ន បាន​ថ្លែង​ឲ្យ​ដឹង​ផងដែរ​ថា​៖ «​ងាប់​ហ្នឹង​ដោយ​សារ​ឈឺ ​ហើយ​យើង​បាន​បូម​ឈាម​យក​ទៅ​ពិនិត្យ​ហើយ​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នោះ​ទេ»៕​