ភ្នំពេញៈ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ជំ​ងឺប៉េ​ស្ដ​ជ្រូក​អាហ្រ្វិក​បាន​ និង​កំពុ​ងបន្ត​រាល​ដាល​ដល់​ស្រុក​អង្គរបុរី​ ខេត្ត​តាកែវ ​និង​ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង បន្ទាប់​ពី​ការ​ធ្វើ​តេស្ដ​ឈាម​ជ្រូក​ងាប់​ប្រហែល​ ៦០​​ ក្បាល ក្នុង​ខេត្ត​ទាំង​ ២​ ដែល​បានចេញ​លទ្ធផល​កាល​ពីថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ឃើញ​មាន​ករ​ណី​ឆ្លង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក។

លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន សុខភាព​សត្វ​និង​ផលិតកម្ម​បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា លោក​មិនទាន់​ទទួលបាន​ព័ត៌​មាន​លម្អិត​អំពី​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​​នៅ​ខេត្ត​តាកែវ​ ​និង​ស្វាយរៀង​នៅឡើយទេ ប៉ុន្តែ​លោក​បញ្ជាក់ថា ពុំទាន់​មានការ​សង្ស័យថា​ជំងឺប៉េស្ដ​​ជ្រូក​អាហ្រ្វិក​​នេះ​ បាន​រាល​ដាល ​​ដល់​ខេត្ត​ផ្សេងទៀត ក្រៅ​តែ​ពី​ខេត្ត​ចំនួន ៤ ដូចជា ខេត្ត​រតនគីរី ត្បូងឃ្មុំ និង​ចុងក្រោយ​​ខេត្ត​ស្វាយរៀង​ និង​ខេត្ត​តាកែវ។

លោក​ថា៖ «ក្រសួងកសិកម្មបានធ្វើ​លិខិត​រាយការណ៍​ទៅសម្ដេច [ហ៊ុន សែន] ហើយ​ថា មាន (ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក) នៅ​ខេត្ត​តាកែវ​ និង​ខេត្ត​ស្វាយរៀង»។

ជាមួយគ្នានេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​ផ្សាយ​លិខិត​ចំនួន ២ ដាច់​ដោយ​ឡែក​ពីគ្នា​កាលពីម្សិលមិញ ដោយ​លិខិត​មួយ​ប្រកាស​អំពី​តំបន់​ផ្ទុះ​ជំងឺប៉េស្ដ​ជ្រូកអាហ្រ្វិក​​នៅក្នុង​ភូមិ​អម្ពិល ​ឃុំ​ពន្លៃ​ ស្រុក​អង្គរបុរី​ ខេត្តតាកែវ និង​លិខិត​មួយទៀត​ប្រកាស​អំពី​តំបន់​ផ្ទុះ​ស្ថិតក្នុង​ភូមិ​ឫស្សី ជួ​រខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ប៉ុន្តែ​លិខិត​ទាំងនោះ មិនបាន​បញ្ជាក់​អំពី​មូលហេតុ​ និង​ចំនួន​ជ្រូក​ប៉ុន្មាន​ដែល​បាន​ងាប់​នៅ​ក្នុង​ខេត្ត​ទាំង ២ នេះ​ទេ។

កម្ពុជា​បាន​ឆ្លង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​​ដំបូង​ កាល​ពី​ថ្ងៃទី​ ២២ ​ខែ មីនា​ នៅ​ស្រុក​អូ​រយ៉ា​ដាវ​ និង​ស្រុក​អូរ​ជុំ​ខេត្ត​រតន​គិរី ដោយ​មាន​ជ្រូក​ជាង​ ២ ១៤០ ​ក្បាល ​ត្រូវ​បាន​សម្លាប់​ចោល ​និង​ងាប់ ​មុន​ពេល​ជំងឺ​នេះ​បន្ត​រាល​ដាល​ដល់​ខេត្ត​ត្បូង​ឃ្មុំ​ដែល​បាន​ធ្វើ​ឱ្យ​ជ្រូក ៣ ​ក្បាល​ ងាប់​កាលពី​ថ្ងៃ ២​៣​ មិថុនា ​មុន​​ឆ្លង​ចូល​មក​ដល់​ខេត្ត​តាកែវ​ និង​ខេត្ត​ស្វាយរៀង​នាពេល​នេះ។

លោក​ ញិ​ប ស្រ៊ន ប្រធា​នមន្ទីរ​កសិ​កម្ម​ ខេត្ត​តាកែវ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពីម្សិល​មិញ​ដែរ​ថា ជ្រូក​នៅ​ក្នុង​ស្រុក​អង្គរបុរី​បានចាប់​ផ្ដើម​ងាប់​​តាំង​ពី​ថ្ងៃទី​ ១ ខែ​ កក្កដា​ ហើយ​តាម​លទ្ធផល​ធ្វើ​តេស្ដ​ឈាម ជ្រូក​នៅ​ភូមិ​អម្ពិល ​ក្នុង​ឃុំ​ពន្លៃ​ ចំនួន​ ២៧​ ក្បាល ​បាន​ងាប់​ដោយសារ​ជំងឺ​ប៉េស្ដ​ជ្រូកអាហ្រ្វិក​​ រីឯ​ជ្រូ​កចំនួន​ ៥០​ ក្បាល​ទៀត​ នៅក្នុ​ង​ភូមិ​មួយ​ចំនួន​នៃ​ឃុំ​ព្រៃ​ផ្គាំ​ក៏បាន​ងាប់​ដែរ ប៉ុន្តែ​លោក​ថា​មិន​មែន​ដោយ​សារ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​នោះ​ទេ។

លោក​ថា៖ ​«យើង​បាន​ផ្សព្វ​ផ្សាយពីការ​​កា​រពារ​ហើយ ហើយពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៥ ​ក្រុម​មន្ត្រី​ពេទ្យសត្វ​យើង​ខេត្ត ​ទាំង​ក្រុម​ពេទ្យ​ស្រុក និង​ពេទ្យ​សត្វ​ភូមិ​បាន​យក​ថ្នាំ TH4 ទៅ​បាញ់​ធ្វើ​ជីវ​សុវត្ថិ​ភាព​នៅ​គ្រប់​ផ្ទះ​ទាំងអស់​ក្នុង​ភូមិ​អម្ពិល»។

ទោះ​ជា​យ៉ាង​ណា ​លោក ​ញិប ស្រ៊ន ​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ដែល​នាំឱ្យ​​ជ្រូក​ក្នុង​ខេត្តតា​កែវ​ឆ្លង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​​ឡើយ ដោយ​លោក​បាន​អះ​អាងថា​ ខេត្ត​នេះ​ពុំ​មាន​ការ​នាំចូល​ជ្រូក​ពី​ប្រទេស ​វៀត​ណាម ​ទេ ចាប់​តាំងពី​ខែម​ករា ​មក ហើ​យ​ស្រុក​អង្គរ​បុរី​ ក៏មាន​ចម្ងាយ​ប្រហែល​ ៣០​ គីឡូ​​ម៉ែត្រ​ ពី​ប្រទេស​ វៀតណាម ​ដែរ។​

លោក​បន្ត​ថា ម្យ៉ាង​ទៀ​តខេ​ត្ត​តា​កែវ​ មាន​តែ​ការ​នាំចូល​ជ្រូក​ស៊ី​ភី​ពី​ខេត្ត​មួយ​ចំនួន​ប៉ុណ្ណោះ ​ដូច​ជា​ ​ខេត្ត​កោះកុង ​កំ​ពង់​ស្ពឺ​ ​និង​​ខេត្ត​កណ្ដាល ហើយ​ជ្រូក​ទាំង​នេះ​មួយចំ​នួន គឺ​បាន​នាំ​ចេញ​បន្ត​ពី​ខេត្ត​តាកែវ រួច​ចូល​មក​កាន់​រាជធានី​ភ្នំពេញ។

កាល​ពី​ម្សិល​មិញ​ ​ភ្នំពេញ​ប៉ុស្ដិ៍មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ​ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយ​រៀង​បាន​ទេ​ ដោយ​ហៅចូ​ល​លើក​ទី​១ លោ​ក​ឆ្លើយ​ថា រ​វល់​ប្រជុំ និង​ក្រោយ​មក​លោក​មិន​លើក​ទូរស័ព្ទ។

ក្រសួងក​សិកម្ម​ រុក្ខាប្រ​មាញ់​និង​នេ​សាទ​ ទើប​ប្រ​កាស​ដាក់​ចេញ​វិធាន​ការ​​ផ្អាក​បណ្ដោះ​អាស​ន្ន កា​រចិញ្ចឹម​ ទិញ​ លក់​ និង​ដឹក​ជញ្ជូន​សត្វ​ជ្រូក​និង​ផលិត​ផល​មាន​ដើម​កំណើត​​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​នៅ​តំបន់​ផ្ទុះ​ជំងឺ​គឺ​ក្នុ​ងភូមិ​កំពង់​សេរី​និង​ភូមិ​សោយ​ ឃុំ​មៀន ស្រុក​អូររាំងឪ ​ខេត្ត​ត្បូង​ឃ្មុំ​កាលពី​ថ្ងៃទី​ ២ ខែ ​កក្កដា​​ កន្លងមក​ ខ​ណៈ​ក្រសួង​បាន​បញ្ជាក់​ថា ថ្វី​ដ្បិត​ជំងឺ​នេះ​មិន​មាន​ថ្នាំ​ព្យាបា​ល​​ឱ្យ​ជា ប៉ុន្តែ​មិន​អាច​ឆ្លង​មក​មនុស្ស​និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មនុស្ស​ឡើយ។

លោក​ ហេង ​ពិសិដ្ឋ​ ប្រ​ធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ត្បូង​ឃ្មុំ​បាន​បញ្ជាក់​ថា​ គិត​ចាប់​ពី​ផ្ទុះ​ឡើង​ក្នុង​ភូមិ​​កំពង់​សេរី​និង​ភូមិ​សោយ​មក​គឺ​ករណី​ជ្រូក​ងាប់​បាន​កើនដល់​ ៣២ ​ក្បាល​ហើយ​ ប៉ុន្តែ​ជំងឺ​នេះ មិន​ទាន់​ឆ្លង​ទៅ​ដល់​ភូមិ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ។

លោក​ថា៖​ «ភូមិ​ផ្សេង​ទៀត ដូច​ជា​មិន​ទាន់​អី​ទេ​ស្ងាត់​ដែរ»។

ចំណែក​លោក តាន់​ ផាន់ណា​រ៉ា បញ្ជាក់​ថា ក្រសួង​កសិ​កម្ម​នឹង​ដាក់​ចេញ​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​​នៅ​ខេត្ត​តាកែវ​ និង​ខេត្ត​ស្វាយ​រៀងដូច​គ្នា​នឹង​វិធានការ​ដែល​បាន​ដាក់​ចេញ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ និង​ខេត្ត​រតរគិរី​ដែរ៕