The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជំងឺប៉េស្ដជ្រូក​អាហ្រ្វិក​ ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស ​កម្ពុជា




ជំងឺប៉េស្ដជ្រូក​អាហ្រ្វិក​ ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស ​កម្ពុជា

Content image - Phnom Penh Post
សត្វជ្រូកត្រូវបានតាមដានក្រោយរកឃើញជំងឺប៉េស្ដនៅរតនគិរីថ្មីៗនេះ។ ក្រសួងកសិកម្ម

ជំងឺប៉េស្ដជ្រូក​អាហ្រ្វិក​ ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស ​កម្ពុជា

រតនគិរីៈ ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក ត្រូវបាន​រក​ឃើញ​កើត​មាន​ជា​លើក​ដំបូង​នៅ​កម្ពុជា​ បន្ទាប់​ពី​ជំងឺ​ឆ្លង​នេះ​បាន​ធ្វើ​ឱ្យ​សត្វ​ជ្រូក​​ប្រហែល​ ៤០០​ ក្បាល​ងាប់​កាល​ពី​ថ្ងៃទី​ ២២ ​ខែមីនា នៅ​ភូមិ ​លោម កានី​ញ ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ ​ខេត្ត​រតន​គិរី។ នេះ​បើ​តាម​ ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ក្រសួង​ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

លោក ​តាន់ ផាន់​ណា​រ៉ា ប្រតិភូរាជរដ្ឋា​ភិ​បាល​និង​ជា​អគ្គនាយ​ក​នៃ​អគ្គនា​យក​ដ្ឋាន​សុខភា​ព​សត្វ​និង​ផលិតកម្ម​សត្វ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា ការ​ផ្ទុះ​ឡើង​នូវជំងឺ​ប៉េស្ដ​ជ្រូក​​អាហ្រ្វិក​នៅ​ខេត្ត​រតនគិរីនេះគឺ​មិន​មែន​មក​ពី​ការនាំ​សត្វ​ជ្រូក​ចូល​ពី​ប្រទេស​ វៀតណាម​ ឡើយ​លោក​សំអាង​ថា ​ខេត្ត​នេះ​ពុំមាន​កា​រអនុញ្ញាតឱ្យ​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​ជិត​ខាង​នេះ​ទេ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​បឋម​អាច​ដោយ​សារ​ក្រុម​ជន​ជាតិ​វៀត​ណាម​បាន​ដឹក​បន្លែ​និង​សាច់​គ្រប់​ប្រភេទ​មក​លក់​ក្នុង​ខេត្ត​នេះទើប​ឆ្លង​ជំងឺ​ទៅ​សត្វ​ជ្រូក​នៅ​កម្ពុជា។

លោក​ថា៖ ​«អ្វី​ដែល​បាន​ស៊ើប​អង្កេត​បណ្ដោះ​អាសន្ន​គឺ​គាត់​ (ជន​ជាតិ​វៀត​ណាម) មាន​ម៉ូតូ​ដឹក​បន្លែ​ដឹក​សាច់​មក​លក់​អ៊ីចឹង​ទៅ​នៅ​ស្រុក​យើង​ខេត្ត​រតនគិរីនេះ​ជា​អ្វី​ដែល​ការ​ងារ​របស់​ខ្ញុំ​បាន​ស្រា​វជ្រាវ​ ប៉ុន្តែ​ក្រុម​ការ​ងារ​​កំពុង​តាម​ដាន​បន្ត​ទៀត»។

លោកបាន​បន្ត​ថា សត្វ​ជ្រូក​ដែល​ពលរដ្ឋ​ចិញ្ចឹម​លក្ខណៈ​គ្រួ​សារ​ក្នុង​ភូមិ​លោម​កា​នី​ញបាន​ងាប់​ជា​បន្ត​បន្ទាប់​ កាល​ពី​ថ្ងៃទី ​២២ ​មីនា ប៉ុន្តែ​ភ្លាមៗ ពុំមាន​អ្នក​ណា​ដឹង​ថាជា​ករណី​ជំងឺ​ប៉េស្ដ​ជ្រូក​​អាហ្រ្វិក​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ ​«ការ​ផ្ទុះ​ឡើង​គឺ​តាំង​ពី​ថ្ងៃទី ​២២ ​(ខែមីនា) ប៉ុន្តែ​ការ​រាយ​ការណ៍​និង​កា​រយក​វត្ថុ​ធាតុ​មក​វិភាគ​ហ្នឹង​គឺ​យឺតដោយ​សារ​ភ្នាក់​ងារ​សុខ​ភាព​សត្វ​ភូមិ គាត់​ថាអាច​ដោយ​សារ​មាន​គ្រោះ​រាំ​ងស្ងួត​ដែល​ធម្មតា​តែង​មាន​សត្វ​ងាប់​រប៉េះ​រប៉ោះ​ អ៊ីចឹង​គាត់​គិត​ថា បណ្ដាល​មក​ពី​បញ្ហា​ហ្នឹង​ ទើប​​រាយ​ការណ៍​យឺត​បន្ដិច ​រហូត​ទាល់​តែ​ដល់​ថ្ងៃ​ទី​ ២៨​ មីនា​ ទើបបាន​ផ្ញើ​វត្ថុ​ធាតុ​មក​ខាង​ខ្ញុំ​ដើម្បី​វិភាគ»។

ប្រទេស​ វៀត​ណាម​ បាន​ប្រកាស​ពី​ការ​ផ្ទុះ​ឡើង​ជំងឺ​ប៉េស្ដ​ជ្រូក​​អាហ្រ្វិក​កាល​ពី​ខែ​កុម្ភៈ ​ហើយ​កាល​ពី​ថ្ងៃទី​ ១៥ ខែ​ មីនា​ មន្ត្រី​កម្ពុជា​ក៏​បាន​បង្ហើប​ថា​ជំងឺប៉េស្ដ​ជ្រូក​​អាហ្រ្វិក​បាន​រាលដា​ល​មក​ដល់​តំបន់​ព្រំដែន​វៀតណា​ម​ជិត​ខេត្ត​រតនគិរី​និង​ខេត្ត​ក្រចេះ​នៃ​ប្រទេស​កម្ពុជានិង​ថែម​ទាំង​ប្រកាស​ថា សមត្ថ​កិច្ច​ពាក់​ព័ន្ធ​កម្ពុជាគឺ​ហាម​ដាច់​ខាត​មិន​ឱ្យនាំ​​ជ្រូក​ខុស​ច្បាប់​ចេញ​ពី​​វៀតណាម​ចូល​មក​កម្ពុជា​ឡើយ។

ទោះ​ជា​យ៉ាង​ណា​​ ក្រោយៗ​មកមាន​សេចក្ដី​រាយ​ការណ៍​ជា​បន្ត​បន្ទាប់ថា​មាន​ជ្រូក​ខុស​ច្បាប់​ជា​ច្រើន​ក្បាល នៅ​តែ​អាច​លួច​នាំ​ចូល​​ពី​​វៀត​ណាម​មក​កម្ពុជាបាន ប៉ុន្តែ​លោក​ ផាន់​ណា​រ៉ា​ បាន​អះ​អាង​សា​ជាថ្មី​​ថា ​តាម​ការចុះ​អង្កេត​ដោយសម្ងាត់​របស់​លោក​និង​ក្រុម​ការ​ងារ​​នៅ​តាម​ព្រំដែនផ្ទាល់​គឺ​មិន​មាន​ករណី​នាំ​ជ្រូក​ខុស​ច្បាប់​ចូលពី​ប្រទេស​ វៀតណាម ​ទេ។

លោកបាន​បន្ត​ថា បន្ទាប់​ពី​មានករណី​ជំងឺ​ប៉េស្ដ​ជ្រូកនៅខេត្តរតនគិរីនេះគឺ​ក្រសួង​ក​សិកម្ម​បាន​ប្រកា​ស​បិទ​មិនឱ្យ​នាំចូល​និង​នាំ​ចេញ​សាច់​សត្វ​គ្រប់​ប្រភេទ​ពី​ក្នុង​ភូមិ​នេះ​ទេដើម្បីជាវិធានការ​ទប់​ស្កាត់​កុំឱ្យ​ជំងឺ​ប៉េស្ដ​ជ្រូក​​អាហ្រ្វិកនេះបន្ត​រាល​ដាល​ទៅ​ទីតាំង​ផ្សេង។

លោក​ថា៖ «យើង​បិទ​ចរាចរណ៍​ក្នុង​រង្វង់​ ៣ ​គីឡូ​ម៉ែត្រ ហើយ​ក្នុង​អង្កត់​ផ្ទឹ​ត ១០​ គីឡូ​ម៉ែត្រ យើង​អង្កេត​តាម ដាន​ជំងឺ​ហ្នឹង»។

លោក ញែ​ម ​សំអឿ​ន​ អភិ​បាល​រង​ខេត្ត​រតគិរី​បញ្ជាក់​ដែរថា បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ នៃកា​រផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិកឡើយ ​ប៉ុន្តែ​បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ឡើង​ជំងឺនេះ​ភ្លាម​អាជ្ញា​ធរ​បាន​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ពលរ​ដ្ឋឱ្យ​ឈប់​លែង​ជ្រូក​ចេញពី​ទ្រុង ហើយ​ត្រូវ​រាយ​ការ​ណ៍​មក​កាន់​អាជ្ញា​ធរ​នៅ​ពេល​មាន​ជ្រូក​ឈឺ​បន្ថែម​ទៀត។

លោក​ថា៖ ​«នៅ​តាម​ស្រុក​ផ្សេងៗ​ទៀ​ត​យើង​ក៏បាន​ប្រាប់​ពលរដ្ឋ​ថា​ក្នុង​ករណី​មាន​ការ​សង្ស័យគឺ​​គាត់​ត្រូវ​ទុក​ដាក់​សត្វ​​មិនឱ្យ​លែង​ចេញ និ​យាយ​រួម​​មួយ​រយៈ​នេះ យើង​មិនឱ្យ​គាត់​លែង​ចេញ​ទេ»។

ជុំវិញ​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​​អាហ្រ្វិក​នេះ ​លោក ​លី សូ​វ៉ាន់ មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិ​បាល​បាន​ប្រាប់​ថា ​ក្រសួង​មិន​បាន​ចេញ​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​ជំងឺ​នេះ​ឡើយ​ដោយ​សារ​វា​មិន​មែន​ជា​ជំងឺ​ឆ្លង​ទៅ​កាន់​មនុស្ស​ហើយ​ម្យ៉ាង​គឺជា​កិច្ចការ​របស់​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​និង​ផលិតកម្ម​សត្វ​ប៉ុណ្ណោះ៕

អត្ថបទគួរចាប់អារម្មណ៍