
ភ្នំពេញៈ អស់រយៈពេលជាង ១០ ឆ្នាំ លោកវេជ្ជបណ្ឌិត ង៉ាន ចន្ថា នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួង សុខាភិបាល បាននិងកំពុងធ្វើការងារលើសមរភូមិមួយដើម្បីឲ្យមានការផ្តល់ថវិកានិងការយកចិត្តទុកដាក់លើករណីវីរុសមួយដែលគេស្គាល់ថា «គ្រុនឈាម»។
លោក ង៉ាន ចន្ថា បានថ្លែងថា៖ «ការងាររបស់យើងគឺលំបាកប៉ុន្តែយើងមិនចង់ត្អូញត្អែរអំពីធនធានតិចតួចរបស់យើងទេ។ អ្វីដែលយើងអាចធ្វើគឺធ្វើឲ្យបានល្អបំផុតនូវអ្វីដែលយើង អាចធ្វើបាន ជាមួយនឹងអ្វីដែលយើងបានផ្តល់ឲ្យ»។
ខណៈករណីស្លាប់ដោយសារជំងឺគ្រុនចាញ់បានធ្លាក់ចុះចំនួន ២៥ ភាគរយ ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០០ ជំងឺគ្រុនឈាមគឺមានចំនួនជាងទ្វេដងចន្លោះពីឆ្នាំ ២០០០ និង២០១០។
បើតាមតួលេខថ្មីៗបំផុតពីអង្គការ សុខភាព ពិភពលោក មានករណីចំនួន ១២៩៤៣ ត្រូវបានរាយការណ៍ ហើយមានករណីស្លាប់ចំនួន ៤០ នៅឆ្នាំនេះរហូតមកដល់ពេលនេះ។
ដោយខុសពីជោគជ័យផ្នែកថវិកាសម្រាប់ជំងឺគ្រុនចាញ់ អ្នកដែលប្រយុទ្ធនឹងជំងឺគ្រុនឈាម គឺមានថវិកាតិចតួចជាងក្នុងការធ្វើការងាររបស់ខ្លួន។
អង្គការ មូលនិធិ សកល (Global Fund) បានបរិច្ចាគថវិកាជាង ៣០ លានដុល្លារក្នុងឆ្នាំ ២០១១ និង ៣០ លានដុល្លារទៀតក្នុងឆ្នាំ ២០១២ ចំពោះកម្មវិធីយុទ្ធនាការចែកចាយមុងដែលមានទឹកប្រាក់ ២,៧ លានដុល្លារទូទាំងប្រទេសកម្ពុជា។
ការងារទាំងមូលនៃការទប់ស្កាត់ជំងឺគ្រុនឈាមត្រូវបានផ្តល់ឲ្យនូវថវិកាតិចជាង ២ លានដុល្លារក្នុងមួយឆ្នាំ។
ជាវិធានការកាត់បន្ថយការចំណាយ និងមានគោលបំណងឲ្យមានលទ្ធភាពទៅដល់ប្រជាជនកម្ពុជាក្នុងចំនួនច្រើនខ្លាំងជាងមុនកម្មវិធីនេះត្រូវបានធ្វើវិមជ្ឈកាលទៅតាមខេត្ត និងស្រុកដោយពឹងផ្អែកលើបុគ្គលិកដែលទទួលប្រាក់ខែទាបដើម្បី អនុវត្តនីតិវិធីជាតិឲ្យបានសមស្របត្រឹមត្រូវ។
ក្រុមអ្នកស័គ្រចិត្តដែលទទួលប្រាក់ខែតិចជាងអ្វីដែលខ្លួនសមទទួលបានត្រូវបានផ្តល់ឲ្យនូវការងារដាក់ថ្នាំកម្ចាត់ដង្កូវទឹក នៅតាមពាងទឹករបស់ពលរដ្ឋនៅជនបទ។
លោក ហៃ រ៉ា ប្រធានគ្រប់គ្រងជំងឺគ្រុនឈាមក្នុងខេត្ត កំពង់ចាម បានថ្លែងថា ក្នុងមួយភូមិ បុគ្គលិក ២ នាក់ត្រូវបានចាត់ឲ្យធ្វើការងារ និងថ្នាំសម្លាប់ដង្កូវទឹកចំនួន ១៥ តោនត្រូវបានផ្តល់ឲ្យ ២ ដងក្នុងមួយឆ្នាំ។ លោកបានថ្លែងបន្តថា អ្នកអនុវត្តការងារដាក់ថ្នាំទទួលបានប្រាក់ចំនួន ២ ដុល្លារក្នុងមួយថ្ងៃសម្រាប់ថ្លៃទឹកនិងធ្វើដំណើរ។ ពួកគេភាគច្រើនធ្វើដំណើរត្រឡប់មកផ្ទះវិញនៅក្នុងភូមិ ដោយសារប្រាក់កម្រៃដែលផ្តល់ឲ្យពួកគេមិនគ្រប់គ្រាន់សម្រាប់ចំណាយលើថ្លៃម្ហូបអាហារ។
លោក សៅ វុទ្ធី បាននិងកំពុងធ្វើការងារជាអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវ ក្នុងការចែកចាយថ្នាំ អាបែត ដែលជាថ្នាំសម្លាប់ដង្កូវទឹកមានប្រសិទ្ធភាពដែលដាក់នៅក្នុងទឹកពាងរបស់ប្រជាជននៅក្នុងស្រុក កោះសូទិន ខេត្ត កំពង់ចាម តាំងពីឆ្នាំ ២០០៥ មក។
លោកបានថ្លែងបន្តថា៖ «វាមិនគ្រប់គ្រាន់សម្រាប់ចំណាយលើថ្លៃបាយនិងថ្លៃទឹកនោះទេ។ ឧទាហរណ៍ សម្រាប់អាហារពេលព្រឹកគឺចំណាយអស់ ៤០០០ រៀល ហើយយើងនៅសល់តែម ១ ដុល្លារទៀតសម្រាប់អាហារដទៃទៀត»។ លោកបន្តថា ជាញឹកញាប់ លោកសុំទឹកប្រជាជនផឹកឬដាក់ទឹកពីផ្ទះទៅតាមខ្លួន។
អ្នកស្ម័គ្រចិត្តទាំងនេះគឺទទួលបានប្រាក់តិចជាងកម្មករសំណង់ ប៉ុន្តែលោក វុទ្ធី បានថ្លែងថា លោកបន្តធ្វើការងារស្ម័គ្រចិត្តនេះដោយសារវាផ្តល់នូវចំណេះដឹងអំពីការការពារជំងឺគ្រុនឈាម ដែលវាមានតម្លៃសម្រាប់សហគមន៍របស់លោក។
លោកថ្លែងបន្តថា៖ «ខ្ញុំគិតថាអ្នកស្ម័គ្រចិត្តទាំងអស់គួរទទួលបាន ៥ ដុល្លារ ក្នុងមួយថ្ងៃពីព្រោះការងារនេះគឺជាការងារលំបាកនិងអាចមានហានិភ័យដោយសារបញ្ហាភ្លៀងនិងឆ្កែខាំ»។ លោកបានកត់សម្គាល់ថា អ្នកស្ម័គ្រចិត្តមួយចំនួនត្រូវបានឆ្កែខាំខណៈកំពុងបំពេញការងាររបស់ខ្លួន ហើយត្រូវចំណាយប្រាក់ប្រចាំថ្ងៃរបស់ខ្លួនដើម្បីចាក់ថ្នាំ។
មន្រ្តីសុខាភិបាលតំណាងឲ្យមន្ទីរសុខាភិបាលខេត្ត បានអមដំណើរទៅជាមួយអ្នកដាក់ថ្នាំទាំងនោះ ប៉ុន្តែត្រូវបានផ្តល់ឲ្យនូវប្រាក់ចំនួន ៥ ដុល្លារបន្ថែមដើម្បីផ្តល់ «ជំនាញបច្ចេកទេស» និងតាមដានការគ្រប់គ្រងនៃការដាក់ថ្នាំ។ នេះបើតាមលោក រ៉ា។
លោក រ៉ា បានថ្លែងថា៖ «អ្នកស្ម័គ្រចិត្តគួរតែទទួលបាន ១០ ដុល្លារក្នុងមួយថ្ងៃ ពីព្រោះអ្វីៗថ្លៃណាស់។ យើងធ្លាប់ស្នើសុំច្រើនជាងនេះសម្រាប់ពួកគេ ប៉ុន្តែយើងមិនទទួលបានដោយសារការបែងចែកថវិកាត្រូវបានកំណត់ដោយគោលនយោបាយរដ្ឋាភិបាល]»។
បើទោះបីជាទទួលបានប្រាក់ កម្រិតទាបបែបនេះក៏ដោយ ក៏ទិន្នន័យបង្ហាញនូវការធ្លាក់ចុះចំនួន ៥០ ភាគរយនៃករណីជំងឺ គ្រុនឈាមនិងករណីស្លាប់នៅក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១២។ នៅក្នុងខេត្ត កំពង់ចាម «មនុស្សបីនាក់បានស្លាប់និងជាង ១៦០០ នាក់ធ្លាក់ខ្លួនឈឺ ចន្លោះពីខែ មករានិង សីហា»។
វេជ្ជបណ្ឌិត ពៅ សាវិន អ្នកគ្រប់ជំងឺគ្រុនឈាមប្រចាំខេត្ត សៀមរាប បានបញ្ជាក់ថា ក្រុមអ្នកស័គ្រចិត្តដែលធ្វើការងារដាក់ថ្នាំកម្ចាត់សង្កូវទឹកត្រូវបានផ្តល់ឲ្យនូវចំនួនទឹកប្រាក់ដែលបានកំណត់ដោយគោលនយោបាយជាតិ។
សិស្សត្រូវបានបណ្តុះបណ្តាលនូវពេលវេលាបន្ថែមពីមុនពេលបញ្ចូនចេញទៅតាមភូមិធ្វើការងារ ហើយត្រូវបានផ្តល់ឲ្យនូវប្រាក់ចំនួន ២ ដុល្លារសម្រាប់ទិញ បាយនិងទឹកទទួលទាន។
វេជ្ជបណ្ឌិត បានថ្លែងបន្តថា៖ «យើងជាញឹកញាប់បានស្នើសុំឲ្យមានចំនួនច្រើនជាងនេះសម្រាប់ក្រុមអ្នកស្ម័គ្រចិត្ត ប៉ុន្តែមិនអាចទទួលបានដោយសារវាជាគោលនយោបាយជាតិដែលកំណត់អត្រានេះ»។ លោកបន្ថែមថា អត្រាជំងឺគ្រុនឈាមកំពុងកើនឡើងនៅក្នុងខេត្តរបស់លោក។
៩០ ភាគរយនៃផ្ទះប្រជាជនគួរត្រូវបានដាក់នូវថ្នាំកម្ចាត់ដង្កូវទឹក ហើយការព្យាបាលគួរអមជាមួយនឹងយុទ្ធនាការលើកកម្ពស់ការយល់ដឹង ជាសាធារណៈឲ្យបានទូលំទូលាយនៅក្នុងភូមិ ដោយធ្វើការអប់រំប្រជាជនអំពីការកម្ចាត់ដង្កូវទឹកនិងការគ្រប ពាងទឹក។
មន្រ្តីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា លោកបានជួបរបាយការណ៍ថាមានតែ ៥០‑៦០ ភាគរយប៉ុណ្ណោះនៃផ្ទះ ប្រជាជន ដែលទទួលបានការព្យាបាលនៅក្នុងខេត្តមួយចំនួន។
តើលុយនៅឯណា?
ដំណឹងអាក្រក់សិន៖ ជំងឺគ្រុនឈាមកំពុងត្រូវបានឆ្លងនៅកម្រិតទាបជារៀងរាល់ខែ ទូទាំងឆ្នាំនៅគ្រប់ខេត្តក្នុងប្រទេសកម្ពុជា ដោយសារតែការបង្កកំណើតនៅក្នុងផ្ទះនៃមូស Aedes ហើយដែលចំនួនមូសនេះនឹងកើនឡើងនៅក្នុងរដូវភ្លៀង នៅពេលដែលពាងទឹកឬវត្ថុទាំងឡាយដែលអាចដក់ទឹក ត្រូវបានបង្កកំណើតដោយមូស។
ក្នុងរយៈកាល ៥០ ឆ្នាំចុងក្រោយ អត្រានេះបានកើនឡើងទូទាំងពិភពលោកនៅក្នុងគ្រប់ប្រទេសនូវចំនួនមូសនេះ។
ក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសក្រីក្រដទៃៗទៀត ករណីនេះទំនងជាត្រូវបានរាយការណ៍តិចជាងការពិតដោយសារការតាមដានផ្អែកទៅលើចំនួនអ្នកជំងឺមួយដែលត្រូវបាន កត់ត្រាដោយមន្ទីរពេទ្យមូលដ្ឋាន។ ប៉ុន្តែអ្នកដែលមិនមានប្រាក់ឬមិនអាចមានលទ្ធភាពបង់ថ្លៃ ព្យាបាលអាចនឹងមិនត្រូវបានកត់ចូលនៅក្នុងចំនួននោះទេ។
ប៉ុន្តែប្រសិនបើត្រូវបានធ្វើរោគវិនិច្ឆ័យខុស ឬប្រសិនបើការព្យាបាលត្រូវបានពន្យារពេលជំងឺគ្រុនឈាមអាចឈានដល់ការស្លាប់នៅពេលដែលវាវិវត្ត ទៅដល់គ្រុន HDF ដែលជាធម្មតាហៅថា «គ្រុនឈាមធ្ងន់ធ្ងរ» ដែលនាំឲ្យកើនឡើងនូវធាតុរាវការពិបាកដកដង្ហើម ការហូរឈាមធ្ងន់ធ្ងរ ឬការអន់ថយសរីរាង្គ។ នេះបើតាមអង្គការសុខភាពពិភពលោក។
ឆ្នាំមុនៗកន្លងទៅចង្អុលថា ការផ្ទុះកើតមានជំងឺគឺចាប់ផ្តើមនៅក្នុងខែ មេសារហូតដល់ខែ ឧសភា ដោយកើនឡើងពីខែ សីហា និង ខែ កញ្ញា។
វាមានបួនប្រភេទនៃជំងឺគ្រុនឈាមគឺ Den-1, Den-2, Den-3, Den-4 ដែលមានន័យថា អ្នកអាចកើតជំងឺគ្រុនឈាមចំនួនបួនដងនៅក្នុងជីវិតរបស់អ្នក ហើយនៅតំបន់ដែលមានហានិភ័យនៃជំងឺគ្រុនឈាមមិនមានន័យថា មនុស្សម្នាក់បានឆ្លងប្រភេទទាំងបួននេះទេ។
លោក ចន្ថា បានថ្លែងថា៖ «Den-1 កើនឡើងខ្ពស់កាលពីឆ្នាំមុននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវាមាននៅគ្រប់ទីកន្លែង។ ក្នុងឆ្នាំ ២០១០ Den-2 និង Den-1 មានការកើតឡើងជាន់គ្នា។ ពីមុននោះ Den-2 បានគ្របដណ្តប់ច្រើនក្នុងឆ្នាំ ២០០៨‑២០០៩»។ នៅឆ្នាំក្រោយប្រភេទថ្មីមួយនឹងទំនងជាកើតមាន។
ដោយសារភាពស៊ាំនឹងមេរោគមានការវិវត្តកុមារគឺជាអ្នកងាយទទួលរងជំងឺនេះ។ ក្នុងខែ សីហា កុមារចំនួន ១៧៥២ នាក់ត្រូវបានទទួលព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយនឹង DHF នៅមន្ទីរពេទ្យគន្ធបុប្ផាចំនួនពីរ។ នេះបើតាមអ្នកនាំពាក្យ លោក Dr. Denis Laurent។
អ្នកស្រី ងោវ ពួយគាង អាយុ ៣៥ ឆ្នាំ ជាម្តាយដែលមានកូនបីនាក់រស់នៅក្នុងរាជធានីភ្នំពេញ បានថ្លែងថា៖ «ខ្ញុំយំយ៉ាងខ្លាំងនៅពេលខ្ញុំដឹងថា កូនស្រីរបស់ខ្ញុំមានជំងឺគ្រុនឈាម។ សំណាងណាស់ដែលពួកគេត្រូវបានទទួលចូលមន្ទីរពេទ្យទាន់ពេលវេលា»។
ដំណឹងល្អ? «អ្នកអាចការពារការស្លាប់បាន ដែលជាសាច់រឿងជោគជ័យដ៏ធំមួយនៅក្នុងរយៈពេល ២០‑៣០ ឆ្នាំចុងក្រោយនេះដោយសារការរីករាលដាលចំណេះដឹងថាអ្នកអាច ចៀសរយៈពេលវិបត្តិដោយតាមដានយកចិត្តទុកដាក់អំពីការគ្រប់គ្រងវត្ថុរាវ»។ នេះបើតាម លោក Steven Bjorge នៅអង្គការសុខភាពពិភពលោក។
ការដឹងភ្លាមៗនិងការមានលទ្ធភាពសមស្របក្នុងការទទួលបានការគាំពារសុខាភិបាលវាកាត់បន្ថយអត្រាស្លាប់ដល់ក្រោម ១ ភាគរយ។
បង្ហាញប្រាក់ឲ្យខ្ញុំមើលផង!
អ្នកស្រី ងោវ ពួយគាង ដែលជាម្តាយរស់នៅក្នុងរាជធានីភ្នំពេញ បានថ្លែងថា៖ «ខ្ញុំមិនដែលធ្វេសប្រហែលចំពោះសុខភាពកូនៗរបស់ខ្ញុំទេ»។
អ្នកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំបាញ់ថ្នាំមូសជារៀងរាល់ថ្ងៃនិងមិនឲ្យផ្ទះរបស់ខ្ញុំមានមូសទេ»។ តាមវិធានសុខាភិបាលខណៈការរក្សាបរិស្ថាននៅក្នុងផ្ទះនិងជុំវិញផ្ទះឲ្យមានរបៀបត្រឹមត្រូវ មានសារៈសំខាន់ចំពោះការកម្ចាត់ការរាលដាលនៃជំងឺគ្រុនឈាម គឺជាវិធីដែលប្រជាពលរដ្ឋត្រូវអនុវត្តជាប្រចាំ។
ខណៈពេលគេសួរថាតើលោកមានថវិកាគ្រប់គ្រាន់ឬអត់សម្រាប់ដោះស្រាយ និងការពារការឆ្លងរាលដាលនៃជំងឺនេះនៅតាមខេត្តលោក ចន្ថា បានថ្លែងថា លោកមានការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់ថវិកាដោយធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី ដោយលើកឡើងថាជា «ដៃគូបច្ចេកទេស»។
ថវិកាប្រមាណ ១,៨ លានដុល្លារក្នុងមួយឆ្នាំត្រូវបានផ្តល់ឲ្យដោយរដ្ឋាភិបាល ធនាគារអភិវឌ្ឍអាស៊ី និងធនាគារពិភពលោក សម្រាប់កម្មវិធីជំងឺគ្រុនឈាម៕ PS