ភ្នំពេញៈ លោកស្រី សម មុន្នីកា អតីតរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលទទួលរងនូវការរិះគន់យ៉ាងចាស់ដៃទាក់ទិនរឿងទារប្រាក់សំណងពីអ្នករត់តាក់ស៊ីដែលបានស្នើសុំលាលែងពីតំណែង អះអាងថា ដោយសារកិច្ចប្រឹងប្រែងបម្រើការងាររដ្ឋជាង ៣៥ឆ្នាំ មកនេះ ហាក់មិនមានន័យ រួមនឹងការនឿយហត់ជុំវិញការស្តីបន្ទោសរបស់មតិសាធារណជនមួយចំនួន។
តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ចប់មុខតំណែងលោកស្រី សម មុន្នីកា ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយសាមីខ្លួនសុំលាលែង។
លោកស្រី សម មុន្នីកា ដែលបានដាក់ស្នើសុំព្រះមហាក្សត្របញ្ចប់មុខតំណែងបានឲ្យដឹងថា៖ «ខ្ញុំខំធ្វើការងារបម្រើរដ្ឋជាង ៣៥ ឆ្នាំមកហើយ ទីបំផុតអត់មានន័យ គ្រាន់តែទាមទាររកយុត្តិធម៌សោះ បែរជាត្រូវគេជេរបញ្ចោរ ស្តីបន្ទោសទៅវិញ។ ការឈប់នេះ គ្មានការបង្ខំពីខាងណានោះទេ គ្រោះថ្នាក់នោះ បានធ្វើឲ្យខ្ញុំជិតអស់ជីវិតទៅហើយ ខ្ញុំត្រូវការពេលវេលា ដើម្បីសម្រាក។ កន្លងមកប្តីរបស់ខ្ញុំ មិនបានលូកដៃក្នុងរឿងនេះឡើយ គាត់ស្លូតបូតណាស់ រឿងទាំងនេះ មិនមានអ្វីទាក់ទងនឹងគាត់ ឬការងារគាត់ឡើយ»។
លោកស្រី សម មុន្នីកា ត្រូវបានស្គាល់ថា ជាភរិយារបស់លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោកស្រី បានបញ្ជាក់ថា ការស្នើសុំលាលែងពីតំណែងនេះ គឺដើម្បីបន្តការរស់នៅដោយស្ងប់ស្ងៀម និងដើម្បីសម្រាកព្យាបាលរបួស និងជំងឺផងដែរ ម្យ៉ាងលោកស្រី មានវ័យជាង ៦០ឆ្នាំ ទៅហើយ ទាមទារការសម្រាកឲ្យបានគ្រប់គ្រាន់។
ចំពោះរឿងនោះ លោក គឹម ពិសិដ្ឋ ម្ចាស់រថយន្ត ដែលបានបង់សំណងជំងឺចិត្ត ៤ ពាន់ដុល្លារ ទៅឲ្យលោកស្រី សម មុន្នីកា បានឲ្យដឹងថា៖ «ខ្ញុំសប្បាយចិត្តបន្ទាប់ពីដោះស្រាយ បានឡានត្រឡប់មកវិញ ប៉ុន្តែខ្ញុំសោកស្តាយដែរ ចំពោះលោកជំទាវ ដោយសារគាត់មានតំណែងធំដែរ»។
ជុំវិញរឿងរ៉ាវនៃគ្រោះថ្នាក់ចរាចរណ៍នៅ ខេត្តរតនគិរី នេះ បន្ទាប់ពីទទួលបានប្រាក់សំណងជំងឺចិត្ត ៤ ពាន់ដុល្លារ ប៉ុន្តែប្រាក់នោះ ត្រូវបានកាកបាទក្រហមកម្ពុជា ប្រកាសមិនទទួលយក ដោយចាត់ទុកថា ជាប្រាក់ស្មោកគ្រោកមក លោកស្រី សម មុន្នីកា ដែលគ្រានោះ ជារដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុក រិះគន់យ៉ាងដំណំនិងចាស់ដៃ បើទោះបីជា លោកស្រីអះអាងថា ជារឿងអយុត្តិធម៌សម្រាប់លោកស្រី ហើយលោកស្រីជាជនរងគ្រោះ រងការប្រមាថពីម្ចាស់រថយន្តក៏ដោយ។ ក្រោយមក កាកបាទក្រហមកម្ពុជា បានឧបត្តម្ភប្រាក់ដល់ម្ចាស់ឡាននោះ ចំនួន ២ ពាន់ដុល្លារបន្ថែមទៀត។
គេហទំព័រហេ្វសប៊ុកមួយចំនួនបាននាំគ្នាសាទរចំពោះការសម្រេចបញ្ចប់មុខតំណែងនេះដោយអះអាងថា ជាការសម្រេចចិត្តប្រកបដោយគតិយុត្តនិងត្រឹមត្រូវបំផុត៕