ព្រះសីហនុ/ភ្នំពេញៈ ជំនន់ទឹកភ្លៀងដែលហក់ឡើងឈានដល់ការបិទផ្លូវជាតិលេខ ៤ ឡើងវិញនៅត្រង់ចំណុចស្ពានសំរោងស្រុកក កំពង់សិលា ខេត្ដព្រះសីហនុ អាចស្រកវិញ និងបើកឱ្យធ្វើចរាចរណ៍ធម្មតាសម្រាប់រថយន្តធនតូច ប៉ុន្ដែទឹកជំនន់នេះ នឹងបន្ដហូរចុះទៅស្ទឹងព្រែកត្នោតនិងបង្កឲ្យមានលិចចូលក្នុងភូមិ-ឃុំមួយចំនួន។នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួង ធនធានទឹក និងឧត្ដុនិយមកាលពីម្សិលមិញ។
លោកបានថ្លែងថាគិតត្រឹមព្រឹកម្សិលមិញ (អាទិត្យ) ទឹកជំនន់នៅផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានសំរោង (គ.ម ១១៦-១១៧) ភូមិ ស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានចាប់ផ្តើមស្រកចុះវិញហើយប៉ុន្តែទឹកនៅបន្តហូរកាត់ពីលើផ្លូវជាតិនិងស្ពាននៅឡើយ។ពេលនេះទឹកកំពុងបន្តស្រកចុះយ៉ាងឆាប់រហ័សដែលអាចនឹងស្រកផុតផ្លូវជាតិនិងស្ពានទាំងស្រុងក្នុងពេលដ៏ខ្លីខាងមុខ។
លោក យុត្ថា អះអាងថា៖ «ទឹកជំនន់នៅផ្លូវជាតិលេខ៤គិតមកទល់ត្រឹមល្ងាច ម៉ោង ២ ម្សិលមិញ យើងអាចបើកឲ្យធ្វើចរាចរណ៍វិញធម្មតាចំពោះរថយន្ដធនតូចៗ ប៉ុន្ដែចំពោះរថយន្តធនធំយើងមិនទាន់អាចអនុញ្ញាតឲ្យធ្វើចរាចរណ៍បានទេ»។
លោកបន្ដឱ្យដឹងថាទឹកភ្លៀងនេះនឹងបន្ដស្រកចុះអស់ទាំងស្រុង ប្រសិនបើអាកាសធាតុអំណោយផលរាំងភ្លៀង ប៉ុន្ដែទឹកនឹងបន្ដហូរចាក់ទៅស្ទឹងព្រែកត្នោត និងស្ទឹង ស្លាគូ ដែលអាចបណ្ដាលឲ្យជន់លិចភូមិ-ឃុំមួយចំនួន។
លោក វី សំណាង អភិបាលខេត្ដកំពង់ស្ពឺ ថ្លែងកាលពីម្សិលមិញដែរថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា នៅតំបន់ភ្នំស្រួចចាប់តាំងពីថ្ងៃទី១៨ រហូតមកដល់រសៀលថ្ងៃទី១៩ខែសីហានេះគឺស្ថិតក្នុងកម្រិត១៨០ ម.ម បានបង្កឱ្យមានជំនន់ទឹកភ្លៀង វាយលុកឃុំមួយចំនួនរបស់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកបន្ដ៖«ផ្លូវជាតិលេខ៤ទឹកបានស្រកចុះវិញហើយ រថយន្ដអាចដំណើរការវិញបាន ប៉ុន្ដែទឹកបានមកហក់ឡើងនៅស្រុកភ្នំស្រួច ដែលបណ្ដាលឲ្យជន់លិចផ្ទះពលរដ្ឋ វាលស្រែ ចម្ការមួយចំនួន តែយើងមិនទាន់អាចសរុបលទ្ធផលបានទេ ព្រោះទឹកកំពុងបន្ដហក់ឡើងនិងជន់លិច»។
ការហក់ឡើងលើកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននៃទឹកទន្លេសេកុង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានធ្វើឲ្យភូមិឋានពលរដ្ឋដែលនៅតំបន់ទំនាបតាមដងទន្លេ ត្រូវបានទឹកលិចចូលជាបន្តបន្ទាប់ ។
ត្រឹមព្រឹកថ្ងៃទី ១៩ ខែសីហា ទឹកទន្លេសេកុង ក្នុងស្រុក សៀមប៉ាង បានកើនឡើងដល់កម្ពស់ ១១,៩៨ ម៉ែត្រ ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១១,៥០ ម៉ែត្រ ប៉ុណ្ណោះ។
ចំណែកទឹកស្ទឹងសង្កែក្រុង បាត់ដំបង មានកម្ពស់ ១២,៤២ ម (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១៣,៧៥ ម )។ ទឹកស្ទឹងសង្កែ នឹងបន្តកើនឡើងបន្តិចទៀត មុននឹងចាប់ស្រកចុះវិញនៅវេលាយប់នេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងធនធានទឹកនាល្ងាចថ្ងៃអាទិត្យម្សិលមិញ៕