បន្ទាយមានជ័យៈ ខណៈខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបណ្ដាខេត្តមួយចំនួនទៀត រួមទាំងរាជធានីភ្នំពេញទឹកបានចាប់ផ្ដើមស្រកទៅវិញជាបណ្ដើរៗនោះ នៅឯខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀង និងទឹកដែលហូរចាក់ពីប្រទេសថៃ តាមអូរព្រំដែនបានបង្កឱ្យមានការជន់លិចកាន់តែខ្លាំងឡើងថែមទៀត ដោយគ្របដណ្ដប់លើក្រុង-ស្រុកទាំង ៩ នៃខេត្តនេះទាំងមូល។
លោក លី សារី អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ដោយសារភ្លៀងនៅតែបន្តធ្លាក់ និងទឹកដែលហូរធ្លាក់មកពីស្ទឹងបវេល ខេត្តបាត់ដំបង និងពីប្រទេសថៃតាមអូរព្រំដែននៅតែបន្តហូរចាក់យ៉ាងគំហុកធ្វើឱ្យកម្ពស់ទឹកស្ទឹងមង្គលបុរី និងស្ទឹងសិរីសោភ័ណ ហក់ឡើងលើសពីកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ដែលបណ្ដាលឱ្យជន់លិច និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋសរុប ២២ ១៧៨ ខ្នងផ្ទះ ដែលស្ថិតនៅតាមតំបន់មាត់អូរ ស្ទឹង និងទីទំនាបនៃក្រុង-ស្រុកទាំង ៩ នៅទូទាំងខេត្តបន្ទាយមានជ័យ។
លោកបានថ្លែងថា៖ «គ្រោះទឹកជំនន់នេះបានធ្វើឱ្យពលរដ្ឋចំនួន ១៥ នាក់លង់ទឹកស្លាប់ និង ១៣ ៧៦៣ នាក់ក្នុងចំណោម ១៩៦ ៥៣៦ នាក់ ដែលរងផលប៉ះពាល់ដោយទឹកជន់លិចផ្ទះសំបែងត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព ខណៈដំណាំស្រូវជិត ៥ ម៉ឺនហិកតា និងដំឡូងមី រួមទាំងដំណាំរួមផ្សំ សរុបចំនួនជិត ១ ម៉ឺនហិកតាទៀតត្រូវបានទឹកជន់លិចទាំងស្រុង»។
ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ត្រូវបានទឹកជន់លិចផងដែរ ក្នុងនោះជន់លិចសាលារៀនចំនួន ១១៨ កន្លែង ប៉ះពាល់ដល់ការសិក្សារបស់សិស្សរាប់ពាន់នាក់ និងជន់លិចមណ្ឌលសុខភាពចំនួន ៩ កន្លែង និងសាលាឃុំ ៥ កន្លែង ប៉ះពាល់ដល់ការងារផ្ដល់សេវាសាធារណៈមួយចំនួននៅក្នុងសហគមន៍មូលដ្ឋានរួមទាំងជន់លិចប៉ះពាល់ផ្លូវ ៥៩៦ កន្លែង មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ ប៉ះពាល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផលនានាផងដែរ។
បើតាមលោក សារី ក្នុងចំណោមក្រុង-ស្រុកទាំង ៩ របស់ខេត្តបន្ទាយមានជ័យ ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង និងទឹកដែលហូរចាក់មកពីប្រទេសថៃនាពេលនេះមានក្រុង-ស្រុកចំនួន ៣ រួមមាន ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និង ស្រុកថ្មពួករងការជន់លិចធ្ងន់ធ្ងរជាងគេ។ លោកថ្លែងថា៖ «នៅពេលនេះល្បឿនទឹកដែលហូរធ្លាក់ពីប្រទេសថៃតាមអូរព្រំដែនក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង ៣ នេះបានថយចុះបន្តិច បើធៀបកាលពីថ្ងៃអាទិត្យ ដែលមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងជាប់តំបន់ជួរព្រំដែនកម្ពុជា-ថៃ»។
ក្រោមកិច្ចសហការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ ពិសេសពីកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទដែលរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាល ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងតំបន់ទំនាបជាប់មាត់អូរ ត្រូវបានជួយអន្តរាគមន៍ ជម្លៀសមកកាន់ទីទួលសុវត្ថិភាព ហើយត្រូវបានផ្ដល់ជំនួយសង្គ្រោះបឋមពីអាជ្ញាធរមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ កៅស៊ូតង់ កន្ទេលភួយមុង ផងដែរ។
លោក ប៊ុ ឈីន ពលរដ្ឋនៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទឹកបានជន់លិចភូមិរបស់លោកក្នុងជម្រៅត្រឹមចង្កេះកាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែគ្រួសាររបស់លោកនៅមិនទាន់សម្រេចចិត្តចាកចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាពនៅឡើយទេ។
លោកថ្លែងថា៖ «ជំនន់នេះគឺបង្កមកពីមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាជាច្រើនថ្ងៃ និងមកពីខាងភាគីថៃគេបានបើកទ្វារទឹកទម្លាក់ពីផ្នែកខាងលើមក។ យ៉ាងណាក្តីជំនន់នេះអាចនឹងស្រកទៅវិញក្នុងរយៈពេល ៤-៥ ថ្ងៃទៀតយ៉ាងយូរ ប្រសិនបើគ្មានភ្លៀង ហើយថៃបានបិទទ្វារទឹករបស់ពួកគេវិញ»។
អាជ្ញាធរថៃនៅខេត្តស្រះកែវកាលពីថ្ងៃទី ១៥ ខែតុលា បានជូនដំណឹងដល់ភាគីកម្ពុជាអំពីការបើកទ្វារទឹកនៅភាគខាងលើនៃស្រុកអារញ្ញ និងបានអំពាវនាវដល់ពលរដ្ឋកម្ពុជា ដែលរស់នៅក្នុងតំបន់ទីទំនាបតាមដងអូរព្រំដែន (កម្ពុជា-ថៃ) បង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាគ្រោះទឹកជំនន់។ នេះបើតាមលោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកថ្លែងថា គិតត្រឹមថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ គ្រោះជំនន់ទឹកភ្លៀង បានសម្លាប់មនុស្ស ២៥ នាក់ និងប៉ះពាល់ទីជម្រករបស់ប្រជាពលរដ្ឋជាង ៨ ម៉ឺនគ្រួសារ ស្មើនឹង ៣៤ ម៉ឺននាក់ក្នុងនោះ ៣៧ ៣៩៦ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយគ្នានេះទឹកជំនន់បានជន់លិច និងធ្វើឱ្យប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំសរុបជាង ៣០ ម៉ឺនហិកតា ប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំសរុបប្រវែងជាង ១ ៨០០ គ.ម៕
វីដេអូ៖