The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជំនន់​ទឹក​ភ្លៀង ​បន្ត​ប៉ះពាល់​ពលរដ្ឋ​ជាង ​៥ ពាន់​គ្រួសារ ​និង​ដំណាំ​ស្រូវ​

ជំនន់​ទឹក​ភ្លៀង ​បន្ត​ប៉ះពាល់​ពលរដ្ឋ​ជាង ​៥ ពាន់​គ្រួសារ ​និង​ដំណាំ​ស្រូវ​

Content image - Phnom Penh Post
ជំនន់ទឹក​ភ្លៀង​ប៉ះ​ពាល់​នៅ​ក្នុង​ខេត្ត​កំ​ពត។ រូបថត នគរ​បាល​

ជំនន់​ទឹក​ភ្លៀង ​បន្ត​ប៉ះពាល់​ពលរដ្ឋ​ជាង ​៥ ពាន់​គ្រួសារ ​និង​ដំណាំ​ស្រូវ​

ភ្នំពេញៈ ​ខេត្ដ​ជាប់​សមុទ្រ​ចំនួន ​៤ ​និង​ខេត្ដ​នៅ​ភាគ​ឥឦសាន​ចំនួន​ ២ ​បាន​រងគ្រោះ​​ធ្ងន់ធ្ងរ​ពី​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​ចាប់​តាំង​ពី​ដើម​ខែ​សីហា​រហូត​មក​ដោយ​បាន​បង្ក​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​​ដល់​ពលរដ្ឋ​ជាង​ ៥ ០០០​ គ្រួសារ​ និង​ដំណាំ​ស្រូវ​ជាង​ ៣ ០០០ ហិកតា ​រួម​ទាំង​ទ្រព្យ​សម្បត្ដិ​​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ថ្នល់​ សាលា​រៀន​មួយ​ចំនួន​។​

លោក​ កែវ ​វី​ អ្នក​នាំពាក្យ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាល​ពី​ម្សិលមិញ​ថា ​តួលេខ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​ចំនួន​ ៦ ​ខេត្ដ​ ពី​ជំនន់​ទឹក​ភ្លៀង​ ក្នុង​នោះ ​២ ​ខេត្ដ​នៅ​តំបន់​ភាគ​ឦសាន​ គឺ​ខេត្ដ​រតនគិរី​ និង​មណ្ឌលគិរី​ និង​ខេត្ដ​ជាប់​សមុទ្រ ​៤ ​ទៀត​ ព្រះសីហនុ​ កោះកុង​ កំពត និង​ខេត្ដ​កែប​។​

ខេត្ដ​ទាំង​ ៦ ​នោះ​មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន​ ៥ ៨៦៩ ​គ្រួសារ​ ភាគ​ច្រើន​ប៉ះពាល់​ខ្លាំង​ គឺ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ខេត្ដ​កំពត ​និង​ខេត្ដ​រតនគិរី​។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ជម្លៀស​ពលរដ្ឋ​​ចំនួន ​១ ៣៤២ គ្រួសារ ​ទៅ​ទីទួល​សុវត្ថិភាព​ ហើយ​ផល​ប៉ះពាល់​ផ្សេងៗ​ទៀត​ដូច​ជា​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ សាលា​រៀន​ចំនួន​ ១៩ ​សាលា​ វត្ដ​អារាម​លិច​ទឹក ​៨ ​វត្ដ ​ដំណាំ​ស្រូវ​លិច​ទឹក​ចំនួន ៣ ១១៩ ​ហិកតា ដំណាំ​រួម​ផ្សំ និង​ដំណាំ​ចម្ការ​ចំនួន​ ៧៥៣ ​ហិកតា​។ ​ដំណាំ​លិច​ទឹក​ទាំង​នេះ​ មាន​ខ្លះ​ខូចខាត​ និង​ខ្លះ​មិន​ខូចខាត​។ ​ដោយសារ​ទឹក​ជំនន់​ទឹក​ភ្លៀង​​លិច​មាន​រយៈពេល​ខ្លី​ ដូច្នេះ​ដំណាំ​ដូចជា​ដំណាំ​ស្រូវ​មិន​មាន​ការ​ខូចខាត​ទេ​។

លោក​ វី​ បាន​ថ្លែង​ថា៖ «​យើង​បាន​បែង​ចែក​ជា ​២ ​ច្រក ក្នុង​ខេត្ដ​ភាគ​ឦសាន ​និង​ខេត្ដ​ជាប់​សមុទ្រ។ ​កម្លាំង​យោធពល​ខេមរភូមិន្ទ​ រួម​នឹង​កង​រាជ​អាវុធហត្ថ ​និង​កងកម្លាំង​មូលដ្ឋាន ​បាន​​ត្រៀម​ខ្លួន​រួច​ហើយ ​សម្រាប់​ពេល​មាន​ហេតុការណ៍​កើត​ឡើង ​និង​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ភ្លាមៗ​»។

លោក​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​រងគ្រោះ​ពី​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ដ​រតនគិរី​បាន​ជម្លៀស​ចេញ​ពី​លំនៅឋាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ​ដោយ​នាំ​យក​សត្វ​ពាហនៈ ​និង​ទ្រព្យ​សម្បត្ដិ​ផ្សេងៗ មក​រក្សា​ទុក​នៅ​ទីទួល​មាន​សុវត្ថិភាព​។​

ទាក់ទង​នឹង​ផល​ប៉ះពាល់​សរុប​ពី​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ដ​ព្រះសីហនុ លោក​ កែវ​ ​វី​ នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​បូក​សរុប​នៅ​ឡើយ​ទេ។ ប៉ុន្តែ​សម្រាប់​ស្រុក​ព្រៃ​នប់​កម្លាំង​អន្តរាគមន៍​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពី​ទឹក​ជំនន់​ចំនួន ​២៩៥ ​គ្រួសារ ​ដោយ​ជម្លៀស​​មក​កាន់​ទីទួល​សុវត្ថិភាព ​ក្នុង​នោះ​ផ្ទះ​ពលរដ្ឋ​លិច​ទឹក​ចំនួន​ ១៤៣ ខ្នង​ផ្ទះ​។ ​​ដោយ​ឡែក​ចំពោះ​ខេត្ដ​ កែប​ និង​ខេត្ដ​កោះកុង​ មាន​ការ​រងគ្រោះ​តិចតួច​ប៉ុណ្ណោះ ព្រោះ​ខេត្ដ​ទាំង​នេះ ​មាន​ប្រព័ន្ធ​​បង្ហូរ​ទឹក​ចេញ​ច្រើន​ទៅ​កាន់​​ព្រែក​ និង​មាន​សមុទ្រ​ជា​ដើម​។

លោក​ កែវ​ វី​ បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត​កំពត​​មាន​ផល​ប៉ះពាល់​ច្រើន​។​ ពលរដ្ឋ​រង​ផល​ប៉ះពាល់​​នៅ​ក្នុង​ស្រុក​ចំនួន ​៤ មាន​​ចំនួន​ ៣ ០១២ ​គ្រួសារ។​ ​ជម្លៀស​​ពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព​​ចំនួន ​៦០ ​គ្រួសារ​ និង​ដំណាំ​ស្រូវ​ចំនួន​ ២៨៦ ​ហិកតា​ និង​ដំណាំ​​ទុរេន​ជាង ​២ ហិកតា​​ រង​ផល​ប៉ះពាល់​ជន់​លិច​។​

ទាក់ទង​នឹង​ជំនន់​ទឹក​ភ្លៀង​នេះ​កាល​ពី​ពេល​ទៀប​ភ្លឺ​ថ្ងៃទី ​១២ ​ខែ សីហា បាន​បង្ក​ឲ្យ​បាក់​ទំនប់​បង្ហៀរ​ទឹក ​ឈ្មោះ​ទំនប់​​កូនសត្វ​ ឬ​ទំនប់​ប្រទាក់​ក្រឡា ​ស្ថិត​នៅ​ឃុំ​កូន​សត្វ​ ស្រុក​ទឹកឈូ ​ខេត្ត​កំពត។​ ប៉ុន្ដែ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ទេ​។​

លោក​ ជាវ ​តាយ​ អភិបាល​ខេត្ដ​កំពត​ បាន​អះអាង​ថា ​មិន​មាន​ផល​ប៉ះពាល់​ដល់​​ពលរដ្ឋ​ទេ​ ព្រោះ​អាជ្ញាធរ​បាន​បិទ​ជិត​វិញ​អស់​ហើយ មិន​មាន​ហានិភ័យ​ពី​ទឹក​ជំនន់​ធំ​ដុំ​ទេ។ ​ទឹក​ក៏​បាន​ចាប់​ផ្ដើម​ស្រក​វិញ​ខ្លះ​ហើយ។​ ពលរដ្ឋ​ក៏​មិនមាន​​លិចលង់​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដែរ​។

លោក ​លឹម​ គានហោ ​រដ្ឋមន្រ្ដី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ​​យក​គ្រឿង​ចក្រ​ធុន​ធំ​ប្រមាណ​ ២០ ​គ្រឿង​ ​និង​កម្មករ​សរុប​ចំនួន​ ១០០ ​នាក់ ប្រើ​​ពេល​ជាង​ ២០ ម៉ោង ​ទើប​ទប់​ទំនប់​ដែល​បាក់​នោះ​បាន​ជោគជ័យ​។​​ ក្រសួង​បញ្ជាក់​ថា ​ការងារ​ទប់ទល់​ការ​ហូរ​ដាច់​នៃ​ទំនប់​អាង​ទឹក​កូន​សត្វ​ ទំនប់​ត្រូវ​បាន​បិទ​ភ្ជិត​ទាំង​ស្រុង​នៅ​ម៉ោង​ ៨ ព្រឹក​ម្សិលមិញ​នេះ។ ​ទំនប់​អាង​ទឹក​នេះ ​ជា​ប្រភេទ​អាង​ដែល​ហៅ​ថា​ អាង​ទឹក​តភ្ជាប់​ភ្នំ ​២ ​ភ្នំ​តាពក​ និង​ភ្នំ​កូនសត្វ​ ដែល​មាន​លទ្ធភាព​រក្សា​ទឹក​ទុក​ក្នុង​បរិមាណ​ ១០ ​លាន​ម៉ែត្រ​គុប ​ដោយ​មាន​របប​ជ្រោះ​ទឹក​ហូរ​ខ្លាំង។​

លោក​ ឃាង​ ភារម្យ​ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ដ​ព្រះសីហនុ​ផ្ដើម​ស្រក​ចុះ​ខ្លះ​ហើយ ​ចំណែក​ទឹក​ភ្លៀង​នៅ​បន្ត​ធ្លាក់​តិចតួច​ប៉ុណ្ណោះ​កាល​ពី​ម្សិលមិញ​ នៅ​តាម​ក្រុង​ស្រុក​ឃើញ​ថា ​ទឹក​មាន​ការ​ស្រក​ចុះ​ហើយ ​បើ​សិន​ជា​ភ្លៀង​មិន​បន្ត​ធ្លាក់​ទេ​ គឺ​លែង​មាន​បញ្ហា​អ្វី​ទៀត​ហើយ​។​

លោក​ ទៀ ​បាញ់ ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​​ កាល​ពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​កង​ទ័ព​ទាំង​អស់​ និង​អាជ្ញាធរ​មូលដ្ឋាន​ ត្រៀម​ខ្លួន​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​។

លោក​បាន​ថ្លែង​ថា​៖ «​សូម​បងប្អូន​កង​ទ័ព​ទាំង​អស់​ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ​ដើម្បី​ជួយ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​របស់​យើង»។

លោក ​យន់ ​ផល្លី ​មន្រ្ដី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ដ​កំពត​ បាន​ឲ្យ​ដឹង​ថា ​ដោយសារ​ភ្លៀង​ធ្លាក់​ចាប់​តាំង​ពី​ដើម​ខែ​សីហា រួម​នឹង​ការ​បើក​ទ្វារ​ទឹក​ទំនប់​វារី​អគ្គិសនី​កំចាយ​ ទើប​បង្ក​ឲ្យ​មាន​ការ​ជន់​លិច​ខ្លាំង​នៅ​ស្រុក​ឈូក ​ដោយ​ប៉ះពាល់​​​ដល់​ពលរដ្ឋ​ចំនួន ​៤ ឃុំ​​។

លោក​បន្ត​ថា​៖ «ប៉ុន្ដែ​ពេល​នេះ ​ទឹក​ជំនន់​មាន​ការ​ថយ​ចុះ​ហើយ​។ ​ជំនន់​ទឹក​ភ្លៀង​ និង​ទឹក​ជំនន់​ពី​ការ​បាក់​ទំនប់​នេះ​ វា​មាន​ការ​ជន់​លិច​រយៈពេល​ខ្លី​ ដូច្នេះ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ទេ»។​ យ៉ាង​ហោច​ណាស់​មនុស្ស ​៤ នាក់​បាន​ស្លាប់​ ​ដោយ​គ្រោះ​ជំនន់​ទឹក​ភ្លៀង ​ដែល​បាន​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​រតនគិរី​ ព្រោះ​​​រង​ឥទ្ធិពល​ខ្យល់​ព្យុះ​​តាំង​ពី​ដើម​ខែ​សីហា​៕

អត្ថបទគួរចាប់អារម្មណ៍