ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​បើក​ផ្ដល់​អាហារូបករណ៍​ចំនួន ១៣ ​ពាន់​កន្លែង​ដែល​ជា​ប្រភេទ​ជំនាញ​វិជ្ជាជីវៈ​កំពុង​មាន​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​សិស្ស​ដែល​បាន​ប្រឡង​ធ្លាក់​បាក់ឌុប​ (​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​)​ ​កាលពី​ខែ​សីហា​កន្លង​មក​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា អាហារូបករណ៍​ជា​​ជំនាញ​វិជ្ជាជីវៈ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ជាង​គេ រៀន​ហើយ​ឆាប់​បាន​ការងារ​ធ្វើ​នោះ​មាន​ជំនាញ​ជួសជុល​រថយន្ត អគ្គិសនី សំណង់​ស៊ីវិល អេឡិចត្រូនិក ជួសជុស​ម៉ាស៊ីន​ត្រជាក់ វិស្វកម្ម​រថយន្ត និង​ជាង​កំបោរ​ជាដើម​ដែល​សិស្ស​ម្នាក់ៗ​អាច​ទាក់ទង​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រាជធានី និង​ខេត្ត​ចាប់ពី​ខែ​កញ្ញា​រហូត​ដល់​ចុង​ខែ​តុលា​។ ជំនាញ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នេះ​ត្រូវ​បាន​ចែក​ជា ៣ ​កម្រិត​សម្រាប់​សិស្ស​ជ្រើសរើស​។

លោក ហេង សួរ ថ្លែង​ថា​៖ «​កុំ​មើលឃើញ​តែ​ផ្លូវ​ឧត្ដមសិក្សា​តែ​មួយ​ដែល​ជា​ផ្លូវ​សម្រាប់​ចាប់​យក​ជំនាញ​នោះ​។ តាម​ការពិត​យើង​នៅ​មាន​ផ្លូវ​ ២ ​ផ្សេង​ទៀត​គឺ​អាច​សិក្សា​កម្រិត​មធ្យម​បច្ចេកទេស ឬ​ក៏​បច្ចេកទេស​ជាន់​ខ្ពស់​ក៏​បាន​ដែរ​។ បើ​សិន​ជា​ចប់​ ២ ​ឆ្នាំ​ចង់​បន្ដ​ការសិក្សា​ទៀត​ក៏​អាច​ទទួល​បាន​សញ្ញាបត្រ​កម្រិត​បច្ចេកទេស​ថ្នាក់ឧត្ដម​សិក្សា​មាន​តម្លៃ​ស្មើ​ទៅ​នឹង​បរិញ្ញាបត្រ​នៅ​តាម​សាកលវិទ្យាល័យ​នានា​ដូច​គ្នា​»​។

លោក​ សួរ បាន​អះអាង​ថា​អាហារូបករណ៍​ដែល​ផ្ដល់​ជូន​សិស្ស​និស្សិត ប្រមាណ​ជាង​ ១៣ ​ពាន់​កន្លែង​នោះ​មាន​សាលា​បច្ចេកទេស និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សរុប​ចំនួន ៣៩ សាលា​ស្ថិត​ក្រោម​ក្រសួង​ការងារ ខណៈ​នៅ​ក្នុង​មួយ​រាជធានី​/​ខេត្ដ​យ៉ាង​តិច​មាន​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ ១ ហើយ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៨ ​សាលា​ធំៗ​សម្រាប់​ឲ្យ​សិស្ស និស្សិត ជ្រើសរើស​ពិចារណា​ចូល​រៀន​បាន​។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​ខែ​សីហា​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​សិក្សា ២០១៨ -២០១៩ នេះ​ក្រសួង​ការងារ​បាន​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​/​អនុបណ្ឌិត បរិញ្ញាបត្រ​បច្ចេកវិទ្យា​/​ឯកទេស សញ្ញាបត្រ​វិស្វករ សញ្ញាបត្រ​ជាន់​ខ្ពស់​/​បរិញ្ញាបត្ររង បច្ចេកវិទ្យា​/ ឯកទេស សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​សរុប​ចំនួន​ ១៣ ៧៨៧ ​កន្លែង​។

យ៉ាង​ហោច​ណាស់​សិស្ស​ប្រមាណ​ជាង​ ៣៩ ​ពាន់​នាក់​បាន​ប្រឡង​បាក់ឌុប​ធ្លាក់​កាល​ពី​ខែ​សីហា​កន្លង​មក​នេះ​ក្នុង​នោះ​មាន​សិស្ស​មួយ​ចំនួន​បាន​ប្ដឹង​តវ៉ា​ចំពោះ​លទ្ធផល​ដែល​ពួកគេ​គិត​ថា​មាន​ភាព​មិន​ប្រក្រតី ទើប​ក្រសួង​អប់រំ​ត្រួតពិនិត្យ​ឡើង​វិញ​ដែល​ធ្វើឲ្យ​សិស្ស​មួយ​ចំនួន​មាន​ការ​កែប្រែ​លទ្ធផល​ប្រឡង​ជាប់​ឡើង​វិញ​។

ទោះបី​គណៈកម្មការ​កោសល្យវិច័យ​នៃ​ក្រសួង​អប់រំ បាន​ស្រាវជ្រាវ​រកឃើញ​កំហុស​បច្ចេកទេស និង​បាន​ប្រកាស​លទ្ធផល​ប្រឡង​ជាថ្មី​ហើយ​ក៏ដោយ ប៉ុន្ដែ​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ ទី ​១៧ ខែ​កញ្ញា​នេះ​នៅ​តែ​បន្ដ​មាន​សិស្សានុសិស្ស​មក​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​ការមិន​សុខចិត្ដ​នឹង​លទ្ធផល​នៅ​ក្រសួង​អប់រំ​នៅ​ឡើយ​។

លោក ឌី ខាំបូលី អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ថា​៖ «​នៅ​តែ​មាន​សិស្ស​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ក្រសួង​អប់រំ​នៅ​ឡើយ ប៉ុន្ដែ​យើង​មិន​ទាន់​បូក​សរុប​ថា​មាន​ប៉ុន្មាន​នៅ​ឡើយ​ទេ​»​។

លោក​ ខាំបូលី បាន​បញ្ជាក់​ថា​កម្ពុជា​បច្ចុប្បន្ន​នៅ​ខ្វះ​អ្នក​បច្ចេកទេស​ច្រើន ដើម្បី​ឲ្យ​សង្គម​កម្ពុជា​ឆ្ពោះ​ទៅ​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​ ២០៥០ ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​គឺ​លុះត្រា​តែ​វិនិយោគ​ទៅ​លើ​ការអប់រំ​បច្ចេកទេស វិជ្ជាជីវៈ​ចាប់ពី​ពេល​នេះ​​តទៅ​ដើម្បី​ធានា​ថា​កម្ពុជា​នឹង​មាន​អ្នកបច្ចេកទេស​បំពេញ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ការងារ​៕