
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ជួបជាមួយតំណាងក្រុមហ៊ុន Microsoft កាលពីថ្ងៃទី ២៧ កុម្ភៈ។ សហការី
ភ្នំពេញៈ តំណាងក្រុមហ៊ុន Microsoft កាលពីថ្ងៃទី ២៧ កុម្ភៈ បានជួបជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡានៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដើម្បីពិភាក្សាលើការធ្វើបច្ចុប្បន្នភាពក្នុងការគាំទ្រលើកម្មវិធី Microsoft ដល់សាលារៀនជំនាន់ថ្មីឬសាលារៀនឌីជីថលនៅកម្ពុជាទាក់ទងនឹងមុខវិជ្ជាវិទ្យាសាស្ត្រ។
តាមរយៈកិច្ចប្រជុំនេះ លោករដ្ឋមន្ដ្រីក្រសួងអប់រំបានបង្ហាញថា៖ «ក្រុមហ៊ុន Microsoft បានបន្តកិច្ចសហការជាមួយក្រសួងអប់រំលើវិស័យអាទិភាព និងពង្រីកការផ្តល់ជំនួយបច្ចេកទេស និងធនធាន»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា៖ «កិច្ចសហការនេះនឹងជួយជ្រោមជ្រែងគោលនយោបាយលើមុខវិជា្ជ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែលមានស្រាប់របស់ក្រសួងអប់រំ យុវជន និងកីឡា»។
លោកបានបញ្ជាក់ថា៖ «វានឹងជួយជំរុញផងដែរក្នុងការធ្វើឲ្យសម្រេចនូវអាទិភាពរបស់រដ្ឋមន្ដ្រីក្រសួងអប់រំលើ «ការអប់រំតាមបែបឌីជីថលសម្រាប់សេដ្ឋកិច្ចឌីជីថល» នៅកម្ពុជា»។
បន្ទាប់ពីជំនួបនោះនៅរសៀលថ្ងៃដដែល លោករដ្ឋមន្ដ្រីក្រសួងអប់រំបានប្រគល់កុំព្យូទ័រជាច្រើនគ្រឿងដល់សាលាមធ្យមសិក្សាធនធានចំនួន ៤៨ នៅទូទាំង ២៥ រាជធានី ខេត្ត ដើម្បីបំពេញតាមតម្រូវការ និងដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់សិស្សានុសិស្សដែលជាចំណេះដឹងដ៏សំខាន់ មិនអាចខ្វះបានស្របពេលដែលវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនទៅមុខឥតឈប់ឈរ។
ក្នុងពិធីប្រគល់កុំព្យូទ័រនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ និងសិក្ខាកាមមកពី ២៥ រាជធានី ខេត្ត សរុប ៩៨ នាក់។
នៅក្នុងពិធីនោះ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់គ្រូបង្រៀនទាំងអស់ផងដែរ ដោយលោកថា ត្រូវបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យា និងចេះប្រើប្រាស់កុំព្យូទ័រដើម្បីសម្រួលដល់ការបង្រៀន។
នៅពេលទាក់ទងសុំការបកស្រាយបន្ថែមពីលោកស្រីតំណាងក្រុមហ៊ុន Microsoft កាលពីម្សិលមិញ លោកស្រីមិនបានឆ្លើយតបទេ ដោយបញ្ជាក់ថា ត្រូវការសុំការអនុញ្ញាតពីថ្នាក់ដឹកនាំជាមុនសិន ទើបអាចឆ្លើយប្រាប់បាន៕