The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជំនួយ​ខាង​ក្រៅ​ មាន​ឥទ្ធិពល​ដល់​ការ​អនុវត្ត​នយោបាយ​ថែទាំ​សុខភាព

ជំនួយ​ខាង​ក្រៅ​ មាន​ឥទ្ធិពល​ដល់​ការ​អនុវត្ត​នយោបាយ​ថែទាំ​សុខភាព

Content image - Phnom Penh Post
មន្ត្រី​សុខាភិបាល​ខេត្ត​កណ្ដាល​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​កាលពី​ឆ្នាំ​មុន​។ រូបថត Tang Chhin Sothy/AFP

ជំនួយ​ខាង​ក្រៅ​ មាន​ឥទ្ធិពល​ដល់​ការ​អនុវត្ត​នយោបាយ​ថែទាំ​សុខភាព

ភ្នំពេញៈ ការ​សិក្សា​ថ្មី​មួយ​បាន​រកឃើញ​ថា​ម្ចាស់​ជំនួយ​ខាង​ក្រៅ​ត្រូវ​បាន​គេ «​យល់​ឃើញ​ថា​មាន​ឥទ្ធិពល​ខ្លាំង​» នៅ​លើ​ដំណើរការ​អនុវត្ត​គោលនយោបាយ​ថែទាំ​សុខភាព​ជាតិ​នៅ​កម្ពុជា​។ របាយការណ៍​ស្រាវជ្រាវ​នេះ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ​សិក្សា Hygiene and Tropical Medicine នៃ​ក្រុង​ឡុងដ៍​កាលពី​ដើម​ខែ​នេះ​។

ការ​សិក្សា​នេះ​បាន​ផ្តោត​លើ​ប្រទេស​កម្ពុជា និង​ប៉ាគីស្ថាន​ជា​ប្រទេស​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​សម្ភាស​អ្នក​ផ្តល់​ព័ត៌មាន​ចំនួន​ ១០ ​ទៅ​ ១៤ ​នាក់​រៀងៗ​ខ្លួន​។

ការ​សិក្សា​នេះ​បាន​បញ្ជាក់​ថា​ខណៈ​ដែល​ការ​ព្រួយបារម្ភ​ត្រូវ​បាន​គេ​លើក​ឡើង​អំពី​ឥទ្ធិពល​របស់​ម្ចាស់​ជំនួយ​ខាង​ក្រៅ​លើ​ដំណើរការ​អនុវត្ត​គោលនយោបាយ​សុខភាព​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​គឺ​មាន​ការ​សិក្សា​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ស៊ើបអង្កេត​អំពី​ទស្សនៈ និង​បទពិសោធ​របស់​អ្នក​បង្កើត​គោលនយោបាយ​ និង​អ្នក​ផ្តល់​ប្រឹក្សា​ក្នុង​ស្រុក​។

លោកស្រី​វេជ្ជបណ្ឌិត Mishal- S. Khan ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​ហើយ​ក៏​ជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​គោលនយោបាយ​វេជ្ជសាស្ត្រ និង​ប្រព័ន្ធ​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ School of Hygiene- and Tropical Medicine នៃ​ទីក្រុង​ឡុងដ៍​បាន​ឲ្យ​ដឹង​ថា​ប្រទេស​ទាំង​នេះ​ត្រូវ​បាន​ជ្រើសរើស​ដោយសារ​ប្រវត្តិ​ដែល​មាន​កម្រិត​នៃ​ការ​ពឹង​ផ្អែក​ខ្ពស់​ទៅ​លើ​ការ​ផ្តល់​ជំនួយ​។

លោកស្រី​បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ថា​៖ «​អ្នក​ផ្តល់​ជំនួយ​ខាង​ក្រៅ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​គោលនយោបាយ​សុខភាព​នៅ​កម្ពុជា​ពីព្រោះ​ពួកគេ​ជា​អ្នក​គ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​... ប៉ុន្តែ​ទោះបី​ជា​ធនធាន​ហិរញ្ញវត្ថុ​មិន​បាន​មកពី​អ្នក​ផ្តល់​ជំនួយ​ក្រៅ​ប្រទេស​ក្តី​ក៏​វា​អាច​ជះ​ឥទ្ធិពល​ដល់​គោលនយោបាយ​សុខភាព​នេះ​ផង​ដែរ​ដោយសារ​តែ​អ្នក​បង្កើត​គោលនយោបាយ​ក្នុង​ស្រុក​ពឹង​ផ្អែក​ពួកគេ​តាមរយៈ​ចំណេះដឹង បច្ចេកទេស​ និង​ជំនាញ​ដែល​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​ក្នុង​គោលនយោបាយ​បែប​វិទ្យាសាស្ត្រ​ទាំង​នោះ​»​។

ការសិក្សា​នោះ​បាន​បញ្ជាក់​ថា​ជាទូទៅ​អ្នក​ធ្វើ​គោលនយោបាយ​នៅ​កម្ពុជា​តែងតែ​មាន​អារម្មណ៍​ថា​កម្រិត​ និង​លទ្ធភាព​ទទួល​បាន​ជំនួយ​មកពី​ខាង​ក្រៅ​ជារឿយៗ​វា​តែងតែ​កំណត់​នូវ​បញ្ហា​ដែល​ត្រូវ​បាន​ដាក់​ខ្ពស់​នៅ​លើ​របៀបវារៈ​ជាតិ​ក៏​ដូចជា​ប្រភេទ​អន្តរាគមន៍​ដែល​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​ទាំង​នោះ​។

អ្នក​ផ្តល់​បទសម្ភាស​ម្នាក់​នៅ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​ថា គោលដៅ​គឺ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ប្រឆាំង​មេរោគ​អេដស៍​សកល​ ៩០ ​ទាំង​បី​ (៩០-៩០-៩០) គឺ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ការ​អនុវត្ត​កម្មវិធី​នៅ​ក្នុង​ប្រទេស​ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​។

លោកស្រី Khan បាន​ថ្លែង​ថា​៖ «​ប៉ុន្តែ​ការ​កំណត់​គោលដៅ​គោលនយោបាយ​ និង​លំហូរ​មូលនិធិ​ជា​សកល​វា​បាន​កំណត់​ដោយ​ភ្នាក់ងារ​នៅ​ក្រៅ​ប្រទេស​ដែល​អាច​មាន​ន័យ​ថា​បញ្ហា​ដែល​សំខាន់​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ពេញលេញ​នោះ​ទេ​»​។ ជា​ឧទាហរណ៍​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្ដរជាតិ​ម្នាក់​បាន​ថ្លែង​ថា​អ្នក​ផ្តល់​ប្រឹក្សា​គោលនយោបាយ​បាន​ប្រើ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នៅ​កម្ពុជា​ជា​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ថា​តើ​ការ​ពឹង​ផ្អែក​ទៅ​លើ​ការ​ផ្តល់​ជំនួយ​បាន​រង​ផលប៉ះពាល់​អ្វី​ខ្លះ​ដល់​គោលនយោបាយ​ថែទាំ​សុខភាព​នេះ​។

លោកស្រី​បាន​ពន្យល់​ថា​៖ «​ទោះបី​ជា​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​ស្រុក​ក៏​បាន​ដឹង​អំពី​តម្រូវការ​បន្ទាន់​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដែរ​ដែល​បញ្ហា​នេះ​បាន​កើត​មាន​ដោយសារ​តែ​ឥទ្ធិពល​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ប្រទេស ប៉ុន្តែ​បញ្ហា​នេះ​មិនមែន​ជា​គោលដៅ​សុខភាព​អាទិភាព​នោះ​ទេ​រហូត​ដល់​ឆ្នាំ​ ២០១៦...​ដោយសារ​តែ​ខ្វះ​ជំនួយ ដែល​រដ្ឋាភិបាល​កំពុង​តែ​ពឹង​ផ្អែក​»​។

អ្នក​ផ្តល់​ព័ត៌មាន​ម្នាក់​ទៀត​នៅ​កម្ពុជា​បាន​រាយការណ៍​ថា​គាត់​បាន​ឃើញ​ការ​កើនឡើង​ភ្លាមៗ​នៅ​ក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​ពួកគេ​បាន​ផ្ដោត​លើ​ប្រធានបទ​ជាក់លាក់​ដែល​ជា​ទូទៅ​មិន​ទាក់ទង​នឹង​អាទិភាព​ថ្នាក់​ជាតិ​ ឬ​សូម្បី​តែ​អាណត្តិ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ផ្ទាល់​ដូច​ដែល​ពួកគេ​ត្រូវ​ពឹង​ផ្អែក​លើ​ប្រាក់​ជំនួយ​ដើម្បី​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​។

លោក​ ជុំ សុផា នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​សុខភាព​ និង​អភិវឌ្ឍន៍​បាន​យល់​ស្រប​ថា​ពេល​ខ្លះ​ការងារ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​អាស្រ័យ​លើ​ជំនួយ​ដែល​មាន​។

លោក​ថ្លែង​ថា​៖ «​ជួនកាល​យើង​មិន​ចង់​ធ្វើ​បែប​នេះ​ទេ ប៉ុន្តែ​យើង​ព្យាយាម​ទទួល​ជំនួយ​ពីព្រោះ​វា​ល្អ​ដែល​បាន​ធ្វើ​អ្វី​មួយ​ប្រសើរ​ជាង​មិន​បាន​ធ្វើ​អ្វី​សោះ យើង​មើល​ឃើញ​បញ្ហា​ [​ខាង​ក្នុង​] ​ប៉ុន្តែ​យើង​មិន​មាន​មូលនិធិ​»​។ លោក​បាន​បន្ថែម​ថា​ជាទូទៅ​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​មក​ពី​ខាង​ក្រៅ​ភាគច្រើន​គឺ​គេ​ផ្តោត​លើ​ជំងឺ​ឆ្លង​។ លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ជំងឺ​មិន​ឆ្លង​ទេ​»​។

លោកស្រី Khan បាន​ថ្លែង​ថា​ទន្ទឹម​នឹង​នេះ​ដែរ​វា​ក៏​មាន​សារៈសំខាន់​ដែរ​សម្រាប់​គោលនយោបាយ​ដែល​ត្រូវ​បាន​កំណត់​ និង​គ្រប់គ្រង​ដោយ​ភាគី​ពាក់ព័ន្ធ​កម្ពុជា​ពីព្រោះ​ថា​វា​​ធ្វើឲ្យ​ពួកគេ​កាន់តែ​អាច​បន្ត​​ការងារ​បាន​ដោយ​គ្មាន​ការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​។

លោកស្រី​បន្ថែម​ថា​៖ «​ជា​ញឹកញាប់​ប្រសិន​បើ​គោលនយោបាយ​មួយ​ត្រូវ​បាន​អនុម័ត​គឺ​ដោយសារ​តែ​ភ្នាក់ងារ​ខាង​ក្រៅ​កំពុង​ជំរុញ​ហើយ​បន្ទាប់​មក​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ស្រុក​នឹង​ចូលរួម​ជាមួយ​វា​ ប៉ុន្តែ​មិន​បាន​គាំទ្រ និង​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ពេញលេញ​ទាំង​ស្រុង​ទេ​»​។

លោកស្រី Khan ថ្លែង​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ដំណើរការ​ទៅ​មុខ​អ្នក​បង្កើត​គោលនយោបាយ​កម្ពុជា​អាច​បង្កើន​កិច្ចសហការ​គ្នា​នៅ​ទូទាំង​សាកល​វិទ្យាល័យ​នានា​ និង​ភ្នាក់ងារ​បច្ចេកទេស​ក្នុង​ស្រុក​ដើម្បី​អភិវឌ្ឍ​បញ្ជី​អាទិភាព​រួម​មួយ​សម្រាប់​គោលនយោបាយ​សុខភាព​ដែល​មាន​សារៈសំខាន់​សម្រាប់​បរិបទ​កម្ពុជា​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​វិធី​នេះ​ពួកគេ​មិន​ចាំ​បាច់​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ និង​សមត្ថភាព​ពី​ភ្នាក់ងារ​ម្ចាស់​ជំនួយ​ពី​ខាង​ក្រៅ​ទេ​។ វា​ក៏​អាច​មាន​ប្រយោជន៍​ផង​ដែរ​នៅ​ក្នុង​ការ​វិនិយោគ​លើ​ការ​កសាង​សមត្ថភាព​របស់​អ្នក​បង្កើត​គោលនយោបាយ​ដើម្បី​អាច​បង្កើត​ និង​ប្រើប្រាស់​ភ័ស្តុតាង​បែប​វិទ្យាសាស្ត្រ​ដែល​ចំណុច​ទាំងអស់​នេះ​វា​នឹង​អាច​​ជួយ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​ភ្នាក់ងារ​ផ្តល់​ជំនួយ​ពី​ខាង​ក្រៅ​បាន​»៕ NS

អត្ថបទគួរចាប់អារម្មណ៍