ភ្នំពេញៈ ជំនួយ​ជា​វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ក្នុង​ជំហាន​ទី​២ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​ ៧០ ​ម៉ឺនដូស​បន្ថែមទៀត​នឹង​ ដឹក​មកដល់​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២១ ​នេះ​ដែល​ចំនួន​នេះ​នឹងត្រូវ​បែង​ចែកជា​ ២ ​គឺ​ ៤០ ​ម៉ឺនដូស​ដល់​ក្រសួង​សុខាភិបាល និង​ ៣០ ​ម៉ឺនដូស​ដល់​ក្រសួង​ការពារជាតិ​។

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ឱ្យ​ដឹងថា ក្រសួង​ការពារជាតិ​នឹង​ទទួលបាន​វ៉ាក់សាំង​ស៊ីណូហ្វាម​នេះ​ចំនួន​ ៣០ ​ម៉ឺនដូស សម្រាប់​ចាក់​ជូន​ដល់​កងកម្លាំង និង​ក្រុមគ្រួសារ​កងទ័ព ដែល​មិនទាន់​បាន​ចាក់​។

លោក​លើកឡើង​ថា​៖ «​នៅ​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២១ ខាង​មុខ​នេះ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាមរយៈ​ក្រសួង​ការពារ​ប្រទេស​នឹង​ផ្តល់ជូន​វ៉ាក់សាំង​ស៊ីណូហ្វាម​បង្ការ​ជំងឺ​កូវីដ​ ១៩​ ដែលជា​ជំនួយ​ឧបត្ថម្ភ​លើក​ទី​២ ​ចំនួន​ ៧០ ម៉ឺនដូស​ជូន​ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជំនួយ​ឧបត្ថម្ភ​នេះ​នឹង​ដឹក​តាម​យន្តហោះ​របស់​កងទ័ព​ជើងអាកាស​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។

ការបញ្ជាក់​របស់​លោក ទៀ បាញ់ នេះ ដូចគ្នា​នឹង​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៦ ខែមីនា ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ១,៥ លានដូស​ ដែល​កម្ពុជា​ទិញ​ពី​ប្រទេស​ចិន ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ ចំនួន ៧០ ម៉ឺនដូស​ជា​ជំហាន​ទី​ ២ នឹង​មកដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ៣១ ខែមីនា​។

លោក វ៉ាង វិនធាន ថ្លែងថា៖ «​ទាំងនេះ​បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​លាស់​ពី​ចំណង​មិត្តភាព​យ៉ាង​វិសេសវិសាល​រវាង​ប្រទេស​ចិន និង​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹម​ដោយស្មោះ​ថា វ៉ាក់សាំង​ចិន​នឹង​អាច​បង្កើតជា​ជញ្ជាំង​ការពារ​សុខភាព​ដ៏រឹងមាំ​មួយ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ​ ១៩»​។

លោក វ៉ាង វិនធាន បន្តថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ពិភពលោក មាន​ជាង​ ៦០ ​ប្រទេស​បាន​អនុញ្ញាត​ឱ្យ​វ៉ាក់សាំង​ចិន​ចុះឈ្មោះ​លើ​ទីផ្សារ​ ឬ​ដាក់ឱ្យ​ប្រើប្រាស់​ជាបន្ទាន់ ហើយ​ភាគី​ចិន​កំពុង​ផ្តល់ជំនួយ​វ៉ាក់សាំង​ដល់​ប្រទេស​ចំនួន​ ៨០ និង​អង្គការ​អន្តរជាតិ​ចំនួន​ ៣ ​ផងដែរ​។

លោក​ ទៀ បាញ់ បាន​បញ្ជាក់ថា បើទោះ​ជា​កម្ពុជា​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ​១៩ ជា​បន្តបន្ទាប់ ហើយ​បាននិង​កំពុង​ចាក់​ជូន​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ​ក៏​ការគំរាមកំហែង​នៃ​ជំងឺ​កូវីដ​នៅតែមាន​កម្រិត​ខ្ពស់ ដោយ​ហេតុថា ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ មិនទាន់​បាន​បិទ​បញ្ចប់​នៅឡើយ​។

គួរបញ្ជាក់​ផងដែរ​ថា ជំនួយ​វ៉ាក់សាំង​ពី​ភាគី​ចិន​ក្នុង​ជំហាន​ទី ១ ចំនួន​ ៦០ ​ម៉ឺនដូស​បាន​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ៧ ខែ កុម្ភៈ ឆ្នាំ​ ២០២១​។ សរុបមក​ទល់​ពេលនេះ វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ចិន​ផ្ដល់​ជូន​កម្ពុជា​មាន​ចំនួន​ ១ ​លាន​ ៣ ​សែនដូស ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ទិញ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ពី​ប្រទេស​ចិន ​ចំនួន​ ១,៥ ​លានដូស និង​បាន​ដឹក​មកដល់​រួចរាល់ហើយ​ផងដែរ​។

លោក ហេង សំរិន ប្រធានរដ្ឋសភា​ក៏​បាន​អំពាវនាវ​ទៅដល់​ជនរួមជាតិ​ទាំងអស់​ឱ្យ​ចូលរួម​ប្រយុទ្ធប្រឆាំង​កូវីដ​១៩ ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់បំផុត​។

លោក​សរសេ​លើ​ហ្វេសប៊ុក​របស់លោក​ពីថ្ងៃ​ម្សិលមិញ​ថា​៖ «​នៅក្នុង​ការទប់ស្កាត់​កុំឱ្យ​ជំងឺ​កូវីដ​ ១៩ បន្ត​រាតត្បាត​សុខុមាលភាព​សង្គមជាតិ ទៅមុខទៀត រាជរដ្ឋាភិបាល​បាន​កំពុង​កៀរគរ​គ្រប់​មធ្យោបាយ​ដើម្បី​ទទួលបាន​វ៉ាក់សាំង​មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ការទទួល​ជំនួយ​ពី​ប្រទេស​ជា​មិត្ត ស្ថាប័ន ដៃគូ​អន្តរជាតិ និង​ការបញ្ជាទិញ​ជាដើម​»​។

លោក​ ហេង សំរិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទៈ​ដ៏មោះមុត​របស់​រាជរដ្ឋាភិបាល​នៅក្នុង​គម្រោងការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហូតដល់​ជាង​ ១០ ​លាន​នាក់​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ ចាប់ពី​ពេល​នេះ​ទៅ​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឱ្យបាន​យ៉ាងតិច​ ១ ​លាន​ដូស ​នៅក្នុង​ ១ ​ខែ ដែល​ពិតជា​មាន​សារៈសំខាន់​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។

ជាមួយ​គ្នា​នេះដែរ លោកស្រី Pauline Tamesis ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បញ្ចូល​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​នៅក្នុង​ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​នេះ តាម​ការស្នើសុំ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​។

លោកស្រី​លើកឡើង​ថា​៖ «​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​ធ្វើតាម​តួនាទី​របស់ខ្លួន ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ហើយ​នេះ​រាប់បញ្ចូល​ទាំង​ការចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ខ្លួន​របស់​យើង ក្រុមគ្រួសារ​របស់​យើង សហគមន៍​របស់​យើង និង​សហគមន៍​ដែល​យើង​ធ្វើការ​ជាមួយ​»​។

លោកស្រី Pauline Tamesis បាន​បន្តថា [​យើង​] ​អាច​ចាប់ផ្តើម​កសាង​ឡើង​វិញ​ឱ្យ​កាន់តែ​ប្រសើរ លុះត្រាតែ​អាច​គ្រប់គ្រង​ជំងឺ​រាតត្បាត​ជា​សកល​នេះ​បាន​។ «​យើង​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ដើម្បីឱ្យ​យើង​អាច​បន្ត​កិច្ចការងារ​របស់​យើង​បាន​»​។

បើតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​គិត​ចាប់ពី​ថ្ងៃទី​ ១០ ខែកុម្ភៈ មកដល់​ថ្ងៃទី​ ២៩ ខែ មីនា ឆ្នាំ​ ២០២១ មាន​អ្នកទទួល​បាន​ការចាក់​វ៉ាក់សាំង​សរុប​ចំនួន ៣៩១ ៤៥៦ ​នាក់​ ដែល​ក្នុងនោះ​មាន​នៅ​ក្រសួង​ការពារជាតិ​ចំនួន​ ១៣៣ ៨៣១ ​នាក់ និង​ក្រសួង​សុខាភិបាល​ចំនួន ២៥៧ ៦២៥ ​នាក់​៕