រាជធានីភ្នំពេញដែលជាទីក្រុងពោរពេញដោយភាពអ៊ូអរ តែងតែប្រឈមបញ្ហាទឹកលិចធ្ងន់ធ្ងរ ដោយសារប្រព័ន្ធបង្ហូរទឹកចាស់ទ្រុឌទ្រោម តូចពេក និងស្ទះ ក្នុងរដូវភ្លៀង ប៉ុន្តែបញ្ហាទាំងនេះកំពុងត្រូវបានដោះស្រាយជាបណ្តើរៗ។ ទីក្រុងភ្នំពេញមានទីតាំងស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប មានសណ្ឋានដីរាបស្មើធ្វើឱ្យរាជធានីភ្នំពេញងាយទទួលរងការជន់លិច។
ការកសាងប្រព័ន្ធការពារទឹកជំនន់ និងបង្ហូរទឹកនៅភ្នំពេញបានចាប់ផ្តើមនៅសម័យអាណានិគមបារាំង ប៉ុន្តែមុខងាររបស់វាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារតែកង្វះការថែទាំ និងភាពទ្រុឌទ្រោមក្នុងអំឡុងសង្គ្រាមស៊ីវិលដែលបង្កឱ្យមានទឹកជំនន់ក្នុងទីក្រុង។ ដោយហេតុផលនេះ រដ្ឋាភិបាលកម្ពុជាបានស្នើសុំជំនួយពីរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA ដើម្បីបង្កើត «ផែនការមេស្តីពីការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ និងនៅជាយក្រុង» ចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ១៩៩៩។
បន្ទាប់ពីធ្វើការសិក្សា និងរៀបចំរចនាជាថ្មីនោះ «គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយបង្ហូរទឹកក្នុងរាជធានីភ្នំពេញ» ត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០០២ ដែលជាគម្រោង ODA សម្រាប់ជំនួយឥតសំណង។ គោលបំណងនៃគម្រោងនេះគឺដើម្បីកាត់បន្ថយការជន់លិច និងការខូចខាតដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ ដោយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធលូបង្ហូរទឹក។
គម្រោង ODA នេះគ្របដណ្តប់នៅទូទាំងរាជធានីភ្នំពេញ មាន ៤ ដំណាក់កាល។ ដំណាក់កាលទី ១ នៅតំបន់ភាគនិរតី ដំណាក់កាលទី ២ នៅតំបន់ភាគខាងជើង ដំណាក់កាលទី៣ នៅតំបន់ភាគអាគ្នេយ៍ និងដំណាក់កាលទី៤ នៅភាគខាងជើង និងពាយព្យ។
ដំណាក់កាលទី១ ត្រូវបានអនុវត្តពីឆ្នាំ ២០០២ ដល់ ២០០៤ គ្របដណ្តប់លើតំបន់ភាគនិរតីនៃរាជធានីភ្នំពេញលើគោលដៅ ៨ កន្លែង ហើយគេបានធ្វើការជួសជុលបំពង់ទឹក និងប្រឡាយសម្រាប់ការពារទឹកជំនន់ ជួសជុលបណ្តាញលូ និងសាងសង់សំណង់ថ្មីសម្រាប់កែលម្អប្រព័ន្ធបង្ហូរទឹក ហើយស្ថានីយបូមទឹកដែលមានម៉ាស៊ីនបូមទឹកចំនួន ៥ ក៏ត្រូវបានសាងសង់ផងដែរ។ ឆ្លងកាត់ដំណាក់កាលនេះ បណ្តាញលូប្រមាណ ៤ ៥០០ ម៉ែត្រ ត្រូវបានសាងសង់ពីតំបន់ជុំវិញស្ពានបឹងសាឡាង រហូតដល់ស្ថានីយបូមទឹកបឹងទំពុនថ្មី ហើយមុខងារបង្ហូរទឹកនៅតំបន់ជុំវិញត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ បើធៀបមុនពេលអនុវត្តគម្រោង។
ដំណាក់កាលទី២ ធ្វើឡើងចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ ផ្តោតលើតំបន់ភាគខាងជើងនៃទីក្រុង។ នៅតាមបណ្តោយច្រាំងខាងលិចនៃទន្លេសាប ស្ថានីយបូមលូចំនួន ៤ ត្រូវបានបង្កើតឡើង (ដើម្បីបង្ហូរទឹកភ្លៀង និងលូដែលហូរចេញពីបំពង់បង្ហូរទឹកក្នុងទីក្រុងទៅទន្លេសាប) ហើយក៏មានអាងស្តុកទឹកក្រោមដីចំនួន ៤ ដែលអាចរក្សាទុកជាបណ្តោះអាសន្នត្រូវបានសាងសង់ឡើង។
លើសពីនេះទៀត បំពង់បង្ហូរទឹកសរុបប្រមាណចំនួន ៤ ៤០០ ម៉ែត្រត្រូវបានដាក់នៅក្រោមដីនៅតំបន់ជុំវិញវត្តភ្នំ ផ្សារធំថ្មី និងព្រះបរមរាជវាំងដែលធ្លាប់មានទឹកជំនន់ធ្ងន់ធ្ងរ។ ទទឹងនៃបំពង់ថ្មីនោះ ធំជាងបំពង់បង្ហូរទឹកដែលមានស្រាប់ និងសមត្ថភាពបង្ហូរទឹកត្រូវបានធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយពេលវេលាទឹកជំនន់ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។
ដំណាក់កាលទី៣ គ្របដណ្តប់លើផ្ទៃដីធំទូលាយនៅភាគអាគ្នេយ៍ត្រូវបានអនុវត្តពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥។ បំពង់បង្ហូរទឹកសរុបប្រវែង ២០,១ គីឡូម៉ែត្រត្រូវបានដំឡើងថ្មីនៅ ក្នុងខណ្ឌចំនួន ៨ ដូចជាខណ្ឌអូរឫស្សី បឹងកេងកង និងទួលទំពូង ជាដើម។
លើសពីនេះ ការជួសជុលអាងស្តុកទឹក បង្ហូរទឹក នៅប៉ែកខាងត្បូងនៃព្រះបរមរាជវាំង ការទិញយានយន្តលាងសម្អាតសម្រាប់សម្អាតបណ្តាញលូបង្ហូរទឹកឱ្យបានទៀងទាត់ និងការណែនាំបច្ចេកទេសក្នុងការកែលម្អមុខងារ ថែទាំ និងគ្រប់គ្រងនៅទីតាំងនីមួយៗក៏ត្រូវបានអនុវត្តដែរ។
លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី ២ បានមានប្រសាសន៍ថា៖ «កាលពីមុនគម្រោងនេះកើតឡើង យើងឃើញថា នៅក្នុងសង្កាត់យើងខ្ញុំជួបនឹងការលំបាកច្រើន ចំពោះការលិចទឹក។ ជាពិសេសនៅលើផ្លូវលេខ ១៦៦ ព្រោះពេលមានភ្លៀងធ្លាក់ម្តងៗ តែងតែមានទឹកលិចផ្លូវ និងតំបន់នៅម្តុំជុំវិញនោះ»។
«ក្រោយមានគម្រោងរបស់ JICA ជប៉ុនរួចមកឃើញថា ស្ថានភាពប្រសើរជាងមុនច្រើន។ ក្រោយពេលភ្លៀង ហើយម្តងៗគឺទឹកហូរទៅចូលលូវិញអស់។ ពេលខ្លះទឹកដក់យ៉ាងយូរ ១ ម៉ោង ឬ ៣០ នាទី គឺស្រកទៅវិញអស់»។
ចំពោះដំណាក់កាលទី៤ គឺចាប់ផ្តើមនៅឆ្នាំ ២០១៩ ហើយបច្ចុប្បន្នកំពុង ដំណើរការដោយផ្តោតលើតំបន់ភាគខាងជើង ២ នៃទីក្រុង ដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ ហើយការខូចខាតត្រូវបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទី១ នៅតំបន់ភាគខាងជើងនៃតំបន់វត្តភ្នំ បំពង់បង្ហូរទឹកប្រហែល ២ ៧០០ ម៉ែត្រ អាងស្តុកក្រោមដី និងស្ថានីយបូមទឹកបង្ហូរទឹកត្រូវបានសាងសង់ថ្មី ហើយនៅតំបន់ ទួលគោកវិញ បំពង់បង្ហូរទឹកប្រហែល ៧ ០០០ ម៉ែត្រត្រូវបានដំឡើង។
លើសពីនេះទៀត ដើម្បីកែលម្អប្រព័ន្ធបង្ហូរទឹកបន្ថែមទៀត ម៉ាស៊ីនសម្អាតធូលីដោយស្វ័យប្រវត្តិត្រូវបានដំឡើងបន្ថែមទៀតនៅស្ថានីយបូមទឹកបង្ហូរទឹកចំនួន ៤ កន្លែង តាមបណ្តោយដងទន្លេសាប ដែលត្រូវបានសាងសង់ក្នុងដំណាក់កាលទី ២ ហើយរថយន្តបូមទឹកចល័តចំនួន ២ គ្រឿងនឹងត្រូវបានប្រគល់ជូន។
លោក ឆាយ ធីរិទ្ធ ចៅសង្កាត់ស្រះចកបានថ្លែងថា៖ «កាលពីមុនមានគម្រោង មានភ្លៀងធ្លាក់លិចផ្លូវ ត្រឹមៗពាក់កណ្តាលទ្វារឡានឯណោះ ព្រោះយើងបានប្រើប្រាស់ប្រព័ន្ធលូចាស់ ហើយតូច សេសសល់ពីសម័យបារាំង ប៉ុន្តែគម្រោងជប៉ុននេះប្រើលូមានទំហំធំលើសមុនច្រើន ហើយដល់ពេលគម្រោងដាក់លូជប៉ុនធ្វើនេះហើយ ទឹកលិចផ្លូវមិនយូរទេ យ៉ាងយូរគឺកន្លះម៉ោង ស្រកទៅវិញបាត់អស់ហើយ ហើយចរាចរណ៍កកស្ទះដោយទឹកលិចផ្លូវ ក៏លែងសូវមានដែរ»។
ហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធបង្ហូរទឹករឹងមាំនៅក្នុងទីក្រុងក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ ODA របសជប៉ុន ពិតជាបានជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃទឹកជំនន់ នៅក្នុងរាជធានីភ្នំពេញបានយ៉ាងច្រើន។
ដើម្បីធានាបាននូវការប្រើប្រាស់ប្រព័ន្ធបង្ហូរទឹក និងបរិក្ខារនានាប្រកបដោយប្រសិទ្ធភាព ហើយវាមិនមែនជាបន្ទុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនតែម្នាក់ឯងនោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូប៕