​ជនជាតិ​ភាគតិច​ព្នង​នៅក្នុង​ខេត្តមណ្ឌលគិរី មាន​ភាពរីករាយ​ជាមួយ​នឹង​អគារសិក្សា និង​មណ្ឌល​សុខភាព​ថ្មី ខណៈ​សាលារៀន និង​មណ្ឌល​សុខភាព​នៅក្នុង​ឃុំ​មេម៉ង់​កាលពី​ពេលមុន​ធ្លាប់តែ​ចាស់​ទ្រុឌទ្រោម​។

«​គម្រោង​ជំនួយ​ឥតសំណង​របស់​ជប៉ុន​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​» ​ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ប្រទេស​ជប៉ុន​បាន​ជួយ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។

ជំនួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា Kusanone ជា​ភាសា​ជប៉ុន គឺជា​ក្របខ័ណ្ឌ​ជំនួយ​ផ្តល់​ដល់​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ ដូចជា​ស្ថាប័ន​សាធារណៈ និង NGO ជាដើម ដើម្បី​អនុវត្ត​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅតាម​តំបន់​ជនបទ​។

ដំណើរការ​ក្នុង​ឆ្នាំ​ ១៩៩១ ជប៉ុន​បាន​អនុវត្ត​គម្រោង Kusanone ចំនួន​ជាង ៦៤០ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន​គម្រោង​សាងសង់​សាលាបឋមសិក្សា​មេម៉ង់ សាលា​អនុវិទ្យាល័យ​មេម៉ង់ និង​មណ្ឌល​សុខភាព​ក្នុង​ឃុំ​មេម៉ង់ នៃ​ខេត្តមណ្ឌលគិរី​។

សាលាបឋមសិក្សា​មេម៉ង់​ដែល​ស្ថិតនៅ​ក្នុងស្ថានភាព​ចាស់​ទ្រុឌទ្រោម ត្រូវ​បាន​សាងសង់​ឡើងវិញ​នៅ​ខែធ្នូ ឆ្នាំ​ ២០១៨​។ អាគារ​សិក្សា​នេះ​ត្រូវបាន​ជំនួស​មកវិញ​ដោយ​អគារ សិក្សា​បេតុង​​ ១ ​ខ្នង​មាន​ ៣ ​បន្ទប់ បង្គន់​ ២ ​បន្ទប់ ធុង​ទឹកភ្លៀង និង​មាន​តុ កៅអី​ប្រកប​ដោយ​ផាសុកភាព សម្រាប់​សិស្សានុសិស្ស​ចំនួន​ ១១១ ​នាក់ និង​គ្រូបង្រៀន​ចំនួន​ ៧ ​នាក់​។

ស្ត្រី​កាន់តែ​ច្រើន​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​មេម៉ង់​។

នាយក​សាលា លោក ហេង ដូច​បាន​ថ្លែងថា​៖ «​អគារសិក្សា​បេតុង​បាន​ធ្វើឱ្យ​សិស្ស​មាន​លទ្ធភាព​សិក្សា​សូម្បីតែ​នៅ​រដូវវស្សា​។ ជាទូទៅ​នៅតាម​ផ្ទះ​របស់​ជនជាតិភាគតិច​ព្នង​ពុំមាន​បង្គន់​ទេ ហើយ​នៅក្នុង​សាលារៀន​ក៏​គ្មាន​ដែរ គឺ​គេ​តែងតែ​ចូលក្នុង​គុម្ពោត​ព្រៃ​ក្បែរ​នោះ ប៉ុន្តែ​ការដំឡើង​បង្គន់​ធ្វើឱ្យ​ប្រសើរ ឡើង​នូវ​អនាម័យ​»​។

ទន្ទឹមនឹង​នេះដែរ អ្នកគ្រូ ភាព ស្រីណាន ឱ្យ​ដឹងថា​៖ «​អគារសិក្សា​ថ្មី​នេះ​ធ្វើឱ្យ​គ្រូបង្រៀន​មាន​អារម្មណ៍​ស្រស់ស្រាយ​។ វា​ពុំមែន​ធ្វើឱ្យ​ប្រសើរឡើង​តែ​អគារសិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើងខ្ញុំ​ចង់​ធ្វើឱ្យ​ប្រសើ​ឡើងដល់​បរិយាកាស​នៃ​ការបង្រៀន​ដែរ​។ យើងខ្ញុំ​ក៏​ចង់ឱ្យ​មាននូវ​ឧបករណ៍​សម្រាប់​កុមារ​លេង និង​សម្ភារ​កីឡា ដើម្បី​ឱ្យ​សិស្ស​អាច​លេង​កម្សាន្ត​នៅក្នុង​សាលា​ផងដែរ​។

លោក ញាញ ញ្រេន មេភូមិ ពូង៉ោល ដែលជា​ទីតាំង​របស់​សាលារៀន​នេះ បាន​មាន​ប្រសាសន៍​ថា​៖ «​អគារសិក្សា​ឈើ​ត្រូវ​ជួសជុល​ជា​រៀងរាល់​ឆ្នាំ ហើយ​ការចំណាយ​ត្រូវ​គ្របដណ្ដប់​ដោយ​អំណោយ​ពី​អ្នកភូមិ និង​ថវិកា​របស់​សាលារៀន​ ឬ​ឃុំ​។ ចាប់តាំងពី​អគារ​ថ្មី​ត្រូវបាន​សាងសង់​ឡើង គ្មាន​ចំណាយ​ជួសជុល ដូច្នេះ​វា​កាន់តែ​ធូរស្រាល​ជាង​មុន​»​។ រីឯ​នៅ​សាលា​អនុវិទ្យាល័យ​មេម៉ង់​ដែល​ទទួល​សិស្ស​ពី​បឋមសិក្សា​ចំនួន ៨ ​នៅ​ជុំវិញ​នោះ គិត​ត្រឹម​ខែមករា ឆ្នាំ ២០២១ មាន​សិស្ស ២៨៧ ​នាក់ និង​គ្រូបង្រៀន​ ៨ ​នាក់​។ ហើយ​ភាគច្រើន​នៃ​សិស្ស​ទាំងអស់​គឺ​ជនជាតិ​ភាគតិច​ព្នង​។

កាលពីមុន វិទ្យាល័យ​មិនទាន់​មាន​អគារសិក្សា និង​បង្គន់​អនាម័យ​ទេ​ហើយ​បាន​ជួល​បន្ទប់​ចំនួន​ ៤ ក្នុង​អគារ​សាលា​ឈើ​ចាស់​មួយ​នៃ​សាលា​បឋមសិក្សា​អរតេ​នៅ​ក្បែរ​នោះ​។ នៅ​ខែធ្នូ ឆ្នាំ​ ២០២០ រដ្ឋាភិបាល​ជប៉ុន​បាន​សាងសង់​អគារសិក្សា​ថ្មី ១ ​ខ្នង និង​បង្គន់ ២ ​បន្ទប់ ព្រមទាំង​ផ្គត់ផ្គង់​ឧបករណ៍​សិក្សា​។

លោក​ តើម ពេជ្រលី ដែល​ជា​នាយកសាលា​ថ្លែងថា​៖ «​ពីមុន​ពេល​មេឃ​ភ្លៀង​មិន​ត្រឹមតែ​ទឹកភ្លៀង​ចូលក្នុង​ថ្នាក់រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដំបូល​ស័ង្កសី ប្រែ​ជា​មាន​សំឡេង​រំខាន​ដល់​ការរៀនសូត្រ​។ វា​មាន​រយៈពេល​តិចជាង​ ១ ​ខែ ចាប់តាំងពី​ការប្រើប្រាស់​អគារសិក្សា​ថ្មី វា​មិន​គ្រាន់​ត្រូវបាន​ប្រើប្រាស់​ជា​ថ្នាក់រៀន​អនុវិទ្យាល័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ត្រូវបាន​ប្រើប្រាស់​ជា​ថ្នាក់​វិទ្យាល័យ​ផងដែរ​»​។

សាលាបឋមសិក្សា​មេម៉ង់​។ រូបថត SUPPLIED

ចាប់តាំងពី​ដើម​ឆ្នាំ​ ២០២១ សិស្ស​អនុវិទ្យាល័យ​ថ្នាក់​ទី​ ៩ ​នៅ​ឆ្នាំមុន​បាន​ឡើង​ថ្នាក់​ទី​ ១០ ហើយ​ពួកគេ​កំពុង​រៀន​នៅ​អគារសិក្សា​ថ្មី​នោះ​តែម្តង​។ នៅពេលដែល​គ្មាន​អគារសិក្សា​ថ្មី​នេះ​សិស្ស​ត្រូវ​ទៅ​ទីក្រុង​ដើម្បី​ចូល​វិទ្យាល័យ​។ ក្មេងៗ​ជាច្រើន​មិនបាន​ឡើង​វិទ្យាល័យ​ទេពី​ព្រោះ​ពួកគេ​ត្រូវ​ស្នាក់នៅ​ទីក្រុង​ដែល​ឃ្លាតឆ្ងាយ​ពី​ឪពុក ម្តាយ​។ ឥឡូវនេះ យើង​សម្រេចចិត្ត​ប្រើប្រាស់​អគារ​ថ្មី​ដែល​ជប៉ុន​បាន​ជួយ​សាងសង់​នេះ​ជា​ថ្នាក់​វិទ្យាល័យ​ដើម្បី​កុំឱ្យ​សិស្ស​ចាកចេញ​ពី​ស្រុក​។

ជំនួយ Kusanone ក៏បានផ្តល់​ភាពងាយស្រួល​យ៉ាងច្រើន​ដល់​អ្នកភូមិ​ បន្ទាប់ពី​មណ្ឌល​សុខភាព​តែមួយ​គត់​របស់​ពួកគេ​ត្រូវបាន​សាងសង់​ឡើងវិញ ដែល​ធ្វើឱ្យ​ប្រជាជន​នៅ​តំបន់​ជនបទ​អាច​ទទួលបាន​ការព្យាបាល​ប្រកប​ដោយ​គុណភាព​។

មណ្ឌល​សុខភាព​មណ្ឌលគិរី​ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​ឃុំ​មេម៉ង់​នៅ​ឆ្នាំ​ ១៩៨៦​។ វា​មាន​ចម្ងាយ​ប្រហែល ៤៥ ​គីឡូម៉ែត្រ​ទៅកាន់​ទីប្រជុំជន​ខេត្ត ដែលមាន​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ស្ថានភាព​ផ្លូវ​មិនសូវ​ល្អ​ធ្វើឱ្យ​ពិបាក​ធ្វើ​ដំណើរ​។ ពីមុន​មណ្ឌល​សុខភាព​ផ្តល់​សេវា​សុខភាព​មូលដ្ឋាន (​ពិគ្រោះ​ជំងឺ​ការចាក់​វ៉ាក់សាំង ឱសថដ្ឋាន សម្រាលកូន ការត្រួតពិនិត្យ​ស្ត្រី​មាន​ផ្ទៃពោះ ការថែទាំ​មុន និង​ក្រោយពេល​សម្រាលកូន ការងារ​ស្មៀន​) នៅក្នុង​អគារ​កណ្តាល​តែ​ ១ ​គត់​។

នៅ​ខែធ្នូ ឆ្នាំ​ ២០១៩ ដើម្បី​កែលម្អ​បរិស្ថាន និង​បង្កើន​គុណភាព​សេវាវេជ្ជសាស្ត្រ​សាធារណៈ រដ្ឋាភិបាល​ជប៉ុន​បាន​សាងសង់​អគារ​សម្រាល​កូន​ដែលមាន ៨ ​បន្ទប់ (​បន្ទប់​រង់ចាំ​មុន និង​ក្រោយពេល​សម្រាល បន្ទប់​សម្រាលកូន ផ្ទះបាយ បន្ទប់ទឹក បង្គន់​ ២) និង​កន្លែង​រង់ចាំ​ត្រូវបាន​សាងសង់​ដល់​មណ្ឌល​សុខភាព​។ គិត​ត្រឹម​ខែមករា ឆ្នាំ​ ២០២១ មាន​បុគ្គលិក​សរុប​ចំនួន​ ៨ ​នាក់​។ ៥ ​នាក់​ក្នុងចំណោម​ពួកគេ​គឺជា​ឆ្មប​។ បច្ចុប្បន្ន​នៅ​មណ្ឌល​សុខភាព​ផ្តល់កំណើត​ទារក​ប្រហែល​ ១០០ ​នាក់​ក្នុង​ ១ ​ឆ្នាំ​។

នាយិកា​មជ្ឈមណ្ឌល​លោកស្រី ថាច ស៊ីថាត ថ្លែងថា ស្ត្រី​នៅ​តំបន់​នោះ​សម្រាលកូន​នៅផ្ទះ មុនពេល​មាន​ការគាំទ្រ​ពី​ជប៉ុន​។ ទោះយ៉ាងណា​ចំនួន​មនុស្ស​ដែល​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​កំពុង​កើនឡើង បន្ទាប់ពី​អគារ​សម្រាលកូន និង​អគារ​សម្រាក​គេង​ពេទ្យ​ថ្មី​ត្រូវបាន​សាងសង់​។

បុគ្គលិក​មជ្ឈមណ្ឌល អ្នកស្រី ចន្ថា សុណា ជា​ឆ្មប​មកពី​ជនជាតិភាគតិច ព្នង ថ្លែងថា​៖ «​ដោយ​មាន​ការគាំទ្រ​ពី​ប្រទេស​ជប៉ុន វា​អាចជួយ​ក្នុង​ការសម្រាលកូន​នៅក្នុង​បន្ទប់​ដាច់​ដោយឡែក ហើយ​មាន​ការព្យាបាល​អ្នកជំងឺ​ដោយ​បរិក្ខារ​ពេទ្យ​ដែល​សមស្រប​នៅក្នុង​អគារ​ថ្មី​។ កត្តា​ទាំងនេះ​បាន​នាំឱ្យ​មាន​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ​នៅក្នុង​ស្មារតី​របស់​ប្រជាជន​ក្នុង​តំបន់​ដែល​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​»​។

គម្រោង​ជំនួយ​ឥតសំណង​របស់​ជប៉ុន​សម្រាប់​គម្រោង KUSANONE ផ្តល់នូវ​ការគាំទ្រ​ផ្ទាល់​ដល់​វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ ដែល​ជា​មូលដ្ឋាន​ក្នុង​ដំណើរការ​នៃ​ការកើត និង​ការលូតលាស់​របស់​មនុស្ស​។ ទោះបី​ទំហំ​ជំនួយ​នេះ​តូចក្តី ប៉ុន្តែ​ជំនួយ​នេះ​បាន​ចាក់ឫស​នៅក្នុង​ទឹកដី​កម្ពុជា និង​បាន​ចូលរួម​ក្នុង​ការអភិវឌ្ឍ​មួយ​ដែល​មាន​ចីរភាព សម្រាប់​ប្រជាជន​រស់នៅក្នុង​តំបន់​៕