ភ្នំពេញៈ អ្នកនយោបាយ​អតីត​គណបក្ស​ប្រឆាំង​ចំនួន ៤០ នាក់​ដែល​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ ៥ ឆ្នាំ​បាន​សម្ដែង​ជំហរ​រៀងៗ​ខ្លួន​ខណៈ​ជាង​ពាក់​កណ្តាល​នៃ​ពួកគេ​បាន​ប្តេជ្ញា​ថា​មិន​ស្នើសុំ​ការ​ស្តារ​នីតិសម្បទា​នយោបាយ ហើយ​អ្នក​ខ្លះ​រង់ចាំ​ការ​ដោះ​លែង​លោក កឹម សុខា ស្រប​ពេល​ដែល​អ្នកវិភាគ​នយោបាយ​ខ្លះ​មិន​រំពឹង​ថា អ្នក​ត្រឡប់​ចូល​នយោបាយ​វិញ​នឹង​មាន​ចំនួន​ច្រើន និង​ខ្លះ​ថា​អតីត​បក្ស​ប្រឆាំង នេះ​នឹង​បែកជា ៤ ផ្នែក។

កាសែត​ភ្នំពេញ​ ​ប៉ុស្តិ៍​ បាន​សម្ភាស​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៤០ នាក់​ក្នុង​ចំណោម​មន្ត្រី ១១៨ នាក់​ដែល​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​តាម​ទូរស័ព្ទ និង​ហ្វេសប៊ុក។

ជា​ការ​ឆ្លើយ​តប​គឺ​មាន​ជាង​ពាក់​កណ្តាល​នៃ​ពួកគេ​ថា​នឹង​មិន​ស្នើសុំ​ជា​ដាច់​ខាត ខណៈ​អ្នកខ្លះ​និយាយ​ថា ពួកគេ​កំពុង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ហើយ​ចង់​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ជា​កញ្ចប់។ រីឯ ២-៣ នាក់​ក្នុង​ចំណោម​ពួកគេ​បាន​ថ្លែង​ថា មិន​គិត​អំពី​បញ្ហា​នេះ​ទេ។

មន្ត្រី​ចំនួន ២៣ នាក់​រួមមាន ឥស្សរជន​ល្បីៗ​ដូចជា អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង, លោក ឡុង រី, លោក ហូ វ៉ាន់ លោក លិម គិមយ៉ា, លោក គង់ សភា លោក ងីម ញេង,លោក យន្ត ថារូ ,លោក ថាច់ សេដ្ឋា,លោក គឹម​សួរ ភីរិទ្ធ, លោក ឃី វណ្ណដេត.និង​សមាជិក​ជាច្រើន​ទៀត​នៃ​គណៈ​កម្មការ​នាយក របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ពួកគេ​នឹង​មិន​ស្នើ​សុំ​ទេ។

លោកស្រី មូរ សុខ​ហួរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោកស្រី​នឹងមិន​ធ្វើ​សំណើសុំ​ស្តារ​នីតិសម្បទា​នយោបាយ​ទេ ដោយសារ​សិទ្ធិ​ធ្វើ​នយោបាយ​សង្គម​និង​សេដ្ឋកិច្ច ត្រូវ​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុ​ជា​រួច​ហើយ។

លោកស្រី​បាន​ថ្លែងថា៖ «សិទ្ធិ​នយោបាយ​របស់ខ្ញុំ ព្រមទាំង​សិទ្ធិ​របស់​សហការី​របស់​ខ្ញុំ​គឺ​ត្រូវ​បាន​ហាម​ប្រាម​ដោយ​ខុស​ច្បាប់​ជាមួយ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ យើង​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស។ សិទ្ធិ​ពេញ​លេញ​របស់​យើង​គឺ​ពលរដ្ឋ​បាន​ការ​ពារ ហើយ​មិន​មែន​សម្រាប់​យើង​ការពារ និង​ដាក់​ញត្តិ​ស្នើសុំ​ទេ។ ច្បាប់​នោះ​ត្រូវ​បាន​តាក់​តែង និង​អនុម័ត​ដោយ​រដ្ឋសភា​ឯក​បក្ស​ដែល​មិន​គោរព​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ»។

លោកស្រី​បាន​បន្ថែមថា លោកស្រី​នឹង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ហើយ​ប្រើប្រាស់​សិទ្ធិ​របស់​លោក​ស្រី​ជា​ពលរដ្ឋ។

លោក គឹម​សួរ ភី​រិ​ទ្ធ អតីតតំណាងរាស្ត្រ​មណ្ឌល ខេត្ត​កំពង់ចាម បាន​ថ្លែងថា លោក​នឹង​មិន​ស្នើ​សុំ​ទេ ដោយ​សារ​លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស។

លោក​បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា៖ «ខ្ញុំ​មិនត្រូវ​ការស្នើសុំ​នរណាម្នាក់​ឲ្យ​លើក​លែង​ទោស​ខ្ញុំ​ទេ ដោយសារ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស។ ខ្ញុំ​បាន​ធ្វើការ​នៅ​សភា ២០ ឆ្នាំ​ហើយ ខ្ញុំ​មិន​ដែល​ក្បត់​ប្រទេស​របស់​ខ្ញុំ​ទេ។ខ្ញុំ​ស្មោះ​ត្រង់​នឹង​ប្រទេស​របស់​ខ្ញុំ។ ខ្ញុំ​ស្មោះ​ត្រង់​នឹង​ប្រទេស​របស់​ខ្ញុំ និង​ប្រជា​ពលរដ្ឋ​របស់ខ្ញុំ។ ក្នុង​អំឡុង​សវនាការ​នៅ [នៅ​តុលាការ​កំពូល] ខ្ញុំ​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​សក្ខីកម្ម ហើយ​ខ្ញុំ​ថែម​ទាំង​មិន​ទទួល​បាន​សាល​ដីកា​តុលាការ​រហូត​មក​ដល់​ថ្ងៃ​នេះ»។

លោក​ ​ភី​រិ​ទ្ធ បាន​ថ្លែងថា លោក​នឹង​រស់នៅ​ជា​ពលរដ្ឋ​ធម្មតា ដោយ​សង្កត់ធ្ងន់​ថា លោក​នឹង​អាច​រស់​ដោយ​មិន​ចូលរួម​នយោបាយ​ដូច​ជន​រួម​ជាតិ​ជាង ១០ លាន​នាក់។

លោក យន្ត ថា​រូ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​បន្ទាយ​មានជ័យ មាន​ការ​ទាមទារ​ខ្ពស់ រួម​មាន ត្រូវ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ត្រឡប់​ចូល​ប្រទេស​វិញ និង​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់ លើ​លោក កឹម សុខា។

លោក បាន​ថ្លែងថា៖ «លោក សម រង្ស៊ី និង​លោក កឹម សុខា គឺជា​មនុស្ស​តែ​មួយ»។ លោក​បាន​សរសើរ​លោក សម រង្ស៊ី ថា​ជា​គូ​បដិបក្ខ​ពិត​ប្រាកដ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

រីឯ​មន្ត្រីដទៃៗទៀត​បាន​ទាមទារ​លក្ខខណ្ឌ ២ ដើម្បី​ឲ្យ​ពួកគេ​ស្នើសុំ រួម​មាន ការ​ដោះ​លែង លោក កឹម សុខា និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ និង​ផ្តល់​ការ​ស្តារ​នីតិសម្បទា​សិទ្ធិ​នយោបាយ​ជា​កញ្ចប់។ នៅ​ក្នុង​ការ​ទាមទារ​លក្ខខណ្ឌ​ប្រភេទ​នេះ​រួម​មាន ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ, អតីត​តំណាង​រាស្ត្រ​លោក កង គឹម​ហាក់,លោក ម៉ៅ មុនី​វណ្ណ, លោកអ៊ូ ច័ន្ទ​រ័ត្ន និង លោក ជីវ កត្តា រួម​ទាំង មេដឹកនាំ​វ័យ​ក្មេង លោក ហ៊ីង សុខសាន្ត និង​សមាជិក​មួយ​ចំនួន​ទៀត​របស់​គណៈ​កម្មការ​នាយក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

សកម្មភាពលុបស្លាកអតីតគណបក្សសង្គ្រោះជាតិ​​ក្រោយរំលាយ។ ហុង មិនា

លោក ជីវ កត្តា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ចាម​បាន​ថ្លែង​ថា លោក​នៅ​តែ​រង់​ចាំមើល​ដំណើរ​វិវឌ្ឍន៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​ថ្លែងថា៖ «ជំហរ​របស់ខ្ញុំ​ផ្អែកលើ​អ្វីដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​យើង​ទាំង​អស់​គ្នា មិន​មែន​តែ​សម្រាប់​លោក កឹម សុខា ឬ​លោក សម រង្ស៊ី នោះ​ទេ»។

លោក ហ៊ីង សុខសាន្ត មេ​ដឹកនាំ​វ័យក្មេង របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​ជំហរ​របស់​លោក​តាម​ហ្វេសប៊ុក​ដោយ​ថ្លែង​ថា លោក​នឹង​ទទួល​យក​ការ​ស្តារ​នីតិ​សម្បទា​នយោបាយ​លុះ​ត្រា​តែ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់ លោក កឹម សុខា។

លោក​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា៖ «ខ្ញុំ​ជឿថា មន្ត្រី​ជាន់ខ្ពស់​ដទៃៗ​ទៀត​ដែល​សិទ្ធិ​នយោបាយ​របស់​ពួកគេ​ត្រូវ​បាន​ដក​ហូត​អាច​នឹង​មិន​មាន​ជំហរ​ខុសពី​ខ្ញុំ​ទេ»។

លោក ផាន់ ច័ន្ទ​សាក់ មេធាវី​ម្នាក់​ក្នុងចំណោម​មេធាវី​ការពារ​ក្តី​របស់ លោក សុខា និង​ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បញ្ជី ១១៨ នាក់​បាន​ថ្លែង​ថា ការ​ស្តារ​នីតិ​សម្បទា​សិទ្ធិ​នយោបាយ​គឺ​ធ្វើ​ឡើង​ជា​កញ្ចប់។

លោក​បាន​ពន្យល់​ថា សាល​ដីកា​របស់​តុលាការ​កំពូល​គឺជា​សេចក្តី​សម្រេច​ចុង​ក្រោយ​ដែល​មិន​អាច​ប្តឹង​ជំទាស់​បាន។ លោក​បាន​ថ្លែង​ថា៖ «ស្មារតី​នៃ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​គឺធ្វើ​ឡើង​ជា​កញ្ចប់។ ប្រសិន​បើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើការ​ស្នើ​សុំ​ជា​លក្ខណៈ​បុគ្គល​ម្នាក់​មួយៗ យើង​មិន​ដឹង​ថា ធ្វើ​យ៉ាង​ម៉េច​នោះ​ទេ ដោយសារ​តុលាការ​ហាម​ប្រាម​យើង​ជា​កញ្ចប់»។

អ្នកវិភាគ​នយោបាយ លោក ឡៅ ម៉ុងហៃ បាន​ថ្លែងថា លោក​មិនអាច​ប៉ាន់​ប្រមាណ​ថា តើ​ប៉ុន្មាន​ភាគរយ​នៃ ១១៨ នាក់​នឹង​ស្នើសុំ​ឲ្យ​ទទួល​បាន​នីតិ​សម្បទា​ខាង​នយោបាយ​វិញ​នោះ​ទេ។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ប៉ុន្តែ​ខ្ញុំ​អាច​និយាយថា ការ​ច្រាន​ចោល​របស់​ពួកគេ​ចំពោះ​ការ​ផ្តល់​ការ​ស្តារ​នីតិ​សម្បទា​នយោបាយ​នឹង​មានន័យ​ថា ពួកគេ​នៅ​តែ​ប្រកាន់​ខ្ជាប់​ចំពោះ​ការ​អះអាង​របស់​ពួកគេ​អំពី​ភាព​មិន​ស្រប​ច្បាប់​នៃ​ការ​ហាម​ប្រាម​រយៈពេល ៥ ឆ្នាំ​របស់​តុលាការ​កំពូល​ទៅ​លើ​សកម្មភាពនយោបាយ​របស់​ពួកគេ»។

ចំណែក លោក គិ​ន ភា អគ្គនាយក​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា បាន​ថ្លែង​ថា ដំណើរ​ការ​នេះ​វា​ពិបាក​ធ្វើ​ការ​ប៉ាន់​ស្មាន។

លោក​បាន​ថ្លែងថា៖ «ខ្ញុំ​គិតថា តិចជាង​ពាក់កណ្តាល តិចជាង ៥០ ភាគរយ [នឹង​ធ្វើ​ការ​ស្នើ​សុំ]។ ប្រសិន​បើ​យើង​ក្រឡេក​មើល​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ មាន​ការ​អំពាវនាវ​ជាច្រើន​ឲ្យ​ពួកគេ​ចូលរួម [ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា] ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​តំណែង​នៅ​ឃុំ​សង្កាត់។ ប៉ុន្តែ​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៥០០០ នាក់ មាន​តិច​ជាង ១ ពាន់​នាក់»។

លោក​បាន​ថ្លែងថា៖ «ពួកគេ​ជា​កម្លាំង​មូលដ្ឋាន ហើយ​មិន​ចុះចូល ចុះ​ចំពោះ​កម្លាំង​នៅ​មូលដ្ឋាន​ចម្បង? តើ​ពួកគេ​នឹង​សម្រេច​យ៉ាង​ម៉េច? វា​ពិបាក»។

លោក​បាន​ថ្លែងថា ឧបសគ្គ​មួយទៀត​សម្រាប់​ពួកគេ​ស្នើសុំ​គឺ​ដោយសារ​លក្ខខណ្ឌ ៧ ចំណុច​របស់​លោក សម រង្ស៊ី សម្រាប់​អ្នក​ដែល​ចង់​ស្នើ​សុំ។

លោក គិ​ន ភា បាន​ថ្លែងថា អ្នក​ដែល​មិន​ស្នើសុំ​នឹង​បន្ត​សកម្មភាព​របស់​ពួកគេ​នៅ​ក្រៅ​ប្រទេសហើយ​រង់ចាំ​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​ឬ​តាមរយៈ​ការ​ចរចា​នយោបាយ​រវាង​គណបក្ស​ទាំង ២។

លោក​បាន​ថ្លែងថា៖ «សម្រាប់​ឥឡូវនេះ ប្រសិនបើ​ពួកគេ​មិន​ស្នើសុំ ពួកគេ​នឹង​នៅ​ក្រៅ​នយោបាយ​កម្ពុជា​មួយ​រយៈ។ ចំពោះ​អ្នក​ដែល​ស្នើសុំ ពួកគេ​នឹង​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​លោក សម រង្ស៊ី។ ខ្ញុំ​គិត​ថា ពួកគេ​អាច​ដើរ​លើ​ផ្លូវ​ផ្សេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​អ្វី​ដែល​លោក គង់ គាំ និង​លោកគង់ បូរ៉ា កំពុង​ធ្វើ»។

លោក​បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ​ឥឡូវនេះ​បែក​ជា ៤ ផ្នែក គឺ​ខាង​លោក សម រង្ស៊ី លោក កឹម សុខា, ការ​បង្កើត​បក្ស​ថ្មី និង​ការចូល​រួម​ជាមួយ​គណបក្ស​ដទៃ៕PS