ពោធិ៍សាត់ៈ ឈើ​គ្រញូង​ជាច្រើន​កំណាត់​ទម្ងន់​ជាង​ ១ ​តោន​​ និង​រថយន្ត​ឡង់គ្រីស័រ​ ១ ​គ្រឿង​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​ចាប់ និង​រឹបអូស​បាន​​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី​ ៥ ខែ​កញ្ញា​ម្សិលមិញ​នៅ​លើ​ផ្លូវជាតិ​លេខ​ ៥ ​ក្នុង​ភូមិ​ត្រាំ ឃុំ​ត្នោតជ្រំ ស្រុក​ក្រគរ ខេត្ត​​ពោធិ៍សាត់​។ នេះ​បើ​តាម​មន្ត្រី​​កងរាជ​អាវុធហត្ថ​ម្នាក់​ដែល​ចុះបង្ក្រាប​ករណី​នេះ​។

លោក ឌុច សម្ផស្ស នាយ​ផ្នែក​សេនាធិការ​កងរាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​ថា​កាលពី​យប់​ថ្ងៃ​អង្គារ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ឆ្មក់​នៅ​ស្រុក​ក្រគរ ដោយ​បាន​ដាក់​កម្លាំង​ល្បាត និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ផ្លូវ​ជាតិ​លេខ​ ៥ ​ម្ដុំ​​ឃុំ​ត្នោតជ្រំ​។

លុះ​ដល់​ម៉ោង​ ១២:១៥ ​នាទី​ក្រុម​ល្បាត​បាន​ឃើញ​រថយន្ត​ឡង់គ្រីស័រ​ ១ ​គ្រឿង បើក​ចេញ​ពី​ភូមិ​ត្រាំ​ឡើង​មក​ផ្លូវជាតិ​លេខ​ ៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន​។ ដោយ​សង្ស័យ ​ក្រុម​ល្បាត​រាយការណ៍​ទៅ​កម្លាំង​នៅ​ប៉ុស្តិ៍​។ ​

បន្ទាប់មក​រថយន្ត​នោះ​បាន​បើក​មក​ឈប់​នៅ​ចម្ងាយ​ជិត​ ៥០ ​ម៉ែត្រ​ពី​ប៉ុស្តិ៍ ហើយ​អ្នក​បើកបរ​ម្នាក់​បាន​ចុះ​ពី​រថយន្ត​ដើរ​ចូល​ទៅក្នុង​ភូមិ​។ ​លុះ​ប្រមាណ​ ៣០ ​នាទី​ក្រោយ​មក​សមត្ថកិច្ច​បាន​ដើរ​ទៅ​ពិនិត្យ​ក៏​ឃើញ​មាន​ផ្ទុក​កំណាត់​ឈើ​ជ្រុង រួច​បាន​សុំ​គោលការណ៍​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​រឹបអូស​​រថយន្ត និង​ឈើ​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ថា​៖ «​តាម​ការត្រួតពិនិត្យ និង​ថ្លឹង​ដោយ​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំណាត់​ឈើ​ទាំង​នោះ​មាន​ទម្ងន់​សរុប ១៤០០ ​គីឡូក្រាម​​ និង​សុទ្ធតែ​ជា​ឈើ​គ្រញូង​។ នៅពេល​នេះ​វត្ថុតាង​ដែល​រួមមាន រថយន្ត និង​ឈើ​ទាំងនោះ​​ត្រូវ​បាន​សមត្ថកិច្ច​យើង​កសាង​សំណុំ​រឿង​ប្រគល់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ព្រៃ​មាស​ក្រុង​ពោធិ៍សាត់ ដើម្បី​នាំ​យក​ទៅ​រក្សាទុក និង​ចាត់​វិធានការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​»​។

លោក ជា ប៊ុនឌី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រៃមាស ក្រុង​ពោធិ៍សាត់ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ក្រុម​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំ​ឯកសារ និង​ចងក្រង​នីតិវិធី​ក្នុង​ការ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​រថយន្ត​ដើម្បី​នាំ​មក​សាកសួរ​ពី​ករណី​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពេល​នេះ​សមត្ថកិច្ច​យើង​កំពុង​ស្នើសុំ​កិច្ចអន្តរាគមន៍​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ឡង់គ្រីស័រ​ដែល​ដឹក​កំណាត់​ឈើ​គ្រញូង​ខុស​ច្បាប់​ទាំងនេះ ដើម្បី​ចាត់​វិធានការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់​»​។

លោក ជា ប៊ុនឌី បាន​បន្ត​ថា​យោង​តាម​មាត្រា​ ៩៨ ​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ ការដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​កម្រ​ដូចជា​ឈើ​គ្រញូង​ជាដើម​នេះ អ្នកប្រព្រឹត្ត​នឹង​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ពី​ ៣ ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០ ​លាន​ទៅ​ ១០០ ​លាន​រៀល​៕