កំពង់ស្ពឺៈ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ប្រទះឃើញ​ឈើ​ចំនួន​ ៥៩ ដុំ​ នៅ​ក្បែរ​ដីចម្ការ​របស់​មន្ត្រី​មួយ​ចំនួន​ក្នុង​ភូមិ​ជាំ ឃុំ​តាសាល ស្រុក​ឱរ៉ាល់​កាលពី​ព្រឹក​ថ្ងៃទី​ ១៣ ខែ​តុលា​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ឈើ​ទាំង​ ៥៩ ​ដុំ​នេះ​ ត្រូវ​បាន​គេ​កាប់​ពី​តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​នៃ​ស្រុក​ឱរ៉ាល់​ហើយ​ត្រូវបាន​គេ​ដឹក​យក​មក​លាក់ទុក​នៅ​លើ​ដីឯកជន​មួយ​ដែល​មាន​ម្ចាស់​ឈ្មោះ ឡេង ហេង ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១០០ ​ម៉ែត្រ​ ពី​ដីចម្ការ​របស់​លោក​ ឈុន ឈៀហេង អតីត​នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ដីចម្ការ​របស់​លោក ខន សុខុន នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​បច្ចុប្បន្ន​រួម​ទាំង​ក្បែរ​ដីចម្ការ​របស់​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ២ ​នាក់​ទៀត​។

លោក​បាន​បន្តថា ក្រោយពី​បាន​ប្រទះឃើញ​ឈើ​ទាំង ៥៩ ​ដើម​ លោក​បាន​រាយការណ៍​ទៅ​កាន់​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់​ចុះ​មក​បង្ក្រាប ហើយ​មក​ដល់​ថ្ងៃទី​ ១៤ ខែ​ តុលា មន្ត្រី​ខាង​រដ្ឋបាល​ព្រៃឈើ​បាន​ចុះទៅ​ប្រមូល​ឈើ​ទាំង​នោះ​មក​រក្សាទុក​។

លោក​ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា​ទាល់តែ​មាន​ការសមគំនិត​គ្នា​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស ទើប​អាច​យក​ឈើ​បទល្មើស​មក​ស្ដុក​ទុក​នៅ​ទីតាំង​របស់​ខ្លួន​»​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជំរុញ​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​សួរ​ខាង​រដ្ឋបាល​ព្រៃឈើ​វិញ​។

លោក តាំង ចាន់សែម៉ា នាយក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឱរ៉ាល់​បាន​បញ្ជាក់​ថា ឈើ​ទាំងនេះ​ត្រូវ​បាន​ដឹក​យក​ទៅ​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សង្កែសាទប និង​មិនទាន់​មាន​ការវាស់វែង​ជា​ម៉ែត្រ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​លោក​ថា ក្នុង​ករណី​នេះ​ពុំ​មាន​ជនល្មើស​ណា​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ឡើយ ដោយសារ​ទីតាំង​ស្ដុក​ឈើ​នោះ​គឺ​ស្ថិត​នៅក្នុង​ដីព្រៃ​។ លោក​បាន​បន្តថា​៖ «​អាហ្នឹង​ (​ឈើ​) ​គេ​ទុក​លាក់​ចោល​នៅក្នុង​ដីព្រៃ​តើ​»​។

លោក​ ខន សុខុន ​នាយក​ដែនជម្រក​សត្វព្រៃ​ឱរ៉ាល់​បដិសេធ​ធ្វើ​អធិប្បាយ​ដោយ​ថ្លែងថា លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។ ចំណែក​លោក ឈុន ឈៀហេង អតីត​នាយក​ដែនជម្រក​សត្វព្រៃ​ឱរ៉ាល់​ និង​មន្ត្រី​ឧទ្យានុរក្ស​ពីរ​នាក់​ទៀត​មិន​អាច​រក​ប្រភព​ទាក់ទង​ដើម្បី​សុំ​អធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​។

ចំណែក​លោក ឯម សុគុណ ប្រធាន​មន្ទីរ​បរិស្ថាន និង​លោក​ នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ ដោយសារ​តែ​ទូរស័ព្ទ​របស់​ពួកលោក​ពុំ​មាន​អ្នក​ទទួល​។

លោក ជា ហ៊ាន បាន​អះអាង​ថា​ឈើ​ទាំង​ ៥៩ ​ដុំ​នេះ​គឺ​ត្រូវបាន​លោក​ប្រទះ​ឃើញ​នៅពេល​ដែល​លោក​ចុះ​ទៅ​ពិនិត្យ​ដី​ដែល​ស្ថិត​ក្នុង​ភូមិ​ជាំ ឃុំ​តាសាល ជា​ដីព្រៃ​ដែល​លោក​បាន​ចោទប្រកាន់​លោក ខន សុខុន និង​លោក ឈុន ឈៀហេង ​ថា បាន​ឈូសឆាយ​ទន្ទ្រាន​ និង​ហ៊ុម​ព័ន្ធ​យក​ដី​ធ្វើ​ចម្ការ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​៕