មណ្ឌលគិរីៈ គណៈ​កម្មការ​ពិគ្រោះ​ថ្លៃ​លក់​ឈើ​វត្ថុ​តាង ​បាន​ប្រកាស​ដាក់​ដេញ​ថ្លៃ​ជា​សាធារ​ណៈ​នូ​វ​​ឈើ​វត្ថុ​តាង​ចំនួន​ជាង​ ១ ៥៣៨ ម៉ែត្រ​គុប ក្នុង​តម្លៃ​មូល​ដ្ឋាន​ជាង​ ១ ៤៣៦,៥​ លាន​រៀល។​ ​នេះ​បើ​យោង​តាម​សេច​ក្ដី​ជូន​ដំណឺង​របស់​អគ្គ​​នាយក​ដ្ឋាន​រដ្ឋ​បាល​ការពារ​និង​អភិ​រក្ស​ធម្ម​ជាតិ​ ​ចុះ​ថ្ងៃ​ទី ៦​ ​ខែ​ មិថុនា​ ​ឆ្នាំ​ ២០១៩​ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិល​មិញ​។​

​លោក​ មាស​ ​សុផល​ ​ប្រធាន​គណៈ​កម្មការ​ពិគ្រោះ​ថ្លៃ​លក់​ឈើ​វត្ថុតាង​ បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ថា ឈើ​វត្ថុ​តាង​ទាំង​នោះ​នឹង​ប្រកាស​ដាក់​ដេញ​ថ្លៃ​ជា​សា​​ធារណៈ​នៅ​​ថ្ងៃ​ទី ​១១​ ​ខែ​ កក្កដា​ ឆ្នាំ ២០១៩​ គឺ​បាន​មក​ពី​ការ​ប្រមូល​ចាប់​រឹប​អូស​​បាន​ពី​ក្នុង​តំបន់​ព្រៃ​​ការពារ​ធម្ម​ជាតិ​ ​ខេត្ត​មណ្ឌល​គិរី។​ ​បច្ចុ​ប្បន្ន ​ឈើ​វ​ត្ថុ​តាងទាំង​នោះ ​កំពុង​ត្រូវ​បាន​រក្សាទុ​ក​យ៉ាង​មាន​សុវត្ថិ​ភាព​ ​នៅ​តាម​ទី​តាំង​ស្នាក់​ការ​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ​ខេត្ត​មណ្ឌលគិរី​។​

​លោក​ថ្លែង​ថា៖​​ «​រូប​វន្ត​បុគ្គល​ ​និងនីតិ​បុគ្គល​ទាំង​អស់​ លើក​លែង​តែ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទ​ល្មើស​​ព្រៃ​ឈើ ​និងអ្នក​ជាប់​ជំពាក់​បំណុល​រដ្ឋ​ ​អាច​ចូល​រួម​ដេញ​ថ្លៃ​បាន​ ​ដោយ​ត្រូវ​បំពេញ​សំណុំ​បែប​បទ​ ​និង​លក្ខ​ខណ្ឌ​មួយ​ចំនួន ដែល​មាន​ចែង​ក្នុង​សៀវ​ភៅ​បន្ទុក​ដេញ​ថ្លៃ​»​។

​លោក​ថ្លែង​ថា​៖​ «​អង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រលួយ​និង​សមត្ថ​​កិច្ច​ផ្សេង​ទៀត​ អាច​ចូល​រួម​សង្កេត​​ការណ៍​គ្រប់​ដំណាក់កាល​ដេញ​ថ្លៃ​ឈើ​វត្ថុ​តាង​ទាំង​នេះ​»​។​

​បើ​តាម​សេច​ក្ដី​ជូន​ដំណឹង​ខាង​លើ​ បរិមាណ​ឈើ​ទាំង​នោះ ​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដេញ​ថ្លៃ​ក្នុង​​តម្លៃ​មូល​ដ្ឋាន​សរុប​ចាប់​ពី​ប្រ​ហាក់​ប្រហែល​ ​៣៥៣-៤១​៨​​ ដុល្លារ​​ឡើង​ទៅ។ ​កាល​បរិច្ចេ​ទ​នៃ​ការ​ដាក់​និង​ទទួល​ពាក្យ​ស្នើ​សុំដេ​ញ​ថ្លៃ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ៧ ​ខែ​ មិថុនា​ ​ដល់​ថ្ងៃ​ទី​ ៥​ ​ខែ​ កក្កដា​ ​ឆ្នាំ ២០១៩​ ​នៅ​នាយក​ដ្ឋាន​រដ្ឋ​បាល​ផែន​ការ​ និងហិរញ្ញវត្ថុនៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​​បាល​ការពារ​និង​​អភិ​រក្ស​ធម្ម​ជាតិ​ ​នៃ​ក្រសួង​បរិ​ស្ថាន។​

​ទោះ​ជា​បែប​ណា​ក្ដី​ កាល​ពី​ម្សិល​មិញ​មន្ត្រី​ម្នាក់​នៃ​គណ​:​កម្មការ​នេះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ​គិត​រហូត​មក​ទល់​ពេល​នេះ​ នៅ​ពុំ​ទាន់​​​មាន​រូប​វន្ត​បុគ្គល​ ​ឬ​​នីតិ​បុគ្គ​ល​ណា​ម្នា​ក់​ ទំនាក់​ទំនង​មក​ដាក់​​ពាក់​សុំដេញ​ថ្លៃ​ឈើ​វត្ថុតា​ង​ទាំ​ង​នោះ​នៅឡើ​យ​ទេ​។ ​

លោក​ ​កែវ​ ​សុភគ៌​ ​ប្រធាន​មន្ទី​រ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ បា​ន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​ ឈើ​វត្ថុតាង​ ដែល​គណៈ​កម្មការ​ពិគ្រោះ​​ថ្លៃ អគ្គ​នាយក​ដ្ឋាន​រ​ដ្ឋ​បាល​ការពារ​ និង​អភិ​រក្ស​ធម្ម​ជាតិ​ ​បាន​ដាក់​ប្រកាស​ដេញ​ថ្លៃ​នោះ​ គឺ​ជា​ឈើ​ច​ម្រុះ​ប្រភេទ​ ដែល​ត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ និង​ចាប់​រឹបអូស​ពី​តំបន់​ការ​ពារ​ធម្មជាតិ​ខេត្ត​មណ្ឌល​គិរី ​តាំង​ពី​ ៣ ​ឆ្នាំ​មុន​មក​ម្ល៉េះ។​ បច្ចុ​ប្បន្ន​ឈើ​មួ​យ​ចំនួន​ក៏​បាន​ពុក​ផុយ​ខ្លះ​ហើយ​ដែរ​។​ ​ ​

​លោក​ កែវ សុភគ៌ បាន​ថ្លែង​បញ្ជាក់​បន្ថែម​ទៀត​​ថា​៖​ «​ថវិកា​ដែ​ល​បាន​មក​ពី​ការ​ដេញ​ថ្លៃ​លក់​ឈើ​វត្ថុ​តាង​ទាំង​នោះ ​មួយ​ផ្នែក​នឹង​ត្រូវ​បាន​ផ្ដល់​សម្រាប់​ការ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ឧទ្យា​​នុរក្ស ​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​ពង្រឹង​ការ​ចុះល្បាត ​(ទៅ​ក្នុង​តំបន់​ព្រៃ) ទប់​ស្កាត់​បទ​ល្មើស​​ព្រៃឈើ​ និង​សត្វ​ព្រៃ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​​ ​ខណៈ​មួយ​ផ្នែក​ធំ​ទៀត ​នឹង​ត្រូ​វដា​ក់​បញ្ចូល​ជា​ថវិកា​រដ្ឋ​ ឬ​នឹង​ត្រូវ​ប្រើប្រា​ស់​ទៅលើ​ផ្នែក​ផ្សេ​ង​ៗ​ទៀ​ត​គឺ​អាស្រ័យ​​តាម​ការ​ចាត់​ចែង​របស់​ក្រសួង​​បរិស្ថាន​»​៕​