ក្រចេះ/ស្ទឹងត្រែងៈ ឈើ​ចម្រុះ​ប្រភេទ​ជាច្រើន​ម៉ែត្រគុប រួមទាំង​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​រួមមាន​រថយន្ត​ និង​កាណូត​សរុប​ ៤ ​គ្រឿង​ទៀត ត្រូវបាន​កងរាជអាវុធហត្ថ រួម​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចាប់​និង​រឹបអូស​បាន​ក្នុង​ខេត្ត​ចំនួន​ ៣ ​ផ្សេង​គ្នា​។

លោក ស៊ុំ សុគន្ធា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំបូរ​ឲ្យ​ដឹងថា​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​កម្លាំង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៃ​កងរាជ​អាវុធហត្ថ​ស្រុក​សំបូរ​បាន​បើក​ប្រតិបត្តិការ​ល្បាត​តាម​ដង​ទន្លេមេគង្គ​ហើយ​បាន​ប្រទះឃើញ​កាណូត​ដឹកឈើ​មួយគ្រឿង​ចត​នៅ​​ចំណុច​ភូមិ​តាងួន ឃុំ​វឌ្ឍ​នះ ស្រុក​សំបូរ ខេត្ត​ក្រចេះ​ក៏​បាន​ចូលទៅ​ពិនិត្យ​ និង​បង្ក្រាប​ចាប់​រឹបអូស​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ធ្វើការ​វាស់វែង​ និង​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​បន្តថា​៖ «​បើតាម​អ្នកភូមិ ទូក​នោះ​បាន​ចូល​ចត​ និង​ទម្លាក់​ឈើ​ចូល​ទៅ​ក្នុង​ទូក​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដឹងថា ម្ចាស់​ទូក​ជា​នរណា និង​ស្នាក់​នៅឯណា​នោះទេ ព្រោះ​ឃើញ​តែ​កម្មករ​ ២-៣ ​នាក់​ប៉ុណ្ណោះ ហើយ​ពួកគេ​បាន​គេច​ខ្លួន បន្ទាប់ពី​ឃើញ​កម្លាំង​សមត្ថកិច្ច​មកដល់​»​។

លោក បួយ រតនា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​ធ្វើការ​វាស់វែង​ឈើ​ទាំងនោះ និង​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​ប្រកាស​រក​ម្ចាស់​ទូក​ដឹកឈើ​នោះ​ឲ្យ​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ លោក​បញ្ជាក់ថា​៖ «​ក្នុងករណី​ពុំមាន​នរណាម្នាក់​ចេញ​មុខ​មក​អះអាង​ថា ជា​ទូក ​និង​ឈើ​របស់ខ្លួន​ទេនោះ សមត្ថកិច្ច​យើង​នឹង​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ដោយ​ចាត់ទុក​ទូក​ និង​ឈើ​ទាំងនោះ​ជា​អញ្ញតជន​»​។

ករណី​ដាច់ដោយឡែក​ផ្សេងទៀត​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ចាប់​រឹបអូស​រថយន្ត​ដឹកឈើ​ ២ ​គ្រឿង ទូក​ម៉ាស៊ីន ១ ​គ្រឿង និង​ឈើ​កែច្នៃ​ជាច្រើន​ម៉ែត្រគុប​ផងដែរ​។

លោក អន ច័ន្ទសុជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ក្នុង​ប្រតិបត្តិការ​រយៈពេល​ ៣ ​ថ្ងៃ ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១៨-២០ ​ខែ ​វិច្ឆិកា​ ឆ្នាំ​ ២០១៩ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ចាប់​រឹបអូស​ទូក​ដឹកឈើ​ ១ ​គ្រឿង​ នៅ​ចំណុច​ស្រែ​តាចាន់​ក្នុង​ឃុំ​ក្បាលរមាស​ស្រុក​សេសាន និង​រថយន្ត​សាំងយ៉ុង​ដឹកឈើ​ ២ ​គ្រឿង​ នៅលើ​ដងផ្លូវ​ជាតិ​លេខ​ ៧ ក្បែរ​ស្នាក់ការ​សន្តិសុខ​ ៧២២ ស្ថិតក្នុង​ស្រុក​សៀមបូក​។

លោក​ថា​៖ «​សមត្ថកិច្ច​យើង​បានកំណត់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ដឹកឈើ​គ្រឿងផ្ទះ​នោះ​ហើយ​និង​កំពុង​រៀបចំ​លិខិតអញ្ជើញ​ម្ចាស់​រថយន្ត​ទាំង​ ២ ​គ្រឿង​នោះ​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់ ព្រោះ​ឈើ​ទាំងនោះ​ជា​ឈើ​កែច្នៃ​ជា​បង្អួច និង​ទ្វារ​»​។

ដោយឡែក​នៅឯ​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃទី​ ២០-២១ ខែ​ ​វិច្ឆិកា ២០១៩ កម្លាំង​កងរាជ​អាវុធ​ស្រុក​អន្លង់វែង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ចុះបង្ក្រាប​​ទីតាំង​សិប្បកម្ម​កែច្នៃ​គ្រឿងសង្ហារិម និង​ស្តុក​ឈើ​អត់​ច្បាប់​ ៧ ​កន្លែង​នៅក្នុង​ភូមិ​ស្រះឈូក ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង​ដោយ​ចាប់​រឹបអូស​ឈើ​បាន​ជាង​​ ៥០ ​ម៉ែត្រគុប​។

លោក ងួន រិទ្ធី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង​ថ្លែងថា​៖ «​បើទោះ​ជា​ឈើ​​ទាំងនោះ​ពួកគាត់​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដែល​កាប់​កាត់​នៅ​តាម​តំបន់​ព្រៃ​នឹង​នៅតាម​ស្រែចម្ការ​របស់​ពួកគាត់​ក៏ដោយ​ ប៉ុន្តែ​សំខាន់​គឺ​ពួកគាត់​បើក​អាជីកម្ម​អត់​ច្បាប់ ឬ​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​របស់​ពួកគាត់​ពីមុនមក ផុត​សុពលភាព​»៕