រតនគិរី/កំពង់ស្ពឺ: ឈើ​ចម្រុះ​ចំនួន ៣៣ ​កំណាត់ ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​រតនគិរី​ប្រគល់ជូន​មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត ដើម្បី​រក្សាទុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​អូរយ៉ាដាវ​ដោយ​ម្ចាស់​ឈើ​បាន​រត់គេចខ្លួន​ ខណៈ​ដែល​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ ១ ​កន្លែង ​ដែល​មាន​ឈើ​ចំនួន ២៥ ​កំណាត់​ នៅ​ស្រុក​ឱរ៉ាល់​។

លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ឈើ​ជាច្រើន​ប្រភេទ​លាយឡំ​គ្នា​សរុប​ចំនួន ៣៣ ​កំណាត់​ ពី​មន្ត្រី​ជំនាញ​ចម្រុះ​ដែល​បាន​ចុះបង្ក្រាប​កាលពី​ថ្ងៃទី​ ១២ ខែ​កក្កដា ប៉ុន្ដែ​លោក​មិនទាន់​ដឹង​ពី​ចំនួន​ដែល​គិត​ជា​ម៉ែត្រគុប​ទេ​។ ប្រតិបត្តិការ​បង្ក្រាប​នោះ​កម្លាំងចម្រុះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១១ កក្កដា នៅ​ត្រង់​ចំណុច​កំពង់ចម្លង​ទន្លេ​សេសាន​នៅក្នុង​ភូមិ​បាដល ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ​។

លោក​ថា​៖ «​ខ្ញុំ​បានឃើញ​ទាំងអស់​ហ្នឹង​ហើយ ឥឡូវ​នេះ​មន្ត្រី​ជំនាញ​កំពុង​ធ្វើការ​វាស់វែង​ចំនួន​ម៉ែត្រគុប ប៉ុន្ដែ​ខ្ញុំ​មិន​ដឹង​គេ​វាស់​ហើយ​ឬ​នៅ​ទេ​ព្រោះ​ខ្ញុំ​ជាប់រវល់​មក​ប្រជុំ​នៅ​ភ្នំពេញ​»​។

លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​វត្ថុតាង​ដែល​យើង​បាន​បង្ក្រាប​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​មន្ត្រី​បរិស្ថាន​យក​ទៅ​រក្សាទុក​ដើម្បី​ចាត់ចែង​តាមច្បាប់​បន្ត ប៉ុន្ដែ​ម្ចាស់​ឈើ​បាន​រត់​គេចខ្លួនបាត់​អស់ហើយ​។ ការងារ​បង្ក្រាប​នេះ​គឺ​យើង​នៅតែ​បន្ត​ធ្វើជា​ហូរហែ​អ៊ីចឹង មិនលើកលែង​ឲ្យ​ក្រុម​ឈ្មួញ​ណាមួយ​ទេ ដូច​បងប្អូន​យើង​ឃើញ​កន្លង​មក​នេះ​គឺ​យើង​បាន​ចាត់​វិធានការ​គ្រប់​រូបភាព​ហើយ​»​។

លោក​បន្ថែមថា មុន​នឹង​ឈានដល់​ការបង្ក្រាប​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​មធ្យោបាយ​កាណូត​ចុះ​ល្បាត​រុករក​ស្រាវជ្រាវ​ក្នុង​ទន្លេសេសាន​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរយ៉ាដាវ ទើប​ប្រទះឃើញ​ឈើ​ដែល​ក្រុម​ឈ្មួញ​គរ​លាក់ទុក​ក្នុង​ទន្លេ​នោះ​តែម្តង​ដោយ​សមត្ថកិច្ច​បាន​ធ្វើការ​រឹបអូស​យកទៅ​ប្រគល់ជូន​មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត​រតនគិរី​ចាត់ចែង​តាមច្បាប់​។

ដោយឡែក​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ១១ ខែ​កក្កដា​ បាន​ចុះបង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ ១ ​កន្លែង​ស្ថិត​នៅ​ភូមិ​ដំបងវេញ ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ដោយ​រឹបអូស​ឈើ​ប្រភេទ​លេខ​ ២ ​ចំនួន​ ២៥ ​កំណាត់​ ស្មើនឹង​ជាង ៣ ​ម៉ែត្រគុប ខណៈ​ម្ចាស់​បាន​រត់​គេចខ្លួន​បាត់​។

លោក​ នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជាង ៥០ ​នាក់​បាន​ចុះ​ឆែកឆេរ និង​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ប្រណីត​មួយកន្លែង​ដែល​ឈើ​ទាំងអស់​ត្រូវគេ​ទម្លាក់​ចូលក្នុង​ទឹកស្រះ ដើម្បី​លាក់បាំង​សមត្ថកិច្ច​។

លោក​ថា​៖ «​យើង​ចុះទៅ​បង្ក្រាប​នេះ​គឺ​មិន​ជួប​ម្ចាស់​ទីតាំង​ទេ គឺ​គាត់​រត់​គេចខ្លួនបាត់​ហើយ រីឯ​ផ្ទះ​ដែល​ជា​កន្លែង​កែច្នៃ​ឈើ​ហ្នឹង គឺ​ចាក់សោ​ទុកចោល​។ ដូច្នេះ​យើង​មាន​ការសង្ស័យ​ទើប​ស្នើសុំ​អនុសាសន៍​ពី​ថ្នាក់លើ​សម្រេច ដើម្បី​ឆែកឆេរ​ទីតាំង​ហ្នឹង ប៉ុន្ដែ​ម្ចាស់​បាន​លើក​ឈើ​ទម្លាក់​ទឹក ហើយ​លួច​ដឹក​ម៉ាស៊ីន​អារឈើ​ចេញ​អស់​មួយចំនួន​»​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (CANCIPO) ​ថ្លែង​ថា ក្រុម​អង្គការ​របស់​លោក​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ដើម្បី​បង្ក្រាប​បទល្មើស​ទាំងអស់​នេះ ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយ​ដែល​មិនបាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​។

លោក​បញ្ជាក់ថា​៖ «​ក្រៅពី​ឈើ​ទាំង ២៥ ដុំ​នេះ​យើង​រកឃើញ​សំណាក​ម៉ាស៊ីន​អារឈើ​ដែល​ក្រុម​ឈ្មួញ​បាន​រើរុះ​យក​មួយចំនួន ហើយ​នៅ​សេសសល់​របស់របរ​មិនសូវ​សំខាន់​ខ្លះ​ប៉ុន្ដែ​យើង​បាន​ប្រមូល​យក​មក​ទាំងអស់ ដើម្បី​រក្សាទុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​»៕