កំពង់ស្ពឺៈ មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា​ ឈើមូល​ច្រើន​ប្រភេទ​ជាង​ ១០០ កំណាត់​និង​ម៉ាស៊ីន​អារ​ឈើ​ ៣ គ្រឿង​ ដែល​ក្នុង​នោះ​ ២ គ្រឿង​ជាម៉ាស៊ីន​រ៉ៃ ​និង ​១ គ្រឿង​ទៀត​ជាម៉ាស៊ីន​ថាស​ច្រៀក​ឈើ​ រួមទាំង​ឈើ​ក្ដារ​បន្ទះ​មួយ​ចំនួន​ទៀត ​ត្រូវបាន​កម្លាំង​គណៈកម្មការ​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​នៃ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​កម្លាំងកង​រាជ​អាវុធហត្ថ​ស្រុក​ឱរ៉ាល់ ​ បង្ក្រាប​ និង​រឹបអូស​បានពី​រោង​អារឈើ​ខុសច្បាប់​មួយ​កន្លែង​កាលពី​ថ្ងៃ​អាទិត្យ។

លោក អេង​ ហ៊ី ​អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ បានបញ្ជាក់ថា​៖ «នៅ​ពេល​​នេះ ​វត្ថុតាង​ដែល​រួមមាន​ឈើ​ និង​ម៉ាស៊ីន​អារឈើ​ទាំងនោះ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​យើង​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​បរិស្ថាន​នៃ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ​ដើម្បី​ធ្វើការវាស់​វែង​ រក្សាទុក ​និង​ចាត់​ការ​បន្ត​តាម​នីតិវិធី​»។

លោក អេង ​ហ៊ី​ បានបន្តថា ​ក្រុមជន​ល្មើស​បានរត់​គេច​ខ្លួន ​មុន​ពេល​សមត្ថកិច្ច​ចុះទៅ​ដល់​ទីតាំង​រោង​ម៉ាស៊ីន​អារ​ឈើ​លួច​​លាក់​ដោយ​ខុស​ច្បាប់ ​នៅ​ក្នុង​ព្រៃ​នៃ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ ស្ថិតក្នុង​ភូមិសាស្ត្រ ​ភូមិ​តាជន់​ ឃុំតា​សាល ​ស្រុក​ឱរ៉ាល់។​ ទោះជា​បែបណា​នៅ​ពេលនេះ​កម្លាំង​គណៈកម្ម​ការ​បង្ក្រាប​បទ ល្មើស​ធន​ធាន​ធម្មជាតិ ​នៃ​កងរាជ​​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​ឱរ៉ាល់ ​កំពុង​បន្ត​​ចុះស្រាវ​ជ្រាវ​ស្វែងរក​អត្ត​សញ្ញាណ​​​នៃ​ក្រុមជន​ល្មើស​ ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់។

លោក​ ឯម សុគន្ធ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ នៅ​ពេល​នេះ​ក្រុម​មន្ត្រី​ជំនាញ​នៅមិន​ទាន់​បាន​ធ្វើ​ការវាស់​វែង​នៅ​ឡើយ​ទេ ​ព្រោះ​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​កំពុង​ដឹកជញ្ជូន​វត្ថុតាង ​និងឈើ​ទាំង​នោះ​មក​កាន់​ស្នាក់​ការ​បរិស្ថាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់។

លោក​ សុគន្ធ បាន​បញ្ជាក់​ថា​៖ «ឥឡូវនេះ​ឈើ​ក្ដារ​បន្ទះ ​និង​ម៉ាស៊ីន​អារឈើ​ ត្រូវ​បាន​បញ្ជូន​មកដល់​កន្លែង​សុវត្ថិភាព​ហើយ​ ចំណែក​ឈើ​មូល​ចំនួន ១០១​ កំណាត់​ទៀត​នោះ ​កំពុង​ស្ថិត​ក្រោម​ការដឹក​ជញ្ជូន​មក​កាន់​ស្នាក់​ការបរិស្ថាន​យើង។ ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​នៃ​ទំហំ​ឈើ​ទាំងនោះ​សរុបជាង​ ៣០​ ម៉ែត្រ​គុប​ ក្នុង​នោះ​ឈើ​មូល​មាន​​ប្រមាណ​ជិត ៣០ ម៉ែត្រ​គុប ​និង​ ឈើ​ក្ដារ​បន្ទះ​ជិត ៣ ម៉ែត្រ​គុប»។

ដោយ​ឡែក​ ក្រុម​សហគមន៍​បណ្ដាញ​ព្រៃឡង់​ ខេត្ត​ក្រចេះ ​កាលពី​ថ្ងៃទី​ ១៤ ​ខែកុម្ភៈ​ ឆ្នាំ​ ២០១៩ ​ក្នុង​ដំណើរ​ចុះ​យុទ្ធនាការ​​ល្បាត​និង​បំបួស​ព្រៃឈើ ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ ​ព្រៃឡង់ ​បានប្រទះ​ឃើញ​និង​ឃាត់​សួរនាំ​អ្នក​បើក​បរ​គោយន្ត​ដឹកឈើ​ហុប​ធំៗ​ជា​ច្រើន​គ្រឿង ​ដែល​បាន​ដឹក​ជញ្ជូន​ ឆ្លង​កាត់​តំបន់​ដែនជម្រក​សត្វព្រៃ​ ព្រៃឡង់។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បណ្ដាញ​សង្គម​ ឈ្មោះ Bor Bet។

​ទោះជាយ៉ាងណា លោក ដួង ឆាយ​សាវុធ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ​បានបដិសេធថា​ករណីនេះ​ពុំស្ថិត​ក្នុង​ទឹក​ដីខេត្ត​ក្រចេះ​នោះ​ទេ ប៉ុន្តែ​លោក​មិន​បានបញ្ជាក់​ថា ​វា​បានកើតឡើង​នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​ណាមួយ​ឲ្យប្រាកដ​នោះ​ទេ ​ក្នុង​ចំណោម​ខេត្ត​ទាំង ៤ នៃ​តំបន់​ដែន​ជម្រក​សត្វព្រៃ ​ព្រៃ​ឡង់។

លោក​ថ្លែងថា​៖ «ខ្ញុំ​បាន​សាកសួរ​ទៅ​ក្រុមការងារ​របស់​យើង​ខ្ញុំ​ ប្រចាំ​តំបន់​ព្រៃឡង់​ហើយ ​បន្ទាប់​ពី​ខ្ញុំ​បានឃើញ​រូបភាព​និង​ខ្លឹម​សារ​​នៃព័ត៌មាន​ដ៏ខ្លី​នោះ ​ប៉ុន្តែ​ក្រុម​ការងារ​យើង​ខ្ញុំ​ទាំង​អ្នក​ប្រចាំការ​នៅ​ស្នាក់ការ​បរិស្ថាន​ក្នុងតំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ទាំង​ក្រុម​ល្បាត ​ពួកគេ​បានប្រាប់​ថា ​គ្មាន​ករណីនេះ​កើតមាន​ក្នុង​ទឹកដី​ខេត្ត​ក្រចេះ​នោះ​ទេ»។

លោក​បន្តថា ​នៅពេល​នេះ ​ក្រុមការងារ​របស់​លោក​កំពុង​បន្ត​ធ្វើ​ការស្រាវជ្រាវ​បន្ថែមទៀត​លើ​ករណីនេះ ​ដើម្បី​ឲ្យ​ប្រាកដថា​ វា​ជាសកម្មភាព​ថ្មី​ដែលទើប​កើត ឡើង ​ឬក៏​ជាសកម្មភាព​ចាស់ ​ហើយ​​ត្រូវបាន​គេ​យក​មក​បង្ហោះ​និង​ចែក​ចាយ​​បន្ត​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ៕