
ស្ទឹងត្រែងៈ កម្មករប្រមាណជា៤០នាក់កំពុងធ្វើការបាញ់ថ្នាំពណ៌ក្រហមទៅលើដើមឈើនៅក្នុងតំបន់ព្រៃអភិរក្ស ហើយកម្មករទាំងអស់នោះក៏កំពុងប្រមូលឈើប្រណីតទៅគរទុកនៅទីទួលសុវត្ថិភាពមិនលិចទឹកនៅក្នុងឃុំស្រែគ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើយោងតាមមន្រ្តីក្នុងមូលដ្ឋានម្នាក់ដែលបានអះអាងកាលពីម្សិលមិញ។
លោក សៀក មេគង្គ ជាសមាជិកឃុំ១រូបបានថ្លែងថា កម្មករមកពីខេត្តក្រចេះបានមកដល់ទីនេះនៅថ្ងៃអាទិត្យនិងកំពុងនាំគ្នាកាប់ឈើយ៉ាងសកម្មនៅតំបន់ព្រៃមួយចំនួនក្នុងតំបន់អាងដែលត្រូវសាងសង់ទំនប់វារីអគ្គិសនីសេសាន ក្រោម២ ដែលមានទំហំទឹកប្រាក់ ៧៨១លានដុល្លារនិងដែលអាចផលិតថាមពលអគ្គិសនីចំនួន ៤០០ មេហ្គាវ៉ាត់ នៅទីនេះ។
លោកថ្លែងបន្តថា៖ «កាលពីថ្ងៃអាទិត្យក្រុមហ៊ុនបានបញ្ជូនកម្មករចំនួន ៤០នាក់ទៅកាប់ឈើធ្នង់នៅក្នុងតំបន់ទំនប់វារីអគ្គិសនីសេសាន២ ដោយលើកហេតុផលសំអាងថាដើម្បីត្រួសត្រាយធ្វើផ្លូវនិងសម្អាតបរិស្ថាននិងទឹកកខ្វក់ចេញពីក្នុងតំបន់អាង»។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបរបស់កម្ពុជាគឺជាដៃគូជាមួយក្រុមហ៊ុន Hydrolancang International Energy របស់ប្រទេសចិនបានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថា ពួកគេនឹងសាងសង់ទំនប់វារីអគ្គិសនីនេះក្នុងរយៈពេល៥ឆ្នាំនៅកន្លែងជួបគ្នារវាងទន្លេសេសាននិងទន្លេស្រែពកហើយដែលគម្រោងនេះបានបណ្តេញប្រជាជនប្រមាណជា ៥ ពាន់គ្រួសារនិងប៉ះពាល់ដល់ប្រជាជនរាប់សែននាក់ទៀត។
ច្បាប់មួយដែលបានចែងស្តីពីការសាងសង់ទំនប់វារីអគ្គិសនីនេះត្រូវបានបញ្ជូនទៅរដ្ឋសភានិងព្រឹទ្ធសភាកាលពីអំឡុងខែកុម្ភៈកន្លងទៅ។
លោក សៀក មេគង្គ បានថ្លែងថា គ្រួសារទាំងឡាយដែលរងគ្រោះដោយសារគម្រោងមួយនេះមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេពាក់ព័ន្ធនឹងការបញ្ជូនពួកគេទៅតាំងទីលំនៅថ្មីហើយថាកម្មករទាំងនោះកំពុងធ្វើការស្តុកឈើនៅទីទួលសុវត្ថិភាពផុតពីទឹកជំនន់ដែលជាកន្លែងបម្រុងទុកសម្រាប់ជម្លៀសប្រជាជនទៅទីនោះ។
លោកថ្លែងបន្តថា៖ «ខ្ញុំមិនយល់នៅពេលពួកគេនិយាយថា ពួកគេកាប់ឈើដើម្បីសម្អាតទឹកនៅតំបន់អាងដើម្បីធ្វើទំនប់វារីអគ្គិសនី»។
លោកបន្ថែមថាកម្មករទាំងនោះកំពុងបាញ់ថ្នាំពណ៌ក្រហមនៅក្នុងតំបន់ព្រៃអភិរក្ស។លោកបញ្ជាក់ថា៖ «ប្រជាជននៅក្នុងឃុំខ្ញុំមានក្តីបារម្ភយ៉ាងខ្លាំង»។
លោក គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបមិនអាចទាក់ទងសុំអត្ថាធិប្បាយទាក់ទិននឹងករណីនេះបានទេកាលពីម្សិលមិញ៕ PS