មណ្ឌលគិរីៈ សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បាន​និង​កំពុង​ស្រាវជ្រាវ​រក​ជនខិលខូច​ដែល​យក​ឈើ​ប្រភេទ​សុក្រំ​ចំនួន​ ១៦៨ ​ដុំ ​ទៅ​លាក់ទុក​ ៥ ​ទីតាំង​ផ្សេង​គ្នា​ នៅ​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ​ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ និង​រឹបអូស​ឈើ​ទាំងនោះ​នៅ​ទីតាំង​ខាងលើ ប៉ុន្ដែ​ម្ចាស់ឈើ​នេះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

លោក​ វ៉ាន់ ដានី អធិការនគរបាល​ស្រុក​កែវសីមា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ឈើ​ប្រភេទ​សុក្រំ​ចំនួន​​ ១៦៨ ​ដុំ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​រកឃើញ​នៅ ៥ ​ទីតាំង​ផ្សេងៗ​គ្នា​ ដែល​ជនខិលខូច​បាន​យក​ពី​តំបន់​ផ្សេង​ទៅ​លួចលាក់​ទុក​នៅ​ទីតាំង​ខាងលើនេះ​។ សមត្ថកិច្ច​កំពុង​បន្ត​ការស្រាវជ្រាវ​រក​ជន​ទាំងនោះ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ឈើ​សុក្រំ​ហ្នឹង មិនមែន​គេ​យក​មក​លាក់ទុក​មួយ​កន្លែង​ទុក​នៅ​រោង​កែច្នៃ​ទេ គឺ​គេ​លាក់ទុក ៥ ​កន្លែង​ខុសៗ​គ្នា ហើយ​មួយ​កន្លែងៗ​គឺ​មាន​ឈើ​ ១០ ​ដុំ ឬ​ ២០ ​ដុំ​នៅ​ខាងក្រោយ​ផ្ទះ​អ្នកភូមិ​។ សមត្ថកិច្ច​យើង​រកឃើញ​ហើយ ក៏​នាំ​គ្នា​ប្រមូល​ដាក់​មួយកន្លែង រួច​ក៏បាន​រាប់​ចំនួន​ឈើ​ហ្នឹង ប៉ុន្ដែ​ខ្ញុំ​អត់​ដឹងថា មន្ត្រី​ជំនាញ​យើង​គាត់​វាស់​គិត​ជា​ម៉ែត្រគុប​រួចហើយ ឬ​នៅទេ​»​។

លោក​បន្ថែមថា ឈើ​ទាំងនោះ​ត្រូវ​បាន​ជនខិលខូច​យក​មក​លាក់ទុក​មួយរយៈ​សិន ដើម្បី​រង់ចាំ​ឱកាស​ល្អ ហើយ​ឆ្លៀត​ដឹកជញ្ជូន​យក​ទៅ​លក់​នៅ​ប្រទេស ​វៀតណាម​។ ក្នុងនោះ​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​អ្នកភូមិ​នៅ​តំបន់​នោះ ប៉ុន្ដែ​មិនមាន​អ្នកណា​បានដឹង ឬ​ស្គាល់ឈ្មោះ​ជន​ដែល​លួចលាក់​ឈើ​នេះ​ទេ​។

លោក​ អ៊ុំ សុវណ្ណសុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ទីតាំង​ស្ដុក​ឈើ​ប្រណីត​ទាំង​ ១៦៨ ​ដុំ​នេះ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ បន្ទាប់ពី​ពួកគេ​បាន​លួចលាក់​ឈើ​ប្រណីត​នៅក្នុង​ទីតាំង​ខាងលើ​។

លោក​បន្តថា ​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី បាន​ចុះបង្ក្រាប​ទីតាំង​លួចលាក់​ឈើ​នេះ ប៉ុន្ដែ​ម្ចាស់​ឈើ​បាន​រត់គេច​ខ្លួន​ទាំងអស់​។ ក្រៅពី​រកឃើញ​ឈើ​នៅ​ទីតាំង​នេះ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​កន្លែង​ផ្សេងៗ​ទៀត​ដែល​នៅក្នុង​តំបន់​នោះ​។

លោក​ អ៊ុំ សុវណ្ណសុភៈ បញ្ជាក់​ថា​៖ «​ឥឡូវនេះ​យើង​បាន​រឹបអូស​ឈើ​ទាំងអស់​ហ្នឹង ហើយ​ដឹក​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កែវសីមា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​បន្តទៀត​។ រីឯ​ម្ចាស់​ឈើ​ហ្នឹង​ចាំ​យើង​ស្គាល់​អត្តសញ្ញាណ​គាត់​សិន​គឺ​ទុក​ឲ្យ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ទៀត​។ ប៉ុន្ដែ​បើ​គាត់​មិន​ព្រម​ចូល​បំភ្លឺ​ទេ គឺ​តុលាការ​គេ​មាន​វិធានការ​ចាប់ខ្លួន​តាម​នីតិវិធី​ច្បាប់​»​។

លោក​ កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នកទទួល​។

គួររំឭក​ថា​នៅ​ថ្ងៃទី​ ៤ កុម្ភៈ ឆ្នាំ​ ២០១៩ លោក សៅ សុខា អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ដាក់​ចេញ​ផែនការ​ ៤ ​ចំណុច ដើម្បី​បង្ការ ទប់ស្កាត់ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ផែនការ​ទាំង​ ៤ ​ចំណុច​រួមមាន​ ទី​១ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​បទល្មើស​ធនធាន​ធម្មជាតិ​។ ទី​២ បញ្ជា​អង្កេត​ស្រាវជ្រាវ​រក​ជន​ដែល​ប្រព្រឹត្ត និង​ពាក់ព័ន្ធ​នឹង​បទល្មើស​។ ទី​៣ ចាប់ខ្លួន​ជនសង្ស័យ និង​ប្រមូល​វត្ថុតាង​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​តុលាការ​ និង​ទី​៤ ​ប្រមូល ផ្តុំ​កម្លាំង​ត្រៀម​ធ្វើ​អន្តរាគមន៍​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ធនធាន​ធម្មជាតិ ដែល​អាច​នឹង​កើតមាន​ឡើង ជាពិសេស​នៅ​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​៕