ស្ទឹងត្រែងៈ កម្លាំង​ចម្រុះ​ខេត្ត​ស្ទឹង​ត្រែង​បាននិង​កំពុង​ត្រួតពិនិត្យ​ឈើ​ចំនួន​​ ​​២ រថយន្ត​ធំៗ​របស់​ក្រុមហ៊ុន​ចិន​មួយ ​បន្ទាប់ពី​ត្រូវបាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​បង្ក្រាប​ចាប់បាន​កាលពី​យប់​ថ្ងៃអង្គារ​នៅក្នុង​សង្កាត់​សាមគ្គី ​ក្រុង​ស្ទឹង​ត្រែង​ ក្រោម ការ​សង្ស័យថា​បានដឹក​ឈើ​ខុស​ពី​ច្បាប់​អនុញ្ញាត។

ប៉ុន្តែ​លោក​លៀង សេង ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹង​ត្រែង​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញថា ​រថយន្ត​ទាំង ២ ​នោះ​គឺ​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ចិន ​ដោយមាន​ច្បាប់​អនុញ្ញាត​​ត្រឹម​ត្រូវ។ ប៉ុន្តែ​ទំនង​ជាមាន​ទំ​នាស់​ផ្ទៃ​ក្នុង​របស់​ក្រុម​ហ៊ុន​នេះ ​ទើប​មាន​ការ​ប្តឹង​គ្នា ​ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏ឃាត់​រថយន្ត​ទាំង ២ ​គ្រឿង​នោះ​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​មើល។

លោក​បានបញ្ជាក់​ដូច្នេះថា​៖ «កំពុង​ធ្វើការ​តាម​នីតិវិធី​ស្រាវជ្រាវ​ហើយ។ ឈើ​ហ្នឹង​គឺ​ឈើ​ក្រុម​ហ៊ុន​គេ​ហ្នឹង​ហើ​យ។ ក្រុម​ហ៊ុន​គេ​មាន​ច្បាប់​មាន​ទម្លាប់។ វា​គ្រាន់តែ​មិន​ត្រូវ​គ្នា។ វា​ប្តឹង​គ្នា។ រឿង​ផ្ទៃក្នុងក្រុ​មហ៊ុន​គាត់​ហ្នឹង។ ប្តឹង​គ្នា ​ច្រណែន​គ្នា។ មាន​ច្បាប់​ដឹក​ជញ្ជូន ​តែ​វា​អាច​ខុស​លក្ខ​ខណ្ឌ​ឈើ​តិចតួច​ក៏មិន​ដឹង​ដែរ ​ព្រោះ​គេ​កំពុង​តែ​ពិនិត្យ​មើល»។

លោក​បន្ថែមថា ​ក្រោយពី​ការចាប់​ឃាត់​រថយន្ត​ដឹកឈើ​នោះ​មក​ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​បាន​ជួប​ប្រជុំ​លើ​បញ្ហានេះ​ផង​ដែរ។ ប៉ុន្តែ​លោក​មិន​បាន​ចាំ​ពី​ចំនួន​ឈើ​ដែល​ដឹក​នោះ​ទេ។ លោក​ថា ​ឈើ​ទាំង​នោះ​មាន​ឈើ​ខ្លះ​ជាប្រភេទ​ឈើ​លេខ ១ ​និង​លេខ ២ ​ហើយ​ខ្លះ​ទៀត​ជាឈើ​មិន​សូវ​ល្អ​ផង​ដែរ។ លោក​ក៏​បាន​ឲ្យដឹង​ផង​ដែរថា ​ក្រុម​ហ៊ុន​ចិន​នេះ​បានទទួល​ការអនុញ្ញាត​ពី​រដ្ឋាភិបាល ​ដើម្បី​ដាំ​ឈើ​ឡើង​វិញ។​

នៅពេល​ទាក់ទង​ពី​ម្សិលមិញ ​លោក​អឿង វ៉ាន់ឌី ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹង​ត្រែង​សុំ​មិនធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ។

យោង​តាម​សារព័ត៌មាន ​Fresh News ពី​ម្សិល​មិញបាន​ឲ្យដឹងថា​ រថយន្ត​ របស់​ក្រុម​ហ៊ុន​ចិន​ទាំង ​២ គ្រឿង​នេះ​ចេញ​មក​ពី​ស្រុក​ សៀម​ប៉ាង ​ហើយ​ត្រូវកម្លាំង​អាវុធ​ហត្ថ​បង្រ្កាប ​ដោយ​សង្ស័យ​រឿង​លួច​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់។

លោក​ហូ សំអុល ​អ្នកសម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស ​អាដហុក ​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹងថា ​ក្រុម​ហ៊ុន​​ចិន​នោះ​មាន​ឈ្មោះ​សៀម៉ុន។ ប៉ុន្តែ​លោក​មិនបាន​ដឹង​ព័ត៌មាន​លម្អិត​ពី​ករណី​នេះ​ទេ។

ទឹកប្រាក់​ប្រមាណ​ជា ២០០ ​លាន​ដុល្លារ​ត្រូវបាន​ក្រុម​ហ៊ុន​សៀម៉ុន ​(​ខេ​ម​បូឌា)​ អេហ្រ្គីខល​ឈ័រ ​ខេម​ប្រេហេន​ស៊ីវ ​ឌីវេ​ឡុប​ម៉ិន​ធ្វើការ​វិនិយោគ ​ដើម្បី​បង្កើត​ស្ថានីយដាំ​ឈើ​លើ​ផ្ទៃដី​ទំហំ​ ២៦ ៩៩០,​៦៧ ​ហិកតា ​នៅ​ក្នុង​ឃុំ​ស្រែ​សំបូរ ​ស្រុក​សៀមប៉ាង។

ករណី​ដាច់​ដោយឡែក​មួយ​ទៀត ​កម្លាំង​អាវុធ​ហត្ថ ​ខេត្ត​ពោធិ៍​សាត់​បាន​បង្ក្រាប​ការកាប់​និងដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​កាលពី​ថ្ងៃ​អង្គារ​ផងដែរ។​

ហ្វេសប៊ុក​របស់​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​កាលពី​ម្សិលមិញ​បានឲ្យ​ដឹងថា ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ និង​កម្លាំង​មូលដ្ឋាន ​កងរាជ​អាវុធ​ហត្ថ​ស្រុក​ក្រគរ​ ដឹកនាំ​ដោយ​លោក​ ឌុច សម្ផស្ស ​នាយរង​សេនាធិការ​ដ្ឋាន​ខេត្ត ​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចុះ​បង្ក្រាប​ការកាប់​ ប្រមូល ​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្មី ​ឃុំ​ត្នោតជុំ​ ស្រុក​ក្រគរ។​

ក្នុងការ​បង្ក្រាប​នោះ ​សមត្ថកិច្ច​បាន​រឹបអូស​ឈើ​ចម្រុះ​ចំនួន​ ១៥០​ សន្លឹក​ស្មើនឹង​ ៦,៥៣៧ ម៉ែត្រ​គុប។ ប៉ុន្តែ​ម្ចាស់​ឈើ​បាន​គេច​ខ្លួន​បាត់។ កម្លាំង​ជំនាញ​បាន​ប្រគល់​វត្ថុ​តាង​ទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ពោធិ៍​សាត់ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕