
កសិដ្ឋានចិញ្ចឹមជ្រូកនៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ សហការី
ត្បូងឃ្មុំៈ មន្ត្រីជំនាញនៃក្រសួងកសិកម្មអះអាងថា នៅក្នុងខេត្តត្បូងឃ្មុំនៅតែមានសកម្មភាពលួចដឹកសត្វជ្រូកចេញពីប្រទេស វៀតណាម ថ្វីដ្បិតអាជ្ញាធរខេត្តនេះបានហាមមិនឱ្យនាំសត្វជ្រូកចេញពីវៀតណាមដោយសារខ្លាចរាលដាលជំងឺប៉េស្ដជ្រូកអាហ្រ្វិកក្ដី។ ការអះអាងនេះបានធ្វើឡើង បន្ទាប់ពីពេលថ្មីៗនេះ មានសត្វជ្រូកជាច្រើនក្បាលនាំចេញពីវៀតណាមខុសច្បាប់ ហើយត្រូវមន្ត្រីបង្ក្រាបបាន និងបានបូមឈាមពិនិត្យរកជំងឺប៉េស្ដជ្រូកអាហ្រ្វិក។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា នៅព្រឹកទី ២៩ មេសានេះ លោកបានធ្វើដំណើរទៅជួបជាមួយអភិបាលខេត្តត្បូងឃ្មុំលោក ជាម ច័ន្ទសោភ័ណ ដើម្បីពិភាក្សាគ្នាក្នុងការដាក់ចេញវិធានការទប់ស្កាត់ឱ្យបាននូវសកម្មភាពលួចដឹកសត្វជ្រូកខុសច្បាប់ចេញពីប្រទេសវៀតណាម ព្រោះខេត្តត្បូងឃ្មុំគឺជាខេត្តនៅតាមព្រំដែនតែមួយគត់ ដែលនៅតែមានជនខិលខូចអាចលួចដឹកសត្វជ្រូកតាមម៉ូតូចេញពីវៀតណាមចូលមកដល់កម្ពុជា។
លោកថា៖ «ដោយសារថ្ងៃនេះ ខ្ញុំបានណាត់ជួបអភិបាលខេត្ត ប៉ុន្តែមុនហ្នឹងពីរថ្ងៃ ឯកឧត្តមអភិបាលខេត្តបានបញ្ជាទៅកងកម្លាំងនៅតាមទល់ដែនឱ្យបិទហើយ ប៉ុន្តែចង់និយាយថា ឈ្មួញតូចតាច ឈ្មួញម៉ូតូ ចេះតែលួច (ដឹកជ្រូកចូល) តិចតួចអ៊ីចឹង ជួនកាលយើងគ្រប់គ្រងវាមិនបាន នៅសល់តែអ៊ីចឹងទេ។ នៅតិចតួចណាស់ ដោយសារឯកឧត្តមអភិបាលខេត្តបានធ្វើកិច្ចការហ្នឹងហើយ»។
ការលើកឡើងនេះ បន្ទាប់ពីសប្ដាហ៍មុន មានរថយន្តចំនួន ៣ គ្រឿង ដឹកជ្រូកពីវៀតណាម ចូលកម្ពុជាខុសច្បាប់ ត្រូវកងកម្លាំងសមត្ថកិច្ចឃាត់បាននៅក្នុងខេត្តត្បូងឃ្មុំ ២ គ្រឿង និងខេត្តកំពង់ចាមមួយគ្រឿង ហើយបានបូមឈាមសត្វជ្រូកទាំងនោះ យកទៅពិនិត្យរកជំងឺឆ្លងប៉េស្ដជ្រូកអាហ្រ្វិកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកាលពីថ្ងៃទី ២៥ មេសា។
ក្រសួងកសិកម្មបានចេញបញ្ជាឱ្យបិទតាមច្រកព្រំដែនទាំងអស់ កុំឱ្យនាំសត្វជ្រូកចេញពីប្រទេស វៀតណាម ក្រោយពេលប្រទេសជិតខាងមួយនេះ បានផ្ទុះឡើងជំងឺប៉េស្ដជ្រូកអាហ្រ្វិកកាលពីដើមខែកុម្ភៈមក។
លោក តាន់ ផាន់ណារ៉ា បានថ្លែងថា មកដល់ពេលនេះគ្មានខេត្តណាផ្សេងត្រូវបានរកឃើញថាបានឆ្លងជំងឺប៉េស្ដជ្រូកអា្រហ្វិកនៅឡើយទេ ក្រៅតែជំងឺនេះ កំពុងផ្ទុះឡើងនៅស្រុកចំនួន ២ គឺស្រុកអូរយ៉ាដាវ និងស្រុក អូរជុំនៃខេត្តរតនគិរី។
លោក ថ្លែងថា ការអនុវត្តបង្ក្រាបនៅមានភាពខ្វះចន្លោះមួយចំនួន។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំមិនអាចទាក់ទងបានទេកាលពីថ្ងៃម្សិលមិញ ដោយសារទូរស័ព្ទខលចូលតែគ្មានអ្នកទទួល។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានលើកឡើងថា ដោយសារខេត្តត្បូងឃ្មុំ មានផ្លូវតូចៗជាច្រើនកន្លែងចេញពីតំបន់ព្រំដែនដែលអាចឱ្យម៉ូតូបើកបរបាន ទើបធ្វើឱ្យមានសកម្មភាពដឹកជ្រូកចេញពីវៀតណាមបន្តកើតឡើងបែបនេះ ស្របពេលការដឹកជ្រូកទ្រង់ទ្រាយធំតាមរយៈរថយន្តត្រូវបានហាមឃាត់។
លោកថា៖ «យើងនឹងប្រឹងតទៀតដើម្បីទប់ស្កាត់ ព្រោះយើងមិនចង់ឱ្យជ្រូកឆ្លងព្រំដែនទេ។ សម្រាប់មន្ត្រីពេទ្យសត្វនៅខេត្តត្បូងឃ្មុំ បើជាប្រធានការិយាល័យមាន ៥-៦ នាក់ ហើយកន្លងមក យើងប្រើរហូតដល់កម្លាំងមន្ត្រីពេទ្យសត្វស្រុក ដើម្បីចុះទៅត្រួតពិនិត្យនៅតាមបន្ទាត់ព្រំដែនប្រវែង ១៤៣ គីឡូ»។
ទោះជាយ៉ាងណាក៏ដោយទាំងលោក ហេង ពិសិដ្ឋ និងលោក តាន់ ផាន់ណារ៉ា មិនបានបង្ហាញអំពីការដឹកជ្រូកខុសច្បាប់តាមម៉ូតូប៉ុន្មានករណី ដែលដឹកចូលខេត្តត្បូងឃ្មំ ក្រោយពីមានការហាមឃាត់កុំឱ្យមានការនាំជ្រូកចូលពីប្រទេស វៀតណាម នោះទេ៕