The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ញឹក ប៊ុន​ឆៃ ​គ្រោង​ប្តឹង​ព្រះ​អង្គ​ម្ចាស់​រណឫទ្ធិ​ ពី​បទ​លួច​លក់​យន្ត​ហោះ​បក្ស

ញឹក ប៊ុន​ឆៃ ​គ្រោង​ប្តឹង​ព្រះ​អង្គ​ម្ចាស់​រណឫទ្ធិ​ ពី​បទ​លួច​លក់​យន្ត​ហោះ​បក្ស

ញឹក ប៊ុន​ឆៃ ​គ្រោង​ប្តឹង​ព្រះ​អង្គ​ម្ចាស់​រណឫទ្ធិ​ ពី​បទ​លួច​លក់​យន្ត​ហោះ​បក្ស

130312_08
អតីតប្រធានហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ(ឆ្វេង) និង លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិហ៊្វុនស៊ិនប៉ិច(ស្តាំ) ហុង មិនា

ភ្នំពេញៈ គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​ដាក់​ពាក្យ​ប្ដឹង​អតីត​ប្រធាន​គណបក្ស គឺ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទិ្ធ ទៅ​តុលាការ​ ក្រោម​ការ​​ចោទ​ពីបទ​លួច​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​យក​ទៅ​លក់​។

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិ​បត្តិ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ថ្ងៃ​ម្សិល​មិញ​ថា ព្រះ​អង្គ​ម្ចាស់​ ​នរោត្ដម ​រណឫទ្ធិ​ បាន​លក់​ឧទ្ធម្ភាគ​ចក្រ​ដោយ​មិន​ប្រាប់​មន្ត្រី​គណ​បក្ស​ណា​ម្នាក់​ឲ្យ​ដឹង ឡើយ​ ​នៅ​ពេល​​ព្រះ​អង្គ​​អះអាង​ថា យក​ឧទ្ធម្ភាគចក្រ​នោះ​ទៅ​ជួស​ជុល​ ប៉ុន្តែ​​ព្រះ​អង្គ​បែរ​ជា​​លួច​លក់​ស្ងាត់ៗ។

លោក ញឹក ប៊ុន​ឆៃ​ បានមាន​ប្រសាសន៍​​ថា៖ «​​ព្រះ​អង្គ​តែង​​មាន​បន្ទូល​ថា ព្រះ​អង្គ​យក​វា​ទៅ​ជួស​ជុល​ តែ​តាម​ពិត​​ព្រះ​អង្គ​បាន​លួច​យក​វា​ទៅ​លក់​។ ព្រះ​អង្គ​បាន​កុហក ឥឡូវ​នេះ​ព្រះ​អង្គ​លក់​វា​បាត់​ទៅហើយ​»​។ លោក ញឹក ប៊ុន​ឆៃ​ បាន​បន្ថែម​ថា ឧទ្ធម្ភាគចក្រ​នេះ​ទិញ​មក​ក្នុង​​តម្លៃ​ ១២០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​ចំណែក​របស់​លោក ញឹក ប៊ុន​ឆៃ​ និង​ក្រុម​មន្ត្រី​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ផ្សេង​ទៀត​ផង​ដែរ​។

ប៉ុន្តែ យ៉ាង​ណាក៏ លោក ញឹក ប៊ុន​ឆៃ​ មិន​បាន​ផ្ដល់​កាល​បរិច្ឆេទ​ជាក់​លាក់​អំពី​ការ​ដាក់​ពាក្យ​ប្តឹង​ព្រះអង្គ ​ម្ចាស់​នរោត្តម​ រណឫទ្ធិ នោះ​ដែរ​ទេ ដោយ​បាន​ថ្លែង​ថា គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​កំពុង​ប្រមូល​ឯក​សារ​ពាក់​ព័ន្ធ ករណី​នេះ​ ហើយ​ថា ឧទ្ធម្ភាគចក្រ​នេះ​ត្រូវ​បាន​ព្រះ​អង្គ​ម្ចាស់​ នរោត្ដម​ រណឫទ្ធិ លក់​រយៈ​ពេល​ជិត​បី​ឆ្នាំ​ហើយ​។​

លោក ញឹក ប៊ុន​ឆៃ បាន​បញ្ជាក់​ថា៖«​ព្រះ​អង្គ​ម្ចាស់​បន្ត​មាន​បន្ទូល​កុហក​។ បើ​សិន​ព្រះ​អង្គ​ប្រាប់​ដោយ​ស្មោះ​ត្រង់​ថា ព្រះ​អង្គ​បាន​លក់​វា​មែន​ នោះ​យើង​អាច​មាន​ការ​សម្រប​សម្រួល​គ្នា​បាន​»។

ទោះ​យ៉ាង​ណា​ លោក ប៉ែន ​សង្ហា ​អ្នក​នាំ​ពាក្យ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដោយ​អះអាង​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​របស់​ក្រុម​មេ​ដឹក​នាំ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ បច្ចុប្បន្ន​ដែល​គ្មាន​មូល​ដ្ឋាន​ពិត​ប្រាកដ និង​គ្មាន​គុណ​ធម៌​ទាល់​តែ​សោះ​។

លោក ប៉ែន សង្ហា បាន​មាន​ប្រសាសន៍​ថា៖«​នេះ​ជា​អំពើ​កំសាក​និង​គ្មាន​គុណធម៌​របស់​ក្រុម​មេ ​ដឹក​នាំ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន​នេះ​ ព្រោះ​សម្ដេច​ក្រុម​ព្រះ​ (នរោត្តម ​រណឫទ្ធិ)​មិន​ដែល​លក់​ទ្រព្យ​សម្បត្តិ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ទេ​»។

លោក ​បាន​បន្ថែម​ថា ការ​ចោទ​ប្រកាន់​នេះ​កើត​ឡើង​ បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ពី​ថ្ងៃ​ម្សិល​មិញ​ថា ព្រះ​អង្គ​ម្ចាស់​ រណឫទ្ធិ​ បាន​ចូល​រួម​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ តែ​លោក ប៉ែន​ សង្ហា ​បាន​អះអាង​ថា ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ​ ​មាន​បន្ទូល​ម្ដង​ហើយ​ម្ដង​ទៀត​ថា ព្រះ​អង្គ​នឹង​មិន​ត្រឡប់​ទៅ​ធ្វើ​នយោបាយ​ទេ ហើយ​ថា ព្រះ​អង្គ​គ្មាន​គម្រោង​ចូល​រួម​​ជាមួយ​នឹង​គណ​បក្ស​ប្រឆាំង​នេះ​ឡើយ​។

ប៉ុន្តែ ​លោក ញឹក ប៊ុន​ឆៃ​ បាន​លើក​ឡើង​ថា ពាក្យ​បណ្ដឹង​នេះ​មិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​សិទ្ធិ​របស់​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ ក្នុង​ការ​ចូល​រួម​នឹង​គណ​បក្ស​នយោ​បាយ​ណា​នោះ​ឡើយ ហើយ​លោក​បញ្ជាក់​បន្ថែម​ថា​ វា​កើត​ឡើង​ដោយ​សារ​តែ​ព្រះ​អង្គ​ម្ចាស់​មិន​ស្មោះត្រង់​ចំពោះ​ការ​លក់ ឧទ្ធម្ភាគចក្រ​មួយ​នេះ​តែ​ម្តង​៕ PN

អត្ថបទគួរចាប់អារម្មណ៍